​ភ្នំពេញៈ អនុប្រធាន​ទី១ អាជ្ញាធរ​មីន​កម្ពុជា លោក​ទេសរដ្ឋមន្ត្រី​លី ធុជ បាន​ថ្លែងប្រាប់​ភាគី​ជប៉ុន​ថា ការសម្រេចបាន​សមិទ្ធ​ផល​ការងារ​បោសសម្អាត​មីន រយៈពេល ​៣០ ​ឆ្នាំ នៅ​កម្ពុជា គឺ​មិនអាច​ខ្វះ​បានទេ ពី​ការចូលរួម​គាំទ្រ​យ៉ាង​សកម្ម​ពី​ប្រទេស​ជប៉ុន ដែលជា​ដៃគូ​ដ៏​លេចធ្លោ​មួយ​ខណៈ​លោក​បន្ត​ស្នើសុំ​ការ​ជួយ​គាំទ្រ​ពី​ជប៉ុន​បន្ថែមទៀត​ផងដែ​រ​។

​ជាមួយគ្នា​នោះ​លោក​ក៏បាន​ថ្លែងអំណរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ដែល​បាន​ចូលរួម​ដល់​ការងារ​សកម្មភាព​មីន​មនុស្សធម៌​នៅ​កម្ពុជា ចាប់តាំងពី​ឆ្នាំ​ ១៩៩៤ ក្នុង​ទំហំ​ជំនួយ​វិស័យ​មីន​ជាង​ ២០០​ លាន​ដុល្លារ​អាមេរិក​ក្នុងការ​ចូលរួម​ជួយ​លើ​គម្រោង​សមាហរណកម្ម​បោសសម្អាត​មីន​,​ជួយ​ជនរងគ្រោះ​ដោយសារ​មីន​, ជំនួយ​សម្ភារ​បច្ចេកទេស​បោសសម្អាត​មីន​,​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេកទេស​, កម្មវិធី​ហ្វឹកហ្វឺន South-South Cooperation និង​គម្រោង​ហ្វឹកហ្វឺន​មន្ត្រី​ជំនាញ​សកម្មភាព​មីន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ផងដែរ​។​

​លោក ​លី ធុជ បានលើកឡើង​ដូចនេះ កាលពី​ថ្ងៃទី​ ២១ ខែមិថុនា ក្នុងជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Ueno Atsushi ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​ជប៉ុន​ប្រចាំ​កម្ពុជា​ស្តីពី​ភាពជា​ដៃគូ និង​កិច្ចសហប្រតិបត្តិការ​ស​កម្ម​ភាព​មីន​នៅ​កម្ពុជា នាទី​ស្នាក់ការ​អាជ្ញាធរ​មីន​។ ក្នុងពេល​ពិភាក្សាគ្នា​នោះ លោក លី ធុជ ក្នុងនាម​រាជរដ្ឋាភិបាល បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ចំណង​ទំនាក់​ទំនង​ការទូត​ជា​ប្រវត្តិសាស្ត្រ​រវាង​ប្រទេស​ទាំង ​២ រយៈពេល ៧០ ​ឆ្នាំ​មកនេះ ដែល​ប្រទេស​ជប៉ុន​បាន​ចូលរួមចំណែក​យ៉ាងសកម្ម ក្នុង​ដំណើរការ​ស្វែងរក​សន្តិ​ភាព និង​ទ្រទ្រង់​ដល់​ការស្តារ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចសង្គម​កម្ពុជា រហូតដល់​មានការ​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​។

​លោក​មានប្រសាសន៍ថា​៖ «​ប្រជាជន​​កម្ពុជា ពិតជា​មិនអាច​បំភ្លេច​បានទេ នូវ​គុណូបការៈ​ដ៏​ថ្លៃថ្លា​របស់​រដ្ឋាភិបាល និង​ប្រជាជន​ជប៉ុន ហើយ​ការសម្រេចបាន​នូវ​សមិទ្ធផល​លើ​ការងារ​បោសសម្អាត​មីន​រយៈពេល​ ៣០ ​ឆ្នាំ នៅ​កម្ពុជា​មកនេះ គឺ​មិនអាច​ខ្វះ​បាន​ទេពី​ការចូលរួម​គាំទ្រ​យ៉ាងសកម្ម​ពី​ប្រទេស​ជប៉ុន ដែលជា​ដៃគូ​ដ៏​លេចធ្លោ​មួយ​»​។

ឆ្លៀតឱកាស​នោះដែរ លោក​ទេសរដ្ឋមន្ត្រី លី ធុជ ក៏បាន​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​ជប៉ុន បន្ត​ជួយ​គាំទ្រ​ដល់​អង្គភាព​ស៊ីម៉ាក់ លើ​ការ​ងារ​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​នៅ​ខេត្តពោធិ៍សាត់ ដើម្បី​ប្រែក្លាយជា​ខេត្ត​អស់​មីន​ផងដែរ​។​

​តាមរយៈ​អាជ្ញាធរ​មីន​កម្ពុជា លោក Ueno Atsushi បានធ្វើការ​វាយតម្លៃ​ខ្ពស់​ចំពោះ​ទំនាក់ទំនង​ការទូត​ជា​ប្រវត្តិ​សាស្ត្រ​រវាង​កម្ពុជា​-​ជប៉ុន ដែល​ទំនាក់​ទំនង​នេះ​បាន​ឈានដល់​កម្រិត​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​រវាង​ប្រទេស​ទាំង​ ២​។​

​ក្នុងពេល​នោះដែរ លោក​ឯកអគ្គរាជទូត​ជប៉ុន ក៏បាន​ថ្លែងអំណរគុណ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា ដែល​តែងតែ​ផ្តល់​កិច្ច​សហប្រតិបត្តិ​យ៉ាង​ជិតស្និទ្ធ ហើយ​ប្រទេស​ជប៉ុន នៅតែ​បន្ត​គាំទ្រ​ដល់​កិច្ច​ប្រតិបត្តិ​ការ​បោសសម្អាត​មីន​មនុស្សធម៌​​កម្ពុជា និង​បន្ត​គាំទ្រ​ដល់​គម្រោង​កម្មវិធី​សហប្រតិបត្តិការ​ត្បូង​ត្បូង ជាមួយ​អង្គភាព​ស៊ីម៉ាក់​តាមរយៈ JICA ជាពិសេស​ហ្វឹក​​ហ្វឺ​ន​អ្នកជំនាញ​សកម្មភាព​មីន​នៃ​ប្រទេស​អ៊ុយ​ក្រែ​ន​ក៏ដូចជា​បណ្តា​ប្រទេស​ដទៃទៀត តាម​សំណូមពរ​ជាក់ស្តែង​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​មីន ក្នុង​រយៈពេល ​៣០ ឆ្នាំ​មកនេះ ​(១៩៩២-២០២២) កម្ពុជា​បាន​រំដោះ​ផ្ទៃដី​ពី​ការ​គំរាម​កំហែង​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ចំនួន ២ ៥៧៩ ​គីឡូម៉ែត្រ​ក្រឡា និង​បាន​រកឃើញ និង​កម្ទេចចោល​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​រាប់លាន​គ្រាប់ និង​មាន​អ្នកទទួល​បាន​ផល​ប្រមាណ​ជាង​៩​លាន​នាក់​។ កម្ពុជា ក៏បាន​ជាប់​ចំណាត់​ថ្នាក់​លេខ ​១ ក្នុង​ពិភពលោក​ក្នុងនាម​ជា​ប្រទេស ដែលមាន​ផ្ទៃដី​បោ​សម្អាត​មីន​រួច​ធំជាងគេ​។​

​សូម​រំឭក​ផងដែរ​ថា តាមរយៈ​ការធ្វើ​បទ​អន្តរាគមន៍​ស្តីពី​ការ​បោសសម្អាត​មីន សម្រាប់​ការ​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព ក្នុង​អង្គសន្និបាត​លើក​ទី​ ៧៩ របស់ UN ESCAP កាលពី​ខែឧសភា កន្លងទៅនេះ នាទី​ក្រុង​បាងកក ប្រទេស​ថៃ លោក លី ធុជ ក៏បាន​លើកឡើង​ដែរ​ថា ក្រោយពី​ការបញ្ចប់​ការ​បោសសម្អាត​គ្រាប់មីន និង​ ERW ហានិភ័យ​នៃ​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន​ក៏​ត្រូវបាន​កាត់បន្ថយ​ផងដែរ​។

​លោ​កថា​កម្ពុជា​បាន​ចែករំលែក​បទ​ពិ​សោ​ធន៍​របស់ខ្លួន​ជាមួយ​ប្រទេស​ជាង​ ២០​ នៅលើ​ពិភពលោក​រួមទាំង​អ៊ុយ​ក្រែ​ន​ក្នុងពេល​ថ្មីៗ​កន្លងទៅ​ផងដែរ ដោយបាន​រៀបចំ​វគ្គ​បណ្តុះបណ្តាល​សម្រាប់​ពួក​​គេ​នៅ​កម្ពុជា ហើយ​ក៏បាន​បញ្ជូន​អ្នកជំនាញ​ទៅកាន់​ប្រទេស​ប៉ូឡូញ ដើម្បី​ជួយ​បណ្តុះបណ្តាល​ដល់​អ៊ុយ​ក្រែ​ន​ទៀតផង​៕