បាត់ដំបងៈ ការបញ្ចេញ​មតិ និង ការចែក​រំលែក​តាម​ហ្វេសប៊ុក និងបណ្ដាញ​សារព័ត៌មានមួយចំនួន​ពាក់ព័ន្ធ​ករណី​ការសាងសង់​សំណង់រឹង និង ការចាក់ដី​លុប​ចូល​ស្ទឹងសង្កែ​ជិតដល់​កណ្តាល​ស្ទឹង ដើម្បី​ធ្វើជាកម្មសិទ្ធិ​ឯកជន​នោះ រដ្ឋបាល​ខេត្ត​បញ្ជាក់​ថា ម្ចាស់​សំណង់បានឯកភាព​កាយដី​ចេញ និងរុះរើ វេរ៉ង់ដារ​ចេញ និងអនុវត្ត​តាមការណែនាំ​របស់​រដ្ឋបាល​ខេត្ត ដោយចាប់ផ្តើម​អនុវត្ត​ការងារ​ពីព្រឹក​ថ្ងៃទី២៤ ខែមិថុនា នេះ​តទៅ។

សេចក្តី​បំភ្លឺព័ត៌មាន​របស់រដ្ឋបាល​ខេត្ត​បាត់ដំបង ថ្ងៃ​ទី ២៤ ខែមិថុនា​នេះបាន​ឱ្យដឹង​ថា ថ្មីៗ​នេះ​មានការចុះផ្សាយ​ព័ត៌មាន​តាមបណ្តាញ​សង្គម​ហ្វេសប៊ុក ការបញ្ចេញ​មតិ និង ការចែក​រំលែក ព្រមទាំង​បណ្ដាញ​សារព័ត៌មាន​មួយចំនួន​ពាក់ព័ន្ធ​ករណី​ការសាងសង់​សំណង់រឹង និង ការចាក់ដី​លុប​ចូលស្ទឹង​សង្កែ​ជិត​ដល់​កណ្តាល​ស្ទឹង ដើម្បី​ធ្វើ​ជាកម្មសិទ្ធិ​ឯកជន។

ចំពោះ​ករណីនេះ កាលពីព្រឹក​ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៣ អភិបាល​ខេត្ត បានចាត់​តាំងមន្ត្រី​ជំនាញ​ចុះ​ទៅពិនិត្យ និងធ្វើ​ការវាស់វែង​ផ្ទៀងផ្ទាត់​ម្តងទៀត​ជាមួយ​ប្លង់ដី កម្មសិទ្ធិ ហើយបន្ទាប់មក​នៅរសៀល​ថ្ងៃ​ដដែល លោក អភិបាល​ខេត្ត​បាត់ដំបង បានដឹកនាំ​កិច្ចប្រជុំពិភាក្សា​ជុំវិញ​ករណី​នេះ និង បានចុះ​ពិនិត្យ​ដល់ទីតាំង​ជាក់ស្ដែង ហើយបាន​ពិនិត្យ​ឃើញថា ការសាងសង់​ផ្ទះ​របស់​ម្ចាស់​សំណង់ គឺធ្វើ​នៅលើ​ប្លង់កម្មសិទ្ធិ​ស្របច្បាប់ មិនប៉ះពាល់លើ​ដី​ចំណី​ស្ទឹង​នោះទេ ហើយការធ្វើ​ច្រាំង​ស្ទឹង គឺតាម​លំនាំ​ដើម និង តាម​ដំណេក​ស្ទឹងពីធម្មជាតិ។

ប្រភពដដែល​បន្ត​ថា តែ​អ្វី​ដែលនៅ​ខ្វះខាត គឺ ម្ចាស់​សំណង់​មិនទាន់​បានកាយដី​ដែល​ចាក់ទប់​ធ្វើ​ច្រាំង​ស្ទឹង​ចេញ​អស់នៅ​ឡើយ។ ចំណុច​នេះ​ម្ចាស់​សំណង់ បានយល់ព្រម​កាយដី​ចេញឱ្យ​អស់ដូច​ស្ថានភាព​ដើម​ឆាប់​រហ័ស មុនទឹក​ស្ទឹង​ឡើងក្នុង​រដូវវស្សា​នេះ។

ក្នុងសេចក្តី​បំភ្លឺ​បញ្ជាក់​ថា៖«ម្ចាស់​សំណង់​បានស្ម័គ្រចិត្ត​រុះរើ សំណង់​វេរ៉ងដា ដែល​បាន​ធ្វើលើ​ច្រាំង​ស្ទឹង​ចេញ ព្រោះ​បើយើង​មើល​ពីត្រើយ​ម្ខាង​ស្ទឹង ឃើញ​សសរ ខាងក្រោម​វេរ៉ង់ដារស្អេកស្កះ​មិនស្អាត ហើយ​អាច​ស្ទះ​ចរន្តទឹក និង​អាចមាន​សំរាម ឬសំណាក​ឈើ​ជាប់​នឹង សសរ​នោះ។ ចំពោះ​ករណី​នេះ ម្ចាស់​សំណង់​ក៏បាន​ឯកភាព​រុះរើ​វេរ៉ង់ដារ​នេះ​ចេញ»៕