ភ្នំពេញៈ ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន​និង​យុវនីតិសម្បទា បានប្រកាស​ឱ្យ​ប្រជាពលរដ្ឋ​ប្រមាណ​ជាង ​៧០​ ម៉ឺន​គ្រួសារ​បន្ត​បើកប្រាក់​ឧបត្ថម្ភ​ពី​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​ ១៩ ខណៈដែល​កម្មវិធី​នេះ​អនុវត្ត​ឈានដល់​ជុំ​ទី​១៣ លើក​ទី​៣​។​

​តាមរយៈ​សេចក្ដីជូនដំណឹង​របស់​ក្រសួង​សង្គមកិច្ច​ស្ដីពី​លទ្ធ​​ផល​នៃ​ការអនុវត្ត​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ជំងឺ​កូ​វីដ​ ១៩ កាលពី​ថ្ងៃទី​ ២៤​ ខែមិថុនា​បានឱ្យដឹងថា តាំងពី​ចាប់​ផ្តើម​អនុវត្ត​កម្មវិធី​នេះ ទាំង​ ៣៦​ លើក ពីថ្ងៃ​ទី​ ២៥​ មិថុនា ឆ្នាំ​ ២០២០​ដល់​ថ្ងៃទី ​២៤ ​មិថុនា​ឆ្នាំ​ ២០២៣ រដ្ឋ​បាន​ចំណាយ​ថវិកា​ជាង ៤ ៣៥២ ប៊ី​លាន​រៀល​គត់ ឬ​ស្មើនឹង​ ១ ០៨៨, ១៨​ លាន​ដុល្លារ​។

​ជាមួយគ្នានេះដែរ ចំពោះ​ការ​​បើក​ផ្តល់ប្រាក់​ឧបត្ថម្ភ​ជុំ​ទី​១៣ លើក​ទី​៣ នឹងត្រូវ​ចាប់ផ្តើម​ពីថ្ងៃ​ទី ​២៥ ខែមិថុនា រហូតដល់ ថ្ងៃទី​ ២៤ ខែកក្កដា ឆ្នាំ ២០២៣​។​

​ក្រសួង​សង្គមកិច្ច បញ្ជាក់ថា៖«​ចំពោះ​បណ្ណ​សមធម៌​ដែល​អស់​សុពលភាព​ចំនួន​ ៩ រាជធានី​-​ខេត្ត គឺ​រាជធានី​ភ្នំពេញ ខេត្តកំពង់ចាម ត្បូងឃ្មុំ កំពង់ធំ ក្រចេះ ស្ទឹងត្រែង សៀមរាប បន្ទាយមានជ័យ និង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ក្រសួង​ផែន​​ការ​បានសម្រេច​បន្ត​សុពលភាព​រហូតដល់​ក្រសួងផែនការ​រៀបចំ​ធ្វើ​បច្ចុប្បន្នភាព​ទិន្នន័យ​គ្រួសារ​ក្រីក្រ​ឡើងវិញ​»​។​

​លោក យង់ គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​ថ្លែងថា ការអនុវត្ត​កម្មវិធី​ឧ​ប​ត្ថ​ម្ត​សាច់​ប្រាក់​នេះ បានរួម​ចំណែក​ច្រើន​ក្នុង​ការជួយ​ដល់​ការរស់នៅ​របស់​ប្រជាពលរដ្ឋ ហើយ​កម្មវិធី​នេះ​ក៏​គួរតែ​អនុវត្ត​ជា​បន្តទៅទៀត​ពីព្រោះ​ស្ថានភាព​ជំងឺ​កូ​វីដ ​១៩ ​នៅ​មិនទាន់​អស់​នៅឡើយ​។​

​លោក បន្តថា​៖ «​ការបន្ត​ហ្នឹង គឺជា​ការល្អ ដែល​ជួយ​សម្រាល​បន្ទុក​របស់​ពួកគាត់ ហើយ​ម្យ៉ាងវិញទៀត ប្រសិនជា​រដ្ឋ​បញ្ឈប់ ឬ​ផ្អាក​នៅពេលនេះ អាច​ប៉ះពាល់​ទៅដល់​ជីវភាព​រស់នៅ​របស់ ពួកគាត់​ច្រើន ដោយសារ​បញ្ហា​សេដ្ឋកិច្ច​ក៏​មិនទាន់​ដំណើរ​ការល្អ​និង​ជាមួយគ្នានេះ​ទៀតសោត យើង​មើលឃើញ​មានការ​ពាក់ព័ន្ធ​នឹង​មុខរបរ​ផ្សេងៗ ក៏​មិនទាន់​អាច​កើនឡើង​ល្អ​ដែរ​»​។

​លើសពីនេះ​លោក​ថា បច្ចុប្បន្ននេះ​បញ្ហា​ការងារ មាន​កន្លែង​មួយចំនួន​ក៏ត្រូវ​បាន​ផ្អាក​និង​ខ្លះ​ក៏ត្រូវ​បិទ​ទា្វរ​ផងដែរ ហេតុនេះហើយ​ជំនួយ​នេះ វា​គឺជា​ការល្អ​ដើម្បី​ជួយ​ទ្រទ្រង់​ជីវភាព​និង​សម្រាល​បន្ទុក​របស់​ពួកគាត់​ជា​បន្តទៀត​ផងដែរ​។​

​សូមបញ្ជាក់ថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុងពេល​ប្រយុទ្ធ​នឹង​ជំងឺ​កូ​វីដ ​១៩​ នេះ ត្រូវបាន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន​ សែន ប្រកាស​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​កាលពី​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២០ ដើម្បី​ផ្តល់​ការ​អន្ត​​រាគ​មន៍​ជំនួយ​សង្គម​ដល់​ប្រជា​ជន ពិសេស​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​៕