ស្វាយរៀងៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន​ បាន​អះអាងថា សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់បោះឆ្នោត ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា​ថ្មីៗ​នេះ មិនមែន​ធ្វើឡើង​ដើម្បី​សំដៅ​ដល់​ក្រុម​គណបក្សប្រឆាំង​តែ​ ១ ​នោះទេ តែ​ធ្វើឡើង​ក្នុង​គោលដៅ​ឱ្យ​គ្រប់​គណបក្សនយោបាយ​ទាំងអស់​នៅ​កម្ពុជា មានការ​​ទទួលខុសត្រូវ​ចំពោះ​ប្រជាពលរដ្ឋ​។​

​លោកនាយក​រដ្ឋមន្ត្រី​អះអាង​យ៉ាង​ដូច្នេះ​ក្នុងពេល​ជួប​សំណេះសំណាល​ជាមួយ​កម្មករ កម្មការិនី ដែល​បម្រើ​ការងារ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស មេន​ហាត​ធេ​ន (MANHATTAN)​ ក្រុង​បាវិត ខេត្ត​ស្វាយ​​រៀង ថ្ងៃទី​ ២៥ ខែមិថុនា​។ លោក​មានប្រសាសន៍ថា​៖ «​ប្រឹង​ស្រែក​ទៀត​ទៅ ស្រែក​កាន់តែ​យូរ​កាន់តែ​អស់ ហើយ​កុំ​ថា គេ​ខូច អត់​ទេ អ្នកឯង​ទេ​ជា​អ្នក​នាំ​យើង តែ​យើង​ត្រូវធ្វើ​មិន​សំដៅ​ទៅលើ​ពួកគេ​តែ ១​ ចំណុច​នោះទេ តែ​សំដៅ​ពង្រឹង​ទាំងអស់​គ្នា គ្រប់​បក្សនយោបាយ​ឱ្យមាន​ការទទួល​ខុសត្រូវ​ទៅលើ​ពលរដ្ឋ កុំ​រារាំង​គេ​លើ​បញ្ហា​ទៅ​បោះឆ្នោត​។ អ៊ីចឹង​ទេ​បើ​អ្នកឯង​មិន​ទៅ​បោះឆ្នោត បានន័យថា អ្នកឯង​បោះបង់​សិទ្ធិ​មិន​គ្រប់​លក្ខខណ្ឌ​ឱ្យគេ​បោះឆ្នោត​»​។​

​ជាមួយគ្នានេះ លោក​ ហ៊ុន សែន​ ក៏បាន​លើកឡើង​ទៅដល់​ក្រុម​គណបក្សប្រឆាំង​ដែល​ធ្វើ​យុទ្ធនាការ WiFi ដែល​បាន​អំពាវ​នាវ​ដល់​ប្រជាពលរដ្ឋ​កុំទៅ​បោះឆ្នោត នៅ​ថ្ងៃទី​ ២៣ ​ខែកក្កដា​ឆ្នាំ​ ២០២៣ ​ខាងមុខ​ថា បើ​ខ្លាំង​កុំទៅ​បោះ​ឆ្នោត​ឱ្យសោះ​។ ទោះជា​យ៉ាង​ណា​លោក​ក៏បាន​បញ្ជាក់ដែរថា យុទ្ធនាការ WiFi នេះ​ក៏បាន​ស្ងប់​ស្ងាត់​ទៅវិញ​ហើយ​ក្រោយ​ពេលដែល​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ត្រូវបាន​អនុម័ត​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ទៀតថា ក្នុងនាម​រូបលោក​ជា​មេ​យុទ្ធសាស្ត្រ​ម្នាក់​មិនមែន​ដើរ​មិនទាន់​ក្រុមប្រឆាំង​នោះទេ​ គឺ​លោក​ទុក​ឱកាស​ឱ្យ​ទេ តែ​ក្រុម​នេះ បាន​បំផ្លាញ​ខ្លួនឯង និង​ត្រូវ​បន្ទោស​មាត់​ខ្លួនឯង​ដែល​អត់​មាន​គម្រប​។​

​បើតាម​លោក​ ហ៊ុន សែន ការ​ធ្វើ​សេចក្តីព្រាង​វិសោធនកម្ម​ច្បាប់បោះឆ្នោត​គឺ​ក្នុង​គោលដៅ​ពង្រឹង​ឱ្យមាន​ការទទួលខុសត្រូវ​លើ​ការ​​បោះឆ្នោត​របស់​អ្នកនយោបាយ ដែល​ត្រូវ​ឈរឈ្មោះ​ឱ្យគេ​បោះ​​ឆ្នោត​និង​ជា​ចំណុច​ល្អ​របស់​ប្រជា​ជន ក្នុង​លទ្ធិប្រជាធិបតេយ្យ​ផងដែរ​។​

​សូម​រំឭក​ផងដែរ​ថា រដ្ឋសភា​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា បានអនុម័ត​យល់ព្រម​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ស្តីពី​វិសោធន​កម្ម​ច្បាប់បោះឆ្នោត​ដោយ​សំឡេង ១១១ លើ ១១១ សំឡេង​។​

​ក្រោយ​ការអនុម័ត​របស់​រដ្ឋ​សភា​លើ​សេចក្តីព្រាង​វិសោធន​​កម្ម​ច្បាប់បោះឆ្នោត​នេះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​ (​គ​បម​)​ បានចេញ​សេចក្តីថ្លែងការណ៍​ភ្លាមៗ ដោយ​សម្តែង​ការខកចិត្ត​ជាខ្លាំង ដោយ​គណបក្ស​នេះ​សង្កេតឃើញ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ត្រូវបាន​អនុម័ត​ដោយ​រដ្ឋសភា​គ្រប់គ្រង​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា យ៉ាង​តក់​ក្រហល់ កៀក​ទៅនឹង​ថ្ងៃ​បោះ​ឆ្នោត​ដែល​ជិត​ចូល​មកដល់​។​

​សេចក្តីថ្លែងការណ៍​ចុះ​ថ្ងៃទី​ ២៣ ខែមិថុនា​បញ្ជាក់ថា គ​បម យល់ឃើញថា គោលបំណង​របស់​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់បោះឆ្នោត​នេះ មិន​ស៊ីចង្វាក់​ជាមួយនឹង​ខ្លឹមសារ​នោះទេ​ពីព្រោះ​វា​មិនបាន​លើកស្ទួយ​គុណ​តម្លៃ នៃ​គោលការណ៍​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដូច​បានលើកឡើង​ក្នុង​សំណើ​វិសោធនកម្ម​ឡើយ​។ ផ្ទុយទៅវិញ វា​ធ្វើឱ្យ​ដំណើរការ​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​កាន់តែ​រួម​តូចចង្អៀត​ទៅវិញ​ហើយ​បង្កឱ្យមាន​ភាពភ័យខ្លាច ភាន់ច្រឡំ និង​ប៉ះពាល់​ដល់​ការសម្រេចចិត្ត​របស់​ម្ចាស់ឆ្នោត​ថែមទៀត​។​

​ប៉ុន្តែ​បើ​យោងតាម​សេចក្តី​ប្រ​​កាស​ព័ត៌មាន​របស់​រដ្ឋសភា​កាលពី​ថ្ងៃទី ​២៣ ខែមិថុនា បាន​លើកឡើងថា គោលបំណង​នៃ​ការធ្វើ​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ត្រូវបាន​ធ្វើឡើង​ដើម្បី​កែ​​ទម្រង់ «​សិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​»​ សំដៅលើ​ការលើក​​ស្ទួយគុណ​តម្លៃ​នៃ​លទ្ធិ​ប្រជា​ធិ​ប​តេ​យ្យ​សេរី​ពហុបក្ស ដែល​បាន​ចារឹក​នៅក្នុង​រដ្ឋធម្មនុញ្ញ ដែលជា​ច្បាប់កំពូល​នៅ​កម្ពុជា​និង​លើក​កម្ពស់​ការទទួលខុសត្រូវ​របស់​អ្នកដឹកនាំ​នយោបាយ ដែល​ត្រូវ​ជ្រើសរើស​តាមរយៈ​ការបោះ​ឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ​៕