​ភ្នំពេញៈ លោក ហ៊ុន ម៉ា​ណែ​ត បេក្ខជន​នាយករដ្ឋមន្ត្រី​បន្តវេន បាន​លើកឡើងថា វិស័យ​ព័​ត៌​មាន​ជា​ចលករ​នៃ​បណ្តុំ​គំនិត​និង​បានរួម​ចំណែក​ជាមួយ​រាជ​​រដ្ឋាភិបាល​ក្នុងការ​ពង្រឹង​លទ្ធិ​​ប្រជាធិបតេយ្យ ការអភិវឌ្ឍ ព្រមទាំង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​ពី​ភាព​អសកម្ម​នៅក្នុង​សង្គម​ដែល​ត្រូវការ​ជា​ចាំបាច់​ ដើម្បី​មាន​មូល​ដ្ឋា​ន​ក្នុងការ​កែលម្អ​ចំណុច​ខ្វះ​ខាត​នានា​។​

​លោក​លើកឡើង​ដូចនេះ​ក្នុង​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​ក្រុម​ការ​​ងារ​បណ្តាញ​ផ្សព្វផ្សាយ​សង្គម​ កាលពី​ល្ងាច​ថ្ងៃទី ​២៤ ខែមិថុនា ឆ្នាំ​ ២០២៣​។ លោក ​ហ៊ុន ម៉ា​ណែ​ត ដែលជា​សមាជិក​គណៈ​អចិ​ន្រៃ្ត​យ៍ និង​ជា​បេក្ខជន​បន្ត​វេន​នាយករដ្ឋមន្ត្រី គណបក្ស​ប្រជាជន​កម្ពុជា​ផងដែរ​នោះ បញ្ជាក់ថា វិស័យ​ព័ត៌មាន គឺជា​ចលករ​នៃ​បណ្តុំ​គំនិត​ស្មារតី និង​ទស្សនៈ​ក្នុង​ការវិភាគ​ពិចារណា ប្រកបដោយ​ហេតុផល និង​ការ​សម្រេចចិត្ត​របស់​ពល​រដ្ឋ​ក្នុងនាម​ជា​ម្ចាស់​ប្រទេស​។​

​លោក​មានប្រសាសន៍ថា​៖ «​វិស័យ​មួយ​នេះ​ក៏​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​តថភាព​ពិត​ជាក់ស្តែង​របស់​សង្គម ដែល​រាជរដ្ឋាភិបាល ត្រូវការ​ជា​ចាំបាច់ ដើម្បី​មាន​មូលដ្ឋាន​ក្នុងការ​កែលម្អ​ចំណុច​ខ្វះ​ខាត​នានា សំដៅ​ធ្វើយ៉ាងណា​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​ឱ្យបាន​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព​»​។

​លោក​លើកឡើងថា ជាក់ស្តែង នៅក្នុង​ការកសាង និង​អភិវឌ្ឍន៍​ប្រទេស​កន្លងមក វិស័យ​ព័ត៌មាន​បាន​ចូលរួមចំណែក​ដោយ​ផ្អែកលើ​មុខងារ​សំខាន់ៗ​រួមមាន​ការចូល​រួម​ពង្រឹង​លទ្ធិប្រជាធិបតេយ្យ​ផ្អែកលើ​មូលដ្ឋាន​នីតិរដ្ឋ ជា​អ្នក​ផ្តល់ព័ត៌មាន​ពិត និង​លឿន​រហ័ស ពីលើ​ដល់​ក្រោម និង​ពីក្រោម​ឡើងលើ និង​ជា​អ្នកផ្តល់​ព័ត៌មាន​បែប​អប់រំ និង​ចំណេះដឹង​សម្រាប់​ប្រជាពលរដ្ឋ និង​ជា​ធាតុ​ចូល​សម្រាប់​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​។

​វិស័យ​ព័ត៌មាន ជា​អ្នកឃ្លាំមើល និង​ត្រួតពិនិត្យ​តុល្យភាព​សង្គម​ដ៏​ស្មោះត្រង់ និង​ជា​អ្នកចូលរួម​កែលម្អ​សង្គម​តាមរយៈ​ការផ្តល់​ព័ត៌មាន​ពិត​គ្រប់​ជ្រុងជ្រោយ និង​ប្រកបដោយ​តម្លាភាព ដែល​បៀ​ប​ដូចជា​ថ្នាំពេទ្យ​ដ៏​ពិសិដ្ឋ​សម្រាប់​បម្រើឱ្យ​ការអភិវឌ្ឍ​សង្គម ខណៈដែល​ព័ត៌មាន​ក្លែងក្លាយ គឺ​ប្រៀបដូចជា​ថ្នាំពុល​សម្រាប់​សង្គមជាតិ​ទៅវិញ​។ នេះ​បើតាម​លោក ហ៊ុន ម៉ា​ណែ​ត​។​

​លោក​គូសបញ្ជាក់ថា​៖ «​រាជរដ្ឋាភិបាល ក្រោម​ការដឹកនាំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​តេ​ជោ ជា​ប្រមុខ នៅតែ​បន្ត​ការ​បេ្ត​ជ្ញា​ចិត្ត​ក្នុងការ​គាំពារ​សិទ្ធិ​សេរីភាព​នៃ​ការបញ្ចេញមតិ​សេរីភាព​ខាង​សារព័ត៌មាន ស្របតាម​រដ្ឋធម្មនុញ្ញ និង​ច្បាប់​ស្តីពី​របប​សារព័ត៌​មាននៃ​ព្រះរាជា​ណា​ចក្រ​កម្ពុជា​»​។

ទន្ទឹមនឹងនេះ​រដ្ឋាភិបាល ក៏​តែង​បាន​យកចិត្តទុកដាក់​ក្នុងការ​រក្សា​នូវ​បរិយាកាស​ល្អ​នៃ​ការប្រកប​វិ​ជា្ជ​ជីវៈ​សារ​ព័ត៌មាន និង​សោតទស្សន៍​នៅ​កម្ពុជា តាមរយៈ​ការធានាបាន​នូវ​ការគោរព​សិទ្ធិ​សេរីភាព​ខាង​សារព័ត៌មាន និង​សេរីភាព​ខាង​បោះពុម្ពផ្សាយ​ដោយ​ស្មើភាព​គ្មាន​ការរើសអើង​គ្មាន​ការគំរាមកំហែង និង​មិន​ប្រកាន់​និន្នាការ​នយោបាយ​ឡើយ ។​

​លោក ហ៊ុន ម៉ា​ណែ​ត បាន​បន្ថែមថា រាជ​រដ្ឋាភិបាល គឺ​ខិតខំ​ប្រឹងប្រែង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដើម្បី​ផល​វិជ្ជមាន​សម្រាប់​ជាតិ និង​ប្រជាជន ដោយ​ផ្តោតលើ​កិច្ចការ​សំខាន់​ចំនួន​ ២ ទី​១ ការជួយ​គ្នា​ក្នុង​ផល​វិជ្ជមាន និង​ទី​២ ការកាត់បន្ថយ និង​សំដៅ​ឈានទៅ​លុបបំបាត់​ចំណុច​អវិជ្ជមាន​។​

​លោក ណុប វី នាយក​ប្រតិបត្តិ​នៃ​សម្ព័ន្ធ​អ្នកសារព័ត៌មាន​កម្ពុ​ជា ហៅ​កាត់​ថា CamboJA បាន​គាំទ្រ​ទៅនឹង​ការលើក​ឡើង​របស់លោក ហ៊ុន ម៉ា​ណែ​ត ដោយ​ថ្លែងថា វិស័យ​សារព័ត៌មាន​ជា​កញ្ចក់​ឆ្លុះ​បញ្ចាំង​អំពី​បញ្ហា​ផ្សេងៗ​នៅក្នុង​សង្គម និង​ជាការ​ពិត​ជួយ​រដ្ឋាភិបាល​ក្នុងការ​ជំរុញឱ្យមាន​កំ​ណែ​ទម្រង់​ប្រកបដោយ​ប្រសិទ្ធភាព និង​ការប្រយុទ្ធប្រឆាំង​ភាព​អសកម្ម អយុត្តិធម៌​នៅក្នុង​សង្គម​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ លោក ណុប វី ក៏បាន​បញ្ជាក់ដែរថា ការចូលរួម​របស់​វិស័យ​សារព័ត៌មាន មាន​ប្រសិទ្ធភាព​កម្រិតណា​នោះ គឺ​អាស្រ័យទៅលើ​សមត្ថភាព និង​លទ្ធភាព​របស់​ស្ថាប័ន​សារព័ត៌មាន​នីមួយៗ​។

​លោក​បាន​ថ្លែងថា​៖ «​បើសិនជា​យើង​មិនមាន​ស្ថាប័ន​សារព័ត៌មាន​ដែលមាន​សមត្ថភាព និង​ឯករាជភាព​គ្រប់គ្រាន់​ធ្វើ​កិច្ចការងារ​ទាំង​អស់​នោះទេ អ្វីដែល​ដែលជា​ការយល់​ឃើញ​របស់​ឯកឧត្តម ហ៊ុន ម៉ា​ណែ​ត ក៏​មិនអាច​ទទួលបាន​ជោគជ័យ​ដែរ​»​។​

​បើតាម​លោក ហ៊ុន ម៉ា​ណែ​ត វិស័យ​ព័ត៌មាន គឺជា​កាតាលីករ​យ៉ាងសំខាន់​បំផុត​ក្នុង​ការបង្កើត​ខ្លឹមសារ និង​ជា​អ្នក​ចែក​​ចាយ​ព័ត៌មាន​អំពី​សង្គមជាតិ ការបង្ហាញ​អំពី​តថភាព​សង្គម​ការអភិវឌ្ឍ ជាពិសេស​ជា​កញ្ចក់​ឆ្លុះ​យ៉ាងសំខាន់ ដើម្បី​ជា​មូលដ្ឋាន​ក្នុងការ​កែប្រែ​ភាព​អសកម្ម ភាពអវិជ្ជមាន ឬ​បញ្ហា​ខ្វះខាត​ផ្សេងៗ​ដើម្បី​នឹង​កែលម្អ​ឱ្យ​ល្អប្រសើរ​។

​លោក​ថា​៖ «​អ្វី​ដែលជា​មូល​ដ្ឋា​ន​គ្រឹះ​មិនអាច​ខ្វះ​បាន​សម្រាប់​វិស័យ​សារព័ត៌មាន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដែល​បង្កើន​វិសាលភាព​នៃ​ការ​ផ្សព្វ​ផ្សាយ​ព័ត៌មាន​ទៅគ្រប់​មជ្ឈដ្ឋាន និង​ទូលំ​ទូលាយ​នោះ គឺ​ដោយសារ​ប្រទេសជាតិ​មាន​សន្តិភាព ស្ថិរភាព​សន្តិសុខ និង​ការ​បើក​សិទ្ធិសេរីភាព​គ្រប់បែបយ៉ាង​ជូន​ដល់​ប្រជាពលរដ្ឋ​»៕