ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន លោក​ សាយ សំ​អាល់ បាន​លើកឡើងថា ហេដ្ឋារចនាសម្ព័ន្ធ​ពិតជា​មាន​សារៈសំខាន់​ណាស់​ក្នុងការ​អភិវឌ្ឍ​ប្រទេសជាតិ ហើយ​ផ្លូវ​ជា​សរសៃឈាម​សម្រាប់​សេដ្ឋ​កិច្ច ជាពិសេស​បម្រើ​ដល់​ផ្នែក​ដឹកជញ្ជូន​ពី​តំបន់​មួយ​ទៅ​តំបន់​មួយ និង​ការតភ្ជាប់​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ​។​

​ការលើកឡើង​របស់លោក​ សាយ សំ​អាល់ ដែលជា​ប្រធាន​ក្រុមការងារ​គណបក្ស​ចុះ​​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​ផង​នោះ​ធ្វើឡើង​ក្នុងពេល​ជួប​សំណេះ​សំ​ណា​ល​ជាមួយ​សមាជិក​-សមាជិកា គណបក្ស​ប្រជាជន​កម្ពុជា ឃុំ​ទឹកល្អក់ ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​នៅ​ថ្ងៃទី​ ២៥ ខែមិថុនា ឆ្នាំ​ ២០២៣​។​

​លោក​បាន​ថ្លែងថា​៖ «​បច្ចុប្បន្ន​ខេត្ត​ព្រះសីហនុ បាន​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​២ បន្ទាប់ពី​រាជ​ធានី​ភ្នំពេញ ដូច្នេះ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នានា​នៅក្នុង​ខេត្ត​ត្រូវ​ព​ន្លឿ​ន​ឱ្យបាន​លឿន​បំផុត ដូចដែល​យើង​បានឃើញ​មាន​ស្រាប់​ក្នុងនោះ​មាន​ផ្លូវថ្នល់​ស្ពាន​សាលារៀន មន្ទីរពេទ្យ ទឹក​​ភ្លើង​»​។​

​តាមរយៈ​ក្រុមការងារ​គណ​​បក្ស​ចុះ​មូលដ្ឋាន​ខេត្ត​ព្រះសីហនុ​លោក​បាន​បន្តថា នៅពេល​មាន​ផ្លូវ​គ្រប់គ្រាន់​និង​ប្រកបដោយ​គុណភាព ក៏​ជា​ផ្នែក​មួយ​ក្នុងការ​ទាក់ទាញ​វិនិយោគិន​មក​បណ្តាក់ទុន​ឱ្យ​កាន់តែច្រើន បង្កើត​ការងារ និង​បង្កើន​ប្រាក់ចំណូល​ប្រជាពលរដ្ឋ​កម្ពុជា​។

​លោក​បាន​បញ្ជាក់ថា​៖ «​ផ្លូវ​ថ្នល់​ជា​សរសៃឈាម​យ៉ាងសំខាន់​ក្នុងការ​អភិវឌ្ឍ ពិសេស​ផ្នែក​ដឹកជញ្ជូន​ទំនិញ​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ តំបន់​មួយ​ទៅ​តំបន់​មួយ​និង​ការសហការ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ជាមួយ​បណ្តា​ប្រ​​ទេស​ជិតខាង​ផងដែរ​»​។​

​ឆ្លៀត​ក្នុងឱកាស​នោះ លោក ​សាយ សំ​អាល់ ស្នើឱ្យ​យុវជន​យកចិត្តទុកដាក់​ស្វែងរក​ចំណេះ​ជំនាញ ខិតខំ​រៀនសូត្រ​ដើម្បី​ក្លាយខ្លួនជា​បញ្ញវន្ត​ក្នុង​ការចូល​​រួមចំណែក​ជាមួយ​សង្គមជាតិ គួបផ្សំ​ការសិក្សា​បន្ថែម​ទៅលើ​ភាសាបរទេស​ផងដែរ​។

​លោក​ថា​៖ «​កាលណា​យុវជន​មានចំណេះ​ជំនាញ​ត្រឹមត្រូវ នោះ​ធនធានមនុស្ស​កម្ពុជា​ក៏​កាន់តែច្រើន រក​ការងារ​ធ្វើ​ក៏​កាន់តែ​ស្រួល ក្នុងនោះ​ក៏ត្រូវ​គិតគូរ​ចំពោះ​នារី​ដែលជា​ផ្នែក​មួយ​សំខាន់​ក្នុងការ​ផ្គត់ផ្គង់​គ្រួសារ កិច្ចការងារ​សង្គម និង​ជា​ផ្នែក​មួយ​មិនអាច​ខ្វះ​បាន​»​។​

​ទាក់ទង​នឹង​ហេដ្ឋារចនាសម្ព័ន្ធ​នេះ ក្នុង​ពិធី​សម្ពោធ​បើក​ឱ្យប្រើ​​ប្រាស់​ជា​ផ្លូវការ​កំពង់ផែ​ដងទង់ នៅ​ខេត្តកោះកុង​ពីថ្ងៃ​ទី ​២៣ ខែមិថុនា លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បានលើកឡើង​ដែរ​ថា ក្រសួង​បាន និង​កំពុង​អនុវត្ត​គម្រោង​ផ្លូវ​ក៏ដូចជា​គ្រោង​នឹងសិក្សា​វិស័យ​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត ទាំង​ផ្លូវ​ល្បឿន​​លឿន និង​ផ្លូវ​រថភ្លើង​ផងដែរ​។

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងនោះ គម្រោង​លើក​កម្រិត​ផ្លូវជាតិ ផ្លូវ​ខេត្ត គម្រោង​ផ្លូវ​ល្បឿន​លឿន រថភ្លើង​ល្បឿន​លឿន រថភ្លើង​ក្រោម​ដី និង​លើ​អាកាស នៅ​រាជធានី​ភ្នំពេញ និង​គម្រោង​កំពង់ផែ​នានា ដែល​ទាំងអស់នេះ​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​ដ៏​សំខាន់ និង​លើកកម្ពស់​ការ​ត​ភ្ជាប់​អន្តរ​វិស័យ​»​។​

​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន ធ្លាប់បាន​លើកឡើង​នាពេល​កន្លងមក​ថា រាជរដ្ឋាភិបាល​​កម្ពុជា​នៅតែ​ផ្តល់​អាទិភាព​ដល់​ការតភ្ជាប់​ហេដ្ឋារចនាសម្ព័ន្ធ​ដើម្បី​ដោះស្រាយ​ការលំបាក​នៃ​ការធ្វើដំណើរ និង​កាត់បន្ថយ​ការ​ចំណាយ​របស់​ប្រជាពលរដ្ឋ​។

​លោក​បញ្ជាក់ថា​៖ «​ការ​សាង​សង់​ហេដ្ឋារចនាសម្ព័ន្ធ គឺជា​ការបែងចែក​ផ្លែផ្កា​សេដ្ឋកិច្ចជាតិ​ប្រកបដោយ​សមធម៌​។ នៅពេល​ខាងមុខ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​អភិវឌ្ឍ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​ជាច្រើន​ទៀត​សម្រាប់​បម្រើ​ប្រយោជន៍​ប្រជាជន​កម្ពុជា​»៕