ភ្នំពេញៈ ទីលាន​ទុកដាក់​សំរាម​តម្លៃ​ជាង ៤ ​លាន​ដុល្លារ ក្នុង​ខេត្តកំពង់ធំ នៃ​គម្រោង កែលម្អ​គ្រប់គ្រង​បរិស្ថាន​ក្រុង​ជុំវិញ​បឹង​ទន្លេសាប​ជំហាន​ទី ​២ ត្រូវបាន​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ ដើម្បី​លើក​កម្ពស់​សេវា​ថែរក្សា​អនាម័យ និង​ការគ្រប់គ្រង​បរិស្ថាន​តំបន់​ជុំវិញ​បឹង​ទន្លេសាប​។​

​ការប្រកាស​សម្ពោធ​បើក​ឱ្យប្រើ​ប្រាស់​ជា​ផ្លូវការ និង​ប្រគល់​ទីលាន​ទុកដាក់​សំរាម ខេត្តកំពង់ធំ ដល់​រដ្ឋបាលខេត្ត​គ្រប់គ្រង និង​ប្រតិបត្តិ​ការបន្ត បានធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន តំណាង​ធនាគារ​អភិ​វឌ្ឍន៍​អាស៊ី មន្ត្រី​បច្ចេកទេស​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី ប្រជា​ពលរដ្ឋ និង​សិស្សានុសិស្ស​ជាច្រើន​នាក់ នា​ថ្ងៃទី ​២៦ ខែមិថុនា​។​

​យោងតាម​របាយការណ៍​របស់​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានឱ្យដឹងថា ទីលាន​ទុកដាក់​សំរាម​នេះ មាន​ទីតាំង​ស្ថិតនៅ​ភូមិ​ត្រពាំង​ឫស្សី ឃុំ​ត្រពាំង​ឫស្សី ស្រុក​កំពង់​ស្វាយ ខេត្តកំពង់ធំ ដែល​គម្រោង​នេះ​ជា​គម្រោង​មួយ នៅក្នុង​គម្រោង កែលម្អ​គ្រប់​​គ្រង​បរិស្ថាន ក្រុង​ជុំវិញ​បឹង​ទន្លេសាប ជំហាន​ទី​ ២ ដោយ​ប្រើប្រាស់​ឥណទាន​ពី​ធនាគារ​ ADB ក្នុងការ​ស្ថាបនា ជាមួយ​ទំហំ​ទឹកប្រាក់ ៤ ៦២៩ ៣៩៩ ដុល្លារ​អាមេរិក​។​

​ប្រភព​ដដែល​បាន​បន្តថា ទីលាន​នេះ បានចាប់ផ្តើម​ធ្វើការ​សាងសង់​កាលពី​ខែកក្កដា ឆ្នាំ​ ២០២១ និង​បានបញ្ចប់​ការ​សាងសង់​នៅ​ចុងខែ​វិច្ឆិកា ឆ្នាំ ២០២២​។ សាងសង់​លើ​ផ្ទៃដី​ទំហំ ១៤,៧៣ ហិកតា នៃ​ផ្ទៃដី​សរុប ១៩,៧៦ ហិកតា​។ រណ្តៅ​ទុកដាក់​សំរាម​មាន​ទទឹង ៨០ ​ម៉ែត្រ បណ្តោយ​ ១៧០​ ម៉ែត្រ ជម្រៅ​ ២ ​ម៉ែត្រ ដែល​ត្រូវជា ១,៣៦​ ហិកតា​។

​ក្រសួង​បាន​បញ្ជាក់ថា តាម​ផែនការ រណ្តៅ​នេះ​នឹងត្រូវ​បំពេញ​សំរាម​រហូតដល់​កម្ពស់ ១០​ ម៉ែត្រ គិតពី​មាត់​រណ្តៅ ដែល​អាច​ផ្ទុក​បរិមាណ​សំរាម​បាន​ប្រមាណ ៩៧ ៨៨៦ ម៉ែត្រគុប ហើយ​គ្រោង​នឹងដាក់​ឱ្យប្រើ​ប្រាស់​រយៈពេល​ ២០ ​ឆ្នាំ សម្រាប់​ប្រជាជន ប្រមាណ​ជា ៣៦ ៤៧៨​ នាក់ នៅក្នុង​ជុំវិញ​ទី​រួម​ខេត្តកំពង់ធំ​។​

លោក ស៊ុន ចាន់ថុល ថ្លែងថា ទីលាន​ទុកដាក់​សំរាម និង​កាកសំណល់​នានា ធ្វើឡើង​ស្របតាម​បទដ្ឋាន​បច្ចេកទេស ខ្នាត​ស្តង់ដា​ត្រឹមត្រូវ​នេះ ខណៈ​ទីលាន​នេះ​ក៏​ជា​សមិទ្ធផល​ថ្មី​បន្ថែមទៀត​សម្រាប់​ប្រជា​ពល​​រដ្ឋ​ខេត្តកំពង់ធំ​។ ទីលាន​ទុកដាក់​សំរាម​បែបនេះ​ត្រូវបាន​សាងសង់​បាន​ចំនួន​ ៧ ​កន្លែង មកហើយ ដែលមាន​នៅក្នុង​ខេត្ត​ព្រះសីហនុ បាត់ដំបង កំពត កែប កំពង់ឆ្នាំង និង​ខេត្តពោធិ៍សាត់​។​

​លោក ស៊ុន ចាន់ថុល ថ្លែង ថា​៖ «​ការ​ដែលមាន​ទីលាន​ទុកដាក់​សំរាម​ត្រឹមត្រូវ ស្របតាម​បទដ្ឋាន​បច្ចេកទេស​បែប​នេះ គឺ​ពិតជា​បាន​ចូលរួមចំណែក ក្នុងការ​លើកកម្ពស់​គុណ​ភាព សុ​ខុ​​មាល​ភាព​ការរស់នៅ របស់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ ក៏ដូចជា​តំបន់​ជុំវិញ​»​។​

​លោក ងួន រតនៈ អភិបាលខេត្ត​កំពង់ធំ ថ្លែងថា ទីលាន​ទុកដាក់​សំរាម ដែល​បានបញ្ចប់​ការសាងសង់ និង​ដាក់ឱ្យ​ប្រើប្រាស់​នាពេលនេះ​នឹងចូលរួម​ចំណែក​ក្នុង​ការលើក​កម្ពស់​គុណភាព​ការរស់នៅ​ប្រជាពលរដ្ឋនៅក្នុង​តំបន់ និង​តំបន់​ជុំវិញ ជាពិសេស​គឺ​ការ​កាត់បន្ថយ​បញ្ហា​ប្រឈម​ទៅលើ​កត្តា​សុខភាព និង​ការ​​បំពុល​បំផ្លាញ​បរិស្ថាន​ផងដែរ​។

​លោក ស៊ុន ចាន់ថុល បាន​ថ្លែងថា សមិទ្ធផល​ធំៗ​នានា​នឹងមាន​នាពេលខាងមុខ មាន គម្រោង​ផ្លូវជាតិ​លេខ ​៥០​ សេ ត​ភ្ជាប់​ពី​ខេត្តកំពង់ធំ​ទៅ​កំពង់​លែង​ខេត្តកំពង់ឆ្នាំង គម្រោង​សិក្សា​ផ្លូវ​ត​ភ្ជាប់​ពី​ក្រចេះ មកកាន់​កំពង់ធំ​, គម្រោង​ផ្លូវ​ល្បឿន​​លឿន​ភ្នំពេញ​-​សៀមរាប ឆ្លង​កាត់​កំពង់ធំ ដែល​បាន​ចុះ​កិច្ច​ព្រមព្រៀង​ក្របខ័ណ្ឌ​រួចរាល់ និង​គម្រោង​សិក្សា​ផ្លូវដែក​ពី ប៉ោយប៉ែត​-​សៀមរាប​-​កំពង់ធំ​-កំពង់ឆ្នាំង មកកាន់​រាជធានី​ភ្នំពេញ​ជាដើម​៕