​ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ស្នើឱ្យ​ក្រសួងយុត្តិធម៌​ធ្វើការ​ព​ន្លឿ​ន​ការរៀបចំ​ក្របខ័ណ្ឌ​ច្បាប់ ក៏ដូចជា​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដើម្បី​ព​ន្លឿ​ន​ដំណើរការ​តុលា​ការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ ប្រកបដោយ​គុណភាព តម្លាភាព និង​ភាពជឿ​ទុកចិត្តបាន​។

លោក​បាន​ថ្លែង​ដូចនេះ​នៅក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើ​ប្រាស់​ជា​ផ្លូវការ «​អគារ​សាលា​យុ​ត្ដិ​ធម្ម​» របស់​ក្រសួង​យុ​ត្តិ​ធម៌ ដែលមាន​ទីតាំង​ស្ថិតនៅ សង្កាត់​ព្រែកលៀប ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា ឆ្នាំ ​២០២៣​។​

​លោក​ថ្លែងថា​៖ «​ការធ្វើ​បែបនេះ ដើម្បី​សម្រាប់​បង្កើន​ជំនឿ​ទុកចិត្ត​លើ​ការវិនិយោគ និង​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ហើយ​ត្រូវ​បន្ត​ខិតខំ​យកចិត្តទុកដាក់​ជំរុញ​ការរៀបចំ​សេចក្តីព្រាងច្បាប់​ស្ដីពី​លក្ខន្តិកៈ​ក្រឡាបញ្ជី ច្បាប់​ស្ដីពី​លក្ខន្តិកៈ​អាជ្ញាសាលា ច្បាប់​ស្តីពី​លក្ខន្តិកៈ​សារការី ព្រមទាំង​ច្បាប់​ដែលមាន​ការ​ពាក់ព័ន្ធ​ផ្សេងទៀត ឱ្យបាន​ឆាប់​ដែលជា​មូលដ្ឋាន​គតិយុត្ត ក្នុងការ​គ្រប់គ្រង និង​លើក​កម្ពស់​វិជ្ជាជីវៈ​ច្បាប់ ប្រកប​​ដោយ​តម្លាភាព ទាំង​បច្ចុប្បន្ន និង​អនាគត​»​។​

​លោក​ថ្លែងបន្តថា នៅក្នុង​សេចក្តីព្រាងច្បាប់​តុលាការ​ពាណិជ្ជ​កម្មនេះ ត្រូវតែ​ព​ន្លឿ​ន ដោយសារ​បញ្ហា​កាន់តែ​ធំ កាន់តែច្រើន ដែល​រាជរដ្ឋាភិបាល កំពុងតែ​អភិវឌ្ឍ​ប្រទេស​ដោយ​ពង្រឹង​នូវ​ការជឿជាក់​នៃ​ការធ្វើ​ធុរកិច្ច​នៅ​កម្ពុជា ដូច្នេះ​ស្នើឱ្យ​មន្ត្រី​ជំនាញ​ខិតខំ​ពង្រឹង​ឱ្យចេញ​នូវ​ច្បាប់​ស្តីពី តុលាការ​ពាណិជ្ជកម្ម នៅក្នុង​នីតិកាល​ខាងមុខនេះ​។​ «​ត្រូវ​រៀបចំ​នូវ​តុលាការ​ពាណិជ្ជ​កម្មនេះ​ឡើង ដើម្បី​កាត់ក្តី​ទៅលើ​រឿងនេះ ដែល​យើង​មាន​តុលាការ​កាត់​គ្រប់​រឿង​ហើយ (​អ៊ី​)​ ចឹ​ង​ទេ យើង​ត្រូវមាន​តុលា​ការ​ឯកទេស​ ១ នេះ​ផងដែរ​»​។​ លោកនាយក​រដ្ឋមន្ត្រី បានបញ្ជាក់​បន្ថែម​។​

​លោក កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ បាន​ប្រាប់​ឱ្យដឹងថា គិត​មកដល់ពេលនេះ ក្រសួង​បាន​សហការ​ជាមួយ​គ្រប់ភាគី​ពាក់ព័ន្ធ ដើម្បី​ឈានទៅ​បង្កើត​សេចក្ដីព្រាងច្បាប់ ពាក់ព័ន្ធ​ពាណិជ្ជកម្ម ហើយក៏​បានកំណត់​ទីតាំង​រួចហើយ សម្រាប់​សាងសង់​តុលាការ​ពាណិជ្ជ​កម្មនេះ​។

​លោក​ថ្លែងថា​៖ «​ក្រសួង​បានដាក់​ការងារ​នេះ​ជា​អាទិភាព ដើម្បី​ឈានទៅ​សម្រេច​ឱ្យបាន​នៅ​នីតិកាល​បន្ទាប់ ដោយ​គិត​មកដល់ពេលនេះ​ការងារ​នេះ​សម្រេចបាន ៥០ ​ភាគរយ​ហើយ​។​អ្វីដែល​យើង​ចង់បាន​ពិតប្រាកដ គឺ​ការបង្កើត​តុលាការ​ពាណិជ្ជកម្ម និង​តុលាការ​ការងារ ដែល​ធានាបាន​នូវ​តម្លាភាព​និង​ការជឿ​ទុក​​ចិត្ត ហើយ​ដើម្បី​ធានា​លើ​ការងារ​នេះ ក្រសួងយុត្តិធម៌​បានចាប់ផ្តើម​ធ្វើការ​ងារ​ជាមួយ​ដៃគូ​ពាក់ព័ន្ធ ហើយ​ផ្ទៃក្នុង​យើង​ក៏មាន​រៀបចំ​ក្រុមការងារ​ដើម្បី​ធ្វើ​សេចក្តីព្រាងច្បាប់​ទាក់​ទង​នឹង​នីតិវិធី​នៃ​ការបង្កើត​តុលាការ​ពាណិជ្ជ​កម្មនេះ​»​។​

​លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៦ ខែមិថុនា ដែរ​ថា តុលាការ​ពាណិជ្ជកម្ម និង​តុលា​ការងារ ជា​ចំណុច​សំខាន់​សម្រាប់​អ្នកវិនិយោគ​ក្នុងស្រុក និង​អ្នក​វិ​និ​យោគ​បរទេស ដែលជា​ទំនុក​ចិត្ត​មួយ​ថ្មី ក្នុងការ​វិនិយោគ​នៅ​កម្ពុជា​។​

​លោក ថ្លែងថា​៖ «​កន្លងទៅ​ការដោះស្រាយ​វិវាទ​ពាណិជ្ជ​​កម្ម យើង​ប្រើប្រាស់​តុលាការ​ទូទៅ វា​មាន​ភាពយឺតយ៉ាវ និង​ចំណាយ​ពេលវេលា និង​ថវិកា​ច្រើន ដូច្នេះ​តុលាការ​ពាណិជ្ជ​កម្មនេះ ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​មកនេះ យើង​បានធ្វើការ​ជា​មួយ​ក្រសួងយុត្តិធម៌​ហើយ ប៉ុន្តែ​មិនទាន់​បានចេញ​ជាល​ទ្ធ​ផល​នៅឡើយ​ទេ ហេតុនេះ​នៅពេលដែល​មានការ​ជំរុញ​ពី​ប្រមុខ​រាជរដ្ឋាភិបាល​បន្ថែម​បែបនេះ វិស័យ​ឯកជន​មាន ការ​សាទរ​ខ្លាំងណាស់​»​។​

​លោក គី សេរី​វឌ្ឍន៍ អ្នកជំនាញ​សេដ្ឋកិច្ច នៃ​រាជបណ្ឌិត្យសភា​កម្ពុជា បាន​ថ្លែងថា ការបង្កើតឱ្យមាន​តុលា​រការ​ពាណិជ្ជ​កម្មនេះ វា​មាន​សារៈសំខាន់​ក្នុងការ​ទាក់​ទាញ​អ្នកវិនិយោគ​ឱ្យ​ចូលមក ដើម្បី​ធានា​ក្នុងការ​ដោះស្រាយ​វិបត្តិ ឬ​ជម្លោះ​ពាណិជ្ជកម្ម​»​។

​បើតាម​រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌ ការបង្កើត​តុលាការ​ពាណិជ​កម្ម និង​តុលាការ​ការងារ ក៏មាន​ការ​ជួយ​ជ្រោមជ្រែង​ពី​ ADB ដោយ​តុលាការ​នេះ នឹង​អាច​ចេញ​ជា​រូបរាង​នៅ​នីតិកាល​ក្រោយនេះ ហើយ​ការផ្តល់​ទំនុកចិត្ត គឺជា​រឿង​សំខាន់ ដែល​ជំរុញឱ្យមាន​ការបង្កើត​តុលាការ​នេះ​៕