ភ្នំពេញៈ របាយការណ៍​របស់​អង្គការ​ទស្សនៈ​ពិភពលោក​កម្ពុជា (World Vision) បាន​បង្ហាញថា កុមារ និង​ពលរដ្ឋ​ងាយ​រងគ្រោះ​ជាង​ ៤,៥​ លាន​នាក់​ទទួលបាន​ការគាំទ្រ​ពី​គម្រោង​របស់ខ្លួន ខណៈ​ផែនការ​យុទ្ធសាស្ត្រ​៥​ឆ្នាំ​បន្ត គឺ​ធ្វើយ៉ាងណា​សម្រេច​ឱ្យបាន​នូវ​សុខុមាលភាព​ប្រកបដោយ​និរន្តរភាព​សម្រាប់​កុមារី និង​កុមារា​ចំនួន​៥​លាន​នាក់​។​

​ការអះអាង​នេះ​ត្រូវបាន​ចងក្រង​នៅក្នុង​របាយការណ៍​ចំនួន​ ២​ ច្បាប់​ផ្សេងគ្នា​គឺ​សៀវភៅ​ផែនការ​យុទ្ធសាស្ត្រ​ប្រចាំ​ប្រទេស​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ ​២០២៧ ដែលមាន ​២២​ ទំព័រ និង​របាយការណ៍​ប្រចាំឆ្នាំ ​២០២២ ដែលមាន​ជិត​៥០​ទំព័រ​ត្រូវបាន​បោះពុម្ពផ្សាយ និង​ផ្ញើ​មកកាន់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ចុងខែ​មិថុនា​នេះ​។​

​របាយការណ៍​ប្រចាំឆ្នាំ​ ២០២២ របស់​World Vision ឱ្យដឹងថា អង្គ​ការខិតខំ​ប្រឹងប្រែង​បន្ត​ផ្តល់​ការគាំទ្រ​ដល់​កុមារ និង​សហគមន៍​ងាយ​រងគ្រោះ​បំផុត​ឱ្យ​ងើប​ចេញពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​ ១៩ ក្រោម​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំងអស់​។ របាយការណ៍​បន្តថា ក្នុង​រយៈពេល​ ១ ឆ្នាំ​មកនេះ គម្រោង​ទាំងអស់​របស់​អង្គការ​បានផ្ដល់​ផល​ជា​វិ​ជ្ជ​មាន ​(​ដោយផ្ទាល់ និង​ដោយ​ប្រយោល​) ដល់​ប្រជាជន​ជាង​ ៤,៥ លាន​នាក់ ដែល​ក្នុងនោះ​រួមមាន​កុមារ​ចំនួន​ជាង​ ១,៣ លាន​នាក់ នៅក្នុង​ខេត្ត​ចំនួន ​១៤ និង​រាជធានី​​ភ្នំពេញ ខណៈ​កុមារ​ចំនួន​ ៨៧៦ ៧០០ នាក់ ឬ​ស្មើ​ ៦៧​ ភាគរយ​ត្រូវបាន​ចាត់ជា​ក្រុម​ងាយ​​រងគ្រោះ​បំផុត​។

​ជា​លទ្ធផល​ជាក់ស្តែង របាយ​ការណ៍​នេះ ក៏បាន​អះអាង​ដែរ​ថា​៖ «៥០​ ភាគរយ នៃ​កុមារ​មាន​ទម្ងន់​ទាប​ក្រោម​ស្តង់ដា​ចំនួន ​១០ ១៩៧ នាក់​បាន​ធូរស្រាល​ពី​បញ្ហា​កង្វះ​អាហារូបត្ថម្ភ ហើយ​កុមារ​ជាង ​៦៣ ០០០​ នាក់​បានទទួល​ផល​ពី​កម្មវិធី​ជំរំ​អំ​ណាន​ចំនួន​ ៨៣៥ នៅក្រោយ​ម៉ោង​សិក្សា​នៅ​មជ្ឈមណ្ឌល​សហគមន៍ ខណៈ​ប្រជាជន​ចំនួន​ជាង ២៦៤ ០០០ នាក់ បាន​ចូលរួម​នៅក្នុង​សកម្មភាព​គម្រោង ការអនុវត្ត​ក្របខ័ណ្ឌ​គណនេយ្យភាព​សង្គម​នៅ​មណ្ឌល​សុខភាព​ចំនួន​ ៤១០ ​កន្លែង សាលារៀន​ចំនួន​ ២ ៤០០ និង​ឃុំ​ចំនួន​ ៥៣០»​។

​បន្ថែម​ពីនេះ តាមរយៈ​គម្រោង​របស់ World Vision ក្នុង​រយៈពេល ​១ ឆ្នាំ​កន្លងទៅ ក៏បាន​គាំទ្រ​ដល់​សមាជិក​សហគមន៍​កសិកម្ម​ជាង​ ៨ ៥០០​ នាក់ ដើម្បី​អាច​រកប្រាក់​ចំណូល​ខ្ពស់ជាង​មុន តាមរយៈ​ការចូលរួម​ក្នុង​សហគមន៍​កសិកម្ម​ចំនួន ​៥៧ និង​សកម្មភាព​បង្កើត​សេដ្ឋកិច្ច​ផ្សេងទៀត​។

​របាយការណ៍​បញ្ជាក់ថា​៖ «​តាមរយៈ​ការ​សហការ​ជាមួយ​រាជរដ្ឋាភិបាល​អាជ្ញាធរ​មូល​ដ្ឋា​ន និង​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​ស្រុក និង​ឃុំ យើងខ្ញុំ​បានផ្ដល់​កញ្ចប់​ម្សៅ​ចម្រោះ​ទឹកស្អាត P&G ចំនួន ២០៤ ៤៧០ កញ្ចប់ និង​ស្បៀងអាហារ ព្រមទាំង​សម្ភារ​បរិក្ខារ​អនាម័យ​ដល់​ប្រជាជន​ជាង​ ១៦ ០០០ នាក់​និង​កុមារ​ជាង​ ៨ ០០០​ នាក់ ក្រោម​ការសហការ​ជាមួយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​»​។​

​ទន្ទឹមនឹង​សមិទ្ធផល​នេះ របាយការណ៍​យុទ្ធសាស្ត្រ​របស់​អង្គការ​នេះ ដោយ​ផ្អែកលើ​កម្រង​កិច្ច​ពិគ្រោះ​យោបល់​ជាមួយ​អ្នក​ពាក់​ព័ន្ធ​ជាច្រើន​បង្ហាញថា ផែនការ​បន្ត​រយៈពេល​ ៥ ឆ្នាំ​ទៅមុខ World Vision បាន​ពិចារណា​អំពី​ស្ថានភាព​បន្ទាប់ពី​ជំងឺ​កូ​វីដ ​១៩ និង​ការ​សន្យា​របស់ខ្លួន​ចំពោះ​កុមារ​ងាយ​រងគ្រោះ​បំផុត​ផងដែរ​។ «​គោលដៅ​យុទ្ធសាស្ត្រ​របស់​ World Vision ប្រចាំ​នៅ​កម្ពុជា​សម្រាប់​ឆ្នាំ​ ២០២៣-២០២៧ គឺ​ដើម្បី​សម្រេចបាន​សុខុមាលភាព​ប្រកបដោយ​និរន្តរភាព​សម្រាប់​កុមារី និង​កុមារា​ចំនួន​ ៥ លាន​នាក់ ជាពិសេស​កុមារ​ងាយ​រងគ្រោះ​បំផុត​»​។

​លោក Janes Imanuel Ginting នាយក​ប្រចាំ​ប្រទេស​នៃ World Vision ​ថ្លែងថា ដើម្បី​ឆ្លើយតប​សេចក្តីប្រាថ្នា​នេះ យើង​នឹង​អនុវត្ត​កម្មវិធី​អាទិភាព​ចំនួន ៣ ដែល​ផ្តោត​ការយកចិត្តទុកដាក់​លើ​កុមារ ក្នុងនោះ មាន​កម្មវិធី​អាហារូបត្ថម្ភ ទឹកស្អាត និង​អនាម័យ និង​ជីវភាព​, កម្មវិធី​កិច្ចការពារ​កុមារ និង​ការចូលរួម និង​កម្មវិធី​អប់រំ​។

«​ការកាត់បន្ថយ ហានិភ័យ​គ្រោះមហន្តរាយ និង​ភាព​ធន់​នឹង​អាកាសធាតុ​, សមភាព​យេនឌ័រ ពិការភាព និង​បរិ​យា​ប័ន្ន​សង្គម (GEDSI), ការ​ជះ​ឥទ្ធិ​ពល​លើ​គោលនយោបាយ និង​ការពង្រឹង​ប្រព័ន្ធ (​ផ្តល់​សេវា​), ការអនុវត្ត​ក្របខ័ណ្ឌ​គណនេយ្យភាព​សង្គម និង​ការចូលរួម​របស់​កុមារ​និង​យុវជន ត្រូវបាន​រួមបញ្ចូល​ជា​កិច្ច​ការឆ្លង​វិស័យ​ដែលមាន​នៅក្នុង​គ្រប់​កម្មវិធី​ទាំងអស់​»​។

​លោក​ថា គម្រោង​របស់​អង្គការ ក៏មាន​ផែនការ​ពង្រីក​ការ​គ្របដណ្ដប់​ភូមិ​សា​ស្ត្រ​បន្ថែមទៀត ពោលគឺ​ពី​ចំនួន​ ១៤ ខេត្ត នៅក្នុង​យុទ្ធសាស្ត្រ​កន្លងមក (២០១៨-២០២២) ដល់​ចំនួន ​២៣ ខេត្ត​៕