ភ្នំពេញៈ មន្ត្រី​នៃ​បេឡា​ជាតិ​របប​សន្តិ​សុខ​សង្គម (​ប​.​ស​.​ស​)​ បានប្រកាស​ឱ្យ​ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​ទាំង​អស់ ដែល​ប្រើប្រាស់​បុគ្គលិក​ចាប់ពី​ម្នាក់​ឡើងទៅ ត្រូវមាន​កាតព្វកិច្ច​ចុះ​បញ្ជិកា​ជាមួយ ប​.​ស​.​ស ហើយ​ក្នុងករណី​គេចវេះ​មិន​ចុះ​បញ្ជិកា​ឱ្យ​បុគ្គលិក ក្រុមហ៊ុន​នោះ នឹងត្រូវ​រង​ពិន័យ​តាមច្បាប់​កំណត់​។ យោងតាម​ លោក សុក​បូរ៉ា ប្រធាន​នាយកដ្ឋាន​តាវកាលិក​ស​ន្តិ​សុខ​សង្គម​នៃ​ ប​.​ស​.​ស កាលពី​ថ្ងៃទី​ ២៥ ខែមិថុនា​ ក្នុង​ពិធី​ធ្វើ​បទ​បង្ហាញ​ដល់​សហជីព​កម្ពុជា​។

​លោក សុក បូរ៉ា បាន​ថ្លែងថា ក្រុម​ហ៊ុន សហគ្រាស គ្រឹះស្ថាន​ទាំងអស់ ដែល​ប្រើប្រាស់​បុគ្គលិក ឬ​កម្មករ ចាប់​​ពី​ម្នាក់​ឡើងទៅ ត្រូវមាន​កាតព្វកិច្ច​ចុះ​បញ្ជិកា មក​ក្នុង​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​។​

​លោក សុក បូរ៉ា ថ្លែងថា​៖ «​ប្រសិនបើ​ក្នុងករណី​ដែល ប​.​ស​.​ស​. រកឃើញថា ម្ចាស់​ក្រុមហ៊ុន ឬ​សហគ្រាស គ្រឹះស្ថាន ដែល​កំពុង​ប្រើប្រាស់​បុគ្គលិក ឬ​កម្មករ ហើយ​មិនបាន​ចុះបញ្ជី​មក​ក្នុង ប​.​ស​.​ស​. នោះ ប​.​ស​.​ស​. នឹង​ប្រើប្រាស់​យន្តការ​ចុះ​ធ្វើ​អធិការកិច្ច ហើយ​បន្ទាប់​​ពី​ការចុះ​ធ្វើ​អធិការកិច្ច​រួចហើយ ក្រុម​ហ៊ុន ឬ​សហគ្រាស គ្រឹះស្ថាន​ទាំងនោះ នៅតែ​មិន​ព្រម​ចុះបញ្ជី​ឱ្យ​បុគ្គលិក ឬ​កម្មករ​របស់ខ្លួន​ទៀត នោះ​នឹងត្រូវ​រង​ការផាកពិន័យ​តាមច្បាប់​កំណត់​»​។​

​លោក សុក បូរ៉ា បានឱ្យដឹង​ទៀតថា ចំពោះ​ការផាកពិន័យ​នេះ គឺ​ម្ចាស់​ក្រុមហ៊ុន​ជា​អ្នករ៉ាប់រង​ទាំងស្រុង​ក្រោយ​ការពិន័យ​រួច ហើយ​កាតព្វកិច្ច​ចុះបញ្ជី​នៅ ប​.​ស​.​ស​. នៅតែ​បន្តធ្វើ​ដដែល​។ សម្រាប់​សហគ្រាស គ្រឹះស្ថាន និង​កម្មករនិយោជិត​ទាំងអស់ ដែល​បាន​ចុះបញ្ជី​រួចរាល់​នៅ ប​.​ស​.​ស​. ក្នុង​ផ្នែក​ហានិភ័យ​ការងារ និង​ផ្នែក​ថែទាំ​សុខភាព នោះ​នឹង​ក្លាយទៅជា​សមាជិក ប​.​ស​.​ស​. ផ្នែក​ប្រាក់​សោធន​ដោយ​ស្វ័យប្រវត្តិ​។ នៅពេលដែល​បុគ្គលិក​ណា​ម្នាក់​ដល់​អាយុ​ចូលនិវត្តន៍ ប​.​ស​.​ស​. នឹង​បើកប្រាក់​សោធន​ជូន​ជា​រៀងរាល់ខែ ដោយ​ក្នុង​ ១​ ខែ​បើក​ជូន​ ២ ​ដង ហើយ​អ្វីដែល​កាន់តែ​ពិសេស​នោះ គឺ​សោធ​និក​ទាំងអស់​នឹង​ទទួលបាន​សេវា​ថែទាំ​សុខភាព​ដោយ​ឥតគិតថ្លៃ​ពី ប​.​ស​.​ស​.​។​

​លោក មឿ​ន តុលា ប្រធាន​អង្គការ​ម​ជ្ឈ​មណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិមនុស្ស បាន​ថ្លែងថា ប​.​ស​.​ស គួរតែ​ពិនិត្យមើល​សេវា​ព្យាបាល​នៅតាម​មន្ទីរ​ដៃគូ និង​ប្រព័ន្ធ​នៃ​ការចុះបញ្ជី ពីព្រោះថា កន្លងមក​មាន​ក្រុមហ៊ុន​ខ្លះ​បាន​ចុះបញ្ជី​បុគ្គលិក​របស់គេ​មិនបាន​ត្រឹមត្រូវ ដើម្បី​ស្រួល​ក្នុងពេល​មាន​បញ្ហា ពួក​​គេ​បានទទួល​អត្ថប្រយោជន៍​ដែលមាន​របស់ ប​.​ស​.​ស​។ បញ្ហា​រាំងស្ទះ​ដែល​ធ្វើឱ្យ​សហ​គ្រាស រោងចក្រ ទាំងនោះ ធ្វើការ​គេចវេះ​មិន​ចុះបញ្ជី​កម្មករ​របស់ខ្លួន​ជាមួយ ប​.​ស​.​ស​ដោយសារ​និយោជក​មិន​ចង់​បង់ប្រាក់​ជាប្រចាំ​ជាមួយ​ប​.​ស​.​ស​ផងដែរ​៕