ភ្នំពេញៈ លោក ប្រាជ្ញ ចន្ទ ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​) បានឱ្យដឹងថា ការ​ឃោសនាបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៧ នឹង​ចាប់​ផ្តើម​ធ្វើឡើង​រយៈពេល​ ២១ ​ថ្ងៃ ដែល​ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា រហូតដល់​ថ្ងៃទី​ ២១ ខែកក្កដា ឆ្នាំ ២០២៣​។​

​តាមរយៈ​សេចក្តីអំពាវនាវ កាលពី​ថ្ងៃទី ​២៦ ខែមិថុនា លោក ប្រាជ្ញ ចន្ទ ថា អនុលោម​តាមច្បាប់​ស្តីពី​ការបោះ​ឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ ​(​ច​.​ប​.​ត​.​រ​) ការឃោសនាបោះឆ្នោត មាន​ទិសដៅ​ឱ្យ​គណបក្សនយោបាយ និង​បេក្ខជន​ឈរឈ្មោះ​បោះឆ្នោត ធ្វើការ​ផ្សព្វ​ផ្សាយ​កម្មវិធី​នយោបាយ​របស់ខ្លួន​ជូន​អ្នកបោះឆ្នោត​។

​ការឃោសនាបោះឆ្នោត គឺជា​សកម្ម​ភាព​មួយចំនួន​ដែល​ត្រូវ​ធ្វើជា​សាធារណៈ ដើម្បី​បញ្ចុះបញ្ចូល​អ្នកបោះឆ្នោត​ឱ្យ​បោះឆ្នោត​គាំទ្រ​បេក្ខជន ឬ​គណ​បក្សនយោបាយ​ណាមួយ​។

​លោក ប្រាជ្ញ ចន្ទ បាន​បញ្ជាក់ថា​៖ «​នៅក្នុង​អំឡុង​ពេល​ឃោសនាបោះឆ្នោត​នេះ គ​.​ជ​.​ប សូម​អំពាវនាវ​ទៅដល់​គណបក្សនយោបាយ បេក្ខជន អ្នកគាំទ្រ​គណបក្សនយោបាយ​ទាំងអស់ ត្រូវតែ​គោរព​តាម​វិធាន បទ​ប្បញ្ញត្តិ និង​គោលការណ៍​ដែលមាន​ចែង​ក្នុង ច​.​ប​.​ត​.​រ គោរព​តាម​បទបញ្ជា និង​នីតិវិធី សម្រាប់​ការបោះឆ្នោត​និង​ក្រម​សីលធម៌ និង​គោលការណ៍​នានា ដែល​បាន​កំណត់ដោយ គ​.​ជ​.​ប ដើម្បីឱ្យ​ការឃោសនាបោះឆ្នោត របស់​គណបក្សនយោបាយ​ប្រ​ព្រឹ​ត្ត​ទៅដោយ សន្តិវិធី អហិង្សា សន្តិសុខ និង​សុវត្ថិភាព​»​។​

​ជាមួយគ្នា​នោះ លោក​ក៏បាន​អំពាវនាវ​ដល់​អាជ្ញាធរ​គ្រប់​លំដាប់ថ្នាក់ ត្រូវ​ប្រកាន់​ជំហរ​អព្យាក្រឹត ឥត​លម្អៀង​ក្នុង​សកម្មភាព ការងារ​របស់ខ្លួន និង​ត្រូវ​សម្របសម្រួល​ទីកន្លែង ផ្លូវ ពេលវេលា ដើម្បីឱ្យ​គណ​បក្សនយោបាយ​នីមួយៗ អាចអនុវត្ត កម្មវិធី​ឃោសនា​បោះ​ឆ្នោត និង​ការហែក្បួន​ឃោសនា បោះឆ្នោត​របស់ខ្លួន​ប្រព្រឹត្ត​ទៅដោយ​ស្មើភាព​គ្នា​។​

​លោក ប្រាជ្ញ ចន្ទ បាន​លើក​ឡើង​ទៀតថា គ​.​ជ​.​ប សង្ឃឹម​យ៉ាង​មុតមាំ​ថា គ្រប់​គណបក្សនយោបាយ អាជ្ញាធរ​គ្រប់​លំ​ដាប់​ថ្នាក់ និង​ភាគី​ពាក់ព័ន្ធ នឹងចូលរួម​សហការ​តាម​ការ​អំពាវ​នាវ​ក្នុង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​ដោយ​គោរព​ច្បាប់​ជាធរ​មាន ដើម្បីឱ្យ​ការឃោសនា បោះឆ្នោត​នេះ ប្រព្រឹត្ត​ទៅដោយ​រលូន និង​ធានាបាន​នូវ​សិទ្ធិ​របស់​គណបក្ស​ន​យោ​បាយ និង​សិទ្ធិ​ជា​មូលដ្ឋាន របស់​ប្រជាពលរដ្ឋ​។​

​លោក សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​នៃ​អង្គការ​និចហ្វិក បាន​ថ្លែងថា សម្រាប់​ឃោសនាបោះឆ្នោត​របស់​គណ​បក្សនយោបាយ ដែល​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃទី ១ ខែកក្កដា ខាងមុខនេះ នឹងមិន​មាន​អ្វី​ជា​បញ្ហា​ប្រឈម​ទេ ដោយសារ​អ​វត្ត​មាន​របស់​គណបក្ស​ភ្លើងទៀន​។

​លោក ហង្ស ពុទ្ធា អ្នក​នាំ​​ពាក្យ គ​.​ជ​.​ប ថ្ងៃទី​ ២៦ ខែមិថុនា ថ្លែងថា ក្នុងអំឡុងពេល​ឃោស​​នា​បោះឆ្នោត​នេះ គ្រប់​គណ​បក្សនយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត​នឹង​ប្រកាស​ពី​កម្មវិធី​នយោបាយ​របស់ខ្លួន ដែល​នឹង​ចាប់ផ្តើម​ពី​ម៉ោង ៦ ព្រឹក ដល់​ម៉ោង​ ១០​ យប់​។ ក្នុងអំឡុងពេល​ឃោសនា​នេះ គ្រប់​គណបក្សនយោបាយ ត្រូវ​ហាម​ផ្សព្វផ្សាយ​កម្មវិធី​ន​យោ​បាយ​របស់ខ្លួន​នៅក្បែរ​សាលា​រៀន និង​មន្ទីរពេទ្យ​ផងដែរ​។

​លោក ថ្លែងថា ចំពោះ​ការ​ហែ​​ក្បួន​ឃោសនាបោះឆ្នោត គ្រប់​គណបក្សនយោបាយ​ក៏ត្រូវ​ជូនដំណឹង​ដល់​គណៈកម្មការ​រាជ​​ធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត ដើម្បី​រៀបចំ​តម្រាយ​ផ្លូវ កុំឱ្យ​ហែ​ក្បួន​ប៉ះគ្នា​៕