​ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បានចេញ​បទបញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ជាពិសេស​អង្គភាព​ប្រឆាំង​ភេរវកម្ម ត្រៀមខ្លួន និង​អាវុធ​សម្រាប់​បាញ់​ទម្លាក់ ដ្រូន ឬ​យន្តហោះ​គ្មាន​មនុស្ស​បើក ដែល​ហោះចូល​ទឹកដី​កម្ពុជា​នៅតាម​បណ្តោយ​ព្រំដែន​វៀតណាម​។​

​ការបញ្ជា​នេះ ដោយ​លោក​សន្មត​ថា អាច​ជ្រា​ដូន​របស់​ក្រុម​ឧទ្ទាម​នៅ​វៀតណាម ខណៈ​រដ្ឋា​​ភិ​បាល​វៀតណាម​បញ្ជាក់ប្រាប់​កម្ពុជា​ថាដ្រូន ​ទាំងនោះ​មិនមែនជា​របស់​រដ្ឋអំណាច​ខ្លួន​ទេ​។​

​លោក​ ហ៊ុន សែន បាន​ដាក់ចេញ​បទបញ្ជា​ដូចនេះ​នៅ​ថ្ងៃទី​ ២៧ ខែមិថុនា តាមរយៈ​សារ​សំឡេង​បន្ទាន់​ដែល​លោក​បាន​ផ្ញើ​ចំពោះ​រដ្ឋមន្ត្រី​ក្រសួង ការពារជាតិ​លោក ទៀ បាញ់​, អគ្គមេបញ្ជាការ​កង​យោធពលខេមរភូមិន្ទ លោក វង្ស ពិ​សេន​, មេបញ្ជាការ​កង​អង្គរក្ស លោក ហ៊ីង ប៊ុន​ហៀ​ង និង​ពិសេស​បណ្តា​កងកម្លាំង​ដែល​នៅ​ឈរជើង​ក្នុង​ខេត្តមណ្ឌលគិរី រតនគិរី និង​ក្រចេះ ព្រមទាំង​អាជ្ញាធរ​ដែនដី​ផងដែរ​។

​លោក​ ហ៊ុន សែន បញ្ជាក់ថា​៖ «​មា​ន្រ​ដូន​ជាច្រើន​គ្រឿង បាន​ហោះចូល​ទឹកដី​កម្ពុជា​យើង​ជា​បន្តបន្ទាប់​នៅក្នុង​តំបន់​នៃ​ខេត្ត​រតន​គិរី​។ យើង​បាន​សួរ​បញ្ជាក់​ទៅកាន់​ភាគី​វៀតណាម​ហើយ​ភាគី​វៀតណាម​បាន​បដិសេធថា មិនមែនជាដ្រូន ​របស់ខ្លួន​ទេ​»​។

​លោក​បាន​បន្តថា ៖ «​ដូច្នេះ ការវាយតម្លៃ​ជា​បន្តបន្ទាប់​រហូតមក​ថ្ងៃនេះ ខ្ញុំ​ប៉ាន់​ស្មានថាដ្រូន មាន​ចំនួន​ដ៏​ច្រើន​នេះ​ជា​របស់​ពួក​បច្ចាមិត្ត ដែល​បានធ្វើ​សកម្ម​​ភាព​វាយប្រហារ​ក្នុង​ទឹកដី​វៀត​ណា​ម ហើយ​ឥឡូវ​មាន​សញ្ញា​ថា មួយចំនួន​កំពុង​បាក់ទ័ព​ចូល​ទឹក​ដី​កម្ពុជា​»​។

​ក្នុងការ​ឆ្លើយតប​នឹង​សភាពការណ៍​នេះ​លោក​ ហ៊ុន សែន បាន​ដាក់ចេញ​បទបញ្ជា​ដល់​បណ្តា​មេដឹកនាំ​យោធា​ឱ្យ​ត្រៀមខ្លួន និង​បញ្ចេញ​អាវុធយុទ្ធភណ្ឌ​ទំនើប​ទៅ​ពង្រាយ​នៅតាម​តំបន់​ដែលមានដ្រូន ​ពី​ក្រៅ ហោះចូល​ទឹកដី​កម្ពុជា ដើម្បី​បាញ់​ទម្លាក់ដ្រូន ដែល​គ្មាន​ប្រភព​ទាំងនោះ ដើម្បី​បង្ការ និង​ប្រយុទ្ធប្រឆាំង​ការ​ស៊ើបការណ៍​សម្ងាត់​ពី​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​វៀតណាម​។​

​លោក​ក៏បាន​ស្នើឱ្យ​អង្គភាព​យោធា បញ្ចេញ​កងកម្លាំង និង​អាវុធ​ទំនើប​របស់​កម្ពុជា​ជាបន្ទាន់ ដែលមាន​សមត្ថភាព​វាយប្រហារ​យន្តហោះ​ ដើម្បី​ទប់ទល់​នឹង​អំពើ​ឈ្លានពាន និង​ប្រឆាំង​ការ​ស៊ើប​ការណ៍​សម្ងាត់​។​

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា លោក​បាន​បញ្ជា​ឱ្យ​អង្គភាព​របស់លោក​ ហ៊ីង ប៊ុន​ហៀ​ង បញ្ចេញ​កងកម្លាំង​ចំនួន​ ៥០០ ​នាក់ និង​ចំនួន​អាវុធ ​៥០០ ​ដើម សម្រាប់​ប្រតិបត្តិ​ការបាញ់​ទម្លាក់ដ្រូន ដែល​ពង្រាយ​នៅតាម​បណ្តោយ​ព្រំដែន​កម្ពុជា​-​វៀតណាម​។

​លោក​បញ្ជាក់ថា៖ «​សូម​ចាត់ចែង​ជាបន្ទាន់ បញ្ចេញ​កម្លាំង​ឱ្យបាន​ឆាប់ ទាំង​កម្លាំង និង​អាវុធ​ដែល​នៅ​បញ្ជា​ការដ្ឋាន​អង្គរក្ស និង​អាវុធ​ដែល​នៅ​អង្គភាព​ប្រឆាំងនឹង​ភេរវកម្ម ដែល​អាវុធ​នោះ​ជា​ប្រភេទ​អាវុធ​ទំនើប​របស់​យើង ដែលមាន​​សមត្ថភាព​បាញ់​ទម្លាក់​យន្តហោះ ហើយ​ក៏មាន​សមត្ថភាព​ដើម្បី​បាញ់ ដ្រូន ​ផងដែរ​»​។ លោក​ ហ៊ុន សែន បានប្រកាស​មិន​លើកលែង ឬ​អត់ឱន​ឱ្យ​អ្នក​​ណាក៏ដោយ ដែល​មក​បំពាន​អធិបតេយ្យ​របស់​កម្ពុជា​។​

​បន្ថែម​ពីនេះ តាមរយៈ​សារ​ជា​សំឡេង​បង្ហោះ​តាម​ប្រព័ន្ធ​តេ​ឡេ​​ក្រាម (Telgram)​ នៅ​រសៀល​ថ្ងៃទី​ ២៧​ មិថុនា​លោក ​ហ៊ុន សែន ថ្លែងថា​៖ «​ខ្ញុំ​សូម​អំពាវនាវ​បងប្អូន​នៅ​ខេត្តក្រចេះ រតនគិរី មណ្ឌល​គិរី​និង​ទីកន្លែង​ដែល​កម្លាំង​កង​ទ័ព​របស់​យើង​បាន​ឆ្លងកាត់​កុំ​មានការ​ភ័យព្រួយ​អំពី​សង្គ្រាម​ផ្ទុះឡើង​នៅក្នុង​ប្រទេស​កម្ពុជា​។ ការធ្វើដំណើរ​នៃ​កម្លាំង​ប្រដាប់​អាវុធ​ដែល​ចេញពី​ទីក្រុង​ភ្នំពេញ​ឆ្ពោះទៅកាន់​ខេត្តរតនគិរី ឬ​មណ្ឌលគិរី និង​ទៅតាម​ខេត្តក្រចេះ ត្បូងឃ្មុំ គឺជា​កម្លាំង​អន្តរា​គម​ន៍​ដើម្បី​ជួយ​ទៅដល់​យោធ​ភូមិភាគ​ទី​ ១ ដោយសារតែ​ការបំពាន​ជា​បន្ត​បន្ទាប់ពី​សំណាក់​យន្តហោះ​គ្មាន​មនុស្ស​បើក​ដែល​យើង​មិនដឹង​ប្រភព​ថា​ ចេញពី​ទីកន្លែង​ណា​»​។​

​គួរ​បញ្ជាក់ថា ការឆ្លើយតប​របស់លោក​នាយករដ្ឋមន្ត្រី នៅក្នុង​ពេលនេះ បន្ទាប់ពី​កម្ពុជា និង​វៀតណាម​បាន​សហការគ្នា​ទប់ស្កាត់ បង្ការ​កុំឱ្យ​ក្រុម​បាក់ទ័ព​របស់​ក្រុម​ឧទ្ទាម​ប្រឆាំង​រដ្ឋាភិបាល​​វៀតណាម រត់​មក​ជ្រកកោន​នៅ​ទឹកដី​កម្ពុជា​។​

​សូម​រំឭក​ដែរ​ថា កាលពី​ថ្ងៃទី​ ១១ ខែមិថុនា កន្លងទៅ ក្រសួង​​សន្តិសុខ​សាធារណៈ​វៀតណាម បាន​ឃុំខ្លួន​មនុស្ស ៦ ​នាក់ និង​តាម​ចាប់ខ្លួន​អ្នកផ្សេងៗ​ទៀត ពាក់ព័ន្ធ​ការវាយប្រហារ​ទី​ស្នាក់​ការ​ប៉ូលិស​ ២​ កន្លែង នៅក្នុង​ខេត្ត DakLak តំបន់ភ្នំ​ភាគ​កណ្តាល ដោយបាន​បណ្តាលឱ្យ​មន្ត្រី និង​ជន​ស៊ីវិល​ជាច្រើន​នាក់​ស្លាប់​។​

​តំបន់​ខ្ពង់រាប​កណ្តាល​វៀត​ណា​ម ជាទី​តាំងរបស់​ក្រុម​ជន​​ជាតិ​ភាគតិច​មួយចំនួន​រស់​នៅ ដែល​គេ​ចាត់ទុកជា​តំបន់​រសើប​មួយ​ចំពោះ​អាជ្ញាធរ​វៀតណាម ដោយ​កន្លងមក ប្រជាជន​មូល​ដ្ឋា​ន មិន​សប្បាយ​ចិត្តនឹងរ​ដ្ឋា​ភិ​បាល​កណ្តាល​វៀតណាម ជាពិសេស​បញ្ហា​សិទ្ធិ​ដីធ្លី​។​

​ជុំវិញ​បញ្ហា​នេះ​លោក​ ទៀ បាញ់ រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី​ ២៧ មិថុនាថា ក្រសួង និង​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស​អង្គភាព​ជំនាញ បាន​ចាត់ចែង​រៀបចំ​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​បទបញ្ជា​រប​ស់លោក​ ហ៊ុន សែន​។ លោក​ ទៀ បាញ់ ថ្លែង​បញ្ជាក់ថា៖ «​ខាង​កងទ័ព​យើង​គឺ​លឿន​ណាស់ បន្ទាប់ពី​ទទួល​បទបញ្ជា​ពីស​ម្តេច​តេ​ជោ​មកទល់ពេលនេះ យើង​បានរៀបចំ​រួចរាល់​អស់ហើយ​»​។​

​លោក​រដ្ឋមន្ត្រីក្រសួង​ការពារ​ជាតិ បាន​បន្ថែមទៀតថា ផ្នែក​ជំនាញ​បានរៀបចំ​អាវុធ និង​កង​កម្លាំង​ដោយ​ផ្តោត​សំខាន់​លើ​ប្រសិទ្ធភាព​ក្នុង​ប្រតិបត្តិ​ការលើក​នេះ ជាពិសេស​សម្រាប់​គោល​​ដៅ​ប្រឆាំងដ្រូន ​ដោយ​លោក​មិនអាច​បង្ហើប​តាមរយៈ​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ពី​ចំនួន​កងកម្លាំង​ជាក់លាក់ និង​ប្រភេទ​អាវុធ​ដែល​ប្រើប្រាស់​លើក​នេះ​បាន​នៅឡើយ​ទេ​។​

​ជាមួយគ្នានេះ លោក​ ហ៊ីង ប៊ុន​ហៀ​ង​ មេបញ្ជាការ​នៃ​បញ្ជាការ​ដ្ឋា​ន​អង្គរក្ស ​(BHQ) បានបញ្ជាក់​ឱ្យដឹង​ដែរ​ថា កងកម្លាំង​នៃ​បញ្ជា​ការដ្ឋាន​អង្គរក្ស​បានចេញ​ដំណើរ​ទៅកាន់​គោលដៅ​ហើយ ដោយ​ត្រៀម​ជាមួយ​អាវុធ​ពិសេស​សម្រាប់​ប្រឆាំងដ្រូន ឬ​យន្ត​ហោះ​គ្មាន​មនុស្ស​បើក​តែម្តង​។​

​លោក​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​២៧ ខែមិថុនា ថា​៖ «ដ្រូន​មាន​ច្រើនយ៉ាង​ណាស់ ហើយ​វា​ហោះចូល​ដែន​អធិបតេយ្យភាព​កម្ពុជា មិនដឹងថា មានបំណង​ស្អី​។ ឱ្យតែ​ហោះចូល​ដែន​អធិបតេយ្យ​កម្ពុជា ដឹង​តែ​បាញ់​ទម្លាក់​ហើយ ព្រោះ​មាន​បទបញ្ជា​របស់​ប្រមុខ​រដ្ឋាភិបាល​ហើយ យើង​មិន​ខ្លាច​ក្នុង​ការបាញ់​នោះទេ​»​។

​លោក​បាន​សង្កត់ធ្ងន់ថា​៖ «​បញ្ហា​អធិបតេយ្យ​ភាព​របស់​ជាតិ ពិតជា​មាន​សារៈ​​សំខាន់​ខ្លាំងណាស់ ដែល​ត្រូវតែ​ការពារ​ឱ្យខាងតែបាន ជាពិសេស​បង្ការ​ការ​ស៊ើបការណ៍​សម្ងាត់​នា​នា ដែល​អាច​កើតឡើង​ជាយ​ថា​ហេតុ ព្រោះដ្រូន ​មាន​បច្ចេកវិទ្យា​ដើម្បី​ឈ្លបយកការណ៍​»​។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លើកឡើងថា ប្រតិ​ប​ត្តិ​ការ​នៃ​បទបញ្ជា​ប្រមុខ​រដ្ឋាភិបាល​លើក​នេះ ពិតជា​មាន​សារៈ​សំខាន់​ណាស់ ដោយសារ​បញ្ហា​សន្តិសុខ​ជាតិ​គឺជា​រឿង​សំខាន់ ខណៈ​ការរំលោភ​លើ​ដែន​អធិប​តេ​យ្យ​ភាព​ទាំង​ក្របខ័ណ្ឌ​ដែន​អាកាស ដែនទឹក ព្រំដែន​គោក​ក្តី កម្ពុ​ជាមាន​ភាពចាំបាច់​ក្នុងការ​ការពារ​។

​លោក គិ​ន ភា ថ្លែងថា​៖ «​ដូច​សម្តេច​តេ​ជោ​បញ្ជាក់​ហើយ​ថា រដ្ឋាភិបាល​វៀតណាម​ថាដ្រូន ​ទាំងនេះ​មិនមែនជា​របស់ខ្លួន​ឡើយ​។ ដូច្នេះ មិន​ថាដ្រូន នោះ ជា​របស់​រដ្ឋាភិបាល​វៀ​ត​ណា​ម ឬ​មិនមែន​ក្ដី តែ​កម្ពុ​ជាមាន​សិទ្ធិ​ស្របច្បាប់​ក្នុងការ​ប្រឆាំង​លើ​ការរំលោភ​ដែនដី​កម្ពុជា ទោះ​ក្នុង​រូបភាព​ណាក៏ដោយ​»​។

​លោក​យល់ថា ការបាញ់​ទ​ម្លា​ក្រ់​ដូន​ទាំងនោះ​គឺជា​ការចាំបាច់​ព្រោះ​វា​បាន​ហោះ​ចូលមកក្នុង​ទឹក​ដី​កម្ពុជា​ហើយ​នៅក្បែរ​នឹង​តំបន់​កំពុង​ចលាចល​រវាង​ក្រុម​ឧទ្ទាម​វៀតណាម និង​រដ្ឋាភិបាល​វៀត​ណា​ម​ផងដែរ​៕