ភ្នំពេញៈ អង្គការ​សង្គម​ស៊ីវិល​ចំនួន ​៤ បានស្នើ​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អុីតាលី បញ្ឈប់​នូវ​ការបើក​ស្មុំ​កូន​អន្ដរប្រទេស​ឡើងវិញ ​តែ​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ផ្ដោតការយកចិត្តទុកដាក់​លើ​ការបង្កើន​លទ្ធភាព​ទទួល​បានការ​ការពារ និង​ការគាំទ្រ​សង្គម​របស់​គ្រួសារ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ថែទាំ​តាម​គ្រួសារ​ក្នុងស្រុក​ឱ្យបាន​ខ្លាំង ក៏ដូចជា​កសាង​សមត្ថភាព​អ្នកធ្វើ​កិច្ចការ​សង្គម​ទាំង​អ្នកថ្មី និង​អ្នក​ចាស់ ។​

​ការស្នើ​នេះ ត្រូវបាន​ធ្វើឡើង​តាមរយៈ​សេចក្តីថ្លែងការណ៍​រួមមួយ​ស្តីពី​៖ ប្រទេស​កម្ពុជា និង​អុីតាលី មិនគួរ​ណែនាំ​ការ​ស្មុំ​កូន​អន្តរប្រទេស​ទេ កាលពី​ថ្ងៃទី២៨ ខែមិថុនា ដែល​អង្គការ​សង្គម​ស៊ីវិល​ទាំង ​៤ ​នោះ​មាន​ មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា (CCHR) សមាគម​ការពារ​សិទ្ធិមនុស្ស និង​អភិវឌ្ឍន៍​នៅ​កម្ពុជា (ADHOC) សម្ព័ន្ធ​ខ្មែរ​ជំរឿន និង​ការពារ​សិទ្ធិមនុស្សលីកាដូ (LICADHO) និង​Intercountry Adoptee Voices (ICAV)​។​

​សេចក្តីថ្លែងការណ៍​បាន​លើកឡើងថា៖ «​យើងខ្ញុំ ជា​អង្គការ​សង្គម​ស៊ីវិល សូម​ស្នើ​សុំឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អុីតាលី បញ្ឈប់​នូវ​ការបើក​ស្មុំ​កូន​អន្ដរប្រទេស​ឡើងវិញ​។ ប្រទេស​កម្ពុជា មិនបាន​អនុម័ត​កិច្ច​គាំពារ ដែល​នឹង​ការពារ​អត្ថប្រយោជន៍​ល្អ​បំផុត​របស់​កុមារ ឬ​ទប់ស្កាត់​ការកើត​ឡើងវិញ នូវ​ការ​ក្លែងបន្លំ និង​អំពើពុករលួយ​ធ្ងន់ធ្ងរ ដែល​បានកត់សម្គាល់​នៅក្នុង​ការ​ស្មុំ​កូន​អន្តរប្រទេស​ដែល​កើតមាន​ពី​អតីតកាល​» ។​

​ប្រទេស​ជាច្រើន បាន​ហាមឃាត់​ការ​ស្មុំ​កូន​អន្តរប្រទេស​ពី​ប្រទេស​កម្ពុជា​ពេញ​១​ទសវត្សរ៍​ឆ្នាំ​២០០០ បន្ទាប់ពី​មាន​ភ័ស្ដុតាង​ជាច្រើន​នៃ​ការអនុវត្ត​ដែល​ប្រាសចាក​ពី​ច្បាប់ និង​គ្មាន​សីលធម៌​ នេះ​រួមបញ្ចូល​ទាំង​អាជ្ញាធរ និង​បុគ្គលិក​មណ្ឌលកុមារ​កំព្រា ដែល​ក្លែងបន្លំ​ឯកសារ​ប្រកាសថា កុមារ​មួយចំនួន​ជា​ក្មេង​កំព្រា ឬ​ជា​ក្មេង​គេបោះបង់​ចោល ដោយ​ជាទូទៅ មានការ​ផ្លាស់ប្ដូរ​ឈ្មោះ និង​ថ្ងៃខែ ​ឆ្នាំ​កំណើត​របស់​ពួកគេ​។

​អង្គការ​សង្គម​ស៊ីវិល​ចំនួន​ ៤ បាន​បញ្ជាក់ថា កុមារ​ត្រូវបាន​គេ​ស្មុំ​យកទៅ​ចិញ្ចឹម​នៅក្រៅ​ប្រទេស ដោយ​ពុំមាន​ការយល់ព្រម ឬ​ដឹងឮ​ពី​ឪពុកម្ដាយ​របស់​ពួកគេ​។ ជា​លទ្ធផល ប្រទេស​កម្ពុជា​ខ្លួនឯង​ផ្ទាល់ បាន​ផ្អាក​ការ​ស្មុំ​កូន​អន្តរប្រទេស​នៅក្នុង​ឆ្នាំ​២០០៩​។​

​យោងតាម​សេចក្តីថ្លែងការណ៍​រួម​ដដែល​នេះ​បាន​លើកឡើងថា ប្រទេស​កម្ពុជា និង​អុីតាលី បាន​ជំរុញឱ្យមាន​ការបើក​ការ​ស្មុំ​កូន​អន្ដរប្រទេស​ឡើងវិញ ដែល​គណៈប្រតិភូ​មកពី​គណៈកម្មាធិការ​ស្មុំ​កូន​អន្ដរប្រទេស​នៃ​ប្រទេស​អុីតាលី បាន​ជួប​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា កាលពី​អំឡុង​ ខែឧសភា ឆ្នាំ​២០២៣​។

​យោងតាម​ការរាយការណ៍ របស់​គណៈកម្មាធិការ​ស្មុំ​កូន​អន្ដរប្រទេស​អុីតាលី កាលពី​ថ្ងៃទី​១៧ ខែឧសភា បានឱ្យដឹងថា កាលពី​ថ្ងៃទី១ ដល់ទី​៦ ខែឧសភា ​គណៈប្រតិភូ​ម​ក​ពី​គណៈកម្មាធិការ​ស្មុំ​កូន​អន្ដរប្រទេស​(CAI)​បានមក​ប្រទេស​កម្ពុជា ក្នុង​គោលបំណង​បន្ត​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​កម្ពុជា​សម្រាប់​ការ​ស្មុំ​កូន​អន្តរជាតិ (ICAA) និង​ពិនិត្យ​ពី​ស្ថានភាព​នៃ​ដំណើរការ​នៃ​នីតិវិធី​ការទទួលស្គាល់​ឡើងវិញ​នៃ​ស្ថាប័ន​ដែលមាន​ការអនុញ្ញាត​ពី​ប្រទេស​អុីតាលី (EEAA)​។​

​គណៈកម្មាធិការ​ស្មុំ​កូន​អន្តរប្រទេស​អុីតាលី បាន​បញ្ជាក់ថា៖ «​ប្រទេស​កម្ពុជា​នឹង​រៀបចំ​ជា​ផ្លូវការ​នូវ​បញ្ជី​ឈ្មោះ​កុមារ​ដែល​គ្រប់​លក្ខខណ្ឌ​ក្នុងការ​ស្មុំ​កូន ប្រហែលជា​ក្នុង​ខែមិថុនា ឆ្នាំ​២០២៣​។ កុមារ​២​នាក់​ក្នុងចំណោម​ភ្នាក់ងារ​មួយ ត្រូវបាន​រំពឹងថា នឹងត្រូវ​ផ្គូ​ផ្គង​ជាមួយ​គ្រួសារ​ជនជាតិ​អុីតាលី ត្រឹម​ដំណាច់​ឆ្នាំនេះ ហើយ​គណៈប្រតិភូ​ប្រទេស​កម្ពុជា ត្រូវបាន​អញ្ជើញ​ទៅកាន់​ប្រទេស​អុីតាលី នៅ​ឆ្នាំ​២០២៤ ដើម្បី​បន្ត​តាមដាន​កូនចិញ្ចឹម​ទាំងនោះ​»​។

​សេចក្តីថ្លែងការណ៍​រួម​នេះ បាន​បញ្ជាក់ថា៖ «​ការបើក​ឱ្យមាន​ការ​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ​ដោយ​ប្រថុយប្រថាន និង​ខ្វះ​ការទទួលខុសត្រូវ​ច្បាស់លាស់​នេះ គឺជា​ការ​ប្រឆាំងនឹង​ការអនុវត្ត​ច្បាប់​ជាតិ និង​អន្ដរជាតិ។ ច្បាប់​ជាតិ និង​អន្តរជាតិ​កំណត់ថា ការ​ស្មុំ​កូន​អន្ដរប្រទេស គួរតែ​ធ្វើឡើង​បន្ទាប់ពី​ការប្រើប្រាស់​រួចហើយ​នូវ​គ្រប់​មធ្យោបាយ​ថែទាំ​កុមារ​តាម​គ្រួសារ​នៅក្នុង​ប្រទេស​កំណើត​រប​ស់​ពួកគេ​»​។

​ប្រភព​ដដែល​បន្តថា៖ «​រាជរដ្ឋាភិបាល​កម្ពុជា គួរតែ​ផ្ដោតការយកចិត្តទុកដាក់​លើ​ការបង្កើន​លទ្ធភាព​ទទួល​បានការ​ការពារ និង​ការគាំទ្រ​សង្គម​របស់​គ្រួសារ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ថែទាំ​តាម​គ្រួសារ​ក្នុងស្រុក​ឱ្យបាន​ខ្លាំង ក៏ដូចជា​កសាង​សមត្ថភាព​អ្នកធ្វើ​កិច្ចការ​សង្គម​ទាំង​អ្នកថ្មី និង​អ្នក​ចាស់​»​។​

​ជាមួយគ្នានេះ ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤ បានបង្ហាញ​នូវ​ក្តីសង្ឃឹម​ដែរ​ថា រាជរដ្ឋាភិបាល​កម្ពុជា និង​រដ្ឋាភិបាល​អុីតាលី អាច​បញ្ឈប់​ជាបន្ទាន់​នូវ​ការបើក​ស្មុំ​កូន​អន្តរប្រទេស​ឡើងវិញ ដើម្បី​ធានាថា គ្មាន​កុមារ និង​គ្រួសារ​ប្រជាពលរដ្ឋ​ខ្មែរ​ណាមួយ ត្រូវ​បែកចេញ​ពីគ្នា​ម្ដងទៀត​។​

​ទាក់ទង​នឹង​ការលើកឡើង​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤​នេះ លោក តូច ចាន់នី អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​ប្រាប់​ឱ្យដឹងថា ក្រសួង​មិនទាន់​បានឃើញ​នូវ​សេចក្ដីថ្លែងការណ៍​ជា​ផ្លូវការ​របស់​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​នៅឡើយ​ទេ​។​

​ប៉ុន្តែ​អ្វីដែល​អង្គការ​ទាំងនោះ​បាន​ស្នើសុំ​បញ្ឈប់​នូវ​ការបើក​ស្មុំ​កូន​អន្ដរប្រទេស​រវាង​កម្ពុ​ជា​ជាមួយ​អុីតាលី លោក​បាន​បញ្ជាក់ថា រហូតមកដល់​ពេលនេះ​ក្រសួង​មិនទាន់​បានទទួល​នូវ​ការ​ស្មុំ​កូន​ណា​ម្នាក់​ឡើយ​ជាមួយ​ប្រទេស​អុីតាលី ក្រោយ​ពេលដែល​ក្រសួង​បើក​ឱ្យ​មានការ​ស្មុំ​កូន ប៉ុន្តែ​ក្រសួង​ក៏​មិនទាន់បាន​ដំណើរការ​អ្វី​ទាំងអស់​នោះទេ ពីព្រោះ​ក្រសួង​កំពុង​ត្រូវ​ការរៀបចំ​នីតិវិធី និង​រៀបចំ​ឯកសារ​ឱ្យ​បាន​ត្រឹមត្រូវ​គ្រប់គ្រាន់​ផងដែរ​។​

​ក្រៅពីនេះទៀត លោក​ថា ក្រសួង​ក៏​មិនអាច​ធ្វើតាម​អ្វីដែល​ក្រុម​អង្គការ​សង្គម​ស៊ីវិល​ទាំងនោះ​ស្នើ​ដែរ ព្រោះ​ក្រសួង​ធ្វើការ​ទៅតាម​គោលការណ៍ ទៅតាម​ច្បាប់ ទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ពិសេស​កម្ពុជា​ក៏មាន​ច្បាប់ អនុសញ្ញា​អន្តរជាតិ​ស្ដីពី​ស្មុំ​កូន​អន្តរជាតិ​ជាច្រើន​ដែរ​។​

​លោក តូច ចាន់នី បាន​ថ្លែងថា​៖ «​ខ្ញុំ​ដូច​អត់​យល់​រឿង​សង្គម​ស៊ីវិល​ទាំង​ប៉ុន្មាន វា​ចេះតែ​បារម្ភ​អ៊ីចឹង ហើយ​មកដល់ពេលនេះ​មិនទាន់​មានការ​ស្មុំ​កូន​ណាមួយ ហើយក៏​មិនទាន់​អ្នកណា​ដាក់ពាក្យ​ស្មុំ​កូន​ដែរ​។ យើង​គ្រាន់តែ​ធ្វើការ​រៀបចំ យើង​បើក​មែន ប៉ុន្តែ​យើង​រៀបចំ​ឱ្យមាន​ភ្នាក់ងារ​ស្មុំ​កូន​អន្តរប្រទេស​គឺពាក់ព័ន្ធ​នឹង​អុីតាលី គឺ​អុីតាលី​ត្រូវ​ស្នើសុំ​មក​តាមរយៈ​ភា្ន​ក់​ងារ​ស្មុំ​កូន ហើយ​បើ​ពាក់ព័ន្ធ​សហរដ្ឋអាមេរិក សហរដ្ឋអាមេរិក​ត្រូវ​ស្នើ​មក​ភ្នាក់ងារ​ដែរ​»​។

​លោក​បាន​បន្ថែមថា ដូច្នេះ​ក្រសួង​មិនទាន់​ទទួលបាន​ពាក្យ​ស្នើ​ស្មុំ​កូន​ណាមួយ​ពី​អន្តរប្រទេស​នោះទេ ហើយ​ក្រសួង​ក៏​ធ្វើ​តែ​តាម​គោលការណ៍ និង​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​កម្ពុជា​តែប៉ុណ្ណោះ​៕