ភ្នំពេញៈ​ ប្រមុខ​ការទូត​កម្ពុជា​និង​អគ្គលេខាធិការ​អាស៊ាន​នៅ​ថ្ងៃទី​ ២៨ ខែមិថុនា បាន​ពិភាក្សាគ្នា​ដើម្បី​ជំរុញ​កំណើន​ក្នុង​តំបន់​អាស៊ាន​ស្របតាម​មូលបទ​ដែល​ប្រទេស​ឥណ្ឌូនេស៊ី ​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​។​ ការពិភាក្សា​នេះ​ធ្វើឡើង​ក្នុងជំនួប​នៅ​ថ្ងៃទី​ ២៨ ខែមិថុនា រវាង​លោក ប្រាក់ សុខុន ឧ​ប​នា​យក​រដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​កម្ពុជា និង​លោក កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន​នៅ​ទីស្តីការ​ក្រសួងការបរទេស​។​

​សេចក្តីប្រកាស​ព័ត៌មាន​អគ្គលេខាធិការ​អាស៊ាន​ប​ញ្ជា​ក់ថា​៖ «​ឯកឧត្តម ប្រាក់ សុខុន និង​ឯកឧត្តម​បណ្ឌិត កៅ គឹមហួន បាន​ពិភាក្សា​ការងារ​របស់​អាស៊ាន ជាពិសេស​លើ​ការត្រៀម​រៀបចំ​កិច្ចប្រជុំ​រដ្ឋមន្ត្រីការបរទេស​អា​ស៊ាន​លើក​ទី​៥៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ​ព្រមទាំង​បាន​រិះរក​មធ្យោបាយ​​ ដើម្បី​ជំរុញ​តំបន់​អាស៊ាន​ដែលជា​ចំណុចកណ្តាល​នៃ​កំណើន​ស្របតាម​មូលបទ​របស់​ឥណ្ឌូនេស៊ី​ដែល​ធ្វើជា​ប្រធាន​អាស៊ាន​នៅ​ឆ្នាំនេះ​»​។​

​ជាមួយគ្នានេះ តប​តាម​ការអញ្ជើញ​ពី​ប្រធាន​ក្រុមហ៊ុន Maybank Group និង​មូលនិធិ Maybank លោក Tan Sri Dato'' Sri Zamzamzairani Mohd Isa លោក កៅ​ គឹមហួន បានមក​កម្ពុជា ​២ ​ថ្ងៃ​ គឺ​នៅ​ថ្ងៃទី​ ២៧-២៨ ខែមិថុនា ដើម្បី​ចូលរួម​ពិធី​សម្ពោធ​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​ជំនាញ​តម្បាញ​សូត្រ​របស់​ធនាគារ​មេ​យ​ប៊ែ​ង នៅ​ខេត្តសៀមរាប​។​

​មជ្ឈមណ្ឌល​នេះ​ត្រូវបាន​រំពឹងថា នឹង​ផ្តល់ឱកាស​ដល់​ស្ត្រី​កាន់តែច្រើន​ដើម្បី​រៀន​ជំនាញ​តម្បាញ​សូត្រ​និង​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ពង្រឹងសមត្ថភាព​ ដើម្បី​លើក​កម្ពស់​គុណភាព​ជីវិត​។ ថ្លែង​ក្នុង​ពិធី​នោះ ពីថ្ងៃ​ទី​ ២៧ ខែមិថុនា លោក ​កៅ គឹមហួន បាន​កោតសរសើរ​ចំពោះ​ការបន្ត​គាំទ្រ​របស់​មូលនិធិ​មេ​យ​ប៊ែ​ង​ក្នុងការ​ថែរក្សា​ និង​លើកកម្ពស់​ប្រពៃណី​តម្បាញ​វាយ​ន​ភណ្ឌ​ក្នុង​តំបន់ ព្រមទាំង​ការកសាង​មុខរបរ​សម្រាប់​ស្ត្រី​អាស៊ាន​៕