ភ្នំពេញៈ យោងតាម​លទ្ធផល​នៃ​កិច្ចចរចា​រួមគ្នា រវាង​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​គណៈប្រតិភូ​តំណាង​ស្នាក់ការ​កណ្តាល​របស់​ធនាគារ​អភិ​​វឌ្ឍន៍​អាស៊ី (ADB) កាល​ថ្ងៃទី ​២៧ ខែមិថុនា បានឱ្យដឹងថា ADB បាន​ត្រៀម​កញ្ចប់​ថវិកា​ថ្មី​ចំនួន ២០០​ លាន​ដុល្លារ ដើម្បី​ចូលរួម​វិនិយោគ​រយៈពេល​វែង​លើ​វិស័យ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម​នៅ​ទូទាំងប្រទេស​កម្ពុជា​។

​កិច្ចចរចា​រួមគ្នា​នេះ ត្រូវបាន​ធ្វើឡើង​ក្រោម​ការដឹកនាំ​ដោយ លោក ចាន់ ស៊ី​ណាត រដ្ឋលេខាធិការ​ក្រសួង​ធនធាន​ទឹក និង​ឧតុនិយម តំណាង​ស្នាក់ការ​កណ្តាល​របស់​ធ​នាគារ​​អភិវឌ្ឍន៍អាស៊ី​ដឹកនាំ​ដោយ​លោក Alvin Lopez មន្ត្រី​ជាន់​ខ្ពស់​របស់ ADB ប្រចាំ​នៅ ADB HQ លោក ឡុង ពិ​សិទ្ធ មន្ត្រីជាន់ខ្ពស់​របស់ ADB ប្រចាំ​នៅក្នុង​ស្ថាន​ស្នាក់ការ​តំណាង​របស់ ADB ក្នុងប្រទេស​កម្ពុជា និង​លោក Ly Zine ប្រធាន​​ក្រុមទី​ប្រឹក្សា​កសាង​គម្រោង​ខ្នាត​ធំ​របស់ ADB​។

​លោក ចាន់ ស៊ី​ណាត បាន​លើកឡើងថា កិច្ចចរចា​នេះ គឺ​បាន​ធ្វើឡើង​ស្របតាម​អនុ​សាសន៍​ណែនាំ​របស់លោក លឹម គានហោ រដ្ឋមន្ដ្រីក្រសួង​ធនធានទឹក និង​ឧតុនិយម ដើម្បី​លើកយក​យុទ្ធសាស្ត្រ​ថ្មីៗ​ក្នុងការ​បំពេញបេសកកម្ម​ដ៏​សកម្ម តាម​ចក្ខុវិស័យ​ដ៏​ច្បាស់​លាស់​ក្នុង​គ្រប់​រយៈពេល​ទាំង​អស់នៃ​វិស័យ​ធនធានទឹក និង​ឧតុ​និយមនៃ​ប្រទេស​កម្ពុជា​។​

​លោក​បន្តថា ដើម្បី​ធ្វើការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាល លើ​គ្រប់​ខណៈ​ឱ្យ​អស់ពី​កម្លាំង​កាយ​ចិត្ត​ក្នុងការ​គ្រប់គ្រង​ទឹក ប្រើប្រាស់​ទឹក បញ្ជា​ទឹក និង​កិច្ចអភិវឌ្ឍន៍​ក្នុង​វិស័យ​ឧតុ​និយម​ប្រកបដោយ​សន្តិសុខ សុវត្ថិភាព និង​និរន្តរភាព និង​ដោយ​បានទទួល​នូវ​ការគាំទ្រ​យ៉ាង​ពេញទំហឹង​ពី​សំណាក់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ទើប​ក្រសួង​បើក​ឱ្យមាន​កិច្ច​ចរចា​រួមគ្នា​រវាង​ស្ថាប័ន​ពាក់ព័ន្ធ​នាពេលនេះ​។​

​លោក ចាន់ ស៊ី​ណាត បានឱ្យដឹង​ទៀតថា តាមរយៈ​ការ​​ចរចា​រួមគ្នា​នេះ គឺ​បានទទួល​លទ្ធផល​ល្អជា​អតិបរមា លើ​ការអនុវត្ត​ផែនការ​ការងារ​នៃ​ការវិនិយោគ​រយៈពេល​វែង​លើ​វិស័យ​គ្រប់គ្រង​ធនធានទឹក និង​ឧតុនិយម ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស​កម្ពុជា គឺ​ធនាគារ ADB បាន​ត្រៀម​ហើយ​ជា​ស្រេច​នូវ​កញ្ចប់​ថវិកា​ថ្មី​ចំនួន ២០០​ លាន​ដុល្លារ​អាមេរិក ចូលរួម​វិនិយោគ​ក្នុងការ​អនុវត្ត​ផែនការ​ការងារ​នេះ​។

​លោក​ថា​៖ «​លើសពីនេះ​ ADB​ ក៏បាន​សន្យា នឹង​ដឹកនាំ​កិច្ចពិភាក្សា​ត្រីភាគី​ម្តងទៀត ដើម្បី​ធ្វើការ​បង្កើន​ពិតាន​ទុនវិនិយោគ​របស់​ ADB​ ឱ្យបាន​អស់​លទ្ធ​ភាពជា​អតិ​បរមា​ក្នុង​វិស័យ​ទឹក​នេះ​បន្ថែមទៀត​ដែរ​»​។ ក្នុង​ដំណើរការ​កិច្ច​អភិវឌ្ឍន៍​វិស័យ​ធនធានទឹក និង​ឧតុនិយម ក្នុង​និយាម​ធ្វើ​ទំនើបកម្ម​វិស្វកម្ម​តំបន់​សេដ្ឋកិច្ច​ប៉ូល​ទី​ ៤ ភូមិ​ភាគ​ពាយព្យ​នៃ​ប្រទេស​៕