ភ្នំពេញៈ អាជ្ញាធរ​មីន បានបង្ហាញ​លទ្ធផល​ពី​ការរកឃើញ​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ក្នុង​រយៈពេល ​៦ ​ខែ ចាប់ពី​ខែមករា ដល់​ខែមិថុនា ឆ្នាំ​ ២០២៣ មានការ​ថយចុះ​ប្រមាណ​ ៤៨ ​ភាគ​​រយ បើ​ប្រៀបធៀប​នឹង​រយៈ​ពេល​ដូចគ្នា​ក្នុង​ឆ្នាំ​ ២០២២​។​

​យោងតាម​របាយការណ៍​របស់​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កំចាត់មីន និង​សង្គ្រោះ​ជនពិការ​ដោយសារ​មីន នៃ​អាជ្ញាធរ​មីន​បានឱ្យដឹង​នៅ​ថ្ងៃទី ២៨ ខែមិថុនា​ថា ចាប់ពី​ខែមករា ដល់​ខែមិថុនា ជន​រងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មាន​ចំនួន​ ២១ ​នាក់ ជា​តួលេខ​ដែល​អាជ្ញាធរ​មីន​បាន​វាយតម្លៃថា​ថយចុះ​ប្រមាណ​ ៤៨ ​ភាគរយ បើ​ប្រៀបធៀប​នឹង​រយៈពេល​ដូចគ្នា​នៅ​ឆ្នាំ​ ២០២២ ​ដែលមាន​ជនរងគ្រោះ​សរុប​ ៤០​ នាក់​។

​របាយការណ៍​បាន​បន្តថា ក្នុងចំណោម​ជនរងគ្រោះ​សរុប​ចំនួន​ ២១​ នាក់​នោះ មាន​ជនរងគ្រោះ​ដោយសារ​មីន​ចំនួន ​៨​ នាក់ និង​ជនរងគ្រោះ​ដោយ​សារ​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ចំនួន ​១៣ ​នាក់​។​

​ប្រភព​ដដែល​បាន​បញ្ជាក់ថា​៖ «​ក្នុងចំណោម​ជនរងគ្រោះ​សរុប​ចំនួន​ ២១ នាក់​នេះ មាន​បុរស ​[​ពេញវ័យ​]​ ចំនួន​ ១៦ ​នាក់ កុមារា​ចំនួន ​៤ ​នាក់ និង​ស្ត្រី​ម្នាក់ ដែលមាន​អ្នកស្លាប់​ ៣ ​នាក់ អ្នករងរបួស​ចំនួន​ ១២​ នាក់ និង​អ្នក​រងគ្រោះ​ក្លាយជា​ជនពិការ​អវយវៈ​ចំនួន​ ៦​ នាក់​»​។​

​លោក​ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធាន​ទី​១ អាជ្ញាធរ​មីន បានឱ្យដឹងថា តាមរយៈ​លទ្ធ​ផល​ទាំងនេះ អាជ្ញាធរ​មីន​ពិតជា​មានការ​សាទរ ដែល​ចំនួន​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​មានការ​ថយចុះ​ជាង​ឆ្នាំមុន​។​

​លោក​បាន​បន្តថា ការថយចុះ​ចំនួន​ជនរងគ្រោះ​នេះ គឺ​កើត​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល ដែល​បាន​ផ្សព្វ​ផ្សាយ​ពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន​នៅតាម​សហគមន៍​មូលដ្ឋាន ដោយមាន​អាជ្ញាធរ​មីន​សហការ​ជាមួយ​ក្រសួង​អប់រំ យុវជន និង​កីឡា​, កងកម្លាំង​នគរបាល​ជាតិ​, អង្គភាព​ស៊ីម៉ាក់​, អង្គភាព​មួក​ខៀវ រួមទាំង​អាជ្ញាធរ​ដែនដី​ផងដែរ​បាន​ចូលរួម​ផ្សព្វផ្សាយ​ទៅលើ​កិច្ចការ​ទាំងនេះ​។

​លោក លី ធុជ បាន​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​នៅតាម​មូលដ្ឋាន​ហាក់បីដូចជា​ពួកគាត់​បានដឹង និង​មាន​ការយល់​កាន់តែច្បាស់​ពី​គ្រោះថ្នាក់​នៃ​គ្រាប់មីន ពិសេស​ជា​រៀងរាល់ឆ្នាំ​នាយករដ្ឋមន្ត្រី​កម្ពុជា តែងតែមាន​សារ​ផ្សព្វផ្សាយ​ក្នុងឱកាស​ទិវា​យល់​​ដឹង​អំពី​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​ជាដើម​»​។​

​ក្រៅពីនេះ លោក​បាន​លើក​ឡើង​ថា សមិទ្ធផល​ទាំងនេះ វា​ក៏​កើតឡើង​ពី​អាជ្ញាធរ​មីន​បានរៀបចំ​កំណត់​តំបន់​ដែលជា​គោលដៅ​គ្រោះថ្នាក់​ណាមួយ​ដែល​កំពុងមាន​វត្តមាន​គ្រាប់​​រំសេវ គឺ​អាជ្ញាធរ​តែងតែ​ដាក់​ស្លាក​សញ្ញា​ហាមឃាត់​កុំឱ្យ​ប្រជាពលរដ្ឋ​ចុះទៅ ឬក៏​ចូលទៅ​តំបន់​ទាំងនោះ​ផងដែរ​។​

​លោក​ លី ធុជ បាន​បញ្ជាក់ថា​៖ «​សរុបសេចក្ដី​មក ការថយចុះ​នេះ មាន​ទាំង​កិច្ចខិតខំ​ប្រឹងប្រែង មាន​ទាំង​មធ្យោបាយ​ជា​ថវិកា ជា​ធនធានមនុស្ស ដែល​រាជរដ្ឋាភិបាល​បាន​នាំមក​នូវ​សន្តិ​​ភាព ហើយ​និង​ពុះពារ​ខិតខំ​សង្គ្រោះ​ប្រជាពលរដ្ឋ និង​អត្រា​ការស្លាប់ ដោយសារ​បញ្ហា​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»​។

​លោក​បាន​បន្ថែមថា ទោះបី​កម្ពុជា​ទទួលបាន​លទ្ធផល​ថយ​ចុះ​នៃ​ជនរងគ្រោះ​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បានល្អ​ក៏ដោយ ប៉ុន្តែ​អាជ្ញាធរ​មីន នឹង​បន្តសកម្មភាព​បន្ថែមទៀត​លើ​ការងារ​ផ្សព្វផ្សាយ ការងារ​បោសសម្អាត ដើម្បី​ធ្វើឱ្យ​ការងារ​ទាំងនោះ​កាន់​តែមាន​ប្រសិទ្ធភាព​ក្នុងការ​ចូលរួមចំណែក​កាត់បន្ថយ​គ្រោះថ្នាក់​ទៅកាន់​ប្រជាពលរដ្ឋ​។​

​អាជ្ញាធរ​មីន​បានឱ្យដឹងថា រយៈពេល​ ៣០ ​ឆ្នាំ ​(១៩៩២-២០២២)​ កម្ពុជា​រំដោះ​ផ្ទៃដី​ពី​ការ​គំរាម​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​បាន​ចំនួន ២ ៥៧៩​ គីឡូម៉ែត្រ​ការ៉េ រកឃើញ និង​កម្ទេចចោល​មីន​និង​សំណល់​ជាតិ​ផ្ទុះ​បាន​រាប់លាន​គ្រាប់ និង​មាន​អ្នកទទួល​ផល​ប្រមាណ​ជាង​ ៩​ លាន​នាក់​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​ស្តីពី​លទ្ធផល​នៃ​កិច្ចប្រជុំ​ក្រុមប្រឹក្សាភិបាល​គម្រោង​បោសសម្អាត​មីន ​ដើម្បី​លទ្ធ​ផល​ដំណាក់កាល​ទី​៤ (២០២០-២០២៥)​ កាលពី​ថ្ងៃទី​ ១៥ ខែមិថុនា បានឱ្យដឹងថា គម្រោង​នេះ ផ្តោតលើ​ខេត្ត​ចំនួន ​៣ ​គឺ​ខេត្តបាត់ដំបង បន្ទាយ​មាន​ជ័យ ប៉ៃលិន និង​ពង្រីក​ការ​បោសសម្អាត​មីន​បន្ថែម​ក្នុង​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ព្រះ​​វិហារ ដោយមាន​ថវិកា​សរុប ​២០,៨៣​ លាន​ដុល្លារ​អាមេរិក​។ ថវិកា​ទាំងនេះ​បានមកពី​រាជរដ្ឋាភិបាល​កម្ពុជា ប្រទេស​អូស្ត្រាលី នូ​វែ​ល​សេ​ឡង់ អង្គ​ការ​ KOICA និង UNDP៕