កណ្តាលៈ លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន គ្រោង​នឹង​ស្នើសុំ​ទៅ​អគ្គលេខា​ធិ​ការ​អង្គការសហប្រជាជាតិ (UN)​ ឱ្យធ្វើ​ការត្រួតពិនិត្យ ប្រសិនបើ​នៅតែមាន ដ្រូន​ ​(​យន្តហោះ​គ្មាន​មនុស្ស​បើក​) បន្ត​ហោះ​ចូលមកក្នុង​ទឹកដី​កម្ពុជា​ទៀត ខណៈ​កម្ពុជា​ចាត់ទុក​ការហោះ​ចូល​ដែនអាកាស​កម្ពុជា​នេះ​ថា គឺជា​ការរំលោភបំពាន​យ៉ាង​គឃ្លើន និង​មិនអាច​អត់ឱន​ឱ្យបាន​។​

​លោកនាយក​រដ្ឋមន្ត្រី បានលើកឡើង​ដូចនេះ ក្នុងជំនួប​សំណេះសំណាល​ជាមួយនឹង​កម្មករ កម្មការិនី​ជិត ២ ​ម៉ឺន​នាក់ ក្នុងស្រុក​អង្គស្នួល ខេត្តកណ្តាល ​កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា ដោយ​លោក​ក៏បាន​ប្រាប់​រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ លោក ប្រាក់ សុខុន ឱ្យ​ផ្ញើលិខិត​ទៅកាន់​ប្រធាន​អាស៊ាន​ផងដែរ​។

លោក​បាន​លើកឡើងថា ក្រសួងការបរទេស បានចេញ​សេចក្តី​ថ្លែងការណ៍​មួយ​រួចហើយ ហើយ​ប្រសិន​ជាមានដ្រូននេះ​នៅតែ​បន្ត​ហោះ​ចូលមកក្នុង​ទឹកដី​កម្ពុជា​ទៀត កម្ពុជា​នឹងធ្វើ​ការស្នើសុំ​ទៅ​អគ្គលេខាធិការ​អង្គការ​សហ​ប្រជា​ជាតិ​ដើម្បីឱ្យ​ផ្នែក​ណាមួយ​ត្រួតពិនិត្យ​រដ្ឋ​អធិបតេយ្យ​មួយ ដែល​ត្រូវបានដ្រូន​គ្មាន​អត្តសញ្ញាណ​ហោះ​ចូលមក​ក្នុងប្រទេស​។

​លោក​មានប្រសាសន៍ថា ៖ «​ទឹកដី​របស់​យើង​មិន​អនុញ្ញាតឱ្យ​អ្នកណា​ចូលមក​ឈ្លានពាន​នោះទេ​។ ក្រសួងការបរទេស​ក៏បាន​ចេញ​សេចក្តីថ្លែងការណ៍​ហើយ​ផង​ដែរ ហើយ​ខ្ញុំ​ក៏បាន​ពិភាក្សា​ជាមួយ​ឯក​ឧ​ត្ត​ម​ប្រាក់ សុខុន ផងដែរ​ថា ប្រសិនបើ​មានដ្រូនឬ​យន្តហោះ​គ្មាន​មនុស្ស​បើក ហោះ​ចូលមកក្នុង​ទឹកដី​កម្ពុជា​ដោយ​គ្មាន​ការអនុញ្ញាត​ទៀត​នោះ យើង​នឹងធ្វើ​លិខិត​ជូន​អគ្គលេខាធិការ​អង្គការសហប្រជាជាតិ​តែម្តង​»​។

​លោក​បន្តថា​៖ «​តើ​ជា​អំពើ​ភេរវ​កម្ម​ទេ​? ហើយ​យើង​ក៏​គួរតែ​សរសេរ​ទៅកាន់​ប្រធាន​អាស៊ាន​ផងដែរ​ដែល​ប្រទេស​យើង​ត្រូវបាន​ញាំញី​ដោយដ្រូន ឬ​យន្ត​ហោះ​ដែល​គ្មាន​មនុស្ស​បើក​ដោយ​គ្មាន​អត្តសញ្ញាណ​។ យើង​ត្រូវធ្វើ​សកម្មភាព​ទាំង​ក្នុង ទាំង​ក្រៅ ដោយ​មិន​អនុញ្ញាតឱ្យ​អ្នកណា​មក​ប្រមាថ​ដោយ​ប្រើប្រាស់ដ្រូន ដែល​ជួនកាល​ពួក​ភេរវកម្ម​ធ្វើ​សកម្មភាព ដែល​អាស៊ាន​ត្រូវ​រួមដៃគ្នា​គ្រប់គ្រងដ្រូននេះ​»​។

​លោក ហ៊ុន សែន លើកឡើងថា ការ​រួមដៃគ្នា​នេះ​ក្រែងលោដ្រូន​នេះ​មិនមែន​មក​វាយប្រហារ​កម្ពុជា ប៉ុន្តែ​វា​ទៅ​វាយ​ប្រទេស​ផ្សេង តើ​វា​យ៉ាងណា​? ព្រោះដ្រូន​នេះ​ក៏​អាច​សម្លាប់​មនុស្ស​បាន ដោយ​បើក​បុក ទម្លាក់ ឬ​បាញ់​។ «​ដូចនេះ​យើង​ត្រូវតែ​ហ្មត់ចត់​ក្នុងការ​ការពារ​អធិបតេយ្យ ហើយ​ខ្ញុំ​សង្ឃឹមថា ក្មួយៗ​នឹង​បន្ត​ការខិតខំ រួមគ្នា​ដើម្បី​ធ្វើឱ្យ​ប្រទេសជាតិ​យើង​រុងរឿង​»​។​

​ទន្ទឹមគ្នា​នោះដែរ លោកនាយក​រដ្ឋមន្ត្រី ក៏បាន​ប្រកាស​ជា​សាធារណៈ​ទៅដល់​អ្នក​ដែល​លេង​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ទាំង​អស់ ហាម​ដាច់ខាត​យក​រឿង​ទាក់ទង​នឹង​សន្តិសុខ​ជាតិ​មក​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​។​

​លោក​ថ្លែងថា៖ «​យើង​មិន​អនុញ្ញាត​ទេ បើ​គ្មាន​បទបញ្ជា​ពី​ខាង​ផ្នែក​យោធា មិនអាច​លេងសើច​ទេ​។ ខ្ញុំ​សូម​ប្រាប់​ឱ្យ​ហើយ រឿង​សន្តិសុខ​ជាតិ មិនមែនជា​រឿង​តូច​តាច​ទេ យន្តហោះ​វា​មាន​ហោះ​ឆ្លងកាត់​ប្រទេស​យើង ទៅកាន់​ប្រទេស​មួយចំនួនទៀត ត្រូវ​ឆ្លងកាត់​ខេត្តរតនគិរី​ដែរ​»​។​

​កាលពី​ថ្ងៃទី​ ២៨ ខែមិថុនា ក្រសួង​ការ​​បរទេស បានចេញ​សេចក្តីថ្លែងការណ៍​ស្តីពី «​ការហោះ​ចូល​ដែនអាកាស​កម្ពុជា របស់​យន្តហោះ​គ្មាន​មនុស្ស​បើកបរ គឺជា​ការ​រំលោភបំពាន​យ៉ាង​គឃ្លើន និង​មិនអាច​អត់ឱន​ឱ្យបាន មកលើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​»​។

​ក្រសួង​លើកឡើងថា រាជរដ្ឋាភិបាល​កម្ពុជា​បាន​តាមដាន​ដោយ​ការយកចិត្តទុកដាក់​បំ​ផុត ចំពោះ​ហេតុការណ៍​ដែល​បាន​កើតឡើង​ប៉ុន្មាន​ថ្ងៃមុន​នេះ​នៅក្នុង​ខេត្ត​ដា​ឡាក់ (Dak Lak) ប្រទេស​វៀតណាម និង​ចាត់ទុក​ការវាយប្រហារ​ដោយ​ក្រុម​ប្រដាប់អាវុធ​ខុសច្បាប់ ទៅលើ​ស្នាក់ការ​ប៉ូលិស​នៅក្នុង​ឃុំ Ea Tieu និង Ea Ktur ជា​អំពើ​ភេរវកម្ម ដែល​ប៉ះពាល់​ដ៏​ធ្ងន់ធ្ងរ​ដល់​សន្តិ​សុខ និង​ស្ថិរភាព​របស់​ប្រទេសជិតខាង​ជា​មិត្ត​។

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​៖ «​ក្នុង​ស្មារតី​ប្រកាន់​យ៉ាង​ខ្ជាប់ខ្ជួន​នូវ​ការ​គោរព​អធិបតេយ្យ និង​គោលការណ៍​មិន​អនុញ្ញាត​ឱ្យកម្លាំង​អមិត្ត​ណាមួយ ប្រើ​ប្រាស់​ទឹកដី​របស់ខ្លួន ប្រឆាំងនឹង​ប្រទេសជិតខាង​ជា​មិត្ត​នោះ កម្ពុជា​បាននិងកំពុង​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​អាជ្ញាធរ និង​កម្លាំងប្រដាប់អាវុធ​វៀតណាម ក្នុងការ​ទប់ស្កាត់​មិនឱ្យ​អំពើ​ខុសច្បាប់​បែបនេះ​កើតឡើង​ជាថ្មី​ឡើយ​»​។

​ជាមួយនេះ បន្ទាប់ពី​ព្រឹត្តិការណ៍​ហិង្សា​នេះ​កម្ពុជា​ក៏​ទទួលបាន​ព័ត៌មាន​ពី​អាជ្ញាធរ​និង​កម្លាំង​មាន​សមត្ថកិច្ច​នៅតាម​បណ្តា​ខេត្ត​ជាប់​ព្រំដែន​ជាមួយនឹង​វៀតណាម ពោលគឺ​ខេត្តរតនគិរី និង​ខេត្តមណ្ឌលគិរីថា មាន​យន្តហោះ​គ្មាន​មនុស្ស​បើក ហោះចូល​ដែនអាកាស​កម្ពុជា ជា​ញឹកញាប់ ចាប់ពី​ថ្ងៃទី​ ២៧ ខែមិថុនា ឆ្នាំ ២០២៣​។​

​ក្រសួងការបរទេស​ប​ន្ត​ថា ទង្វើ​របស់​ក្រុម​មិន​ស្គាល់​អត្តសញ្ញាណ​នេះ ជាការ​រំលោភបំពាន​យ៉ាង​គឃ្លើន និង​មិនអាច​អត់ឱន​ឱ្យបាន មកលើ​អធិបតេយ្យ និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​។ «​ក្រសួង រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រើប្រាស់​សិទ្ធិ​ការពារ​ខ្លួន និង​ចាត់វិធានការ​យ៉ាង​ម៉ឺង​ម៉ាត់ និង​សមស្រប​ខាង​ផ្នែក​យោធា ដើម្បី​រារាំង​ការហោះ​ចូល ដោយ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​នោះ​សាជាថ្មី​ចូលមកក្នុង​ដែនអាកាស​របស់​កម្ពុជា​។ ក្នុងករណី​រកឃើញ​ប្រភព​ពិត​នៃ​យន្តហោះ​គ្មាន​មនុស្ស​បើកបរ​ទាំងនោះ រាជរដ្ឋាភិបាល​កម្ពុជា នឹងមាន​វិធាន​ការបន្ត​ខាង​ផ្លូវច្បាប់ និង​ការ​ទូត ដើម្បី​ប្តឹងតវ៉ា​នឹង​ការឈ្លានពាន​នេះ​មកលើ​អធិបតេយ្យភាព និង​បូរណភាព​ទឹកដី​របស់​កម្ពុជា​»​។​

​លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ នៃ​រាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា កម្ពុជា​ជា​រដ្ឋ​អធិបតេយ្យ ដូច្នេះ​ការរំលោភ​ឈ្លានពាន​ណាមួយ មកលើ​ព្រំដែន​កម្ពុជា ទោះបីជា​ព្រំដែន​ទឹក ឬ​គោក​ក្តី ឬ​អាកាស​ក្តី គឺ​កម្ពុ​ជាមាន​សិទ្ធិ​ក្នុងការ​ចាត់វិធានការ​ចាំបាច់​នានា​សម្រាប់​ការ​ពារ​អធិបតេយ្យ​របស់ខ្លួន​។

​លោក​ថ្លែងថា ៖ «​យើង​ឃើញថា ករណីដ្រូន​នេះ គឺ​ប្រទេសជិតខាង​របស់​យើង​បាន​បដិសេធថា មិនមាន​ការពាក់ព័ន្ធ​ទេ អ៊ីចឹង​យើង​ចាំបាច់​ត្រូវមាន​វិធានការ​សមស្រប​ណាមួយ​ដើម្បី​ដោះស្រាយ ឬ​ដើម្បី​កម្ទេចដ្រូន​នេះ ហើយ​មួយទៀត​ក្នុងករណី​ការរំលោភ​បំពាន​អធិបតេយ្យ​នេះ​នៅតែមាន ហើយ​មិនមាន​អ្នក​ចេញមក​ទទួលខុស​ត្រូវ គឺ​កម្ពុជា​ចាំបាច់​ត្រូវតែ​ជូនដំណឹង​ទៅ​អគ្គ​លេខាធិការ​អង្គការសហប្រជាជាតិ ទៅ​ប្រធាន​អាស៊ាន ដើម្បី​ជាការ​ផ្ញើ​សារ និង​ជាការ​ផ្តល់ព័ត៌មាន​»​។

​លោក​ គិ​ន ភា បន្តថា​៖ «​ការធ្វើ​ដូចនេះ​គឺ​ដើម្បី​កុំឱ្យ​មានការ​យល់ច្រឡំ​ណាមួយ នៅពេលដែល​កម្ពុជា ធ្វើ​ប្រតិបត្តិការ​ប្រដាប់អាវុធ​ណាមួយ​ទៅលើ​យន្តហោះ​ដោយ​គ្មាន​មនុស្ស​បើក ឬដ្រូន​នេះ ព្រោះ​វា​ស្ថិតនៅក្នុង​តំបន់​ព្រំដែន ក្រែងលោ​វា​បង្កើតជា​រឿង​មួយ​ដោយ​ការយល់ច្រឡំ​រវាង​ប្រទេស​នៅជាប់​ព្រំដែន​យើង​នេះ​»​។

​សូម​រំឭកថា កាលពី​ថ្ងៃទី​ ២៧ ខែមិថុនា លោក ហ៊ុន សែន បានចេញ​បទបញ្ជា​ឱ្យ​កងកម្លាំងប្រដាប់អាវុធ ជាពិសេស​អង្គ​ភាព​ប្រឆាំង​ភេរវកម្ម ត្រៀមខ្លួន និង​អាវុធ​សម្រាប់​បាញ់​ទម្លាក់ដ្រូន ដែល​ហោះចូល​ទឹកដី​កម្ពុជា​នៅតាម​បណ្តោយ​ព្រំដែន​វៀត​​ណា​ម​បន្ទាប់ពី​មានដ្រូន​ជាច្រើន​គ្រឿង​បាន​ហោះចូល​ទឹកដី​កម្ពុជា​ជា​បន្តបន្ទាប់ នៅក្នុង​តំបន់​ព្រំដែន​នៃ​ខេត្តរតនគិរី ហើយ​ភាគី​វៀតណាម​ក៏បាន​បដិសេធថា មិនមែនជាដ្រូន​របស់ខ្លួន​ទេ​។

​ជាមួយគ្នា​នោះ លោក​ក៏បាន​ប្រកាស​ឱ្យ​កងទ័ព​របស់​កម្ពុជា​ប្រើ​យុទ្ធសាស្ត្រ​ដាក់​សំណាញ់​មេឃ​ធ្វើ​ការបាញ់​កម្ទេចដ្រូនពី​ខាងក្រោម និង​ប្រកាស​ផ្តល់​ថវិកា​ចំនួន​ ២០ ម៉ឺន​ដុល្លារ​អាមេរិក ទៅដល់​កម្លាំង​អង្គភាព​ណា​ដែល​បាញ់​ធ្លាក់ដ្រូន ​១​ គ្រឿង​ផងដែរ ដើម្បី​លោក​ចង់ដឹងថាដ្រូន​នេះ​ចេញ​មកពី​ប្រភព​ណា​ពិតប្រាកដ​៕