ភ្នំពេញៈ ​មណ្ឌល​ធន​ធាន​ពលក​រ​ទេសន្តរ​ប្រវេសន៍​ ប្រចាំ​ខេត្ត​កោះកុង​ បាន​រៀប​ចំ​វេទិកា​ស្តីពី ​ការ​ធ្វើ​ទេសន្ត​រ​ប្រវេសន៍​ការងារ​ប្រកប​ដោយ​សុវត្ថិ​ភាព​ និង​សិទ្ធិ​ការងារ​ ទៅ​ដល់​ពលករ​ជាង ​៦០​ នាក់ ​ដើម្បី​ឱ្យ​ពួក​គាត់​បាន​យល់​ដឹង​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិ​ភាព​។​​

​វេទិកា​នេះ ​ត្រូវ​បាន​រៀបចំ​ឡើង​កាល​ពី​ថ្ងៃទី​២​ ខែកក្កដា ​នៅ​មណ្ឌល​ធនធាន​ពលករ​ទេសន្តរ​ប្រវេសន៍​ ប្រចាំ​ខេត្ត​កោះកុង​ ដោយ​មាន​ពលករ​ចូលរួម​សរុប ​៦៦​នាក់ ​ក្នុង​គោល​បំណង​ ​ផ្តល់​ព័ត៌មាន​អំពី​សេវា​កម្ម​ប្រឹក្សា​យោបល់ ​ជំនួយ​ផ្នែក​ច្បាប់ ​និង​សិទ្ធិ​ការងារ​ សម្រាប់​ការ​ធ្វើ​ទេសន្តរ​ប្រវេសន៍​ការងារ​ ប្រកប​ដោយ​សុវត្ថិ​ភាព ​សម្រាប់​ពលក​រទូ​ទៅ ​និង​ជា​ពិសេស​ពលករ​ធ្វើ​ការ​ងារ​ក្នុង​វិស័យ​នេសាទ​ ​និង​កែច្នៃ​អាហារ​សមុទ្រ​នៅក្រៅ​ប្រទេស​។​នេះ​បើ​យោង​តាម​ សហ​ភាព​ការងារ​កម្ពុជា ​(CLC)​​។​​​

​លោក ​អាត់​ ​ធន់​ ​ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ ​បាន​ប្រាប់​ឱ្យ​ដឹង​នៅ​ថ្ងៃទី​៣​ ខែកក្កដា​ ថា​ តាម​រយៈ​កិច្ច​សហ​ប្រតិ​បត្តិការ​ជា​មួយ​អង្គការ​អន្តរ​ជាតិ​ខាង​ការងារ​ (ILO)​ សហ​ភាព​ការងារ​កម្ពុជា ​បាន​រៀប​ចំ​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​ពង្រឹង​សមត្ថ​ភាព​ការ​ធ្វើ​ទេសន្តរ​ប្រវេសន៍​ការងារ​ប្រក​ប​ដោយ​សុវត្ថិ​ភាព​ ​និង​សិទ្ធិ​ការងារ​ ​ទៅ​ដល់​ពលករ​ទូទៅ​ក្នុង​ខេត្ត​នេះ​។​​

​លោក​បាន​ថ្លែង​ថា​៖​ ​«​ការ​បណ្តុះ​បណ្តាល​នេះ​ គឺ​ដើម្បី​ឱ្យ​ពួកគាត់​យល់​ដឹង​អំពី​ច្បាប់ ​និង​បទដ្ឋាន​ផ្សេងៗ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ធ្វើ​ចំណាក​ស្រុក ​ឬ​ក៏​ពួក​គាត់​បាន​ចេញ​ដំណើរ​រួច​ហើយ​ទៅ​ចំណាក​ស្រុក​នៅ​ប្រទេស​ថៃ ​ដូច្នេះ​ពួក​គាត់​នឹង​បាន​យល់​ដឹង​ពី​របៀប​ថា​ត្រូវ​រៀបចំ ​និង​ដោះ​ស្រាយ​បញ្ហា​ជីវិត​យ៉ាង​ណា​ខ្លះ​នៅពេល​ដែល​ពួក​គាត់​កំពុង​រស់នៅ​ទី​នោះ​»​​។​​

​ទន្ទឹម​នឹង​ការ​ផ្ដល់​វគ្គ​បណ្ដុះ​បណ្ដាល​នេះ ​មណ្ឌល​ធនធាន​ពលករ​ទេសន្តរ​ប្រវេសន៍​ប្រចាំ​ខេត្ត​កោះកុង​ ក៏​បាន​ចុះ​ធ្វើ​ការ​ផ្សព្វ​ផ្សាយ​បន្ថែម​ទៀត​ពី​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិ​ភាព​នៅ​តាម​បណ្ដា​រោងចក្រ ​សហ​គ្រាស ​និង​តាម​សហ​គមន៍​មូល​ដ្ឋាន​ដែល​មាន​កម្មករ​ និង​ពលករ​កំពុង​តែ​រស់​នៅ​។​ ​

​លោក ​អាត់​ ​ធន់​ ថា​​៖ «​ក្រៅ​ពី​ការ​បណ្ដុះ​បណ្ដាល​ និង​ផ្សព្វផ្សាយ​រួច​ហើយ​ យើង​ក៏បាន​ផ្ដល់នូវ​ការ​ប្រឹក្សា​ផ្នែក​ច្បាប់​ សម្រាប់​ពលករ​ ដែល​ចង់​ទៅ​ធ្វើ​ចំណាក​ស្រុក ​ហើយ​គាត់​មិនមាន​ព័ត៌មាន​ ​ឬ​បញ្ហា​អី​ផ្សេងៗ​ ​គាត់​អាច​ទាក់​ទង​មក​យើង​បាន​ ហើយ​យើង​ក៏​នឹង​ជួយ​នូវ​បច្ចេក​ទេស​ ​ជំនាញ​ដល់​ពួក​គាត់​ ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ប្រកប​ដោយ​សុវត្ថិ​ភាព​ផង​ដែរ​»​។​

​លោក ​ថ្លែង​ថា​ មណ្ឌល​ធនធាន​ពលក​រ​ទេសន្តរ​ប្រវេសន៍​ ប្រចាំ​ខេត្ត​កោះកុង​ ​ក៏​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ទទួល​យក​បណ្ដឹង​ផ្សេងៗ​ពី​ពលករ​ទូទៅ ​បើ​ទោះ​បី​បញ្ហា​ទាំង​នោះ​កើត​ឡើង​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ឬ​ប្រទេស​ថៃ​ក៏​ដោយ​។

​លោក​បាន​បន្ថែម​ថា​ ​មន្ត្រី​លោក​នឹង​ជួយ​ពលករ​ទូទៅ​ទាំង​នោះ​ឱ្យ​ចេញ​ទៅធ្វើ​ការ​ដោយ​សុវត្ថិ​ភាព​ និង​ទទួល​បាន​ការងារ​​ធ្វើ ពិសេស​ប្រសិន​ជា​ពួក​គាត់​ជួប​ប្រទះ​នឹង​បញ្ហា​ប្រឈម​ ឬ​ផល​ប៉ះពាល់​អ្វីមួយ ​មណ្ឌល​ធនធាន​ពលក​រ​នឹង​ផ្ដល់​សេវា​ជួយ​ដោយ​ឥត​គិត​ថ្លៃ​។​​

​លោក​ ​សុខ​ ​សុទ្ធី​ អភិ​បាល​រង​ខេត្ត​កោះកុង ​មិន​អាច​ទាក់​ទង​បាន​ទេ​កាល​ពី​ថ្ងៃទី​៣ ​ខែកក្កដា ​ឆ្នាំ ​២០២៣​។​​

​កាល​ពី​ដើម​ខែឧសភា​ក​ន្ល​ង​ទៅនេះ ​ក្រោម​គម្រោង ​Ship to Shore Rights South-East Asia​ ផ្នែក​ទេសន្តរ​ប្រវេសន៍​ការ​ងារ​ ​ដោយ​ផ្តោតលើ​ផ្នែក​នេសាទ ​និង​ការ​កែច្នៃ​អាហារ​សមុទ្រ​ អង្គការ​ ILO​ សហ​ការ​ជា​មួយ​ក្រសួង​ការងារ​ និង​​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ ​និង​អង្គការ​ជំនួយ​ផ្នែក​ច្បាប់​សម្រាប់​កុមារ​ ​និង​ស្ត្រី ​ក៏​បាន​ផ្ដល់​វគ្គ​បណ្ដុះ​ប​ណ្ដាល​ផងដែរ​។​

​វគ្គ​បណ្តុះ​បណ្តាល​នោះ ​ផ្តោត​លើ​២​យន្តការ​ដោះស្រាយ​បណ្ដឹង​ពលករ​ចំណាក​ស្រុក​ ដោយ​ផ្ដោត​លើ​វិស័យ​នេសាទ ​និង​វិស័យ​កែច្នៃ​អាហារ​សមុទ្រ​ទៅដល់​មន្ត្រី​រដ្ឋាភិ​បាល​ ​សហ​ជីព ​និង​អង្គការ​សង្គម​ស៊ីវិល ​ក្នុង​ខេត្ត​ចំនួន​៣​រួម​មាន ខេត្ត​ពោធិ៍​សាត់​ ​កោះ​កុង ​និង​ខេត្ត​បន្ទាយ​មាន​ជ័យ​។​​

​សូម​បញ្ជាក់​ដែរ​ថា​ យោង​តាម​ទិន្នន័​យ​របស់​អង្គ​ការ​សហ​ប្រជា​ជាតិ ​បាន​បង្ហាញ​ថា ​មាន​ជន​ចំណាក​ស្រុក​ខ្មែរ​ជាង ​១,១ ​លាន​នាក់​ ដែល​កំពុង​ធ្វើការ​នៅក្រៅ​ប្រទេស ​ហើយ​រាប់​ពាន់​នាក់​ទៀត​ ត្រូវ​បាន​ធ្វើ​ការ​មិន​ច្បាស់​លាស់​ដោយ​ស្ថាន​ភាព​មិន​ស្រប​ច្បាប់​។​ ​

​​ភាគ​ច្រើន​នៃ​ពលករ​ចំណាក​ស្រុក​ទាំង​នេះ​ ត្រូវ​បាន​ជួល​ក្នុង​ការងារ​សំខាន់ៗ​ រួ​មទាំង​ក្នុង​វិស័យ​នេសាទ​ និង​វិស័យ​កែច្នៃ​អាហារ​សមុទ្រ​។​ ​ប៉ុន្តែ​ទោះ​បី​ជា​ការងារ​ក្នុង​វិស័យ​ទាំង២ នេះ ​បាន​ផ្ដល់​សក្ដានុ​ពល​សេដ្ឋ​កិច្ច​ខ្ពស់ ​សម្រាប់​ពលករ​ក៏ដោយ​ ក៏​ត្រូវ​បាន​រ​ក​ឃើញ​ថា​ ​ពលករ​ចំណាក​ស្រុក​កម្ពុជា​មួយ​ចំនួន​ធំ​ បាន​ជួប​ប្រទះ​នឹង​ការ​រំលោភ​បំពាន​លើ​សិទ្ធិ​ការ​ងារ​​៕​