ភ្នំពេញៈ ស្ថានភាព​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នា​ប៉ុន្មាន​ថ្ងៃ​ដំបូង​នៃ​ការចាប់ផ្តើម​មកនេះ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន និង​គ្មាន​អំពើហិង្សា​កើតឡើង​ឡើយ​។​ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះ​ឆ្នោត (​គ​.​ជ​.​ប​)​ បានប្រកាស​កាលពី​ល្ងាច​ថ្ងៃទី​ ២ ខែកក្កដា​ថា ស្ថានភាព​ទូទៅ​នៃ​ការឃោសនាបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ នីតិកាល​ទី​ ៧ ឆ្នាំ​ ២០២៣ មានការ​ចូលរួម​ពី​គណបក្សនយោបាយ​ច្រើនជាង​ថ្ងៃ​ដំបូង​។​

​គ​.​ជ​.​ប​បានឱ្យដឹងថា បណ្ដា​គណ​​បក្សនយោបាយ​ដែល​ឈរឈ្មោះ​បោះ​​ឆ្នោត បាន​ឃោសនាបោះឆ្នោត​តាម​កំណត់ និង​តាម​រូបភាព​ផ្សេងៗ​គ្នា ដែល​រួមមាន​ជាអាទិ៍ ការជួបប្រជុំ ការ​ហែ​ក្បួន​ឃោសនា ការប្រគំ​តន្ត្រី ការចាក់​មេក្រូ​ផ្សព្វផ្សាយ​នៅ​ទីស្នាក់ការ​គណ​បក្ស និង​ចល័ត​តាម​ភូមិ និង​ការចែក​ខិត្តប័ណ្ណ​។​

​តាម​របាយការណ៍​រប​ស់​គណៈ​កម្ម​​ការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត ​(​គ​ធ​.​ខ​ប​) បាន​កត់សម្គាល់ថា ចំនួន​គណបក្សនយោបាយ​ធ្វើ​សកម្មភាព​ហែ​ក្បួន​ឃោសនា​ច្រើនជាង​ថ្ងៃទី ​១ ដោយ​ការហែក្បួន​បាន​ប្រព្រឹត្តទៅ​នៅតាម​មណ្ឌលបោះឆ្នោត​មួយចំនួន​។

​គ​.​ជ​.​ប បាន​បញ្ជាក់ដែរថា​៖ «​ជាក់​​ស្ដែង គណបក្ស​ហ្វ៊ុនស៊ិនប៉ិច គណបក្ស​ខ្មែរ​អភិរក្ស គណបក្ស​ឯកភាព​ជាតិខ្មែរ គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ និង​គណបក្ស​យុវជន​កម្ពុជា បាន​ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​ភ្នំពេញ​»​។

​ប្រភព​ដដែល​បាន​បន្តថា រីឯ​គណ​បក្ស​ប្រជាជន​កម្ពុជា បាន​ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ ឧ​ត្ត​រ​មានជ័យ ត្បូងឃ្មុំ និង​មណ្ឌល​ខេត្តក្រចេះ​។ ចំណែក​គណបក្ស​ខ្មែរ​​រួបរួម​ជាតិ បាន​ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​ខេត្តបន្ទាយមានជ័យ តាកែវ និង​មណ្ឌល​ខេត្តកំពត​។ ដោយឡែក​គណបក្ស​សំបុក​ឃ្មុំ​សង្គម​ប្រជាធិបតេយ្យ បាន​ហែ​ក្បួន​ឃោសនា​នៅ​មណ្ឌល​​ខេត្តបាត់ដំបង​។​

​គ​.​ជ​.​ប ថា​៖ «​ជារួម ស្ថានភាព​ទូទៅ​នៃ​ដំណើរការ​ឃោសនាបោះឆ្នោត​របស់​គណបក្សនយោបាយ​បាន​ប្រព្រឹត្ត​ទៅដោយ​រលូន​មាន​សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់​ល្អ និង​គ្មាន​អំពើហិង្សា​»​។​

​យ៉ាងណាក្ដី លោក ​រ៉ុង ឈុន អនុ​ប្រធាន​គណបក្ស​ភ្លើងទៀន​បាន​ថ្លែង​នៅ​ថ្ងៃទី ៣ ខែកក្កដា​ថា សម្រាប់​យុទ្ធ​នា​ការឃោសនា​នេះ ក៏​មិន​ខុសគ្នា​នឹង​នីតិកាល​ទី​៦​ ដែរ ព្រោះ​ការបោះឆ្នោត​ទាំង​ ២ ​លើក​នេះ មិនមាន​វត្តមាន​គណ​បក្សប្រឆាំង​។

​លោក​បាន​បន្តថា លោក​មិនសូវ​ចាប់អារម្មណ៍​ចំពោះ​ការធ្វើ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​ទេ ដោយសារ​វា​មិនមាន​ខ្លឹមសារ ខណៈ​ប្រជាពលរដ្ឋ​ទូទៅ​បានដឹង​យ៉ាងច្បាស់​ពី​លទ្ធផល​នៃ​ការ​ឈ្នះឆ្នោត​នឹង​បាន​ទៅលើ​គណបក្ស​ប្រជាជន​ហើយ​នោះ​។​

​លោក ​រ៉ុង ឈុន បាន​ថ្លែងថា​៖ «​កីឡាករ​ដែល​ធ្វើឱ្យ​អ្នកទស្សនា​ចាប់អារម្មណ៍ លុះត្រា​តែមាន​កម្លាំង​ប្រហាក់ប្រហែលគ្នា តែបើ​មាន ១​ ក្រុម​ខ្លាំង ហើយ ១ ​ក្រុម​ទៀត​មិន​ខ្លាំង មិនមាន​អ្វីដែល​គួរឱ្យ​ចាប់អារម្មណ៍​ទេ​។ ត្រង់ចំណុច​នេះ​បើសិន​មាន​វត្តមាន​គណបក្ស​ភ្លើងទៀន​ចូលរួម​ប្រកួត​ជែង​ដែលមាន​កម្លាំង​ប្រហាក់ប្រហែល​ទៅនឹង​គណបក្សកាន់អំណាច អាច​នឹង​ល្អមើល​ច្រើនជាង​នេះ​»​។

​ទោះជា​យ៉ាងណា លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា បានឱ្យដឹង​នៅ​ថ្ងៃ​ដដែល​នេះដែរ​ថា សម្រាប់​យុទ្ធនាការ​ឃោ​នា​បោះឆ្នោត បើ​ធៀប​អាណត្តិ​នេះ និង​អាណត្តិ​មុន នៅតែមាន​សភាព​គគ្រឹក​គគ្រេង​ដដែល ស្របតាម​បទ​ប្ប​ញ្ញ​តិ និង​នីតិវិធី​​គោលការណ៍​របស់​គ​.​ជ​.​ប និង​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បើទោះបី​អវត្តមាន​គណបក្សប្រឆាំង​ដដែល​ក៏ដោយ​។

​លោក​បាន​ថ្លែងថា​៖ «​មិនមែន​អ​វត្ត​​មាន​អ្នកនេះ ឬ​អ្នកនោះ ហើយ​យើង​អត់​ធ្វើ​ទេ យើង​ធ្វើ​ទៅតាម​តួនាទី​ដែល​ចង្អុល​ដោយ​ច្បាប់បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ និង​គោលការណ៍​នីតិវិធី បទបញ្ជា រប​ស់គ​.​ជ​.​ប ដែល​បាន​ដាក់ចេញ​ការងារ​សម្រាប់​គណបក្ស​នយោបាយ​នៅក្នុង​រយៈពេល​នៃ​យុទ្ធនាការ​ឃោសនាបោះឆ្នោត​នេះ​»​។​

​ចំណែក​លោក ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ​គ​.​ជ​.​ប នៅ​ថ្ងៃទី​ ៣ ខែកក្កដា ក៏បាន​ឱ្យដឹង​ដែរ​ថា សម្រាប់​យុទ្ធនាការ​ឃោសនាបោះឆ្នោត​ឆ្នាំ​ ២០២៣ បើ​ធៀប​នឹង​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៦ ​គឺមាន​ភាពល្អប្រសើរ​ច្រើន​។​

​លោក​បាន​បន្តថា សម្រាប់​ការឃោសនាបោះឆ្នោត អាណត្តិ​មុន គ្រាន់តែ​ចាប់ផ្តើម គឺមាន​ការប៉ះទង្គិច​គ្នា រវាង​គណបក្សនយោបាយ​ដែល​និន្នាការ​ផ្សេងគ្នា ប៉ុន្តែ​បើ​ពិនិត្យមើល​ស្ថានភាព​នៃ​ការឃោសនារ​បោះឆ្នោត​អាណត្តិ​នេះ​រយៈពេល ៣ ​ថ្ងៃ​ដំបូង មិនមាន​បញ្ហា​កើតឡើង​ទេ​។

​លោក​ ហង្ស ពុទ្ធា បាន​បញ្ជាក់ថា​៖ «​ចំពោះ​ការចោទប្រកាន់ថា សកម្មភាព​នៃ​ការឃោសនា​របស់​គណបក្ស​នយោបាយ​ក្នុងពេល​ឃោសនា​អា​​ណ​ត្តិ​នេះ​មិនមាន​ការចាប់អារម្មណ៍​នោះ​គឺ​គ្រាន់តែ​ជា​មតិ​របស់​អ្នក​នៅក្រៅ​សង្វៀន​នយោបាយ​ប៉ុណ្ណោះ ប៉ុន្តែ​សម្រាប់​គណបក្សនយោបាយ​ដែល​បាន​ចូលរួម​បោះឆ្នោត​គឺមាន​ភាព​​សកម្ម​ភាពរស់រវើក​»​។​

​សូមបញ្ជាក់ថា យុទ្ធនាការ​ឃោស​​នា​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​ ៧ មាន​រយៈពេល ​២១ ​ថ្ងៃ ចាប់ពី​ថ្ងៃទី​ ១ ដល់​ ២១ ខែកក្កដា ឆ្នាំ ២០២៣​។​

​ជាមួយគ្នានេះដែរ លោក សួន សេរី​រដ្ឋា ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​វេទិកា​​សន្តិភាព​កម្ពុជា ដែលមាន​បេសកកម្ម​ផ្សព្វផ្សាយ​ពី​ប្រវត្តិ​កសាង​សន្តិភាព គុណ​​តម្លៃ​នៃ​សន្តិភាព និង​កាតព្វកិច្ច​ការពារ​សន្តិ​ភាព និង​កំពុង​បន្ត​រៀបចំ​វេទិកា​សាធារណៈ​ក្រោម​ប្រធានបទ ​«​បោះឆ្នោត​ដើម្បី​សន្តិភាព​» បាន​អំពាវនាវ​ដល់​ពល​ខ្មែរ​ទាំងអស់​ចេញទៅ​បោះឆ្នោត​។​

​លោក​បានលើកឡើង​តាមរយៈ​សេច​​ក្តី​អំពាវនាវ​ថា​៖ «​ប្រជាពលរដ្ឋ​ខ្មែរ និង​យុវជន​គ្រប់​អាយុ​ ១៨ ​ឆ្នាំ​ទាំងអស់ សូម​ចេញទៅ​បោះឆ្នោត​ក្នុង​សំឡេង​តែ​១ គឺ​បោះឆ្នោត​ដើម្បី​សន្តិភាព​ដោយ​ប្រើ​សន្លឹកឆ្នោតរ​បស់បង​ប្អូន​ឱ្យមាន​តម្លៃ​ជា​សន្លឹកឆ្នោត​ការពារ​សន្តិភាព​»​។​

​លោក​ សួន សេរី​រដ្ឋា បាន​បន្ថែមថា ការបោះឆ្នោត​ជា​សិទ្ធិ​របស់​ប្រជា​ពលរដ្ឋ​ដែល​រស់នៅ​ក្នុងប្រទេស​​ប្រជាធិបតេយ្យ​ដែល​ត្រូវអនុវត្ត​សិទ្ធិ​នេះ​រៀងរាល់ ៥ ​ឆ្នាំ​ម្តងៗ ដូចនេះ​ដើម្បី​បន្ត​ការអភិវឌ្ឍ​ប្រទេសជាតិ​សូមកុំ​ចាញ់បោក ចាញ់កល ពួកក្រុម​នយោបាយ​ដែល​បំពុលសង្គម កុំ​ឱ្យគេ​អូស​ទាញ​ឱ្យ​ខកខាន​អនុវត្ត​សិទ្ធិ​បោះឆ្នោត​ដែលជា​សិទ្ធិ​ដ៏​មាន​សារៈសំខាន់​នេះ​ឱ្យសោះ​៕