ភ្នំពេញៈ ​មន្ត្រីជាន់ខ្ពស់​នៃ​បេឡា​ជាតិ​របប​សន្តិសុខ​សង្គម (​ប​.​ស​.​ស​) និង​អតីតមន្ត្រី​ជាន់ខ្ពស់​នៃ​ក្រសួង​ការងារ​កូរ៉េ បាន​ជួបពិភាក្សា​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​នៅ​កម្ពុជា ក៏ដូចជា​ការអនុវត្ត​របប​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​លោក អ៊ុក សមវិទ្យា ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​បេឡា​ជាតិ​របបសន្តិសុខ​សង្គម (​ប​.​ស​.​ស​.) នា​ថ្ងៃទី​ ៤ ខែកក្កដា បានទទួល​ជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​នៃ​អង្គភាព​សុខុមាលភាព​និង​សំណង​គ្រោះ​ថា្នក់​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ​ដែល​ដឹកនាំ​ដោយ​លោក Jaekap Lee អតីតរដ្ឋមន្ត្រី​ក្រសួង​ការងារ និង​មុខរបរ នៃ​សាធារណរដ្ឋ​កូរ៉េ និង​បច្ចុប្បន្ន​ជា​អ្នកគ្រប់គ្រង​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្នែក​ស្ដារនីតិសម្បទា​នៅ​កម្ពុជា​។​

​យោងតាម​បេឡា​ជាតិរបប​សន្តិសុខ​សង្គម បានឱ្យដឹងថា ក្នុងជំនួប​សម្តែង​ការគួរ​សមនេះ លោក អ៊ុក សមវិទ្យា និង​លោក​Jaekap Lee បាន​ពិភាក្សា​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​របប​សន្តិ​សុខ​សង្គម​នៅ​កម្ពុជា ក៏ដូចជា​ការអនុវត្ត​របប​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ​នៅ​សាធារណរដ្ឋ​កូរ៉េ​។​

​ភាគី​ទាំង២ក៏បាន​ពិភាក្សា​ពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្នែក​ស្ដារនីតិសម្បទា​នៅ​កម្ពុជា ដោយ​ផ្តោត​សំខាន់​ទៅលើ​ការកសាង​សមត្ថភាព​របស់​មន្ត្រី​ជំនាញ ប​.​ស​.​ស​ ពាក់ព័ន្ធ​នឹង​ការផ្តល់សេវា​ស្តារនីតិសម្បទា​ជូន​ដល់​សមាជិក ប​.​ស​.​ស​. ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់​។​

​លោក អ៊ុក សមវិទ្យា បានលើកឡើង​ដែរ​ថា​៖ «​ខ្ញុំ​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ ឯកឧត្ដម Jaekap Lee និង​គណៈប្រតិភូ​នៃ​អង្គភាព សុខុមាលភាព​និង​សំណង​គ្រោះថ្នាក់​ការងារ នៃ​សាធារណរដ្ឋ​កូរ៉េ ដែល​បានផ្តល់​ការគាំទ្រ​លើ​គម្រោង​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ផ្នែក​ស្ដារនីតិសម្បទា​នៅ​កម្ពុជា ក្នុង​ការកសាង​ផែនការមេ​ផ្នែក​ស្តារនីតិសម្បទា​រយៈពេល ៥​ឆ្នាំ របស់ ប​.​ស​.​ស​.»​។

​នាឱកាស​នោះដែរ លោក អ៊ុក សមវិទ្យា ក៏បាន​ស្នើសុំ​ភាគី​កូរ៉េ ដើម្បី​បន្ត​កិច្ចសហប្រតិបត្តិការ​លើ​ការកសាង​គ្លីនិក​ស្តារនីតិសម្បទា​សម្រាប់​ពិគ្រោះ​ជំងឺ​ក្រៅ (Outpatient Rehabilitation Clinic) មុននឹង​ឈានដល់​ការកសាង​មជ្ឈមណ្ឌល​ស្តារនីតិសម្បទា​របស់ ប​.​ស​.​ស​.​។​

កាលពីខែមិថុនា ឆ្នាំ​២០២១ បេឡា​ជាតិ​របប​សន្តិសុខ​សង្គម បាន​ចូលរួម​មហាសន្និបាត​លើក​ទី​៥ នៃ​សមាគម​សំណង​គ្រោះថ្នាក់​ការងារ​អាស៊ី (AWCA) ត្រូវបាន​រៀបចំឡើង​ដោយ អង្គភាព COMWEL នៃ​សាធារណរដ្ឋ​កូរ៉េ និង​ជា​ប្រធាន​សមាគម AWCA ក្នុង​អាណត្តិ​ឆ្នាំ​២០២០-២០២១​។​

​សមាគម​សំណង គ្រោះថ្នាក់​ការងារ​អាស៊ី (Asian Workers’ Compensation Association, AWCA) ត្រូវបាន​បង្កើតឡើង​ដំបូង ក្នុង​ឆ្នាំ​២០១២ ក្នុង​គោលបំណង ដើម្បី​អភិវឌ្ឍ​សំណង គ្រោះថ្នាក់​ការងារ ឬ​របប​ធានារ៉ាប់រង​គ្រោះថ្នាក់​ការងារ នៅក្នុង​បណ្តា​ប្រទេស​ជា​សមាជិក​ទាំង​១០ រួមមាន​៖ ថៃ វៀតណាម ស្រីលង្កា សាធារណរដ្ឋ​កូរ៉េ ហ្វីលីពីន ម៉ុង​ហ្គោ​លី ម៉ាឡេស៊ី ឡាវ ឥណ្ឌូនេស៊ី និង​កម្ពុជា​ផងដែរ​៕