ភ្នំពេញៈ​ មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា​ទទួល​បាន​ថវិកា​ជាង ​២​ លាន​ដុល្លារ​ ពី​សប្បុរស​ជន​ជាង​ ២២​ ម៉ឺន​នាក់​ ក្នុង​រយៈ​ពេល​ ១ ​ខែ ​ក្រោយ​បិទ​បញ្ចប់​យុទ្ធ​នាការ ​“១​ ម៉ឺន​រៀល​ ១​ ម៉ឺន​នាក់​” សម្រាប់​កុមារ​កម្ពុជាដែល​មន្ត្រី​ចាត់​ទុក​ថា ជា​យុទ្ធ​នាការ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​យុទ្ធ​នាការ​នានា​របស់​ខ្លួន​ ដែល​មាន​ការ​ចូលរួម​យ៉ាង​ច្រើន​កុះករ​ពី​សា​ធា​រណ​ជន​។​

​កាល​ពី​ថ្ងៃទី​ ២៩ ​ខែឧសភា មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា បាន​ប្រកាស​បើក​យុទ្ធ​នា​ការ “១ ម៉ឺន​រៀល ១​ ម៉ឺន​នាក់​” សម្រាប់​កុមារ​កម្ពុជា​រយៈ​ពេល ​៣០ ថ្ងៃ ដោយ​ចាប់​ដំណើរ​ការ​ពីថ្ងៃ​ទី​ ១ ដល់​ថ្ងៃ​ទី ៣០ ​ខែមិថុនា ​ឆ្នាំ ២០២៣ ដើម្បី​អប​អរ​សាទរ​ទិវា​កុមារ​អន្តរ​ជាតិ​ ១ ​មិថុនា​។​

​ក្រោយ​បិទ​បញ្ចប់​យុទ្ធ​នាការ​នេះ ​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា ​បាន​ប្រកាស​ថា ក្នុង​រយៈ​ពេល​១​ខែ​នៃ​យុទ្ធ​នាការ​នេះ មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា ​ទទួល​បាន​ថវិកា​បរិច្ចាគ​ចំនួន​ជាង​២​លាន​ដុល្លារ​អាមេរិកពី​សប្បុរស​ជន​ជាង​២២​ម៉ឺន​នាក់​ទាំង​ការ​បរិច្ចាគ​ដោយ​ផ្ទាល់​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ និង​ការបរិច្ចាគ​តាម​បណ្ដាញ​ធនា​គារ​ចល័ត​ជា​ដៃគូ​របស់​មូល​និធិ​។

​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា បាន​អះ​អាង​ថា​៖«​មូលនិធិ​គន្ធ​បុប្ផា​កម្ពុជា ជា​ច​ន្ទល់​ផ្នែក​ហិរញ្ញវត្ថុ​មួយ​សម្រាប់​គាំទ្រ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ជាមួយ​ច​ន្ទ​ល់​មួយ​ទៀត​គឺមូលនិធិ​គន្ធ​បុប្ផា​ស្វ៊ីស​។ ដូច្នេះ​ ថវិកា​ដែល​ទទួល​បាន​ពី​ការ​បរិច្ចាគ​ មិន​ថា​ពី​យុទ្ធ​នាការ​ “១​ម៉ឺន​រៀល​១​ម៉ឺន​នាក់​” នេះ ឬ​ពី​ការ​បរិច្ចាគ​នានា​នោះ​ទេ ​ត្រូវ​បាន​ដាក់​នៅ​ក្នុង​ពាង​រួម​មួយ​របស់​មូល​និធិ ​រួច​ធ្វើ​ការ​ផ្ទេរ​ជូន​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​តាម​តម្រូវ​ការ​ចាំ​បាច់​»​។​

​លោក​ច​ន ណា​រិ​ទ្ធ អនុ​រដ្ឋ​លេខាធិ​ការ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញ​វត្ថុ និង​ជា​ប្រធាន​លេខា​ធិការ​ដ្ឋាន​មូល​និធិ​គន្ធ​បុប្ផា​កម្ពុជា ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​៤ កក្កដា​ថា ​យុទ្ធ​នាការ​ “១ម៉ឺន​រៀល ១ម៉ឺន​នាក់​ គឺជា​យុទ្ធ​នាកា​រ​ដ៏​សំខាន់​មួយ​ក្នុង​ចំណោម​យុទ្ធ​នាការ​នានា​របស់​មូ​ល​និ​ធិ​គន្ធ​បុប្ផា​កម្ពុជា​ ដែល​មាន​កា​រចូ​លរួម​យ៉ាង​ច្រើន​កុះករ​ពី​សាធារ​ណ​ជន​,ក្រសួង​-​ស្ថា​ប័ន​រដ្ឋ​,គ្រឹះស្ថាន​ឯក​ជន​,​សារ​ព័ត៌​មាន​ជាតិ​-​អន្តរជាតិ​,​បុគ្គល​មាន​ប្រជា​ប្រិយ​ជាច្រើន​។

​លោកបន្ត​ថា មិន​ត្រឹម​តែ​បាន​ចូលរួម​បរិច្ចាគ​ជូន​មូល​និធិ​គន្ធ​បុប្ផា ក្នុង​ស្មារតី​“​ខ្មែរ​ជួយ​ខ្មែរ​” ប៉ុណ្ណោះ​ទេ ពួក​គាត់​ថែម​ទាំង​បាន​ចូល​រួម​ផ្សព្វ​ផ្សាយ​ឱ្យ​បាន​កាន់​តែ​ទូលំ​ទូលាយ​ទៀត​ផង ​ដើម្បី​រួមគ្នា​ផ្ដល់​ភាព​ញ​ញឹម​ដល់​កុមារ​នៅ​កម្ពុជាតាម​រយៈ​ការរក្សា​ឱ្យ​ខាង​តែបា​ន​នូវនិរន្តរ​ភាព​នៃ​កិច្ច​ដំណើរ​ការ​របស់​ម​ន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ ជាពិសេស​នៅ​ពេលដែ​ល​ពួក​គាត់​មាន​ជីវ​ភាព​ប្រសើរ​ឡើង​។​

​លោក​បាន​បញ្ជាក់​ថា​៖«​ថវិកា​បរិច្ចាគ​របស់​លោក​អ្នក​ពិតជា​មាន​តម្លៃ​ខ្លាំង​ណាស់​សម្រាប់​ជួយ​សង្គ្រោះ​ជីវិត​កុមារ​នៅ​កម្ពុជា​។ ជា​ចុង​ក្រោយ​ខ្ញុំ​ថ្លែង​អំណរ​គុណ និង​អំពាវ​នាវ​ដល់​ពុក​ម៉ែ​បងប្អូន​ទាំង​អស់​ដែលជា​សប្បុរស​ជន សូម​បន្ត​ចូល​រួម​ជាមួយ​មូលនិធិ​គន្ធ​ប​ប្ផា​កម្ពុជា​ក្នុង​ស្មារតី “​ខ្មែរ​ជួយ​ខ្មែរ​”​ទោះបីជា​យុទ្ធនាកា​រ“១​ម៉ឺន​រៀល​១​ម៉ឺន​នាក់​”​ត្រូវ​បាន​បិទ​បញ្ចប់​ក៏​ដោយ ​ព្រោះ​ការ​ពិនិត្យ និង​ព្យា​បាល​កុមារ​នៅ​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​នៅ​តែ​បន្ត​»​។​

​មូ​លនិធិ​គន្ធ​បុប្ផា​កម្ពុជា ត្រូវ​បាន​បង្កើត​ឡើង​កាលពី​ឆ្នាំ២០១៨ ​ហើយ​ជា​មូល​និធិ​១ ក្នុង​ចំណោម​មូលនិ​ធិ​ចំនួន ២ គឺ​មូល​និធិ ​Beat Richner ប្រទេស​ស្វ៊ី​ស ដែល​មាន​តួនាទី​ក្នុង​ការ​កៀរគរ​ការ​បរិច្ចាគ​ពី​សប្បុ​រសជ​ន ដើម្បី​រួមគ្នា​រក្សា​និរន្តរ​ភាព​របស់​មន្ទីរ​ពេទ្យ​គន្ធ​បុប្ផា​ទាំង​៥ទីតាំង​ ខណៈ​ចំណាយ​ជា​មធ្យម​ប្រចាំ​សប្ដាហ៍​អស់​ប្រមាណ៨៤ម៉ឺន​ដុល្លារ​អា​មេរិក​ ឬ​ស្មើ​នឹង​ជាង​៤០​លាន​ដុល្លារ ​ក្នុង​១​ឆ្នាំៗ​ឯ​ណោះ​៕