ភ្នំពេញៈ កម្ពុជា​ហាមឃាត់​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុម​ហ៊ុន​មេ​តា ​(Meta)​ ចំនួន​ ២២ ​នាក់​ មិនឱ្យ​មាន​វត្ដ​មាននៅ​កម្ពុជា​ហើយ «​ត្រូវ​» ​ចាក​ចេញពី​កម្ពុជា​ក្នុង​រយៈពេល ​៤៨ ម៉ោង​។​

សេចក្តីថ្លែងការណ៍​ក្រសួងការបរទេស​កម្ពុ​ជា​បញ្ជាក់​នៅ​ថ្ងៃទី​ ៤ ខែកក្កដាថា អនុ​សាសន៍​របស់​ក្រុមប្រឹក្សាភិបាល​ត្រួត​​ពិនិត្យ​នៃ​ក្រុមហ៊ុន Meta ឱ្យ​ផ្អាក​ជា​បណ្ដោះអាសន្ន​ចំពោះ​គណនី​ហ្វេ​ស​ប៊ុ​ក​ (Facebook)​ របស់លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមាន​លក្ខណៈ​នយោបាយ​។

​សេចក្តីថ្លែងការណ៍​បន្ត​ថា អនុសាសន៍​នេះ​មាន​ចេតនា រារាំង សេរីភាព​សារព័ត៌មាន​របស់​ប្រជាពលរដ្ឋ​កម្ពុជា និង​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ក្នុងការ​ទទួលបាន​ព័ត៌មាន​ពិត​ពី​ថ្នាក់ដឹកនាំ​ដែល​ពួកគេ​គាំទ្រ និង​ពេញចិត្ត​។​ សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា ក្នុង​ស្មារតី​នៃ​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​ការ​ប្រ​​កាន់ខ្ជាប់​នូវ​គោលការណ៍​អធិបតេយ្យភាព និង​ដើម្បី​ទប់ស្កាត់​ការជ្រៀតជ្រែក​ចូល​កិច្ចការ​ផ្ទៃក្នុង​របស់​ប្រទេស​កម្ពុជា រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ប្រកាស​សមាជិក​ក្រុមប្រឹក្សាភិបាល​ត្រួតពិនិត្យ​នៃ​ក្រុមហ៊ុន Meta​ ដែលមាន​រាយ​នាម​ចំនួន ​២២ ​នាក់ ជា​បុគ្គល​ដែល​មិនអាច​ទទួលយកបាន​។​

​សេចក្តីថ្លែងការណ៍​បញ្ជា​ក់ថា​៖ «​បុគ្គល​ដូច​មាន​រាយ​នាម​ខាងលើ​ត្រូវបាន​ហាមឃាត់​មិនឱ្យ​ចូល​ឬ​មាន​វត្តមាន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។ ពួកគេ​ត្រូវ​ចាក​ចេញពី​ទឹកដី​កម្ពុជា​ក្នុង​រយៈពេល ​៤៨​ ម៉ោង គិត​ចាប់ពី​កាលបរិច្ឆេទ​ចេញ​សេចក្តី​ថ្លែង​ការណ៍​នេះ​នៅ​ម៉ោង​ ១៦:០០ ថ្ងៃទី​ ៤ ខែកក្កដា ឆ្នាំ ២០២៣»​។​

​លោក​ហ៊ុន សែន បាន​បញ្ចេញ​សារ​ជា​សំឡេង​កាលពី​យប់​ថ្ងៃទី​ ៣០ ខែមិថុនា ដោយ​បញ្ជាក់ថា លោក​នឹងមិន​បិទ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ដែល​ប្រជាជន​កំពុង​ប្រើប្រាស់​នោះទេ ព្រោះនេះ​ជា​តម្រូវការ​របស់​ប្រជាជន ដោយ​លោក​គ្រាន់តែ​បិទ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន ប៉ុណ្ណោះ​។​

​លោក​ថា​៖ «​ខ្ញុំ​មិន​ល្ងង់​រហូត​ទៅដល់​បិទ​ហ្វេ​ស​ប៊ុ​ក​ដែល​ប្រជាជនមាន​តម្រូវការទំនាក់ទំនង​ហើយ​ទទួលយក​នូវ​ព័ត៌មាន​នេះ​។ សម្រាប់​ខ្ញុំ​បិទ​ចោល​ហ្វេ​ស​ប៊ុ​ក​ខ្លួនឯង អ៊ីចឹង​!​តើ​ក្រុមហ៊ុន ហ្វេ​ស​ប៊ុ​ក មាន​អ្វី​ត្រូវ​ពិចារណា​តើ​គួរ​ព្យួរ​ហ្វេ​ស​ប៊ុ​ករ​បស់ ហ៊ុន​ សែន ឬ​មិន​ព្យួរ តើ​មាន​អ្វីដែល​ត្រូវ​ជជែក​គ្នា​ពី​ការព្យួរ​ឬ​មិន​ព្យួរ​?»​។​

​លោកនាយក​រដ្ឋមន្ត្រី​បញ្ជាក់ថា ហេតុផល​ដែល​លោក​បិទ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន​នេះ គឺ​ដោយសារ​ម្ខាង​មាន​គណនី​ក្លែងក្លាយ​ច្រើន ម្ខាង​ទៀត​ត្រូវការពារ​ជាប្រចាំ​ខ្លាច​ក្រុម​ Hacker​ ចូល ឯ​ម្ខាង​ទៀត​មាន​បញ្ហា​ចម្រូង​​ចម្រាស​លើ​បញ្ហា​ខ្លះ ដែលមាន​ចរិត​ជា​នយោបាយ​។​

​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាលពី​ថ្ងៃទី​ ៣០ ខែមិថុនា បានសម្រេច​បណ្តេញ​តំណាង​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​ចេញពី​កម្ពុជា និង​បញ្ឈប់​រាល់​សកម្មភាព​ដូចជា ភាពជា​តំណាង​របស់​ក្រុមហ៊ុន​ទំនាក់ទំនង​ជាមួយ​រាជរដ្ឋាភិបាល និង​កិច្ចសហការ​ដៃគូ​ក្នុង​វិស័យ​ឯកជន​នៅ​កម្ពុជា​។​

​ក្រសួង​បញ្ជាក់​ក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ថា ក្រសួង​ពិនិត្យឃើញ​ភាពមិន​ប្រ​​ក្រ​តី​នៃ​សេវា​របស់​ក្រុមហ៊ុន​ហ្វេ​ស​ប៊ុ​ក​សម្រាប់​អ្នកប្រើប្រាស់​នៅ​កម្ពុជា ដូចជា ការបង្កើត​គណនី​ក្លែងបន្លំ ហានិភ័យ​លើ​ទិន្នន័យ​ឯកជន ការប្រើប្រាស់​និង​ការប្រមូល​ទិន្នន័យ​ឯកជន ការផ្សព្វផ្សាយ​ព័ត៌មានក្លែងក្លាយ កង្វះ​គណនេយ្យភាព និង​តម្លា​ភាព និង​ការជ្រៀតជ្រែក​ចូល​កិច្ចការ​នយោបាយ​របស់​ប្រទេស​ជាអាទិ៍​៕