ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(​គ​.​ជ​.​ប​)​ បានទទួល​ស្គាល់​ជា​ផ្លូវការ​នៃ​ការ​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្សនយោបាយ​ដែលមាន​សរុប​ចំនួន ​៥៧ ០១២​ នាក់ ក្នុងនោះ​ស្ត្រី​មាន​ចំនួន ​១៦ ៦២៤​ នាក់ សម្រាប់​សង្កេតការណ៍​បោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំនេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់ ​គ​.​ជ​.​ប នៅ​ថ្ងៃទី​ ៣ ខែកក្កដា ឱ្យដឹងថា គណបក្សនយោបាយ​ទាំង​ ១៨ ដែល​ចូល​រួមការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី​៧​ នេះ មានតែ​គណបក្ស​ប្រជាជន​កម្ពុ​ជាមួយ ប៉ុណ្ណោះ​ដែល​បានដាក់​ភ្នាក់ងារ​គ្រប់​ការិយាល័យ​បោះ​​ឆ្នោត ហើយ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​ស្ថិតនៅលើ​ចំណាត់ថ្នាក់​បន្ទាប់ ខណៈ​គណបក្ស​ ១៦​ ផ្សេងទៀត​មិនបាន​ដាក់​ភ្នាក់ងារ​គ្រប់​ការិយាល័យ​ទេ​ដោយ​អាស្រ័យ​លើ​លទ្ធភាព​គណបក្ស​ទាំងនោះ​។​

​លោក​ ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ​.​ជ​.​ប នៅ​ថ្ងៃទី ​៤ ខែកក្កដា បានឱ្យដឹងថា តាម​ប្រតិទិន​របស់​គ​.​ជ​.​ប បានទទួល​ចុះឈ្មោះ​ភ្នាក់ងារ​គណបក្ស នយោបាយ​ចាប់ពី​ថ្ងៃទី ​១៤ រហូតដល់​ថ្ងៃទី​ ២០ ខែមិថុនា​ឆ្នាំ ​២០២៣ ក្នុងនោះ​គ​.​ជ​.​ប បានសម្រេច​ទទួលស្គាល់​ជា​ផ្លូវការ​ភ្នាក់ងារ​របស់​គណបក្ស​ន​យោ​បាយ​សរុប​ទាំង​ពេញសិទ្ធិ និង​បម្រុង​ចំនួន ៥៧ ០១២​ នាក់​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តួនាទី​របស់​ភ្នាក់ងារ​គណបក្ស​ន​យោ​បាយ​សម្រាប់​សង្កេតការណ៍​បោះឆ្នោត​នេះ ខុសពី​ភ្នាក់ងារ​​អ្នកសង្កេតការណ៍​។ អ្នកសង្កេតការណ៍​មាន​តួនាទី​ប្រើប្រាស់​ភ្នែក​សម្លឹងមើល ត្រចៀក​សម្រាប់​ស្តាប់ និង​ដៃ​សម្រាប់​កត់ត្រា​រាល់​សកម្មភាព​នានា និង​មិនមាន​យោបល់​ក្នុង​ការិយាល័យ​បោះឆ្នោត​នោះទេ រីឯ​ភ្នាក់ងារ​អ្នកសង្កេតការណ៍​គណបក្សនយោបាយ​មាន​សិទ្ធិ​ដូច​អ្នក​សង្កេតការណ៍​ដែរ ប៉ុន្តែ​ថែម​សិទ្ធិ​តែមួយ​ទៀត​គឺ​ការនិយាយស្តី និង​ការប្តឹងតវ៉ា​ជំទាស់​ទៅនឹង​ការសម្រេច​របស់​ប្រធាន​កា​រិ​យា​ល័យ​បោះឆ្នោត​»​។​

​លោក​ ហង្ស ពុទ្ធា បញ្ជាក់ទៀតថា ចំពោះ​គណបក្សនយោបាយ​មួយចំនួន​ដែល​មិនបាន​ដាក់​ភ្នាក់ងារ​របស់ខ្លួន​នៅ​គ្រប់កា​រិ​យា​ល័យ​បោះឆ្នោត​មិនមែនជា​បញ្ហា​នោះទេ ព្រោះ​បើ​ពិនិត្យ​ទៅលើ​ទិដ្ឋភាព​ច្បាប់​គឺ​គណបក្ស​ន​យោ​​បាយ​ដែល​បាន​ចូលរួម​ការបោះ​ឆ្នោត​នេះ​អាច ឬ​មិន​អាចដាក់​ភ្នាក់ងារ​របស់ខ្លួន​ដើម្បី​សង្កេត​មើល​ក្នុង​ដំណើរការ​បោះឆ្នោត​បាន​។ ដូច្នេះ​ពាក្យ​ថា អាច​នេះ​មានន័យថា ដាក់​ក៏បាន និង​មិន​ដាក់​ក៏បាន ពីព្រោះ​នៅក្នុង​ការបោះឆ្នោត​មាន​មន្ត្រី​ជំនាញ​ទទួលបន្ទុក​របស់​គ​.​ជ​.​ប រហូតដល់ ​៦ ​នាក់​ក្នុង​ ១​ ការិយាល័យ​បោះឆ្នោត និង​រាប់​សន្លឹកឆ្នោត​។​

​លោក​បាន​ថ្លែងថា​៖ «​នៅក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​មាន​គណបក្ស​មួយ​បាន​អះអាងថា មិន​ដាក់​ភ្នាក់ងារ​គណបក្ស​របស់​ខ្លួន​ទេ​ដោយ​ទុកចិត្ត​លើគ​.​ជ​.​ប​។​អ៊ីចឹង​!​ការដាក់ ឬ​មិន​ដាក់​អា​ស្រ័យ​លើ​ការសម្រេចចិត្ត​ផ្ទាល់​របស់​គណបក្ស​នោះ​ប៉ុណ្ណោះ​។​ប៉ុន្តែ​ការដាក់​ភ្នាក់ងារ​ហ្នឹង​ទៀតសោត​លុះត្រាតែ​គណបក្សនយោបាយ​នោះ​ត្រូវបាន​ទទួលស្គាល់​ជា​ផ្លូវការ​ថា ជា​គណបក្ស​ក្នុង​មណ្ឌល​ដែលមាន​ការប្រកួត​ប្រជែង​ទើប​អាចដាក់​ភ្នាក់ងារ​បាន ព្រោះ​ភ្នាក់ងារ​ជា​តំណាងឱ្យ​គណបក្ស​»​។​

​ជុំវិញ​បញ្ហា​នេះ លោក​ សំ គ​ន្ធា​មី នាយក​ប្រតិបត្តិ​អង្គការ​និចហ្វិក​ក៏បាន​ឱ្យដឹង​ដែរ​ថា តាមរយៈ​តួលេខ​ដែល​បានចេញ​ផ្សាយ​របស់​គ​.​ជ​.​ប ភ្នាក់ងារ​គណបក្សនយោបាយ​សម្រាប់​ការសង្កេត​ការណ៍​បោះឆ្នោត​ឆ្នាំនេះ ភាគ​ច្រើន​គឺ​គណបក្ស​ប្រជាជន​កម្ពុជា​បានដាក់​ច្រើនជាងគេ និង​គ្រប់​ការិយាល័យ​បោះឆ្នោត ខណៈ​គណបក្ស​ផ្សេងទៀត​ដែល​បាន​ចូលរួម​ការបោះឆ្នោត​មិនបាន​ដាក់​គ្រប់​ការិយាល័យ​ទេ​គឺ​ដាក់​តែ​នៅតាម​មណ្ឌល​ខ្លួន​ឈរ​ឈ្មោះ​ប៉ុណ្ណោះ​។​

​លោក​បាន​បន្តថា គណបក្សនយោបាយ​ខ្លះ​ដែល​មិន​បានដាក់​ភ្នាក់ងារ​នៅ​គ្រប់​ការិយាល័យ​បោះឆ្នោត​នេះ​អាស្រ័យ​លើ​លទ្ធ​ភាព និង​ធនធាន​ថវិកា​របស់គេ​។​លោក​សំ គ​ន្ធា​មី បញ្ជាក់ថា​៖ «​យើង​អត់​មានការ​គ្រប់គ្រង​ការចំណាយ​ថវិកា​របស់​គណបក្សនយោបាយ​ទេ គណបក្ស​ខ្លះ​គេ​មាន​លុយ​គេ​ចាយ​ទៅលើ​ការឃោសនា និង​ដាក់​ភ្នាក់ងារ​ច្រើន រីឯ​គណបក្ស​ខ្លះ​ដែល​អត់​មាន​លុយ​សូម្បីតែ​លុយ​ជួល​ម៉ូតូ​កង់​៣​ហែ​ក្បួន​មិនមាន​ផង​មិនចាំបាច់​និយាយ​ដល់​ជួល​ឡាន​ឬ​ដាក់​ភ្នាក់ងារ​ច្រើន​នោះទេ​។ អ៊ីចឹង​!​គណបក្ស​ខ្លះ​អត់លុយ​ជួយ​ថ្លៃ​បាយ​ដល់​សមាជិក​ផង​ហ្នឹង​»​។​

​លោក​ សុខ ឥសាន អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​មិនអាច​ទាក់ទង​សុំ​ការធ្វើ​អត្ថា​ធិ​ប្បាយ​បានទេ នៅ​ថ្ងៃទី​ ៤ ខែ​កក្កដា​។ ដោយឡែក​លោក​ញឿ​ន រ៉ា​ដែន អ្នកនាំពាក្យ​គណបក្ស​ហ្វ៊ុនស៊ិនប៉ិច​បាន​ប្រាប់ថា គណបក្ស​របស់លោក​មិន​បានដាក់​ភ្នាក់ងារ​គ្រប់​ការិយាល័យ​បោះឆ្នោត​ទេ ព្រោះ​គណបក្ស​បានដាក់​បេក្ខជន​ឈរឈ្មោះ​បានត្រឹមតែ​ ១៨​ មណ្ឌល​រាជធានី​-​ខេត្ត​ប៉ុណ្ណោះ ក្នុងចំណោម​ ២៥ មណ្ឌល និង​ការិយាល័យ​បោះ​ឆ្នោត ចំនួន ២៣ ៧៨៩​។​

​ទោះជា​យ៉ាងណា​លោក​បញ្ជាក់ដែរថា សម្រាប់​អាណត្តិ​នេះ ខុសប្លែក​ពី​អាណត្តិ​មុន ដោយសារ​គណបក្ស​លោក​បាន​អំពាវនាវ​ដល់​សមាជិក​-​សមាជិកា​ចូលរួម​ដោយ​សេរី និង​តាម​ការស្ម័គ្រចិត្ត​សម្រាប់​សង្កេតការណ៍​បោះ​ឆ្នោត​នេះ​។​

​លោក ញឿ​ន រ៉ា​ដែន បាន​ថ្លែងថា​៖ «​តាម​ការចេញផ្សាយ​រប​ស់គ​.​ជ​.​ប គណបក្ស​ហ្វ៊ុន​ស៊ិន​ប៉ិច​មាន​ភ្នាក់ងារ​ជាង​ ៥ ​ពាន់​នាក់ បន្ទាប់ពី​គណបក្ស​ប្រជាជន​​កម្ពុជា​ដែលមាន​ភា្ន​ក់​ងារ​ច្រើន​និង​គ្រប់​ការិយាល័យ​បោះឆ្នោត​។​

​ការដាក់​ភ្នាក់ងារ​មិន​គ្រប់កា​រិ​យា​​ល័យ​បោះឆ្នោត​នេះ យើង​ក៏មាន​ការព្រួយបារម្ភ​តិចតួច​ដែរ ប៉ុន្តែ​យើង​មាន​ជំនឿ​លើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​អង្គការ​សង្គម​ស៊ីវិល​ដែល​ដើរតួ​យ៉ាងសំខាន់​ក្នុងការ​ឃ្លាំមើល​ការបោះឆ្នោត​នឹងធ្វើ​ការ​ដោយ​សុក្រឹតភាព​»៕