​ភ្នំពេញៈ រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ចាប់ផ្តើម​អនុវត្ត​ជា ផ្លូវការ​នូវ​ការបង្កើន​ប្រាក់ឧបត្ថម្ភ​ជូន​កម្មករនិយោជិត មន្ត្រី​រាជ​ការ ជា​ស្ត្រី និង​ស្ត្រី​នៃ​គ្រួសារ​ដែលមាន​បណ្ណសម​ធម៌ ក្នុងពេល​មាន​ផ្ទៃពោះ​រហូតដល់​កូន​អាយុ​ ២ ​ឆ្នាំ​ដែល​ការអនុវត្ត​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី​ ១ ខែសីហា ឆ្នាំ​ ២០២៣ តទៅ​។​

​រាជរដ្ឋាភិបាល​កម្ពុជា បានបញ្ជាក់​តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​នា​ថ្ងៃទី​ ៤ ខែកក្កដា ដោយបាន​លើកឡើងថា ការបង្កើន​ប្រាក់​ឧបត្ថម្ភ​នេះ ក្នុង​គោលបំណង​ចូលរួម​លើកកម្ពស់​សុខុមាលភាព​មាតា និង​កុមារ​តូច ព្រមទាំង​រួមចំណែក​ដោះ​ស្រាយ​បញ្ហា​កង្វះ​អាហារូបត្ថម្ភ​របស់​កុមារ​ចាប់តាំងពី​កូន​នៅក្នុង​ផ្ទៃ រហូតដល់​អាយុ ២ ​ឆ្នាំ និង​ជំរុញ​ការលូតលាស់​ទាំង​កាយសម្បទា ទាំង​បញ្ញា​ស្មារតី ក្នុង​រយៈពេល ១ ០០០​ ថ្ងៃ​ដំបូង​នៃ​ជីវិត​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បន្តថា ការដាក់ឱ្យ​ដំណើរការ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច គឺ​បាន​ធ្វើឡើង​តាមរយៈ​កម្ម​​វិធី​មួយចំនួន​រួមមាន​៖ កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម ២​ ឆ្នាំ ដែលជា​កម្ម​វិធី​ជាតិ ជំនួយ​សង្គម​ដំបូង​គេ​, កម្មវិធី​ផ្ដល់ប្រាក់​ឧបត្ថម្ភ​បន្ថែម​ជូន​កម្មករ​-​និយោជិត​ជា​ស្ត្រី​នៅពេល​សម្រាល​កូន និង​ការផ្ដល់​ប្រាក់ឧបត្ថម្ភ​មាតុ​ភាព​ជូន​មន្ត្រីរាជការ​ជា​ស្ត្រី​ដែល​សម្រាលកូន​។​

​សេចក្តីប្រកាស​ព័ត៌មាន​បាន​បញ្ជាក់ថា​៖ «​ដើម្បី​បន្ត​គាំពារ​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​តូច ក៏ដូចជា​ជំរុញ​ការអភិវឌ្ឍ​មូលធន​មនុស្ស​កម្ពុជា​បន្ថែមទៀត ឱ្យ​ស្របតាម​គោលនយោបាយ​ជាតិ​គាំពារ​សង្គម​, រាជរដ្ឋាភិបាល​សម្រេច​ដំឡើង​កម្រិត និង​ផ្ដល់​ការឧបត្ថម្ភ​បន្ថែម ជូន​ស្ត្រី​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌​, កម្មករនិយោជិត​ជា​ស្ត្រី​ដែលជា​សមាជិក ប​.​ស​.​ស​. និង​មន្ត្រី​រាជ​ការ មន្ត្រី​កម្មសិក្សា និង​មន្ត្រី​ជាប់​កិច្ច​​សន្យា​ជា​ស្ត្រី ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ ពេល​សម្រាល និង​ក្រោយ​សម្រាល រហូតដល់​កូន​អាយុ​ ២​ ឆ្នាំ​នៅតាម​មូលដ្ឋាន​សុខាភិបាល​សាធារណៈ​»​។​

​បើតាម​សេចក្តីប្រកាសបាន​បញ្ជាក់ដែរថា កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២​ ឆ្នាំនេះ គឺ​បាន​ដំឡើង​កម្រិត​ប្រាក់​ឧបត្ថម្ភ​ទ្វេដង សម្រាប់​ការពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល​, ការ​សម្រាលកូន ១ និង​គិតគូរ​បន្ថែម សម្រាប់​ករណី​កូនភ្លោះ និង​ការពិនិត្យ​សុខភាព​ក្រោយ​សម្រាល និង​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូតដល់​កូន​មាន​អាយុ ​២ ​ឆ្នាំ​។​

​ដោយ​ក្នុងនោះ ចំពោះ​ការផ្តល់​ប្រាក់ឧបត្ថម្ភ​បន្ថែម​ជូន​កម្មករ​និ​យោ​​ជិត​ជា​ស្ត្រី​ដែលជា​សមាជិក ប​.​ស​.​ស ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​ ២ ​ឆ្នាំ និង​ដែល​ប្រើប្រាស់​សេវា​នៅតាម​មូលដ្ឋាន​សុខាភិបាល សាធារណៈ ដូចជា​៖ ការផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការពិនិត្យ​ផ្ទៃពោះ​មុន​សម្រាល ចំនួន ៤​ ដង និង​ការពិនិត្យ​សុខភាព​ក្រោយ​សម្រាល និង​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ​រហូតដល់​អាយុ​ ២​ ឆ្នាំ ចំនួន ១០​ ដង ដូច​ការផ្តល់ជូន​ស្ត្រី​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌​ដែរ​, និង​ដំឡើង​ប្រាក់ឧបត្ថម្ភ​ទ្វេដង សម្រាប់​ការ​សម្រាលកូន​ ១ និង​គិតគូរ​បន្ថែម​សម្រាប់​ករណី​កូនភ្លោះ​។​

​ដោយឡែក ចំពោះ​ការផ្តល់ប្រាក់​ឧបត្ថម្ភ​មាតុភាព​បន្ថែម​ជូន​មន្ត្រី​រាជ​​ការ មន្ត្រី​កម្មសិក្សា និង​មន្ត្រី​ជាប់​កិច្ច​សន្យា ជា​ស្ត្រី​ក្នុងអំឡុងពេល​មាន​ផ្ទៃពោះ រហូតដល់​កូន​អាយុ​ ២ ​ឆ្នាំ ដែល​ប្រើប្រាស់​សេវា​នៅតាម​មូល​ដ្ឋា​ន​សុខាភិបាល​សាធារណៈ គឺ​ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការពិនិត្យ​ផ្ទៃ​ពោះ​មុន​សម្រាល ចំនួន ៤ ​ដង និង​ការពិនិត្យ​សុខភាព ក្រោយ​សម្រាល និង​យក​កូន​ទៅ​ទទួល​ថ្នាំ​បង្ការ រហូតដល់​អាយុ​ ២​ ឆ្នាំ ចំនួន ១០​ ដង​។ ការ​អនុវត្ត​នេះ​ គឺ​ដូចនឹង​ការផ្តល់ជូន​ស្ត្រី​នៃ​គ្រួសារ​មាន​បណ្ណ​សមធម៌​ដែរ​, និង​ផ្តល់ប្រាក់​ឧបត្ថម្ភ​សម្រាប់​ការ​សម្រាល​កូន និង​ករណី​កូនភ្លោះ ដូច​ការផ្តល់ជូន កម្មករនិយោជិត ជា​ស្ត្រី​ដែលជា​សមាជិក ប​.​ស​.​ស ដែរ​។​

​ពាក់ព័ន្ធ​នឹង​រឿងនេះ​ដែរ លោក អាត់ ធន់ ប្រធាន​សហភាព​ការងារ​​កម្ពុជា នៅ​ថ្ងៃទី​ ៤ ខែកក្កដា បាន​ថ្លែង​ដោយ​សាទរ​ចំពោះ​ការផ្តល់​អត្ថ​ប្រ​យោជន៍ និង​ការគិតគូរ​ផ្សេងៗ​ដល់​ស្ត្រី​មាន​ផ្ទៃពោះ ខណៈ​លោក​ថា កម្មវិធី​នេះ​គួរតែមាន​ជា​យូរ​មកហើយ នឹង​គួរតែ​បន្ត​មាន​ជា​រៀងរហូត ហើយ​សង្ឃឹមថា នឹងមិន​មែនមាន​តែរ​យៈ​ពេល​ខ្លី​នោះឡើយ​។

​ទន្ទឹមគ្នានេះ លោក​ប្រធាន​សហ​ភាព​ការងារ​កម្ពុជា ក៏បាន​បង្ហាញ​ក្តី​បារម្ភ​ចំពោះ​ស្ថានភាព​ការងារ​ស្ត្រី​កម្មករនិយោជិត​មួយចំនួន ដែលមាន​ផ្ទៃពោះ នៅតែមាន​ការ​រើស​អើ​ស ឬ​ត្រូវបាន​ក្រុមហ៊ុន ឬ​រោងចក្រ​បញ្ឈប់​ការងារ​នៅ​អំឡុង​ផ្តល់​អត្ថប្រយោជន៍​នេះ​។​

​លោក អាត់ ធន បាន​បញ្ជាក់ថា​៖ «​ហេតុនេះ ខ្ញុំ​សូម​ស្នើ​សុំឱ្យ​ក្រសួង​ពាក់ព័ន្ធ ចុះ​ពិនិត្យ និង​តាមដាន​ពី​ស្ថានភាព​ការងារ​ស្ត្រី​ទាំងនោះ ដើម្បី​ធានាថា ពួកគាត់​ពិតជា​អាច​ទទួល​​បាន​អត្ថប្រយោជន៍​ទាំងនេះ​»៕