​ភ្នំពេញៈ ព្រះករុណា​ព្រះបាទ​សម្តេច​ព្រះបរមនាថ នរោត្តម​សីហមុនី ព្រះ​មហាក្សត្រ​កម្ពុជា​បាន​ឡាយព្រះហស្ត​លេខា​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្ដីពី​វិ​សោធ​ន​កម្ម​ច្បាប់បោះឆ្នោត​ជា​ផ្លូវការ​នា​ថ្ងៃទី​ ៤ ខែកក្កដា បន្ទាប់ពី​រដ្ឋសភា​បានអនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​ចប់​សព្វគ្រប់​ទាំងស្រុង​កាលពី​ខែមិថុនា​កន្លងទៅនេះ និង​ត្រូវបាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាសថា ស្រប​នឹង​រដ្ឋ​ធម្ម​នុ​ញ្ញ​កាលពី​ថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ ​២០២៣​។​

​ព្រះរាជក្រម​បានលើកឡើង​ថា​៖ «​យើងព្រះករុណា​ព្រះបាទ​សម្តេច​​ព្រះបរមនាថ នរោត្តម​សីហមុនី ប្រកាស​ឱ្យប្រើ​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត ដែល​រដ្ឋសភា​បានអនុម័ត​កាលពី​ថ្ងៃទី​ ២៣ ខែមិថុនា នា​សម័យប្រជុំ​សភា​លើក​ទី​ ៩ នីតិកាល​ទី ​៦ ហើយ​ដែល​ព្រឹទ្ធសភា បាន​ពិនិត្យ​ចប់​សព្វ​គ្រប់​លើ​ទម្រង់ និង​គតិ​ច្បាប់​នេះ​ទាំងស្រុង កាលពី​ថ្ងៃទី​ ២៩ ខែមិថុនា នា​សម័យប្រជុំ​ពេញអង្គ​លើក​ទី​ ១០ នីតិ​​កាល​ទី​ ៤ ព្រមទាំង​ត្រូវបាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ប្រកាសថា ស្រប​នឹង​រដ្ឋធម្មនុញ្ញ ចុះ​ថ្ងៃទី​ ៣ ខែកក្កដា ឆ្នាំ​ ២០២៣»​។​

​ច្បាប់​នេះ​បានចែង​អំពី​ការធ្វើ​វិ​សោធ​ន​កម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើស​តាំង​តំណាងរាស្ត្រ ច្បាប់​ស្តីពី​ការ​បោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សាឃុំ សង្កាត់ ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើស​តាំង​សមាជិក​ព្រឹទ្ធសភា និង​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​រាជ​ធានី ក្រុមប្រឹក្សា​ខេត្ត ក្រុមប្រឹក្សា​ក្រុង ក្រុមប្រឹក្សា​ស្រុក ក្រុមប្រឹក្សា​ខណ្ឌ​។​ច្បាប់​នេះ ធ្វើឡើង​ក្នុង​គោលបំណង​លើកស្ទួយ​គុណ​តម្លៃ​នៃ​លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ​សេរី​ពហុបក្ស​ដែល​បាន​ចារឹក​នៅ ក្នុង​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ច្បាប់កំពូល​របស់​ជាតិ និង​លើកកម្ពស់​ការទទួលខុសត្រូវ របស់​អ្នកដឹកនាំ​នយោបាយ​ដែល​ត្រូវ​ជ្រើសរើស​តាមរយៈ​ការបោះឆ្នោត​តាមបែប​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស ទាំង​នៅ​ថ្នាក់ជាតិ ទាំង​នៅ​ថ្នាក់ក្រោម​ជាតិ​។​

​ច្បាប់​ស្តីពី​វិសោធនកម្ម​ច្បាប់​បោះ​​ឆ្នោត ត្រង់​មាត្រា​ ១៤២ ស្តីពី​វិសោធន​កម្ម​ច្បាប់​ស្តីពី​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ បាន​ចែងថា ត្រូវ​ផាក​ពិន័យ​ជា​ប្រាក់​ពី ៥​ លាន​រៀល ទៅ​ ២០​ លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្មទណ្ឌ​ផ្សេងទៀត ចំពោះ​ជន​ណា​ដែល​តាម​គ្រប់​មធ្យោបាយ​ទុច្ចរិត ដូចជា​ការរារាំង ឬ​ញុះញង់​ប្រជា​ពលរដ្ឋ​ដែលមាន​សិទ្ធិ​បោះឆ្នោត មិន​ឱ្យទៅ​ចុះឈ្មោះ​បោះឆ្នោត ឬ​រារាំង មិនឱ្យ​ចុះឈ្មោះ​ប្រជាពលរដ្ឋ ដែលមាន​សិទ្ធិ​បោះឆ្នោត​ក្នុង​បញ្ជី​បោះឆ្នោត និង​សៀវភៅបញ្ជី​បោះឆ្នោត និង​បង្ក​ការ​អុក​ឡុ​ក ឬ​រារាំង​សកម្ម​ភាពជា​ប្រក្រតី ក្នុង​ទីកន្លែង​សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ​បោះឆ្នោត នៅក្នុង​អំឡុងពេល​នៃ​ការពិនិត្យ​បញ្ជី និង​ចុះឈ្មោះ​បោះឆ្នោត​ជាដើម​។

​មាត្រា​ដដែល​បន្តថា ត្រូវ​លុបឈ្មោះ​ចេញពី​បញ្ជី​បោះឆ្នោត ឬ​/​និង​លុប​បេក្ខភាព​របស់​សាមីខ្លួន ឬ​/​និង​ដកសិទ្ធិ​ឈរឈ្មោះ​ឱ្យគេ​បោះឆ្នោត​របស់​សាមីខ្លួន​សម្រាប់​រយៈពេល ៥​ ឆ្នាំ​យ៉ាងតិច ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​​បោះឆ្នោត បន្ថែម​លើ​ទណ្ឌកម្ម ចំពោះ​ជន​ដែល​ប្រព្រឹត្ត​អំពើ​ល្មើស​។​

​ចំណែក​មាត្រា​ ១៤៣ ពី​វិសោធនកម្ម​ច្បាប់​ស្តីពី​ការ​​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ ក៏បាន​ចែង​ដែរ​ថា ត្រូវ​លុប​បេក្ខភាព​ឈរឈ្មោះ​របស់​គណបក្សនយោបាយ ឬ​/​និង​ត្រូវ​ផាកពិន័យ​ជា​ប្រាក់​ពី ១០​ លាន​រៀល ទៅ ​៣០​ លាន​រៀល ដោយ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដោយ​ពុំទាន់​គិតដល់​ទោស​ព្រហ្ម​​ទណ្ឌ​ដទៃទៀត​។​

​លោក​ សំ គ​ន្ធា​មី នាយក​ប្រតិប​ត្តិ​អង្គការ​និចហ្វិក នៅ​ថ្ងៃទី ​៥ ខែកក្កដា បាន​ថ្លែងថា បន្ទាប់ពី​ឡាយព្រះហស្តលេខា​ពី​ព្រះ​មហាក្សត្រ​ប្រកាស​ឱ្យប្រើ​ច្បាប់​ស្ដីពី​វិសោធនកម្ម​ច្បាប់​បោះ​ឆ្នោត​ជា​ផ្លូវការ​ហើយ គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត​មាន​តួនាទី ក្នុងការ​ចាត់ចែង​រៀប​ចំ​បញ្ចូល​ទៅក្នុង​បទបញ្ជា និង​នីតិវិធី​ឱ្យស្រប និង​តម្រូវ​ទៅតាម​ច្បាប់​នេះ ដើម្បី​អនុវត្ត​។

​លោក ​ហង្ស ពុទ្ធា អ្នក​នាំ​ពាក្យ គ​.​ជ​.​ប ប្រាប់ឱ្យដឹង​ដែរ​ថា ចំពោះ​ច្បាប់​ស្ដីពី​វិសោធន​កម្ម​ច្បាប់បោះឆ្នោត​ដែល​ត្រូវបាន​ព្រះមហាក្សត្រ​ប្រកាស​ឱ្យប្រើ​ជា​ផ្លូវការ​រួចហើយ​នេះ គ​.​ជ​.​ប ដែលជា​ស្ថាប័ន​អនុវត្ត​ច្បាប់​នឹង​ចាប់ផ្តើម​យក​ច្បាប់​នេះ​មក​ផ្ទៀងផ្ទាត់​ដើម្បី​អនុវត្ត​ហើយ​។​

​ទោះជា​យ៉ាងណា​លោក បាន​ថ្លែង​ដោយ​មិនទាន់​ហ៊ាន​ធ្វើ​អត្ថាធិប្បាយ​ឱ្យបាន​ច្រើនជាង​នេះ​ទេ ព្រោះ​ត្រូវ​រង់ចាំ​ការប្រជុំ​របស់​សមាជិក គ​.​ជ​.​ប ដើម្បី​សម្រេច​បែបណា​ជាមុនសិន​។​

​លោក គិ​ន ភា ប្រធាន​វិទ្យា​ស្ថាន​ទំនាក់ទំនង​អន្តរជាតិ​នៃ​រាជបណ្ឌិត្យសភាកម្ពុជា នៅ​ថ្ងៃទី​ ៥ ខែកក្កដា​បាន​សរសេរ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ដោយបាន​ភ្ជាប់​ក្រុម​បក្សប្រឆាំង​ដែល​គាំទ្រ​ជន​ជាប់ចោទ សម រង្ស៊ី នៅតែ​ប្រើ​យុទ្ធសាស្ត្រ និង​យុទ្ធនាការ​ការ​បោះឆ្នោត​ឆ្នាំ​ ២០១៨​ ដូច​មុន​ដដែល សម្រាប់​ការបោះឆ្នោត​ឆ្នាំ​ ២០២៣​។ ក្រុម​គាត់​នឹង​លើក​ហេតុផល​ថា ប្រជាពលរដ្ឋ​ទៅ​បោះឆ្នោត​ព្រោះ​ភ័យខ្លាច​ការគំរាមកំហែង​របស់​អាជ្ញាធរ ហើយ​ប្រជាពលរដ្ឋ​មិន​ហ៊ាន​គូស​សន្លឹកឆ្នោត​ចោល ព្រោះ​គណបក្ស​ប្រជាជន​កម្ពុជា​ធ្វើ​វិសោធនកម្ម​ច្បាប់បោះឆ្នោត​ដាក់​សម្ពាធ​លើ​ប្រជាពលរដ្ឋ​។

​លោក​ថា ក្នុងនាម​ជា​ពលរដ្ឋ​ល្អ​ក្នុងសង្គម​ប្រជាធិបតេយ្យ គ្មាន​ហេតុផល​អ្វីដែល​ប្រជាពលរដ្ឋ​ប​ដិ​សេធ​សិទ្ធិ​ខ្លួនឯង​ដែលមាន​កំណត់ដោយ​រដ្ឋ​ធម្មនុញ្ញ ដោយ​បោះបង់​ការបោះឆ្នោត ដែលជា​ការបោះបង់​សិទ្ធិ​អធិបតេយ្យ​ក្នុងការ​ជ្រើសរើស​មេដឹកនាំ​កំណត់​ជោគវាសនា​ប្រទេសជាតិ​៕