ភ្នំពេញៈ លោក​ កើត រិ​ទ្ធ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌​កាលពី​ថ្ងៃទី​ ៤ ខែកក្កដា បាន​ដឹកនាំ​គណៈប្រតិភូ​ក្រសួងយុត្តិធម៌​ទៅ​ចូលរួម​កិច្ចប្រជុំ​ពិសេស​រដ្ឋមន្ត្រី​យុត្តិធម៌​អាស៊ាន​-​ជប៉ុន (AJSMJ) និង​កិច្ចប្រជុំ​រដ្ឋមន្ត្រី​យុ​ត្តិ​ធម៌​អាស៊ាន​-G7 នៅ​ទីក្រុង​តូ​ក្យូ​ប្រទេស​ជប៉ុន ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​ ៦-៧ ខែកក្កដា​។​

​ក្រុម​ប្រទេស​មហាអំណាច​ G7 រួមមាន កាណាដា បារាំង អាល្លឺម៉ង់ អ៊ី​តា​លី ជប៉ុន ចក្រភព​អង់គ្លេស និង​សហរដ្ឋអាមេរិក​។​លោក ជិន ម៉ា​លីន រដ្ឋលេខា​ធិ​ការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌ ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ នៅ​ថ្ងៃទី ​៥ ខែកក្កដា​ថា កិច្ចប្រជុំ​ AJSMJ​ លើកដំបូង​នេះ​នឹង​ចាប់​​ផ្តើម​នៅ​ថ្ងៃទី​ ៦ ខែកក្កដា ដែលមាន​គោលបំណង​រំឭក​ខួប​ ៥០ ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​ជប៉ុន និង​អាស៊ាន និង​ពង្រឹង​កិច្ចសហការ​ផ្នែក​ច្បាប់​រវាង​ប្រទេស​ជប៉ុន និង​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន​។​

​លោក​បានឱ្យដឹងថា កិច្ច​ប្រ​ជុំ​ AJSMJ​ នេះ ផ្ដោតលើ​ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ការពង្រឹង​សមត្ថភាព ការផ្លាស់​​ប្តូរ​ព័ត៌មាន និង​ឯកសារ​ពាក់ព័ន្ធ​នឹង​ការអនុវត្ត​ច្បាប់ កិច្ច​សហ​ការ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការ​ដោះ​ស្រាយ​វិវាទ​ដែលមាន​វិវាទ​ពាណិជ្ជកម្ម​ឆ្លងដែន​ជាដើម​។​

​លោក ​ជិន ម៉ា​លីន បន្តថា កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​យុត្តិធម៌​អាស៊ាន​-G7​ដែល​ធ្វើ​ឡើងជា​លើកដំបូង​នៅ​ជប៉ុន​នៅ​ថ្ងៃទី​ ៧ ខែកក្កដា គឺជា​កិច្ចប្រជុំ​រវាង​រដ្ឋមន្ត្រី​យុត្តិធម៌​ជប៉ុន អាស៊ាន និង​ប្រទេស​មហាអំណាច​ G7​។ កិច្ចប្រជុំ​នេះ​មាន​គោលបំណង​ដើម្បី​ពង្រឹង​កិច្ចសហការ​ផ្នែក​ច្បាប់ រួមមាន ការបណ្តុះបណ្តាល​ពង្រឹង​សមត្ថភាព ការជួយ​គ្នា​ទៅវិញទៅមក​ផ្នែក​ច្បាប់ ការ​ផ្លាស់ប្តូរ​ព័ត៌មាន​ឯកសារ​ពាក់​ព័ន្ធ​ដល់​ការអនុវត្ត​ច្បាប់ ការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការដោះស្រាយ​វិវាទ​ពាណិជ្ជ​កម្ម​ឆ្លងដែន​ជាដើម​។​

​លោក​ថ្លែងថា​៖ «​សម្រាប់​កម្ពុជា​យើង​គាំទ្រ​ទៅលើ​កិច្ចសហការ​ទាំង​រវាង​ជប៉ុន និង​អាស៊ាន​ទាំង​រវាង​អាស៊ាន និង​G7 ក្នុងការ​ពង្រឹង​កិច្ចសហការ​ផ្នែក​ច្បាប់ និង​យុត្តិធម៌​ពាក់ព័ន្ធ​ដល់​ការពង្រឹង​សមត្ថភាព​ម​ន្ត្រី​អនុវត្តន៍​ច្បាប់ ការជួយ​គ្នា​ទៅវិញ​ទៅ​-​មក​ផ្នែក​ច្បាប់ ការចែករំលែក​ព័ត៌មាន​ឯកសារ​ក្នុងការ​អនុវត្ត​ច្បាប់​ក៏ដូចជា ការសហការ​ក្នុងការ​ទប់ស្កាត់​ឧក្រិដ្ឋកម្ម​ឆ្លងដែន និង​ការដោះស្រាយ​វិវាទ​ពាណិជ្ជ​កម្ម​ឆ្លងដែន​ជាដើម ល និង​ល​។ កម្ពុជា​គាំទ្រ​ស្មារតី​នៃ​កិច្ចប្រជុំ​និង​កិច្ចសហការ​នេះ​»​។​

​លោក ជិន ម៉ា​លីន បាន​បន្តថា ស្មារតី​នៃ​ការគាំទ្រ​នេះ គឺ​ផ្អែកទៅលើ​គោលការណ៍​ច្បាប់​អន្តរជាតិ គោលការណ៍​ច្បាប់​ជាតិ ផលប្រយោជន៍​នៃ​បណ្ដា​ប្រទេស​ជា​សមាជិក​អាស៊ាន ប្រទេស​ជប៉ុន ក៏ដូចជា​ប្រទេស​ជាស​មា​ជិ​ក​ G7 និង​ផលប្រយោជន៍​តំបន់​អាស៊ាន​ទាំងមូល​។​

​លោក​ កៅ គឹមហួន អគ្គ​លេ​​ខា​ធិ​ការ​អាស៊ាន​នឹងចូលរួម​កិច្ចប្រជុំ ​AJSMJ នេះ ដោយ​ការចូលរួម​របស់លោក​ត្រូវបាន​គេ​រំពឹងថា នឹង​ពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ និង​ភាពជា​ដៃគូ​អាស៊ាន​-​ជប៉ុន​លើ​នីតិរដ្ឋ និង​យុត្តិធម៌​។ នៅ​ថ្ងៃទី​ ៥ ​កក្កដា លោក​បាន​ចូលរួម​កិច្ចប្រជុំ​ពាក់ព័ន្ធ​ដូចជា វេទិកា​យុវជន​ពិសេស​ដែលមាន​គោលបំណង​លើក​​កម្ពស់​តួនាទី​យុវជន​អាស៊ាន​-​ជប៉ុន​ក្នុង​វិស័យ​នីតិរដ្ឋ សិទ្ធិ​មនុស្ស និង​យុត្តិធម៌​។​

​សេចក្តីប្រកាស​ព័ត៌មាន​អគ្គ​លេខាធិការដ្ឋាន​អាស៊ាន​បញ្ជាក់​ពីថ្ងៃ​ទី​ ៣ ខែកក្កដា​ថា លោក​កៅ គឹមហួន ក៏​នឹងចូលរួម​កិច្ចប្រជុំ​រដ្ឋមន្ត្រី​យុត្តិធម៌​អាស៊ាន​-G7 ដែលជា​ការចូល​រួមជាមួយ​គ្នា​លើកដំបូង​រវាង​អាស៊ាន និង​ប្រទេស​ G7​ លើ​បញ្ហា​កង្វល់​រួម​ក្នុងការ​លើកកម្ពស់ និង​រក្សា​សន្តិភាព និង​សណ្តាប់ធ្នាប់​អន្តរជាតិ និង​នីតិរដ្ឋ​។

​ក្នុងឱកាស​នោះ លោក ​កៅ គឹមហួន មានកម្ម​វិធិ​ជួប​ជាមួយ​គណៈកម្មាធិការ​អា​ស៊ាន​នៅ​ទីក្រុង​តូ​ក្យូ ការិយាល័យ​អង្គ​​ការ​សហប្រជាជាតិ​ទទួលបន្ទុក​គ្រឿងញៀន និង​ឧក្រិដ្ឋកម្ម ​(UNODC)​ និង​ធ្វើ​បាឋកថា នៅ​សាកលវិទ្យាល័យ​តូ​ក្យូ​។​

​សេចក្តីប្រកាស​ព័ត៌មាន​ដដែល​បញ្ជាក់ថា​៖ «​ស្រប​ពេលដែល​អាស៊ាន និង​ជប៉ុន​ប្រារព្ធ​ខួប​លើក​ទី ​៥០ ​នៃ​មិត្តភាព និង​កិច្ច​សហ​​ប្រតិបត្តិការ​អាស៊ាន​-​ជប៉ុន កិច្ចប្រជុំ AJSMJ និង​កិច្ចប្រជុំ​ពាក់​ព័ន្ធ​បង្ហាញ​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ​រវាង​ភាគី​ទាំង ​២ ​ក្នុងការ​ជំរុញ​លើ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន​-​ជប៉ុន​បន្ថែមទៀត​លើ​តម្លៃ​មូលដ្ឋាន​រួម ដូចជា នីតិរដ្ឋ ការគោរព​សិទ្ធិមនុស្ស យុត្តិធម៌​និង​វិស័យ​ផ្សេងទៀត​ដោយ​ផ្អែកទៅលើ​មូលដ្ឋាន​រឹងមាំ​នៃ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​រវាង អាស៊ាន​-​ជប៉ុន​»៕