ភ្នំពេញៈ​ រដ្ឋមន្ត្រីក្រសួង​ប្រៃស​ណីយ៍ និង​ទូរគម​នាគ​មន៍ លោក ជា វ៉ាន់​ដេ​ត ជំរុញ​ដល់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យា​ឌីជី​ថល​នៅ​កម្ពុជាឱ្យ​ចូល​រួម​អនុវ​ត្តតាម​គោល​ការណ៍​ណែនាំ​ស្តីពី​កិច្ច​ការពារ​កុមា​រលើ​ប្រព័ន្ធ​អន​ឡាញដើម្បី​ធ្វើ​យ៉ាង​ណា​ឱ្យ​កុមារ​កម្ពុជា​ មាន​អី​ន​ធឺ​ណិ​ត​ប្រើប្រា​ស់​ប្រកប​ដោយសុវ​ត្ថិភាព និង ​ឱ្យ​ពួក​គេ​ក្លាយ​ជា​ពលរដ្ឋ​ឌីជីថល​រឹងមាំដែល​ទ្រ​ទ្រង់​ដល់​ដំណើរ​កា​រកសាង​សេដ្ឋកិច្ច​​និង​សង្គម​ឌីជី​ថល​រស់​រវើក​។

​លោក ​ជា វ៉ាន់​ដេ​ត បាន​ជំរុញ​បែប​នេះ​ក្នុង​ពិធី​ប្រកាស​ដាក់​ឱ្យអ​នុវត្ត​គោល​ការណ៍​ណែនាំស្តីពី​កិច្ច​ការពារ​កុមា​រលើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ក្រុម​ហ៊ុន​ប​ចេ្ច​ក​វិទ្យា​ឌីជីថល ​ដើម្បី​ធានា​សុវត្ថិ​ភាព​កុមា​រលើ​ប្រព័ន្ធ​អន​ឡាញ​ដែល​ធ្វើ​ឡើង​នៅ​ទីស្តី​ការ​ក្រសួង​ប្រៃ​សណីយ៍ ​និង​ទូរគ​មនាគម​ន៍ ​នៅ​ថ្ងៃទី៦ ខែកក្កដា​​។

​លោក​រដ្ឋ​មន្ត្រី​ក្រសួង​ប្រៃស​ណីយ៍​​បានលើក​ឡើង​ថា គោ​លកា​រណ៍​ណែនាំ​​នេះជា​ការ​ប​ញ្ជាក់​ជាថ្មីពី​ការប្តេ​ជ្ញា​ចិត្ត​របស់​រាជ​រដ្ឋាភិ​បាល​កម្ពុជា ​និង​ដៃ​គូក្នុងកា​រ​ប្រកាន់​គោលជំ​ហរ​ច្បាស់​លាស់​ ដើម្បី​ការពារ​កុមារ​ពី​ការ​កេង​ប្រវ័ញ្ច​ និង​ការ​រំលោភ​បំពាន​ផ្លូវភេ​ទ​គ្រប់​រូប​ភាព​នៅ​កម្ពុជា​។​

​លោក​បញ្ជាក់​ថា​៖«​ការ​ចូលរួម​របស់​ក្រុមហ៊ុ​ន​បច្ចេក​វិទ្យា​ឌីជីថលក្នុងការ​អនុវត្ត​តាម​គោល​ការណ៍​ណែនាំ​នេះ គឺជា​ការចូ​លរួម​ធានា​សុវត្ថិ​ភាព​កុមារ​កម្ពុជានិង​ជា​ការ​ឆ្លើយ​តប​ឱ្យបាន​ទាន់​ពេលវេលា​ទៅនឹង​គ្រោះ​ថ្នាក់​ដែល​អាចកើត​មាន​ឡើង​លើ​ប្រព័ន្ធ​អន​ឡាញ​»​។

​លោ​ជា វ៉ាន់ដេ​ត បាន​បន្ត​ថា បើ​គ្មាន​ការ​ចូ​លរួម​ពី​បណ្តា​ក្រុមហ៊ុន​បច្ចេកវិ​ទ្យា​ឌីជីថល​ទេ នោះ​កិច្ច​ការពារ​កុមា​រលើ​ប្រព័ន្ធ​អន​ឡាញ​នឹង​ជួប​ប្រទះ​​បញ្ហា​លំបាក ​មិន​អាច​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មិន​អាច​ទទួល​លទ្ធ​ផល​ជោគ​ជ័យ​បាន​ឡើយ​។​

​លោក​បានបញ្ជាក់​ទៀត​ថា ការ​ជំរុញ​ការ​អនុវត្ត​គោល​ការណ៍​ណែ​នាំ​នេះ មិ​នមែន​ជា​ការ​ដាក់​បន្ទុក​បន្ថែម​លើ ​វិស័យ​ឯកជន​នោះ​ទេ​។ ផ្ទុយ​ទៅ​វិញ វា​ជា​ការ​ជួយ​សម្រប​សម្រួល និង​ជួយ​តម្រង់​ទិស​ដល់​ក្រុម​ហ៊ុន​បច្ចេក​វិទ្យាឌីជីថលឱ្យ​អនុ​លោម​ទៅ​តាម​ច្បាប់​និង​និន្នា​ការ​ថ្មីៗ​ក្នុង​លម្ហ​ឌីជីថល ​ដែល​កំពុង​កើត​មាន​ឡើង​នៅ​កម្ពុជា ក្នុង​តំបន់ ​និង​នៅ​លើ​សកល​លោក​។

​លោក​ស្រី ​តាន់ សុ​ដា​នី ប្រធាន​នាយ​កដ្ឋា​ន​គោល​នយោ​បាយ ​បច្ចេ​កវិទ្យា​គមនា​គមន៍​ និង​ព័ត៌មា​ននៃ​ក្រសួង​ប្រៃសណីយ៍និង​ទូ​រគ​ម​នាគមន៍​បាន​ឱ្យដឹង​ថា គោល​ការណ៍​ណែនាំ​ស្តីពី​កិច្ចកា​រពារ​កុមា​រលើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​ក្រុ​មហ៊ុន​បច្ចេ​កវិទ្យា​ឌីជី​ថល​មាន​ គោល​បំណង​លើកទឹ​កចិ​ត្ត​ឱ្យ​បណ្តា​ក្រុមហ៊ុន​នានា​ក្នុង​វិស័យនេះ​ចូ​លរួម​ទប់​ស្កាត់​ និង​ឆ្លើយ​តប​ឱ្យ​បាន​ទាន់ពេល​វេលា​ចំពោះ​គ្រោះ​ថ្នាក់​ដែល​កំពុង​កើត​មាន​ និង​​គ្រោះថ្នាក់​ក្នុង​ទម្រង់​ថ្មីៗដែល​កើត​ចេញ​ពី​កា​រប្រើ​ប្រាស់​បច្ចេក​វិទ្យា​។

​លោក​ស្រី​បានបន្ត​ថា ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​នៅក្នុ​ង​វិស័យ​នេះ អាច​បំពេញ​ការទ​ទួល​ខុស​ត្រូវ​របស់​ខ្លួន​តាមរ​យៈការ​អនុវត្ត​គោល​នយោ​បាយ​ស្តីពី​កិច្ច​ការ​ពារ​សុវត្ថិ​ភាព​កុមារ​របស់​អង្គ​ភាព​រៀងៗ​ខ្លួន​ ក៏ដូ​ចជា​ធ្វើការ​ទប់​ស្កាត់ និង​ឆ្លើយ​តប​ចំពោះ​មាតិ​កា​ដែល​បង្ហាញ​ពី​ការ​រំលោភ​បំពាន​ផ្លូវ​ភេទ​កុមារ​។ បង្កើត​វិធាន​ការ​ទប់​ស្កាត់​ការ​កេង​ប្រវ័ញ្ច និង​រំលោភបំ​ពាន​ផ្លូវ​ភេទ​កុមារ​ដូច​ជា​ផ្តល់​ការ​ណែនាំ​ និង​កំណត់​ពី​វិធាន​ឱ្យ​បាន​ច្បាស់​លាស់​ដើម្បី​ផ្តល់​កិច្ច​ការ​ពារ​ដល់​កុមា​រលើ​ប្រព័ន្ធ​អន​ឡាញ​។

​ក្រុម​ហ៊ុន​ពាក់​ព័ន្ធ​នៅ​ក្នុង​វិស័យ​នេះក៏​អាច​ផ្តល់​វិធាន​ការ​ការ​ពារ​ ជាពិសេស​វិធី​រាំងខ្ទប់​ទាំង​មនុស្ស ​និង​មាតិ​កា​មិន​សមរម្យ​ ឬ​មាតិកា​​ដែល​អាច​បង្ក​ផល​ប៉ះ​ពាល់​ដល់​កុមា​រ រាយ​ការណ៍ ​និង​ទទួល​អន្តរា​គមន៍​ពី​អាជ្ញា​ធរ​ ឬ​សេវា​ពាក់​ព័ន្ធ​។ ទន្ទឹម​នោះ​ក្រុម​ហ៊ុន​ត្រូវ​ធានា​ថា​ទិន្ន​ន័យ ​និង​ព័ត៌​មាន​ពាក់​ព័ន្ធ​នឹង​កុមារ​ដែល​កំពុង​ប្រើ​ប្រាស់​ក្នុងប្រព័ន្ធ​អ៊ីន​ធឺណិត​ត្រូវ​បាន​រក្សា​ទុកជា​ព័ត៌មាន​សម្ងាត់ ​និង​មាន​ឯក​ជន​ភាព​។​

​លោក​ស្រី​បញ្ជាក់​ថា​៖«​គោល​ការ​ណ៍​ណែនាំ​នេះ ​ផ្តល់​ឱកាស​មិន​ធ្លាប់​មាន​ដល់​ក្រុមហ៊ុន​បច្ចេក​វិទ្យា​ឌីជីថល​ដែល​ពាក់​ព័ន្ធ​ដូចជា​ក្រុម​ហ៊ុន​បណ្តាញ​ទំនាក់​ទំនង​សង្គម ​ក្រុម​ហ៊ុន​ផ្តល់​សេវា​អ៊ីន​ធឺណិត ​ក្រុម​ហ៊ុន​ផ្តល់​សេវា​ទូរ​ស័ព្ទ​ចល័ត​ ក្រុម​ហ៊ុន​រក្សា​ទិន្ន​ន័យ ​អ្នក​ផលិត​មាតិ​កា ​ក្រុម​ហ៊ុន​សរ​សេរ​កម្ម​វិធី​Softwar​e និងApps អាច​បង្កើន​សុវត្ថិភាព​លើ​ប្រព័ន្ធ​អន​ឡាញ​សម្រាប់​កុមារ ​និង​យុវជន​គ្រប់​រូប ស្រប​ទៅ​តាម​សិទ្ធិ​កុមារ​ និង​ស្តង់​ដា​ក្រម​សីល​ធម៌​ខ្ពស់​បំផុត​»​។​

​លោក Will Parks តំណាង​អង្គការ​យូ​នី​សេ​ហ្វ​នៅ​កម្ពុជា បាន​បង្ហាញ​សេចក្តី​រីករា​យ​ចាខ្លាំង​ពេល​ដឹងថា​គោលកា​រណ៍​ណែនាំ​នេះ ​ត្រូវ​បាន​រៀ​បចំ​ឡើង​ដោយ​ផ្អែក​លើ​ច្បាប់ និង​លិខិត​បទដ្ឋាន​គតិយុ​ត្ត សម្រាប់​គ្រប់​គ្រង​ក្រុមហ៊ុន​បណ្តាញ​ទំនាក់​ទំនង​សង្គម​អន្តរ​ជាតិ​ភាគច្រើ​ន​។

ទោះ​ជា​យ៉ាង​នេះ​ក្តី លោក​ថា​កិច្ចកា​រពារ​កុមា​រលើ​ប្រព័ន្ធ​អន​ឡាញ ​គឺជា​កិច្ចកា​រ​ដ៏​ស្មុគ​ស្មាញ​​ដែលតម្រូវ​ឱ្យមាន​ការប្តេជ្ញា​ចិត្ត ការ​សម្រប​សម្រួល​ប្រកប​ដោយ​ប្រសិទ្ធ​ភាព និង​កិច្ចស​ហកា​រ​ដោយ​មាន​ការ​តាំង​ចិត្ត​រួមគ្នា​ជា​មួយ​វិស័យ​ឯក​ជន​ ដើម្បី​ផ្តល់​ឱ្យ​កុមារ និង​ក្មេង​ជំទង់​នូវ​សេវា​ដែល​មាន​សុវត្ថិ​ភាព ​ងាយ​ស្រួល​ប្រើ​ប្រាស់ ​និង​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​អ្នក​ប្រើ​ប្រាស់​។​

​លោក​ថ្លែង​ថា​៖«​ការ​សម្លុត​គំរាម​តាម​ប្រព័ន្ធ​អន​ឡាញ​ និង​អំពើ​ហិង្សា​ពី​មិត្ត​ភក្តិ​ក្នុង​ទម្រង់​ផ្សេងៗ​ទៀត​ អាច​បង្ក​ផល​ប៉ះពា​ល់​ដល់​កុមារ​នៅ​ពេល​ពួកគេ​ប្រើប្រា​ស់​បណ្តាញ​ទំនាក់​ទំនង​សង្គមឬ​ប្រើ​ប្រាស់​កម្មវិធី​ផ្ញើ​សារ​នានា​។ បញ្ហា​ដែល​គួរឱ្យ​បារម្ភ​បំផុត​នោះ​គឺ​ការ​កេង​ប្រវ័ញ្ច និង​រំលោភ​បំពាន​ផ្លូវ​ភេទ​តាម​ប្រព័ន្ធ​អន​ឡាញ​»​។​

​លទ្ធ​ផល​រ​កឃើញ​ថ្មីៗ​ដក​ស្រង់​ចេញពី​របាយ​ការណ៍​សក​ល​របស់​យូ​នី​សេ​ហ្វក្រោម​ចំណងជើ​ង «​ការ​បញ្ឈប់​គ្រោះ​ថ្នាក់​​ក្នុងប្រ​ទេស​កម្ពុជា​»​បាន​បង្ហាញ​ថា នៅ​កម្ពុជា​ក្នុង​ចំណោម​កុមារ​អាយុ​១២​ ទៅ១​៧​ឆ្នាំ​ចំនួន​១០នាក់​មាន​កុមារ​លើស​ពី​ម្នាក់​បាន​ទទួលរង​ការ​កេង​ប្រវ័ញ្ចឬ​កា​រំលោភ​បំពាន​ផ្លូវភេ​ទ​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​ទម្រង់​ណា​មួយ​។នេះ​បើតាម​ការ​បន្ថែម​របស់​លោក​ Will Parks ៕