ភ្នំពេញៈ មន្រ្តីជាន់​ខ្ពស់​ក្រសួងមហាផ្ទៃ បញ្ជាក់ថា ក្នុងរយៈពេល ៥ ឆ្នាំ គឺ​ក្នុង​អាណត្តិទី៦ កន្លង​មកនេះ ក្រសួង​បាន​ខិតខំ​បំពេញ​ភារកិច្ច​របស់ខ្លួនប្រកបដោយប្រសិទ្ធភាព និង​គណនេយ្យភាព ពាក់ព័ន្ធ​ការងារ​ទាំង​សុវត្ថិភាព សណ្តាប់ធ្នាប់​សាធារណៈ និងការទប់ស្កាត់បទល្មើសនានា។

លោក សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ បានលើកឡើងបែបនេះ ក្នុងពេលលោកដឹកនាំកិច្ចប្រជុំលើកទី៥ នៃគណៈកម្មការដឹកនាំគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ដោយមានការចូលរួមពីរដ្ឋលេខាធិការ អគ្គនាយកដ្ឋានរដ្ឋបាល ក្រសួងមហាផ្ទៃ និងតំណាងក្រសួង ស្ថាប័នពាក់ព័ន្ធជាច្រើនរូបទៀត កាលពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២៣។

ថ្លែងក្នុងពិធីនេះលោកវាយតម្លៃខ្ពស់ចំពោះថ្នាក់ដឹកនាំ និងមន្ដ្រីគ្រប់លំដាប់ថ្នាក់ នៃសាលាជាតិរដ្ឋបាលមូលដ្ឋាន ក៏ដូចជាមន្ដ្រីនៃអង្គភាពគ្រប់គ្រងគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន បានខិតខំប្រឹងប្រែងយ៉ាងសកម្ម ក្នុងការអនុវត្តការងាររបស់សាលាជាតិរដ្ឋបាលមូលដ្ឋាន និងការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។ នេះបើតាមក្រសួងមហាផ្ទៃ។

លោកបានបន្ដថា ឆ្នាំ២០២៣នេះជាឆ្នាំចុងក្រោយ នៃការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល សម្រាប់នីតិកាលទី៦ នៃរដ្ឋសភា ហើយក្នុងរយៈពេល៥ឆ្នាំ កន្លងមកនេះ កម្ពុជាសម្រេចបានជោគជ័យជាច្រើនគួរឱ្យកត់សម្គាល់ និងមានមោទនភាព ទាំងនៅក្នុងក្របខ័ណ្ឌផ្ទៃក្នុងជាតិ តំបន់ និងអន្តរជាតិ បើទោះបីពិភពលោកកំពុងប្រឈមបញ្ហាស្មុគស្មាញភាពមិនប្រាកដប្រជា ទាំងផ្នែកនយោបាយ សន្តិសុខ និងគ្រោះធម្មជាតិជាច្រើនដែលបង្កឡើងដោយមនុស្ស និងធម្មជាតិ បានធ្វើឱ្យប៉ះពាល់យ៉ាងធំធេងដល់ការអភិវឌ្ឍសង្គម សេដ្ឋកិច្ចជាសកល។

លោក សក់ សេដ្ឋា គូសបញ្ជាក់ថា៖«ក្នុងរយៈពេល៥ឆ្នាំនេះ ក្រសួងមហាផ្ទៃ ក៏បានខិតខំបំពេញភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព និងគណនេយ្យភាព ដោយសម្រេចបាននូវសមិទ្ធផលសំខាន់ៗជាច្រើន ពាក់ព័ន្ធការថែរក្សា និងការការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈក្នុងសង្គមការងារអត្តសញ្ញាណកម្ម ការងារអន្តោប្រវេសន៍ ការទប់ស្កាត់អំពើជួញដូរមនុស្ស និងគ្រឿងញៀន»។

បន្ថែមពីនេះក្រសួងក៏បានបំពេញតួនាទីបានល្អក្នុងការគ្រប់គ្រងពន្ធនាគារ ការគ្រប់គ្រងគណបក្សនយោបាយ និងអង្គការមិនមែនរដ្ឋាភិបាល តាមវិធានការច្បាប់ ក៏ដូចការអនុវត្តគោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការផងដែរ។

លោកបន្ថែមថា សម្រាប់ក្នុងក្របខ័ណ្ឌផ្ទៃក្នុង កម្ពុជាបានចាត់វិធានការចាំបាច់នានាដោយជោគជ័យទាំងផ្នែកសង្គម និងសេដ្ឋកិច្ច ដើម្បីឆ្លើយតបទៅនឹងផលប៉ះពាល់ដែលបង្កឡើងដោយជំងឺកូវីដ១៩ ជំនន់ទឹកភ្លៀង ក៏ដូចពីវិបត្តិសកលផ្សេងទៀត មានដូចជា ការកើនឡើងតម្លៃទំនិញ ប្រេងឥន្ធនៈ និងការធ្លាក់ចុះនៃសកម្មភាពសេដ្ឋកិច្ច ជាដើម។

ជាមួយគ្នានេះលោក សក់ សេដ្ឋា បានបញ្ជាក់ថា ការសម្រេចបានសមិទ្ធផលគួរឱ្យមោទនៈទាំងនេះ គឺដោយសារមានការណែនាំ និងការគាំទ្រប្រកបដោយយុទ្ធសាស្ត្រ និងចក្ខុវិស័យវែងឆ្ងាយរបស់ថ្នាក់ដឹកនាំរាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ទាំងផ្នែកគោលនយោបាយ ការពង្រឹងស្ថាប័ន និងការពង្រឹងសមត្ថភាពរបស់មន្ត្រីរាជការ ទាំងមន្ត្រីរាជការស៊ីវិល មន្ត្រីនគរបាលជាតិ និងមន្ត្រីពន្ធនាគារ។

នាឱកាសនោះដែរលោក សូ មុនីរក្សា នាយកសាលាជាតិរដ្ឋបាលមូលដ្ឋាន ក្រសួងមហាផ្ទៃ បានធ្វើបទបង្ហាញអំពីវឌ្ឍនភាព នៃការអនុវត្តគម្រោងសាលាជាតិរដ្ឋបាលមូលដ្ឋាន សម្រាប់ឆមាសទី១ ឆ្នាំ២០២៣ និងផែនការសកម្មភាព សម្រាប់ឆមាសទី២ ឆ្នាំ២០២៣ និងសេចក្ដីព្រាងផែនការយុទ្ធសាស្ដ្រ ៥ឆ្នាំ របស់សាលាជាតិរដ្ឋបាលមូលដ្ឋាន (២០២៣-២០២៨)។

ពាក់ព័ន្ធសមិទ្ធផលនេះដែរ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ធ្លាប់ថ្លែងថា សមិទ្ធផល និងស្នាដៃធំៗជាច្រើនដែលរាជរដ្ឋាភិបាលកម្ពុជាសម្រេចបាន ក្នុងរយៈពេល៥ឆ្នាំ ក្នុងនោះមានដូចជាកិច្ចការពារបូរណភាពទឹកដី និងអធិបតេយ្យជាតិ ការបង្ការទប់ស្កាត់ជំងឺកូវីដ១៩ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ការរៀបចំជោគជ័យនូវកិច្ចប្រជុំកំពូលអាស៊ាន និងព្រឹត្តិការណ៍កីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេមជាដើម។ លោកគូសបញ្ជាក់ថា៖«ទិសដៅរបស់រាជរដ្ឋាភិបាលសម្រាប់ឆ្នាំ២០២៣ និងរយៈពេល៥ឆ្នាំ គឺការការរក្សាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍគ្រប់វិស័យ»៕