រតនគិរីៈ អង្គការ​សត្វព្រៃ និងរុក្ខជាតិ សហការ​ជាមួយ​នាយកដ្ឋាន​អភិរក្ស​តំបន់ការពារ​ដីគោក​ខាងកើត​ទន្លេមេគង្គ​នៃ​ក្រសួង​បរិស្ថាន និងមន្ទីរ​បរិស្ថាន​ខេត្តរតនគិរី និងស្ទឹងត្រែង បានចុះ​សិក្សាស្រាវជ្រាវ​ជីវៈចម្រុះ​ក្នុងឧទ្យាន​ជាតិ​វីរៈជ័យ​តាមរយៈ​ដាក់ម៉ាស៊ីន​ថត​ស្វ័យប្រវត្តិ​ជាខ្សែ​វីដេអូ​ថត​បាន វត្តមាន​សត្វឈ្លូស​យក្ស​ជាច្រើនក្បាល​ដែលការ​រកឃើញ​ដ៏រំភើប​រីករាយ​ក្នុង​ឆ្នាំ ២០២៣នេះ។

តាមការផ្សាយ​លើ​ហ្វេសប៊ុក​ក្រសួង​បរិស្ថាន​បានឱ្យដឹង​ថា ម៉ាស៊ីន​ថតស្វ័យ​ប្រវត្តិ នៅតំបន់ព្រៃជ្រៅដាច់ស្រយាលក្នុងឧទ្យានជាតិនេះ ថតបានសត្វឈ្លូសយក្ស ដែលជា​ប្រភេទ​សត្វ​ជិតផុត​ពូជ​បំផុត​នៅលើ​ពិភពលោក ជាច្រើនក្បាល។ ការរកឃើញ​នាពេលថ្មីៗ​នេះ​បាន បញ្ជាក់​ពីសារៈ​សំខាន់​នៃឧទ្យាន​ជាតិវីរៈជ័យ​សម្រាប់​សត្វ​ដែលជិតផុត​ពូជ​បំផុត​ប្រភេទ​នេះ។

ការសិក្សាស្រាវជ្រាវ​កន្លងមក​របស់​អង្គការសត្វព្រៃ និងរុក្ខជាតិ​ជាមួយ​ក្រសួងបរិស្ថាន ក្នុងឆ្នាំ ២០២១ បានរកឃើញ​នូវ​វត្តមាន​ឈ្លូស​យក្ស​ញី​ជាមួយ​កូន​នៅក្នុង​ឧទ្យាន​ជាតិ​វីរៈជ័យ ដែលបាន​បង្ហាញ​ថា​ប្រភេទ​សត្វ​នេះបានបន្ត​ពូជ​នៅក្នុង​តំបន់​នេះ។

ប្រភព​បញ្ជាក់​ថា៖«ការរកឃើញ​បន្ថែមទៀត​នូវ​វត្តមាន​ប្រភេទ​សត្វ​នេះ គឺបានបញ្ជាក់​យ៉ាងច្បាស់​ថា​ប្រភេទ​សត្វ​ដ៏កម្រ​នេះ​កំពុងតែ​រស់នៅ​ក្នុង​តំបន់​ឧទ្យានជាតិ​នេះ។ តែទោះបីជា​យ៉ាងណា ប្រភេទ​សត្វឈ្លូស​យក្ស​បាន​និង​កំពុងប្រឈម​នឹង​ហានិភ័យ​នៃការផុត​ពូជ​ពី​ធម្មជាតិ ដោយសារ​កត្តា​គំរាមកំហែង​ពីការបរបាញ់ និងការដាក់​អន្ទាក់»។

បើតាម​ក្រសួង​បរិស្ថាន ដើម្បី​ការពារ​សត្វឈ្លូស​យក្ស​ឱ្យបាន​គង់វង្ស ចាំបាច់​ត្រូវការ​ព័ត៌មាន​ទិន្នន័យ​ទាំងអស់​នេះ ក្នុងការរៀបចំ​ផែនការ​អភិរក្ស​ជាក់ស្តែងជា​បន្ទាន់ ដើម្បី​ការពារ​ទីជម្រក​ចុងក្រោយ​សម្រាប់​ប្រភេទ​សត្វ​ដ៏កម្រ​មួយនេះ៕