កំពង់ឆ្នាំងៈ ​ព្រះមហាក្សត្រ សម្ដេចព្រះ​បរមនាថ នរោត្តម សី​ហ​មុនី បាន​អំពាវនាវ​ដល់​ជន​រួម​ជាតិ​ចូលរួម​ការពារ​ព្រៃឈើ និង​សត្វព្រៃ​គ្រប់​ប្រភេទ ដើម្បី​ធានា​នូវ​ធនធាន​ព្រៃឈើ​សម្រាប់​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ដោយ​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា ព្រៃឈើ​ជា​សម្បត្តិ​ធម្មជាតិ​ដែលមាន​តម្លៃ និង​ជួយ​ទប់ស្កាត់​គ្រោះ​ធម្មជាតិ​នានា​។​

​ការអំពាវនាវ​នេះ​ធ្វើឡើង​នៅក្នុង​ព្រះរាជ​ពិធី ​«​បុណ្យ​រុក្ខទិវា ៩​ កក្កដា​» ដែល​រៀបចំឡើង​នៅ «​ស្ថានីយ​ដាំ​ឈើ​ម្សៅ​ក្រដាស ហ៊ុន សែន មា​នក​» ស្ថិត ក្នុង​ភូមិ​អូរ​កា​ខុប ឃុំ​ក្រាំង​ល្វា ស្រុក​សាមគ្គី​មានជ័យ​។ ពិធី​នេះ​ក៏មាន​ការចូលរួម​ពី​មន្ត្រីជាន់ខ្ពស់​ជាច្រើនរូប​ផងដែរ​ក្នុងនោះ​មាន​លោក សាយ ឈុំ ប្រធានព្រឹទ្ធសភា​, លោក​ហេង សំរិន ប្រធានរដ្ឋសភា​,​ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​, រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ លោក ស ខេង​,​ ព្រមទាំង​សមាជិក​រាជរដ្ឋាភិបាល​មន្ត្រីរាជការ កងកម្លាំង​ប្រដាប់​​អាវុធ និង​ប្រជាពលរដ្ឋ​ជាច្រើនរូប​ទៀត​។​

​ក្នុង​ទិវា​នោះ​ព្រះមហាក្សត្រ មាន​ព្រះបន្ទូល​លើកឡើងថា ប្រជារាស្ត្រ​កម្ពុជា​យល់ច្បាស់​ណាស់​ថា ព្រៃឈើ​គឺជា​សម្បត្តិ​ធម្មជាតិ​ដែលមាន​តម្លៃ​ដែល​ជួយ​ទប់ស្កាត់​ខ្យល់​កន្ត្រាក់ រន្ទះ​និង​គ្រោះរាំងស្ងួត​ដែលជា​ទី​តម្កល់​ទឹក​សម្រាប់​តម្រូវការ​រប​ស់មនុស្ស និង​សត្វ​។​

​ម្យ៉ាងទៀត​ព្រៃឈើ មិន​ត្រឹមតែ​មានគុណ​តម្លៃ​ខាង​សេដ្ឋកិច្ច និង​សង្គម​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ជួយ​ថែរក្សា លំនឹង​បរិស្ថាន​ធម្មជាតិ ធ្វើឱ្យ​ធាតុ​អាកា​សមានភាព​បរិសុទ្ធ រក្សា​និ​យ​ត​ភាព​ប្រភពទឹក ព្រមទាំង​ការពារ​ទី​ជម្រាល និង​ជីវចម្រុះ​ទៀតផង​។

​ព្រះអង្គ​មាន​ព្រះបន្ទូល​ថា​៖ «​ក្រោម​ព្រះរាជកិច្ច​ដឹកនាំ​របស់​ព្រះ​បរម​រតន​កោដ្ឋ ព្រះករុណា ព្រះបាទ​សម្តេច​​ព្រះ​នរោត្តម សីហនុ​តែងតែ​ក្រើនរំឭក ដល់​កូនចៅ​ជាទី​ស្រឡាញ់​របស់​ព្រះអង្គ ឱ្យ​ចូលរួម​ថែរក្សា និង​ការពារ​ព្រៃឈើ ដែលជា​កាតព្វកិច្ច​រប​ស់​ប្រជាពលរដ្ឋ​គ្រប់ៗ​រូប ត​កូន ត​ចៅ រៀង​រហូតមក​»​។

​ស្ថិតក្នុង​បរិបទ​នេះ ព្រះអង្គ​ក៏បាន​អំពាវនាវ​ចំពោះ​ព្រះសង្ឃ អាជ្ញាធរ​ដែនដី វិស័យ​ឯកជន និង​ជនរួមជាតិ​នៅ​ទូទាំងប្រទេស ជួយ​ចូលរួម​ដាំ​ដើមឈើ​គ្រប់​ប្រភេទ​ឱ្យបាន​ច្រើន ក្នុងនោះ​ក៏មាន​ដើមត្នោត​ដែលជា​រុក្ខជាតិ​តំណាង​អត្តសញ្ញាណ​ជាតិខ្មែរ ដើមឈើ​ទាល ដើម​គគីរ ជាដើម នៅតាម​ទីវ​ត្ត​អារាម ទី​សា​ធា​​រណៈ រមណីយដ្ឋាន ដងផ្លូវ​លំ ផ្លូវជាតិ ដង​ប្រ​ឡាយ ភូមិឋាន​នានា និង​ភ្លឺស្រែ​ចម្ការ ដើម្បី​បំពេញតម្រូវការ​ផល​ព្រៃឈើ និង​សហគមន៍​នានា​។

​ព្រះអង្គ​បន្តថា​៖ «​ម្យ៉ាងវិញទៀត​សូម​បងប្អូន​ជនរួមជាតិ ចូលរួម​ការពារ​ព្រៃឈើ និង​សត្វព្រៃ​គ្រប់​ប្រភេទ ដើម្បី​ធានា​ធនធាន​ព្រៃ​ឈើ​សម្រាប់​កូនចៅ​ជំនាន់​នេះ និង​ជំនាន់​ក្រោយៗ​ទៀត និង​ជាពិសេស​ត្រូវយក​ចិត្ត​ទុក​ដាក់​ធ្វើ​កសិកម្ម​ចម្រុះ​នៅតាម​សហគមន៍​នីមួយៗ ឱ្យអស់​លទ្ធភាព​ទៅតាម​សក្តានុពល​ដី​ប្រកប​ដោយ​ភាព​វៃឆ្លាត ដោយ​មិន​ពឹង​អាស្រ័យ​តែ​ទៅលើ​ផល អនុផល​ព្រៃឈើ​នោះឡើយ ជាមួយនឹង​ការគាំទ្រ និង​ការជួយ​ណែនាំ​បច្ចេកទេស​បន្ថែម​ពី​មន្ត្រី​ជំនាញ​»​។

​ព្រះអង្គ​បន្តថា​៖ «​សូមឱ្យ​បុណ្យ​រុក្ខទិវា​នេះ ស្ថិតនៅ​ជាមួយ​បងប្អូន​ជនរួមជាតិ​គ្រប់ៗ​រូប និង​ក្លាយជា​ប្រពៃណី​នៃ​ការរួមសាមគ្គីគ្នា ដាំ​ដើមឈើ​គ្រប់​ប្រភេទ រួម​គ្នា​ថែរក្សា​ការពារ និង​អភិវឌ្ឍ​ធនធាន​ព្រៃឈើ សត្វព្រៃ ដែលជា​មរតក​ដ៏​មានតម្លៃ​របស់​ជាតិ​យើង​ឱ្យបាន​គង់វង្ស​រហូត​តទៅ​»​។​

ប្រជាពលរដ្ឋ​ចូលរួម​ក្នុងព្រះរាជពិធីដាំកូនឈើ​ នៅ​ខេត្តកំពង់ឆ្នាំងពីថ្ងៃ ៩ កក្កដា។ រូប ហ្វេសប៊ុក​ស ខេង

​នា​ពិធី​នោះដែរ លោក ឌិ​ត ទីណា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក៏បាន​ថ្លែង​ដែរ​ថា មកទល់​ឆ្នាំ ​២០២៣ ​នេះ ពិធី​បុណ្យ​រុក្ខទិវា​ត្រូវបាន​ប្រារព្ធ​ធ្វើឡើង​ចំនួន​ ២៨ ​លើក នៅតាម​បណ្តា​រាជធានី​ខេត្ត​ចំនួន ​១៤ នៅ​ទូទាំងប្រទេស ដោយបាន​បង្កើតជា​សួន​រុក្ខទិវា​ទំហំ ៤៦២​ ហិកតា​។

លោក​ថ្លែងថា​៖ «​ព្រឹត្តិការណ៍​រុក្ខទិវា​បាន​បង្កើតជា​ចលនា​ស្រឡាញ់​ព្រៃឈើ និង​ដាំ​កូនឈើ​ផ្សេងៗ​ទៀត ក្រៅ​ពីថ្ងៃ​ប្រារព្ធ​ពិធីបុណ្យ​រុក្ខទិវា នៅ​គ្រប់ទិសទី​ទូទាំងប្រទេស ដោយបាន​បង្កើតជា​ចម្ការ​ឈើ​ជាង ៨ ​ម៉ឺន​ហិកតា និង​សួន​សាធារណៈ ឬ​ឯក​​ជន​ជាច្រើន នៅតាម​ទីធ្លា​វត្ត​អារាម សាលារៀន រមណីយដ្ឋាន និង​សួន​ឯកជន​នានា​»​។

​លោក ឌិ​ត ទីណា បាន​បន្តថា ជា​សក្ខីភាព រដ្ឋបាល​ព្រៃឈើ​បាន​បណ្តុះ និង​ដាំ​កូនឈើ​ជាង ​២០ ​លាន​ដើម ដោយ​ប្រើប្រាស់​ថវិការដ្ឋ​ហើយ​ក្រៅពីនេះ កូនឈើ​ជាច្រើន​លាន​ដើម​ទៀត​ត្រូវបាន​បណ្តុះ និង​ដាំ​ដោយ​ប្រជាពលរដ្ឋ​ជា​លក្ខណៈ​ឯកជន ដោយ​មិន​រាប់បញ្ចូល​ឈើ​ហូប​ផ្លែ ឬ​ដំណាំ​ឧស្សាហកម្ម​ផ្សេងៗ​ទៀត ដូចជា ស្វាយ ខ្នុរ ដូង ដូងប្រេង កៅស៊ូ ស្វាយចន្ទី​ជាដើម​។

​ក្រៅពី​ចម្ការ​ឈើ រដ្ឋបាល​ព្រៃឈើ​ក៏បាន​ចងក្រង​បង្កើត​សហគមន៍ ព្រៃឈើ​ចំនួន ៦៤៥ គ្របដណ្តប់​លើ​ផ្ទៃដី​ព្រៃ​ជាង ៥២ ​ម៉ឺន​ហិកតា នៅ​ទូទាំងប្រទេស ដើម្បី​លើកទឹកចិត្ត និង​ជំរុញ​ការចូលរួម របស់​ប្រជាជន​ក្នុងការ​ការពារ​ដី និង​ព្រៃ​សហគមន៍ ដោយ​អនុញ្ញាតឱ្យ​ប្រជា​សហគមន៍​អាស្រ័យ​ផល​អនុផល​ព្រៃឈើ​ក្នុងព្រៃ​សហគមន៍​បាន​បន្ថែម​ពីលើ​មុខរបរ​កសិកម្ម ឬ​មុខរបរ​ដទៃទៀត តាម​ទិស​ស្លោក «​សហគមន៍​ព្រៃឈើ​គ្មាន​បទល្មើស​»​។

​ចំពោះ​ការទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ សត្វព្រៃ និង​ការកាប់​រាន​ដីព្រៃ លោក ឌិ​ត ទីណា បាន​បញ្ជាក់ថា​៖ «​រដ្ឋបាល​ព្រៃឈើ​បាន​សហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​គណៈ​កម្ម​​ការ​ជាតិ និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ក្នុងការ​អនុវត្ត​ច្បាប់​ស្តីពី​ព្រៃឈើ​យ៉ាងសកម្ម​។ ក្រសួង​កសិកម្ម ក៏បាន​បញ្ចប់​សេចក្តីព្រាង​ច្បាប់​ថ្មី​ស្តីពី​ព្រៃឈើ និង​កំពុង​រៀបចំ​លិខិតបទដ្ឋាន​គតិយុត្ត ផ្សេងៗ​ទៀត​ដើម្បី​ផ្តល់​ការគាំទ្រ​ដល់​ការអភិរក្ស និង​អភិវឌ្ឍន៍​ធនធាន​ព្រៃឈើ​ប្រកប​ដោយ​ចីរភាព​»​។

​បើតាម​លោក ឌិ​ត ទីណា គិត​ត្រឹម​ឆ្នាំ​ ២០២២ រដ្ឋបាល​ព្រៃឈើ​បាន​បង្កើត​ស្ថានីយ​ផ្សព្វផ្សាយ និង​ស្តារ​ព្រៃឈើ​ជាច្រើន​ដែលមាន​ទំហំ​សរុប​ជាង ៥០ ម៉ឺន​ហិកតា បាន​ថែទាំ​ចម្ការ​ឈើ​ចាស់ ចម្ការ​ពូជឈើ និង​ឡូត៍​បង្ហា​ញក​សិ​រុក្ខកម្ម​ចំនួន ៨២២​ ហិកតា និង​បាន​ពង្រឹង​ប្រសិទ្ធភាព​នៃ​ការគ្រប់គ្រង​ព្រៃ​បម្រុង​ទុកដូចជា​ការបង្កើត​តំបន់​សួន​ភូតគាម និង​ការ​បោះបង្គោល​ព្រំប្រទល់​ព្រៃ​បម្រុង​ទុក​អចិ​ន្រៃ្ត​យ៍ ដែល​ការងារ​ទាំងអស់នេះ​ពិតជា​បាន​ឆ្លើយតប​ទៅនឹង​គោលដៅ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ក្នុងការ​កែទម្រង់​អនុវិស័យ​ព្រៃឈើ​។​

​នា​ពិធីបុណ្យ​រុក្ខទិវា​នោះដែរ ព្រះមហាក្សត្រ ក៏បាន​ថ្លែងអំណរគុណ​ប្រទេស​ជា​មិត្ត អង្គការ​​ជាតិ និង​អន្តរជាតិ​នានា និង​រាជរដ្ឋាភិបាល ដែល​បាននិងកំពុង​យកចិត្តទុកដាក់​ជួយ​ដល់​ការងារ​ដាំ​ដើមឈើ ការថែរក្សា និង​ការពារ​ធន​ធាន​ព្រៃឈើ សត្វព្រៃ ក៏ដូចជា​ការចូលរួម​ស្តារ និង​អភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា ទាំង​ក្នុងពេល​អតីតកាល បច្ចុប្បន្ន និង​អនាគត​៕​