​ភ្នំពេញៈ គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត (​គ​.​ជ​.​ប​) បានបញ្ចប់​ការបោះពុម្ព​សន្លឹកឆ្នោត​ជាង ​១៣ ​លាន សន្លឹក​និង​ត្រៀម​ដឹកទៅតាម​គោលដៅរាជធានី ខេត្ត​នៅ​ថ្ងៃទី ​១៨ ខែកក្កដា ខាងមុខនេះ សម្រាប់​ប្រើប្រាស់​ក្នុងការ​បម្រើឱ្យ​ការបោះឆ្នោត​ជ្រើសតាំង​​តំណាងរាស្ត្រ​នីតិកាល​ទី ​៧ ដែល​នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ​២៣ ខែកក្កដា​។​

​លោក​ ហង្ស ពុទ្ធា សមាជិក និង​ជា​អ្នក​​នាំពាក្យ គ​.​ជ​.​ប នៅ​ថ្ងៃទី​ ១០ ខែកក្កដា បាន​ប្រាប់​ឱ្យដឹងថា ការបោះពុម្ព​សន្លឹក​ឆ្នោត​ជាង ១៣ ​លាន​សន្លឹក​នេះ​ត្រូវបាន​ធ្វើតាម​លំដាប់លំដោយ និង​ផែនការ ដោយធ្វើការ​បោះពុម្ព​សម្រាប់​ខេត្ត​ដែល​នៅឆ្ងាយៗ​ជាមុន និង​ចុងក្រោយបង្អស់ គឺ​ការបោះពុម្ព​សម្រាប់​រាជធានី​ភ្នំពេញ​ហើយក៏​ត្រូវបាន​បញ្ចប់​ជា​ស្ថាពរ​ផងដែរ​។​

​លោក​បន្តថា ក្រៅពី​ធ្វើ​កិច្ចសន្យា​ជាមួយ​រោង​ពុម្ព​ហើយ គ​.​ជ​.​ប ក៏បាន​បញ្ជូន​មន្ត្រី​របស់ខ្លួន​ទៅ​ពិនិត្យមើល​ដោយផ្ទាល់​នូវ​សន្លឹកឆ្នោត​ទាំង ១៣ ​លាន​សន្លឹក​នេះ​ផងដែរ​ មុននឹង​សម្រេចដឹកជញ្ជូន​យកទៅ​រក្សា​បម្រុង​ទុក​ខ្លះ ដែលមាន​ចំនួន​ ១ ​លាន​សន្លឹក នៅតាម​គណៈកម្មការ​រាជធានី​ខេត្ត រៀបចំ​ការបោះឆ្នោត​សម្រាប់​ប្រើប្រាស់​ក្នុងពេល​ករណី​ចាំបាច់ និង​ប្រើប្រាស់​នៅតាម​ការិយាល័យ​បោះឆ្នោត នៅ​ទូទាំងប្រទេស​។

​លោក​មានប្រសាសន៍ថា​៖ «​សន្លឹកឆ្នោត​ដែល​បាន​បោះពុម្ព​ជាង​ ១៣ ​លាន​សន្លឹក​នេះ នឹងត្រូវ​ដឹកជញ្ជូន​ទៅ​រក្សាទុក​នៅតាម​គណៈ​កម្ម​ការ​រាជធានី​ខេត្ត​រៀបចំ​ការបោះឆ្នោត នៅ​ថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ​ ២០២៣ សម្រាប់​ត្រៀម​ដឹកជញ្ជូន​បន្តទៅ​គណៈ​កម្ម​ការឃុំ សង្កាត់​រៀបចំ​ការបោះឆ្នោត សម្រាប់​ចែកចាយ​ទៅ​ការិយាល័យ​បោះឆ្នោត​សម្រាប់​ជូន​ប្រជាពលរដ្ឋ​បោះឆ្នោត​នៅ​ថ្ងៃទី​ ២៣ ខែកក្កដា ឆ្នាំ​ ២០២៣»​។

លោក​បន្តថា​៖ «​ការងារ​នេះ យើង​បញ្ចប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន នឹង​ត្រៀម​ដឹក​ទៅ​រាជធានី​ខេត្ត ជាមួយនឹង​ការការពារ​សុវត្ថិភាព​យ៉ាង​ហ្មត់ចត់ និង​ល្អប្រសើរ ដើម្បី​ធ្វើយ៉ាងណា កុំឱ្យ​ប៉ះពាល់​ដល់​ដំណើរការ​បោះឆ្នោត​នាពេលខាងមុខ​»​។

​បើតាម​ការបញ្ជាក់​ពី​លោក ហង្ស ពុទ្ធា ក្នុងដំណាក់កាល​នៃ​ការ​បោះពុម្ព​សន្លឹកឆ្នោត រហូតទល់​ពេល​បញ្ចប់​ជា​ស្ថាពរ គឺមាន​កំហុស​តិច​តួ​ប​បំផុត​ហើយក៏​ត្រូវបាន​កែ​​តម្រូវ និង​ដោះស្រាយ​ទាន់ពេល​វេលា​ផងដែរ ជាមួយនឹង​ការធ្វើ​កំណត់ហេតុ​ច្បាស់លាស់ ក្នុងការ​បង្ហាញ​ពី​ភាព​ទទួលខុសត្រូវ​ចំពោះ​មុខ​ប្រជាពលរដ្ឋ ដែលជា​ម្ចាស់​​ឆ្នោត​របស់ គ​.​ជ​.​ប​។​

​ជាមួយគ្នានេះដែរ​នាយក​ប្រតិ​ប​ត្តិ​អង្គការ​ឃ្លាំមើល​ការបោះឆ្នោត ហៅ​កាត់​ថា និចហ្វិក លោក សំ​ គ​ន្ធា​មី បាន​ថ្លែងថា ការបោះពុម្ព​សន្លឹកឆ្នោត​បញ្ចប់​មុន​ដំណើរការ​បោះឆ្នោត​មកដល់​នេះ​គឺជា​រឿង​ល្អ ព្រោះ​ត្រូវ​ដឹកជញ្ជូន​ទៅ​គណៈ​កម្ម​ការ​រាជធានី ខេត្ត​រៀបចំ​ការ​​បោះឆ្នោត សម្រាប់​ត្រៀម​ទុក​សម្រាប់​ថ្ងៃ​បោះឆ្នោត​តែម្តង​។

​លោក​បន្តថា មិន​ត្រឹមតែ​ប៉ុណ្ណោះ គ​.​ជ​.​ប ក៏​នឹង​បញ្ជូន​ហិប​ឆ្នោត បញ្ជី​ឈ្មោះ​បោះឆ្នោត ទឹកខ្មៅ​លុប​មិន​ជ្រះ និង​សម្ភារ​ផ្សេងទៀត​ទៅ​ជាមួយគ្នា​នៅពេលនោះ​ផងដែរ​។​ទោះជា​យ៉ាងណា លោក សំ​ គ​ន្ធា​មី បាន​ស្នើឱ្យ​មន្ត្រី គ​.​ជ​.​ប យកចិត្តទុកដាក់​ពី​ការថែរក្សា​សុវត្ថិភាព​ទាំង​នៅក្នុងពេល​ដឹក​ជញ្ជូន​សន្លឹកឆ្នោត រួមទាំង​រក្សា​ឱ្យ​បានល្អ​ចៀសវាង​ការខូចខាត​សម្ភារ​បោះឆ្នោត ព្រោះ​ពេលនេះ​ជា​រដូវភ្លៀង​ធ្លាក់ ខណៈ​តំបន់​មួយចំនួន អាចមាន​ករណី​ភ្លៀងខ្យល់​ខ្លាំង​ជាពិសេស​តំបន់​ដាច់ស្រយាល និង​ព្រៃភ្នំ​ជាដើម​។

លោក​ថ្លែងថា​៖ «​ដូច្នេះ វា​អាច​ជួប​ការលំបាក​ខ្លះ​ហើយ​ជាពិសេស​នៅតាម​កា​រិ​យា​ល័យ​បោះឆ្នោត​ខ្លះ​ដូចជា​សាលា​​រៀន មានការ​លិច​ទឹក ដែល​ករណី​ទាំងអស់នេះ ត្រូវតែ​មានការ​យកចិត្តទុកដាក់​ខ្ពស់​»​។​

​សូម​រំឭក​ដែរ​ថា ការបោះពុម្ព​សន្លឹកឆ្នោត​ជាង​ ១៣ ​លាន​សន្លឹក​នេះ បាន​ចំណាយ​ថវិកា​អស់​ជាង​ ២​ លាន​ដុល្លារ ខណៈ​ថវិកា​សរុប​សម្រាប់​ចំណាយ​លើ​ការរៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​​រាស្ត្រ​ទាំងមូល មាន​ចំនួន​ជាង ៥០ ​លាន​ដុល្លារ​៕