ភ្នំពេញៈ លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ថ្លែងថា ជាង​ ២ ​ទសវត្សរ៍​កន្លងទៅនេះ ចំនួន​ប្រជាជន​កម្ពុជា​មានការ​កើន​​ឡើង​គួរឱ្យកត់សម្គាល់ ពោលគឺ​បាន​កើន​រហូតដល់​ចំនួន​ ១៦,៨​ លាន​នាក់ នៅ​ឆ្នាំ ​២០២២​។ លោក​បាន​អះអាងថា កម្ពុជា​កំពុង​ជំរុញ​ការតម្រង់ទិស​គោលនយោបាយ​តាម​វិស័យ​ពាក់ព័ន្ធ ដើម្បី​ឆ្លើយតប​នឹង​កំណើនប្រជាជន​នេះ​។​

​លោក​បានលើកឡើង​ដូចនេះ តាមរយៈ​សារលិខិត​អបអរ​ឱកាស​ទិវា​ប្រជាជន​ពិភព​លោក​លើក​ទី​៣៤ ដែល​នឹង​ធ្វើឡើង​នា​ថ្ងៃទី​ ១១ ខែកក្កដា ក្រោម​ប្រធានបទ «​ការបញ្ចេញ​អានុភាព​នៃ​សមភាព​យេនឌ័រ​៖ ការ​ជ្រោង​ឡើង​នូវ​សំឡេង​ស្ត្រី​និង​ក្មេងស្រី ដើម្បី​បង្ហាញ​ពី​លទ្ធភាព​គ្មាន​ដែន​កំណត់​នៃ​ពិភពលោក​យើង​»​។​

​លោក ហ៊ុន សែន បានឱ្យដឹងថា អង្គការ​សហ​ប្រជា​ជាតិ​បានប្រកាស​នៅ​ខែវិច្ឆិកា ឆ្នាំ ​២០២២​ ថា ប្រជាជន​ពិភព​លោក​បាន​កើន​ដល់ ៨ ប៊ី​លាន​នាក់ និង​ស្ថានភាព​ប្រជាសាស្ត្រ​ពិភពលោក​កំពុង​ប្រែប្រួល​យ៉ាង​លឿន​ដែល​នេះ​ជា​ពេល​វេលា ដើម្បី​ឆ្លុះបញ្ចាំង​ពី​កំណើនប្រជាជន​និង​សមិទ្ធផល​សម្រេចបាន ដែល​ប្រទេស​ទាំងអស់​ត្រូវ​ជំរុញ​សកម្មភាព​អន្តរាគមន៍​សមស្រប និង​ទាន់ពេលវេលា ដោយ​មិន​អាស្រ័យ​ថា ប្រជាជន​កើនឡើង​ឬ​ថយចុះ​នោះទេ​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ក្នុងន័យនេះ អង្គការ​សហ​ប្រជា​ជាតិ ចង់​ជំរុញ​ទៅ​ប្រទេស​ទាំង​អស់​ត្រូវ​គិតគូរ​ពី​គុណ​ភាពជា​ជាង​បរិមាណ និង​ត្រូវ​ផ្តោតលើ​សិទ្ធិ​និង​ជម្រើស​របស់​ប្រជាជន ពិសេស​ស្ត្រី​និង​ក្មេងស្រី​»​។​

​លោក​ថ្លែងថា ការប្រកាស​នេះ​ធ្វើឱ្យមាន​ទស្សនៈ ​២ ​ផ្ទុយ​គ្នា ដែល​ទស្សនៈ​ទី​១ បង្ហាញ​ពី​ការបារម្ភ​ថា ពិភពលោក​ជិត​ឈានដល់​ការ​លើស​ចំនួន​ប្រជាជន ជាមួយនឹង​ការ​គំរាម​​កំហែង​នៃ​កង្វះ​ធនធាន​ធម្ម​ជាតិ ការប្រែប្រួល​អាកាសធាតុ​ឬ គ្រោះមហន្តរាយ ដោយសារ​ចំនួន​ប្រជាជន​ច្រើន​ហួស​ពី​សមត្ថភាព​ទ្រទ្រង់​របស់​ផែនដី​។

​ទី​២ បង្ហាញ​ពី​កង្វល់​នៃ​ការ​ថយ​​ចុះ​នៃ​អត្រាកំណើត ដែល​នឹង​នាំឱ្យមាន​ការថយចុះ​នៃ​ចំនួន​ប្រជាជន​វ័យក្មេង កង្វះ​កម្លាំង​ពលកម្ម និង​ការ​ប្រឈម​នឹង​ការកើតមាន​សង្គម​វ័យចាស់​នាពេល​អនាគត​។

តាមរយៈ​លិខិត​អបអរ​ឱកាស​ទិវា​ប្រជាជន​ពិភពលោក​លើក​ទី​៣៤ លោក ហ៊ុន សែន បាន​ថ្លែងថា​៖ «​ការ​​កើនឡើង​នៃ​ប្រជាជន​កម្ពុ​ជានា​ ២​ ទសវត្សរ៍​ចុងក្រោយ​នេះ គឺ​បណ្តាលមកពី​ការធ្លាក់ចុះ​នៃ​អត្រា​មរណភាព ការកើនឡើង​នៃ​អាយុ​សង្ឃឹម​រស់​និង​សម្ទុះ​កំណើន​»៕