កំពង់ឆ្នាំងៈ រដ្ឋមន្ត្រីក្រសួង​បរិស្ថាន​លោក សាយ សំ​អាល់ បាននិងកំពុង​ជំរុញឱ្យមាន​ការ​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ស្រែ​អម្ពិល​ក្នុង​ខេត្តកំពង់ឆ្នាំង និង​សហ​គម​ន៍​តំបន់ការពារធម្មជាតិ​ទឹក​​ធ្លាក់​ច្រក​ល្អៀង និង​ខេត្ត​ពោធិ៍សាត់​ក្នុង​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​ដើម្បី​លើកកម្ពស់​ជីវភាព​សហ​គម​ន៍​។​

​លោក​ សាយ សំ​អាល់ បានលើកឡើង​ដូច្នេះ​នៅក្នុង​ឱកាសលោក​ដឹកនាំ​ប្រតិភូ​ក្រសួង​បរិ​ស្ថាន និង​តំណាង​ក្រុមហ៊ុន​សាង​សង់​ចុះ​ពិនិត្យ​ហេដ្ឋារចនាសម្ព័ន្ធ​និង​សម្បទា​ទេសចរណ៍​ធម្ម​ជាតិ​នៃ​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ស្រែ​អម្ពិល និង​សហគមន៍​តំបន់ការពារធម្មជាតិ​ទឹកធ្លាក់​ច្រក​ល្អៀង​ក្នុង​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់​កាល​​ថ្ងៃទី ​៩ ខែកក្កដា ឆ្នាំ​ ២០២៣​។​

​ក្នុងឱកាស​នោះ​លោក សាយ សំ​អាល់ បាន​ថ្លែងថា ការជំរុញឱ្យ​មានការ​សាងសង់​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​នៅ​តំបន់​ទាំងនេះ​ក្នុង​គោលបំណង​ចូលរួមចំណែក​លើកកម្ពស់​ជីវភាព​សហគមន៍​មូលដ្ឋាន​ស្របតាម​គោ​លន​យោ​បាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ «​ការអភិវឌ្ឍ​ទេសចរណ៍​ផ្សារ​​ភ្ជាប់​ទឹកដី​» ​ដែលជា​គោលដៅ​ទេសចរណ៍​ល្អ​ឯក​ប្រកបដោយ​ការទទួលខុសត្រូវ និង​មាន​និរន្តរភាព​។​

​លោក​បាន​បញ្ជាក់ថា​៖ «​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នោះ​មានការ​សាង​សង់​តូប​លក់​ម្ហូបអាហារ ខ្យូ​ស​អង្គុយ​ល​ម្អែ​កម្សាន្ត បន្ទប់ទឹក ចំណត​យានជំនិះ កន្លែង​បោះ​តង់ សួនច្បារ និង​ផ្លូវ​ថ្មើរជើង ដោយមាន​ជណ្តើរ​ទ្បើង​ចុះ​ឱ្យមាន​សោភណភាព​សំដៅ​ទាក់​ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​ចូលទៅ​ទស្សនា​កម្សាន្ត​កាន់តែច្រើន​ទ្បើង​ថែមទៀត​ដើម្បី​លើក​កម្ពស់​ជីវភាព​រស់នៅ​របស់​ប្រជា​​សហគមន៍​ក៏ដូចជា​ការ​កាត់​បន្ថយ​ការពឹង​អាស្រ័យ​លើ​ផល​និង​អនុផល​ព្រៃឈើ និង​ការ​បរបាញ់​សត្វព្រៃ​»​។​

​លោក​រដ្ឋមន្ត្រី​បានបញ្ជាក់​ទៀតថា ការរៀបចំ​ហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ក្នុង​សហគមន៍​តំបន់​ការ​ពារ​ធម្មជាតិ ពិសេស​សហ​គម​ន៍​ទេសចរណ៍ធម្មជាតិ​ក៏​ជា​យន្តការ​មួយ​ដ៏​សំខាន់​ក្នុង​កិច្ច​​ការការពារ និង​អភិរក្ស​ធនធានធម្មជាតិ និង​ការលើកកម្ពស់​ជីវភាព​របស់​សហគមន៍​ដើម្បី​ចូល​រួមការ​គ្រប់គ្រង និង​ប្រើប្រាស់​ធនធានធម្មជាតិ​ឱ្យមាន​ប្រសិទ្ធ​ភាព​ថែមទៀត​ផងដែរ​។​

​ពាក់ព័ន្ធ​នឹង​ការលើកឡើង​របស់​រដ្ឋ​មន្ត្រី​ក្រសួងបរិស្ថាន​នេះ លោក ​ស៊ុន សុ​វណ្ណា​រិ​ទ្ធិ អភិបាល​ខេត្តកំពង់ឆ្នាំង​បានបង្ហាញ​ការ​​គាំទ្រ និង​ស្វាគមន៍​ចំពោះ​ការ​​ជំរុញ​របស់​ក្រសួង​មកកាន់​សហ​គម​ន៍​ធម្មជាតិ​នៅ​ខេត្តកំពង់ឆ្នាំង ពិសេស​សហគមន៍​ធម្មជាតិ​នានា​នៅ​ប្រទេស​កម្ពុជា​។​

​លោក​បានបញ្ជាក់​នៅ​ថ្ងៃទី​ ១០ ខែកក្កដា​ថា​៖ «​កាលណា​មានការ​កសាង និង​រៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​នៅ​តំបន់​ទាំង​ ២ ​នេះ​នឹង​ធ្វើឱ្យ​សហគមន៍​ទេស​ចរណ៍​ទាំង​ ២ ផ្សារភ្ជាប់​គ្នា​ដោយ​ធ្វើឱ្យ​ភ្ញៀវទេសចរ​កាន់តែ​ងាយ​ស្រួល​មក​កម្សាន្ត ព្រោះ​ពួកគេ​នឹង​ទទួលបាន​សេវា​ទេសចរណ៍​ផ្សេងៗ​គ្នា ចំណេញ​ពេលវេលា ពិសេស​រួមចំណែក​ជំរុញ​វិស័យ​ទេសចរណ៍​នៅក្នុង​ខេត្តកំពង់ឆ្នាំង​ឱ្យ​កាន់តែខ្លាំង​ថែមទៀត​»​។​

​លើសពីនេះ​ទៀត​លោក​បាន​សង្កត់ធ្ងន់ថា ការធ្វើ​បែបនេះ​ក៏​ជួយ​បង្កើត​ការងារ​ដល់​ប្រជា​​សហគមន៍​តាមរយៈ​ការ​បង្កើតជា​កន្លែង​ស្នាក់នៅ អាច​លក់​កសិផល​នានា​ដែល​សហគមន៍​ផលិត​បាន​ទៅកាន់​ភ្ញៀវទេសចរ​ដែល​ធ្វើឱ្យ​ពួកគាត់​ទទួលបាន​ប្រាក់ចំណូល​បន្ថែម​ដើម្បី​បង្កើន​សេដ្ឋកិច្ច​គ្រួសារ​បន្ថែមទៀត​។​

​ទន្ទឹមនឹងនេះ​តាមរយៈ​សកម្ម​ភាពចុះ​ពិនិត្យ​នៅ​តំបន់​សហគមន៍​ទាំង​ ២​ នេះ រដ្ឋបាលខេត្ត​កំពង់ឆ្នាំង​ក៏បាន​ប្តេជ្ញា​ខិតខំ​បង្កើន​កិច្ចសហការ​ជាមួយ​ក្រសួង​បរិ​ស្ថាន និង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ ដើម្បី​ដំ​ណើ​រ​ការរៀបចំ​កសាង​ហេ​ដ្ឋា​រចនាសម្ព័ន្ធ​នានា​ក្នុង​សហ​​គម​ន៍​ធម្មជាតិ​ឱ្យបាន​រលូន​ដើម្បី​រួមចំណែក​គ្រប់គ្រង​ធន​ធាន​ធម្មជាតិ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព​ពិសេស​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​តាមរយៈ​ការជំរុញ​វិស័យ​ទេសចរណ៍​ផងដែរ​៕