​ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់​ក្រសួង​កិច្ច​ការ​នារី​អំពាវនាវ​ដល់ដៃ​គូ​ពាក់ព័ន្ធ​ផ្តល់​កិច្ច​អន្តរាគមន៍​ជួយ​ជនរងគ្រោះ​ក្នុង​អំពើ​ជួញដូរ​មនុស្ស​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា ដោយ​មន្ត្រី​រូបនេះ​អះអាងថា រូបភាព​នៃ​ការជួញដូរ និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​កាន់​តែមាន​ភាពសាំញ៉ាំ​។​

​លោកស្រី ទេស ច័ន្ទ​សារឿន អនុ​រដ្ឋ​លេខាធិការ​ក្រសួង​កិច្ចការនារី ថ្លែងថា គ្រប់​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​បាន​ខិតខំ​យ៉ាង​ខ្លាំងក្លា​ក្នុងការ​បំពេញ​បេស​ក​កម្ម​របស់ខ្លួន​ដើម្បី​រួមចំណែក​ទប់​ស្កាត់ បង្ក្រាប និង​ដោះស្រាយ​អំពើ​ជួញ​​ដូរ​ស្ត្រី និង​ក្មេងស្រី ប៉ុន្តែ​រូបភាព​នៃ​ការ​​ជួញដូរ និង​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​កាន់​តែមាន​ភាពសាំញ៉ាំ និង​ផ្លាស់ប្ដូរ​ឥតឈប់ឈរ​ហើយ​ជនល្មើស​មាន​ល្បិច​ខ្ពស់​ដើម្បី​គេច​ពី​សំណាញ់​ច្បាប់ ជាពិសេស​ការលេចឡើង​នូវ​ចរន្ត​ថ្មី​នៃ​ការធ្វើ​អាជីវកម្ម​ផ្លូវភេទ​តាមរយៈ​បណ្តាញ​ព័ត៌មាន​សង្គម​។​

​លោកស្រី​ថ្លែង​ដូច្នេះ ក្នុង​សិក្ខា​សា​លា​ស្តីពី​ភាពជា​ដៃគូ​សម្រាប់​ការផ្តល់​ជំនាញ និង​ការងារ​ដល់​ស្ត្រី​ដែល​ងាយ​រងគ្រោះ​នា​ថ្ងៃទី​ ១១ ខែកក្កដា នៅ​រាជធានី​ភ្នំពេញ ដែល​រៀបចំ​ដោយ​អង្គការ ណូ​មី​ណែ​ត​វើក​កម្ពុជា (Nomi Network)​។​

​លោកស្រី ទេស ច័ន្ទ​សារឿន ថ្លែងថា​៖ «​ដោយសារតែ​ភាពសាំញ៉ាំ​នៃ​បទ​​ល្មើស​នេះ​ចាំបាច់​ត្រូវ​បន្ត​ពង្រឹង​កិច្ច​សហការ​រវាង​ដៃគូ​ពាក់ព័ន្ធ​ទាំងអស់​ឱ្យ​កាន់តែ​ខ្លាំងក្លា​ថែមទៀត​ដើម្បី​ឆ្លើយ​តប និង​ប្រយុទ្ធប្រឆាំង​បញ្ហា​ជួញដូរ​ស្ត្រី និង​ក្មេងស្រី​តាមរយៈ​ការផ្តល់​កិច្ច​អន្តរាគមន៍ និង​សេវា​ជួយ​ជន​រង​គ្រោះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​ទាន់ពេលវេលា​»​។​

​លោកស្រី​កត់សម្គាល់ថា អំពើ​ជួញ​ដូរ​មនុស្ស​គឺជា​រូបភាព​នៃ​ទាសករ​សម័យ​ទំនើប​ក្នុង​សតវត្សរ៍​ទី​២១​ នេះ​។ វា​គឺជា​ការរំលោភបំពាន​សិទ្ធិ​ជា​មូល​ដ្ឋា​ន​របស់​មនុស្ស​យ៉ាងធ្ងន់ធ្ងរ និង​ផ្តល់​ទុក្ខវេទនា​ដល់​ជនរងគ្រោះ ក្រុម​គ្រួសារ ព្រមទាំង​ដាក់បន្ទុក​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​យ៉ាងធ្ងន់ធ្ងរ​ដល់​រដ្ឋាភិបាល​នៃ​បណ្ដា​ប្រទេស​ទាំងអស់​ក្នុង​ពិភពលោក​។ ដោយឡែក​ស្ត្រី និង​ក្មេងស្រី​មាន​ហានិភ័យ​ខ្ពស់​ប្រឈម​នឹង​អំពើ​ជួញដូរ​ផ្លូវភេទ​អា​ពា​ហ៍​​ពិពាហ៍​ផ្ទុយ​ពី​ឆន្ទៈ ការកេងប្រវ័ញ្ច​កម្លាំង​ពលកម្ម ជាពិសេស​ក្នុង​ចំ​ណោម​ស្ត្រី​បម្រើ​ការងារ​តាម​ផ្ទះ​។​

​លោកស្រី​អនុរដ្ឋលេខាធិការ​ថ្លែងបន្តថា រាជរដ្ឋាភិបាល​កម្ពុជា​បានធ្វើ​ការប្តេជ្ញាចិត្ត​ខ្ពស់​ក្នុងការ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា តាមរយៈ​ការបង្កើត​ច្បាប់ គោ​លន​យោ​បាយ​បទដ្ឋាន​គតិយុត្តិ​ព្រមទាំង​មាន​យន្តការ​ជាតិ និង​កម្មវិធី​ជាតិ​ជាច្រើន ដើម្បី​ដោះស្រាយ​បញ្ហា​នេះ និង​ពង្រឹង​កិច្ចសហប្រតិបត្តិការ​គ្រប់​ប្រតិបត្តិ​ករ​ពាក់ព័ន្ធ​ទាំងអស់​ទាំង​នៅ​កម្រិត​ថ្នាក់​ជាតិ​ថ្នាក់ក្រោម​ជាតិ ក៏ដូចជា​អន្តរ​ជាតិ​ក្នុងការ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។​

​លោកស្រី​លើកឡើងថា ដើម្បី​រួម​​ចំណែក​អនុវត្ត​ការងារ​នេះ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ក្រសួង​កិច្ចការ​នារី បាន​ដាក់ចេញ​យុទ្ធសាស្ត្រ និង​សកម្មភាព​គន្លឹះ​នៅក្នុង​ផែនការ​យុទ្ធ​សាស្ត្រ​នារីរតនៈ​ទី៥ ក៏ដូចជា​ផែនការ​យុទ្ធសាស្ត្រ​របស់​គណៈកម្មាធិកា​រ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ឆ្នាំ ២០១៩-២០២៣​ ដើម្បី​លើកកម្ពស់​សិទ្ធិ និង​ផ្ដល់​កិច្ចការពារ​ដល់​ស្ត្រី និង​ក្មេងស្រី​នៅ​កម្ពុជា​ឱ្យ​រួច​ផុតពី​រាល់​ទម្រង់​នៃ​អំពើហិង្សា និង​អំពើ​ជួញដូរ និង​រាល់​ទម្រង់​នៃ​ការ​កេងប្រវ័ញ្ច​។​

​ក្រោយពី​បាន​ចុះ​អនុស្សរណៈ​ការ​​យោគយល់​គ្នា​កាលពី​ឆ្នាំ​ ២០២២ ក្រសួង​កិច្ចការនារី និង​អង្គការ​ Nomi Network បាន​ព្រមព្រៀងគ្នា​សហ​ការអនុវត្ត​សកម្មភាព​រួមគ្នា​ក្នុងការ​​ចែករំលែក​ចំណេះដឹង​ស្ដីពី​ការលើក​កម្ពស់​សុវត្ថិភាព​សម្រាប់​ពលករ​ចំណាកស្រុក​ជា​ស្ត្រី​តាំងពី​មុន​ចេញដំណើរ និង​ការទប់ស្កាត់​អំពើ​ជួញដូរ​មនុស្ស និង​បាន​ចុះ​សិក្សា​ស្វែងយល់​លើ​ការអភិវឌ្ឍ​ជំនាញ​មូលដ្ឋាន​។​

​លោកស្រី ប៉ុណ្ណ សំខាន់ អគ្គលេខា​​ធិ​ការ​នៃ​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គជប​ជ​) ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា គជប​ជ មាន​ផែនការ​យុទ្ធសាស្ត្រ​ពង្រឹង​កិច្ច​​សហប្រតិបត្តិការ​ក្នុង​ការកសាង និង​អនុវត្ត​ច្បាប់​គោលនយោបាយ និង​បទ​ដ្ឋា​គតិយុត្ត​នានា​។​

​លោកស្រី​បន្ថែមថា គជប​ជ ថែម​ទាំង​មាន​យុទ្ធសាស្ត្រ​លើកកម្ពស់​ការ​​បង្ការ​ទប់ស្កាត់​រាល់​ទ​ម្រ​ង់​នៃ​អំពើ​ជួញ​​ដូរ​មនុស្ស និង​ការរំលោភបំពាន​ជា​ពិសេស​ស្ដ្រី និង​កុមារ ព្រមទាំង​លើក​កម្ពស់​ការអនុវត្ត​ច្បាប់ និង​ប្រព័ន្ធ​យុ​ត្តិ​ធម៌​ព្រហ្មទណ្ឌ​ឆ្លើយតប​ទៅនឹង​អំពើ​ជួញដូរ​មនុស្ស និង​អំពើ​ធ្វើ​អាជីវកម្ម​ផ្លូវភេទ ព្រមទាំង​បង្កើន​កិច្ចការពារ​ជន​រងគ្រោះ​ជាពិសេស​ស្ត្រី និង​កុមារ​។​

​លោកស្រី ប៉ុណ្ណ សំខាន់ ថ្លែងថា​៖ «​យុទ្ធសាស្ត្រ​ទាំងអស់នេះ គឺ​អនុវត្ត​យ៉ាងសកម្ម​ក្នុង​ការងារ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​ថ្នាក់ជាតិ មាន​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​ថ្នាក់ក្រោម​ជាតិ មាន​មន្ទីរ អង្គភាព​ពាក់ព័ន្ធ និង​បើកទូលាយ​ឱ្យ​អង្គការ​ដៃគូ​ចូលរួម​»​។​

​អង្គការ Nomi Network ប្រចាំ​កម្ពុជា​បាន​លើកឡើងថា ដោយសារតែ​ភាពក្រីក្រ ស្ត្រី​បានធ្វើ​ចំណាកស្រុក​ដើម្បី​រក​ការងារ​ធ្វើ​ឆ្ងាយ​ពី​ផ្ទះ​របស់​ពួក​គាត់ ហើយ​ប្រឈម​នឹង​ការជួញដូរ​មនុស្ស ជាពិសេស​នៅពេល​ពួកគាត់​ចំណាកស្រុក​ទៅ​ក្រៅប្រទេស​ដោយ​មិនមាន​ឯកសារ​ស្របច្បាប់​គ្រប់គ្រាន់​។ ជាង​ ១ ​ទសវត្សរ៍​កន្លងទៅ រាជ​រដ្ឋា​ភិ​បាល​កម្ពុជា​បាន​ពង្រឹង​កិច្ចប្រឹងប្រែង​របស់ខ្លួន​ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹង​អំពើ​ជួញដូរ​មនុស្ស​។​

​អង្គការ​នេះ​មាន​គោលបំណង​កាត់​ផ្តាច់​វដ្ដ​នៃ​ភាពក្រីក្រ និង​ទាសភាព​បែប​ទំនើប តាមរយៈ​ការផ្តល់​ភាព​អង់​អាច​ផ្នែក​សេដ្ឋកិច្ច និង​កម្មវិធី​បង្កើត​ឱកាស​ការងារ​ដល់​ស្ត្រី​ប្រឈម​នឹង​ការកេងប្រវ័ញ្ច​ជាងគេ​។ អង្គការ​នេះ​អនុវត្ត​កម្មវិធី​អភិវឌ្ឍន៍​ជំនាញ​ដល់​ស្ត្រី ដោយ​លើកកម្ពស់​ការយល់ដឹង​ក្នុងការ​បង្ការ​ការជួញដូ​រម​នុស្ស ការផ្តល់​វគ្គ​បណ្តុះបណ្តាល​ជំនាញ​បំ​ណិ​ន​ជីវិត ជំនាញ​បច្ចេកទេស​ផ្សេងៗ ដើម្បី​មានឱកាស​ក្នុងការ​រកប្រាក់​ចំណូល​ដើម្បី​ពង្រឹង​ស្ថិរភាព​ហិរញ្ញវត្ថុ​។

​អង្គការ Nomi Network ប្រចាំ​កម្ពុជា​លើកឡើងថា​៖ «​យើង​ជួយ​ស្ត្រី​តាមរយៈ​បង្កើត​ការងារ​ធ្វើ ជួយរ​កន្លែង​ឱ្យធ្វើ​ការ និង​ជួយ​ក្នុងការ​បើកមុខ​​ជំនួញ​តូចៗ​។ កម្មវិធី​នេះ​មានបំណង​ផ្តល់នូវ​ការបណ្តុះបណ្តាល និង​ពិគ្រោះ​យោបល់​ដើម្បី​លើកទឹកចិត្ត និង​គាំទ្រ​ស្ត្រី​ក្នុងការ​សម្រេចចិត្ត​ប្រកបដោយ​ការពិចារណា​ខ្ពស់​សម្រាប់​អនាគត​របស់​ពួកគាត់ មាន​ភ្នាក់ងារ និង​បង្កើត​វិថី​ទៅរក​ស្ថិរភាព​ហិរញ្ញវត្ថុ​»​។​

​កញ្ញា Supei Lui អនុប្រធាន និង​ជា​សហ​ស្ថាបនិក​អង្គការ Nomi Network ថ្លែង​ក្នុង​សិក្ខាសាលា​នេះ​ថា អង្គការ Nomi Network បានធ្វើ​​ការ​ជាមួយ​សហគមន៍​ដែល​ខ្វះខាត​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌា​អស់​រយៈ​​ពេល​ជាច្រើន​ទសវត្សរ៍​មកហើយ​។​

​កញ្ញា Supei Lui លើកឡើងថា​៖ «​នៅមាន​កិច្ចការ​ជាច្រើន​ដែល​ត្រូវ​រៀន​សូត្រ កសាង និង​ត​ភ្ជាប់ ដើម្បី​យើង​អាច​បញ្ចប់​គម្លាត​ការងារ និង​នាំមក​នូវ​ការផ្តល់​សិទ្ធិអំណាច​សេដ្ឋកិច្ច​ដល់​គ្រប់​សហគមន៍​នៅ​គ្រប់​តំបន់​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។ សំខាន់បំផុត យើង​ចង់​ធ្វើឱ្យ​ប្រាកដថា សហ​គម​ន៍ និង​ក្រុម​ដែល​ងាយ​រងគ្រោះ​បំផុត​មិន​ត្រូវបាន​ទុកចោល និង​មិន​រងគ្រោះ​ក្នុង​អំពើ​ជួញដូរ​»៕