ភ្នំពេញៈ ក្រសួងមហាផ្ទៃ និង​ក្រសួង​​ធម្មការ និង​សាសនា រួមទាំង​ស្ថាប័ន​ពាក់​​ព័ន្ធ គ្រោង​រៀបចំ​ទិវា​ជាតិ​អន្តរ​សាសនា លើក​ទី​​៧ ​នៅក្នុង​ឆ្នាំនេះ ដើម្បី​ផ្សារភ្ជាប់​សាសនា ប្រយុទ្ធប្រឆាំង​ទៅនឹង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា ពីព្រោះ​មានតែ​សាសនា​ទេ ដែល​អប់រំ​ផ្លូវចិត្ត​របស់​មនុស្ស​ឱ្យមាន​សីលធម៌ និង​មាន​គុណធម៌ កុំឱ្យ​ប្រព្រឹត្ត​នូវ​អំពើ​ទុច្ចរិត​។​

​យោងតាម​គណៈកម្មាធិកា​រ​ជាតិ​ប្រ​​យុទ្ធ​ប្រឆាំង​អំពើ​ជួញដូរ​មនុស្ស បានឱ្យដឹង​នៅ​ថ្ងៃ​ ១០ ខែកក្កដា​ថា ស្ថាប័ន​ពាក់​ព័ន្ធ​រួមមាន​ក្រសួងមហាផ្ទៃ​, ក្រសួង​ធម្ម​ការ និង​សាសនា​,​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​, អង្គ​ការ​ការី​តាស​កម្ពុជា​,​តំណាង​អ៊ិ​ស្លាម​សា​សនា គ្រិស្តសាសនា និង​ព្រះពុទ្ធសាសនា បាន​ពិភាក្សាគ្នា​ពី​ការត្រៀម​រៀបចំ​ទិវា​ជាតិ​អន្តរ​សាសនា​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​នៅ​កម្ពុជា​។​

​ទាក់ទង​នឹង​ទិវា​នេះ លោកស្រី ជូ ប៊ុន​​អេង រដ្ឋលេខាធិការ​ក្រសួងមហាផ្ទៃ និង​ជា​អនុប្រធាន​អចិ​ន្រៃ្ត​យ៍​គណៈកម្មាធិការ​ជាតិ​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស (​គ​.​ជ​.​ប​.​ជ​) បាន​ប្រាប់ឱ្យដឹង​នៅ​ថ្ងៃទី ​១១ ខែកក្កដា​ថា អាជ្ញាធរ​តែងតែ​ប្រារព្ធ​ធ្វើ​ទិវា​នេះ​រៀងរាល់ឆ្នាំ នា​ថ្ងៃទី ​២០ ​សីហា ខណៈដែល​ឆ្នាំនេះ​ជា​លើក​ទី៧ ​ហើយ ដែល​ទិវា​អន្តរ​សាសនា​នេះ នឹងត្រូវ​ប្រារព្ធ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។

លោក​ស្រី​បន្តថា ទិវា​ជាតិ​អន្តរ​សាសនា​ដើម្បី​ប្រឆាំង​ការជួញដូរ​មនុស្ស​នេះ​ក៏​ជា​កម្មវិធី​មួយ​ដ៏​មាន​សារៈសំខាន់​ដែល​រាជរដ្ឋាភិបាល​បានសម្រេច​ឱ្យ​ការ​ប្រារព្ធ​ទិវា​នេះ​ធ្វើឡើង​ទាំង​ថ្នាក់ជាតិ រហូតដល់​ថ្នាក់​ខេត្ត​នៅ​ទូទាំងប្រទេស​។​

​លោកស្រី ជូ ប៊ុន​អេង មានប្រសាសន៍ថា​៖ «​យើង​គិតថា មានតែ​សាសនា​ទេ​ដែល​បាន​អប់រំ និង​ជួយ​អប់រំ​ផ្លូវចិត្ត​ទៅដល់​មនុស្ស​គ្រប់រូប ហើយ​បើ​គ្រប់គ្នា​បានទទួល​ការអប់រំ​ផ្លូវចិត្ត​ឱ្យបាន​ល្អ មាន​សីលធម៌ មានគុណ​ធម៌ និង​ការរស់នៅ​ក្នុងសង្គម​បានល្អ​គឺ​គាត់​នឹងមិន​ប្រព្រឹត្ត​អំពើ​ទុច្ចរិត​បែបនេះ​ទេ ហើយ​ការកសាង​សុខដុមរមនា​រវាង​សាសនា​ទាំងអស់ ត្រូវតែ​រួមគ្នា​ដើម្បី​ការពារ​កុំឱ្យ​មនុស្សលោក​ធ្លាក់ចូល​ទៅក្នុង​ភាព​រង​​គ្រោះ​នៃ​អំពើ​ជួញដូរ​មនុស្ស​»​។​

​សម្រាប់​ប្រធានបទ​នៃ​ទិវា​ជាតិ​អន្តរ​​សាសនា​ដើម្បី​ប្រឆាំង​ការជួញដូរ​មនុ​ស្ស​ឆ្នាំ​នេះដែរ ភាគី​ពាក់ព័ន្ធ​កំពុង​ពិភាក្សាគ្នា​នៅឡើយ​ដោយ​មិនទាន់​សម្រេច​ត្រូវយក​អ្វីមួយ​ជារួម​នៅឡើយ​ទេ ប៉ុន្តែ​លោកស្រី ជូ ប៊ុន​អេង បញ្ជាក់ថា ក្នុង​កិច្ច​ពិភាក្សាគ្នា​កាលពី​ថ្ងៃទី ​១០ កក្កដា​ភាគី​ពាក់ព័ន្ធ​ចង់​ផ្សារភ្ជាប់​អន្តរ​សាសនា ជាមួយនឹង​សន្តិភាព​ទៅនឹង​បញ្ហា​ការជួញដូរ​មនុស្ស​។​

​នៅក្នុង​វេទិកា​អន្តរ​សាសនា​ថ្នាក់ជាតិ​ដើម្បី​ប្រយុទ្ធប្រឆាំង​អំពើ​ជួញដូរ​មនុស្ស​លើក​ទី​៦ កាលពី​ឆ្នាំ​ ២០២២ លោក​នា​​យក​រដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើង​ដោយ​មានជំនឿថា យុទ្ធនាការ​បង្ក្រាប​ល្បែងស៊ីសង​នឹង​រួមចំណែក​កាត់បន្ថយ​ការជួញដូរ​មនុស្ស និង​បង្កើន​សុវត្ថិភាព ភូមិ​-​ឃុំ​មាន​សុវត្ថិភាព​ផងដែរ​។ លោក​ថា​៖ «​វិធី​ដែល​ល្អ​គឺ​បំបាត់​ល្បែងស៊ីសង​នៅតាម​មូលដ្ឋាន ជំរុញ​ការបំបាត់​ការ​ជួញដូរ​គ្រឿងញៀន​នៅតាម​មូលដ្ឋាន ដែល​ទាំងនេះ​គឺជា​ធាតុ​ផ្សំ​នៃ​ការទប់ស្កាត់​ការជួញដូរ​មនុស្ស​»​។​

​សូម​បញ្ជាក់ដែរថា លោកនាយក​រដ្ឋមន្ត្រី បានប្រកាស​យក​ថ្ងៃទី ​២០ ខែសីហា ជា​រៀងរាល់ឆ្នាំ​ដើម្បី​ប្រារព្ធ​ទិវា​ជាតិ​អន្តរ​សាសនា​ប្រឆាំង​ការជួញដូរ​មនុស្ស ដែល​លោក​បាន​បញ្ជាក់ថា ទិវា​នេះ​មិន​ធ្វើ​តែ​ ១ ​ថ្ងៃ​ ២០ សីហា​នោះទេ គឺត្រូវធ្វើ​ជា​រៀងរាល់ថ្ងៃ​តែម្ដង ដើម្បី​រួមគ្នា​ប្រយុទ្ធប្រឆាំង ទប់​ស្កាត់​ការជួញដូរ​មនុស្ស​នៅ​កម្ពុជា​៕