ភ្នំពេញៈ លោក ​កែ រឹទ្ធិ អគ្គ​នាយក​រង​និង​ជា​ប្រធាន​នាយក​ដ្ឋាន​សេវា​កម្ម​ច្បាប់ និង​វិវាទ​កម្មនៃ​អគ្គ​នាយក​ដ្ឋាន​សេវា​កម្ម​ច្បាប់ និង​បច្ចេក​ទេស​នៃ​គណៈ​ក​ម្មា​ធិ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត (​គ​.​ជ​.​ប​) បាន​ជំរុញ​ដល់​ភ្នាក់ងា​រ​សន្តិ​សុខ​បោះ​ឆ្នោត​ទាំង​អស់​ប្រកាន់​ខ្ជាប់​នូវ​ច្បាប់​និង​ខិតខំ​បំពេញ​តួនាទី​របស់​ខ្លួន​ ដើម្បី​ឱ្យ​ដំណើរ​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​ប្រព្រឹត្ត​ទៅ​ដោយ​រលូន និង​មាន​តម្លា​ភាព​។​

​ការ​ជំរុញ​ពី​មន្ត្រី​ជាន់​ខ្ពស់​របស់​ គ​.​ជ​.​ប ​ធ្វើ​ឡើង​តាមរយៈ​កម្មវិធី​កិច្ច​សម្ភាសន៍​របស់​គ​.​ជ​.​ប​លើ​ប្រធាន​បទ «​ការ​រក្សា​សន្តិ​សុខ សុវត្ថិ​ភាព និង​សណ្តាប់​ធ្នាប់​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ ​នីតិ​កាល​ទី​៧ ឆ្នាំ​២០២៣»​ដែល​បាន​ផ្សាយ​កាល​ពី​ថ្ងៃទី​១២ ​ខែកក្កដា​។​

​លោក​កែ រឹទ្ធិ បាន​ថ្លែងថា សម្រាប់​ការ​បោះ​ឆ្នោតនៅ​ចន្លោះ​ឆ្នាំ​២០២២-២០២៤ រាជរដ្ឋាភិបាល​បាន​បង្កើតឱ្យមាន​គណៈកម្មកា​រ​សន្តិសុខ​អចិ​ន្រៃ្ត​យ៍​បោះឆ្នោត​ជា​លក្ខណៈ​អន្តរក្រសួង ​ស្ថាប័ន​ ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ សរុប​២៧​ស្ថាប័ន​។​

​លោក​បាន​បន្តថា​៖«​ក្រោយ​បង្កើតឱ្យមាន​គណៈកម្មកា​រ​សន្តិសុខ​អចិ​ន្រៃ្ត​យ៍​បោះ​ឆ្នោត​នេះ​រួច​មក​ យើង​ឃើញ​មាន​ក្រសួង​ស្ថា​ប័ន​សំខាន់ៗ​ ដូច​ជា​ ក្រសួង​មហា​ផ្ទៃ ក្រសួង​ការពារ​ជាតិ ​និង គ​.​ជ​.​ប ត្រូវ​បង្កើត​ជា​ផែន​អន្តរ​ស្ថា​ប័ន​មួយ​ដើម្បី​ចាត់​ចែង​ជា​កម្លាំង​សន្តិ​សុខ​ ត្រៀម​ការ​ពារ​នៅតាម​តំបន់​គោល​ដៅ​នីមួយៗ​»​។​

​ដោយ​ឡែក ទាក់​ទិន​ទៅ​នឹង​ការ​ប្រើ​ប្រាស់​កង​កម្លាំង​ភ្នាក់​ងារ​សន្តិ​សុខ​ការពារ​សណ្ដាប់​ធ្នាប់​ការ​បោះឆ្នោ​ត​ជ្រើស​តាំង​តំណាង​រាស្ត្រនីតិកាល​ទី​៧ នា​ថ្ងៃទី​២៣ កក្កដា​ ខាង​មុខ​វិញ​ លោក​ កែ រឹទ្ធិ បាន​បញ្ជាក់​ថា ​នៅ​ទូទាំង​ប្រទេស​កម្ពុជា ​បាន​ត្រៀម​កម្លាំង​សន្តិ​សុខ​ជាង​១០​ម៉ឺន​នាក់ ដើម្បី​ថែរក្សា​សន្តិ​សុខ និង​សណ្ដាប់​ធ្នាប់​សម្រាប់​ដំណើរ​ការ​បោះ​ឆ្នោត​។

​លើស​ពី​នេះ លោក​បាន​ឱ្យ​ដឹង​ដែរ​ថា ចំពោះ​ភ្នាក់​ងារ​សន្តិសុខ​បោះ​ឆ្នោត​នេះគឺ​សុទ្ធតែ​បាន​ទទួល​បាន​វគ្គប​ណ្តុះ​បណ្តាល​ទាំង​ថ្នាក់​ជាតិ ​និង​ថ្នាក់​ក្រោម​ជាតិ ពី​ច្បាប់​ ប​ទបញ្ជា ​ក្រម​សីល​ធម៌ ​តួនាទី​និង​ភារ​កិច្ច​នៃ​ដំណើ​រការ​បោះ​ឆ្នោត​។​

​ទន្ទឹម​គ្នានេះ​ មន្ត្រីជា​ន់ខ្ព​ស់ គ​.​ជ​.​ប ​ដដែល​ ក៏បាន​ជំរុញ​ដល់​កម្លាំង​ភ្នា​ក់​សន្តិ​សុខ​បោះ​ឆ្នោត​ទាំង​អស់​ត្រូវ​ប្រកាន់​​ឱ្យ​បាន​ខ្ជាប់​ខ្ជួន​នូវ​ច្បាប់ ​បទ​បញ្ជា ​នីតិ​វិធី​ ក្រ​មសីល​ធម៌ និង​តួនាទី​ភារ​កិច្ច​រៀង​ៗខ្លួនប្រក​បដោយ​អ​ព្យា​ក្រឹត​និង​តម្លា​ភាព​ ដើម្បី​ឱ្យ​ការ​បោះឆ្នោ​ត​ដំណើរកា​រ​ទៅ​រលូន និ​ង​លទ្ធ​ផល​បោះឆ្នោ​ត​មានការ​ទទួល​ស្គាល់​ជា​លក្ខណៈ​អន្តរ​ជាតិ​។​

​ក្រៅពី​នេះ​ទៀត​ លោក​ កែ ​រឹទ្ធិ ក៏បាន​អំពាវ​នាវដល់​គ្រប់​ក្រសួង​ស្ថា​ប័ន ​អង្គ​ការ​ពាក់​ព័ន្ធ​ ទាំង​ជាតិ និង​អន្តរ​ជាតិ គណប​ក្សន​យោបា​យ ​ពិសេស​ប្រជា​ពលរដ្ឋ​ឱ្យ​ចូល​រួម​សហកា​រ និង​គោរព​ច្បាប់​ទាំង​អស់​គ្នាដើម្បី​បញ្ចៀស​បញ្ហា​កើត​ឡើង​ណា​មួយនៅ​ក្នុង​អំឡុង​ពេល​បោះ​ឆ្នោត​ផង​ដែរ​។​

​លោក ​ឆាយ គឹម​ខឿន អគ្គ​ស្នង​ការ​រង និង​ជា​អ្នក​នាំ​ពាក្យ​អគ្គ​ស្នង​ការដ្ឋាន​នគរ​បាល​ជាតិ​បាន​ប្រាប់​ឱ្យដឹង​កាល​ពី​ចុង​ខែ​មិថុនា​ថា​ កម្លាំង​ការពារ​សន្តិ​សុខប្រមាណ​ជា​១០​ម៉ឺន​នាក់​នេះ​មក​ពី​កម្លាំង​នគរ​បាល​ជាតិ កងរា​ជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​ និង​កង​កម្លាំង​ប្រតិប​ត្តិការ​សឹក​ដែល​នឹង​ត្រូវ​បែង​ចែក​ជា​ដំណាក់​កាល​នីមួយៗ​រួម​មាន ​ដំណាក់​កាល​ឃោសនា​បោះ​ឆ្នោត ដំណាក់​កាល​ពេល​បោះ​ឆ្នោតនិង​រាប់​សន្លឹក​ឆ្នោត​ព្រម​ទាំង​នៅ​ក្រោយ​ពេល​​បោះឆ្នោ​ត​។​

​លោក​ថា​​៖«​កម្លាំង​ទាំង​នេះ​យើង​បាន​បែង​ចែក​ភារកិច្ច​យ៉ាង​ច្បាស់​លាស់​សម្រាប់​ការពារ​នៅ​តាម​គោល​ដៅ​ដូច​ជា​ទីស្នាក់​ការ​របស់​គណៈ​កម្មការ​រាជ​ធានី​-​ខេត្ត​រៀបចំ​ការ​បោះ​ឆ្នោត​ទាំង​១៩៥២​ទីតាំង​ ការពារ​ការិយាល័​យ​បោះឆ្នោត​​ទាំង ​២៣ ៧៨៩ ​ការិ​យាល័​យ​ ព្រម​ទាំង​កម្លាំង​ត្រៀម​អន្ត​រាគមន៍​ខាង​ក្រៅ ​និង​សម្រាប់​ការពារ​ហិប​ឆ្នោត ឯកសារ​​បោះឆ្នោតនិង​ឧបករណ៍​សម្ភារ​របស់​គ​.​ជ​.​បដែល​រៀប​ចំ​នៅតា​ម​ការិយា​ល័យ​បោះឆ្នោ​ត​»៕