ភ្នំពេញៈ កម្ពុជាតាមរយៈរដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិលោក ប្រាក់ សុខុន បានជំរុញឱ្យអាស៊ានរក្សាមជ្ឈភាព ទាំងពាក្យសម្តី និងសកម្មភាពជាក់ស្តែងនៅចំពោះមុខការប្រណាំងប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរបស់មហាអំណាចដើម្បីពង្រឹងការតភ្ជាប់ទំនាក់ទំនងជាមួយដៃគូខាងក្រៅព្រមទាំងផ្តោតលើគោលការណ៍បើកចំហ តម្លាភាព និងបរិយាប័ន្ន។
ការលើកឡើងរបស់ប្រមុខការទូតកម្ពុជាបែបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ានលើកទី៥៦ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ១១ ខែកក្កដា ខណៈឥណ្ឌូនេស៊ីជាប្រធានអាស៊ានឆ្នាំ ២០២៣។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួង ការបរទេសស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ចុះថ្ងៃទី ១១ ខែកក្កដា ឆ្នាំ ២០២៣។
នៅក្នុងសេចក្តីប្រកាសព័ត៌មាននោះលោក ប្រាក់ សុខុន បានលើកឡើងថា ការធ្វើសមាហរណកម្មសេដ្ឋកិច្ចក្នុងតំបន់ឱ្យកាន់តែស៊ីជម្រៅពិតជាមានភាពចាំបាច់ណាស់ តាមរយៈពាណិជ្ជកម្មសេរី ប្រកបដោយយុត្តិធម៌ បើកចំហ និងបរិយាប័ន្នពីចំណោមបណ្តាប្រទេសជាសមាជិកអាស៊ាន ក៏ដូចជាដៃគូខាងក្រៅនានា។
លោកបានបញ្ជាក់ថា៖ «អាស៊ានត្រូវតែស្វែងរកប្រភពកំណើនថ្មីៗ ដូចជា តាមរយៈឌីជីថលភាវូបនីយកម្ម ការប្រែក្លាយបៃតង បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីត្រៀមខ្លួនជាស្រេចសម្រាប់អនាគត»។
សូមបញ្ជាក់ថា សម័យប្រជុំពេញអង្គនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានលើកទី៥៦ ធ្វើឡើងក្រោមមូលបទ «សារៈសំខាន់អាស៊ាន៖ ស្នូលនៃកំណើន» ដែលផ្តោតការពិភាក្សាលើកិច្ចខិតខំប្រឹងប្រែងក្នុងការកសាងសហគមន៍អាស៊ាន ហើយអាទិភាពរបស់ឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះបានផ្តោតលើទស្សនវិស័យអាស៊ានពាក់ព័ន្ធនឹងឥណ្ឌូប៉ាស៊ីហ្វិក (AOIP)។
កិច្ចប្រជុំបានបញ្ជាក់ពីសារៈសំខាន់នៃការប្រកាន់ខ្ជាប់មជ្ឈភាពអាស៊ាន និងសាមគ្គីអាស៊ានក្នុងកិច្ចសហការជាមួយដៃគូខាងក្រៅអាស៊ាន និងបានផ្លាស់ប្តូរយោបល់លើបញ្ហាតំបន់ និងអន្តរជាតិ ដែលជាក្តីបារម្ភ និងផលប្រយោជន៍រួម ដែលអង្គប្រជុំបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការថែរក្សាសន្តិភាព សន្តិសុខ ស្ថិរភាព និងវិបុលភាព ក្នុងកិច្ចសហប្រតិបត្តិការជាមួយដៃគូខាងក្រៅ ហើយរដ្ឋមន្ត្រីអាស៊ាននៅតែយកចិត្តទុកដាក់លើយន្តការអាស៊ានដើម្បីជំរុញកិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការនានា។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ លោក ហ៊ឹម រដ្ឋា អ្នកស្រាវជ្រាវនៃវិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព លើកឡើងថា មជ្ឈភាពអាស៊ាន និងឯកភាពអាស៊ានកំពុងស្ថិតនៅក្នុងវិបត្តិមួយ ខណៈរដ្ឋជាសមាជិកមានទំនោរផលប្រយោជន៍ និងទិសដៅអាទិភាពខុសៗគ្នា ដែលការសម្រេចបានមជ្ឈភាពនោះ គឺជាការលំបាក និងភាពស្រពេចស្រពិលមួយ ដែលនេះមិនមែនជារឿងថ្មីឡើយ។
លោកបានថ្លែងថា៖ «ទោះជាយ៉ាងណា បរិបទភូមិសាស្ត្រនយោបាយសព្វថ្ងៃ បានប្រែក្លាយទៅជាអាក្រក់ទៅៗ ខណៈបញ្ហាជាច្រើនដែលកើតមានទាំងក្នុងតំបន់ និងអន្តរជាតិមានឆ្លុះបញ្ចាំងថា អាស៊ានមិនមានជំហរឯកភាពគ្នាជាក់លាក់ឡើយក្នុងការឆ្លើយតបនឹងបញ្ហាទាំងនោះ»។
លោកបានបន្ថែមថា ការដែលសមាជិកអាស៊ានខិតខំព្យាយាមស្វែងរកដំណោះស្រាយ និងច្រកបង្កើតការឯកភាពក្នុងតំបន់ និងបញ្ហាផ្សេងៗទៀតពិតជាមានសារៈសំខាន់ដើម្បីធានាដល់កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងប្លុកអាស៊ាន ដែលទាមទារលើសមត្ថភាពរបស់អាស៊ានខ្លួនឯងក្នុងការដោះស្រាយបញ្ហាស្មុគស្មាញ និងវិបត្តិដែលកំពុងប្រឈមសម្រាប់លើកតម្លៃអាស៊ានចំពោះរដ្ឋជាសមាជិករៀងខ្លួន និងដៃគូខាងក្រៅ។
សម្រាប់លោក រ៉ូ វណ្ណៈ អ្នកជំនាញភូមិសាស្ត្រនយោបាយវិញ ក៏បានថ្លែងដែរថា មជ្ឈភាពអាស៊ានគឺជាពាក្យដែលអាស៊ានតែងលើកឡើង ហើយក៏ជាសុបិនរបស់អាស៊ានផងដែរ ក៏ប៉ុន្ដែជាក់ស្តែងសមាជិកនីមួយៗតែងចាប់យកមហាអំណាចរៀងៗខ្លួនដើម្បីផលប្រយោជន៍ ខ្លះចាប់យកចិន ខ្លះចាប់យកសហរដ្ឋអាមេរិកនៅចំពោះមុខការប្រណាំងប្រជែងរបស់មហាអំណាចក្នុងពិភពលោកពហុប៉ូល។
លោក រ៉ូ វណ្ណៈ បានបញ្ជាក់ថា៖ «ជាការពិត មជ្ឈភាពអាស៊ាន ពិតជាសំខាន់ក្នុងការធ្វើតុល្យភាពជាមួយការគំរាមកំហែងនៃជម្លោះ និងការប្រកួត ប្រជែងរបស់ចិន និងអាមេរិកដែលស្ថិតក្នុងសង្គ្រាមត្រជាក់ថ្មី»។
តាមរយៈសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃកិច្ចប្រជុំរដ្ឋមន្ត្រីការបទេសអាស៊ានលើកទី៥៦ នេះក៏បានលើកឡើងផងដែរពីកិច្ចប្រជុំគណៈកម្មការតំបន់អាស៊ីអាគ្នេយ៍គ្មានអាវុធនុយក្លេអ៊ែរ (SEANWFZ) ដែលអង្គប្រជុំបានប្តេជ្ញាចិត្តជាថ្មីក្នុងការរក្សាតំបន់អាស៊ីអាគ្នេយ៍ជាតំបន់គ្មានអាវុធនុយក្លេអ៊ែរ និងគ្មានអាវុធមហាប្រល័យផ្សេងទៀតដូចមានចែងក្នុងធម្មនុញ្ញអាស៊ាន។ រីឯប្រមុខការទូតកម្ពុជាបានលើកគុណសម្បត្តិនៃវិធីសាស្ត្រ «មកមុនទទួលបានមុន» សម្រាប់ជំរុញឱ្យរដ្ឋដែលមានអាវុធនុយក្លេអ៊ែរចុះហត្ថលេខាជាមួយលើពិធីសាររបស់ SEANWFZ ដោយគ្មាន «ខបម្រុង»។
សម្រាប់ជំនួបរវាងរដ្ឋមន្ត្រីការបរទេសអាស៊ានជាមួយតំណាងនៃគណៈកម្មការអន្តរជាតិរដ្ឋាភិបាលអាស៊ានស្តីពីសិទ្ធិមនុស្ស (AICHR) វិញ អង្គប្រជុំបានពិនិត្យរបាយការណ៍នៅឆ្នាំ ២០២៣ និងបានអនុម័តកម្មវិធីឬសកម្មភាពអាទិភាពរបស់ AICHR ក្នុងឆ្នាំ ២០២៤ ក្នុងគោលដៅពង្រឹងកិច្ចសហការរវាងប្រទេសសមាជិកអាស៊ានលើការលើកកម្ពស់ និងការពារសិទ្ធិមនុស្សនៅក្នុងតំបន់។
ការណ៍នេះ ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានថ្លែងថា ដោយហេតុរដ្ឋអាស៊ាននីមួយៗមានវប្បធម៌សម្បូរបែប និងចម្រុះនយោបាយប្រទេសនីមួយៗមានយុទ្ធសាស្ត្ររៀងៗខ្លួនលើកិច្ចការសិទ្ធិមនុស្ស ក្នុងការជំរុញរបៀបវារៈ និងបរិបទផ្សេងៗគ្នា ដោយលោកបានស្នើឱ្យ AICHR ពិចារណារៀបចំបោះពុម្ពរបាយការណ៍ប្រចាំឆ្នាំដោយផ្តោតលើសកម្មភាពសមាជិកអាស៊ាននីមួយៗសម្រេចបានក្នុងកិច្ចការសិទ្ធិមនុស្សក្នុងប្រទេសរៀងៗខ្លួនវិញ៕