ភ្នំពេញៈ រដ្ឋាភិបាល​បានចេញ​អនុក្រឹត្យ​ស្តីពី​ការផ្ទេរ​ធនធាន​ថវិការដ្ឋ​ដល់​ឃុំ​-​សង្កាត់​បន្ថែម ដើម្បី​ចំណាយ​លើ​ការ​អភិវឌ្ឍ​មូលដ្ឋាន​រយៈពេល ​៥ ​ឆ្នាំ ពី​ឆ្នាំ​ ២០២៤ ដល់​ឆ្នាំ​ ២០២៨ ក្នុង​គោលដៅ​លើកកម្ពស់​ការផ្តល់សេវា​សាធារណៈ និង​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន ដែល​រដ្ឋ​គ្រោង​ចំណាយ​ ១ ​ឆ្នាំ ១% នៃ​ចំណូល​ចរន្ត​ថវិកា​ថ្នាក់ជាតិ​។​

​អនុក្រឹត្យ​នេះ​ត្រូវបាន​សង្គម​ស៊ីវិល​សាទរ​ចំពោះ​ការផ្តល់​ថវិកា​សម្រាប់​ចំណាយ​ដល់​មូលដ្ឋាន​សម្រាប់​ការអភិវឌ្ឍ​ឃុំ​-​សង្កាត់ ​ហើយ​អាច​បង្ក​លទ្ធភាព​ដល់​តម្រូវការ​មូលដ្ឋាន​មួយ​​ចំនួន​។ យោងតាម​អនុក្រឹត្យ​ចុះ​នៅ​ថ្ងៃទី​ ១០ ខែកក្កដា ដែល​ចុះហត្ថលេខា​ដោយ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ​ស្តីពី​ការផ្ទេរ​ធនធាន​បន្ថែម​ពី​ថវិការដ្ឋ​ដល់​រដ្ឋបាល​ឃុំ សង្កាត់ សម្រាប់​ចំណាយ​អភិវឌ្ឍ​នៅ​មូលដ្ឋាន បាន​លើកឡើងថា អនុក្រឹត្យ​នេះ​មាន​វិសាលភាព​គ្របដណ្តប់​លើ​រដ្ឋបាល​ឃុំ សង្កាត់​ទាំងអស់​លើក​លែង​ភូមិសាស្ត្រ​រដ្ឋបាល​ចំណុះ​រាជធានី​ភ្នំពេញ​។

​អនុក្រឹត្យ​នេះបន្តថា រដ្ឋ​គ្រោង​ចំណាយ​ក្នុង ១ ​ឆ្នាំ ចំនួន ១% នៃ​ចំណូល​ចរន្ត​ថវិកា​ថ្នាក់ជាតិ ដែល​អនុ​ម័ត​ទុក​មុន ១ ​ឆ្នាំ តួយ៉ាង​ថវិកា​ដែល​ត្រូវ​ចំណាយ​លើ​រដ្ឋបាល​ឃុំ​-​សង្កាត់ នៅ​ឆ្នាំ ​២០២៤ ត្រូវយក ១% នៃ​ចំណូល​ចរន្ត​ថវិកា​ថ្នាក់ជាតិ​ដែល​អនុម័ត​នៅ​ឆ្នាំ​ ២០២៣ ដែលជា​ភារកិច្ច​គ្រប់គ្រង​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។​

​ប្រភព​ដដែល​បន្តថា រូបមន្ត និង​ស​ន្ទ​ស្សន៍​ដែល​ត្រូវ​ចំណាយ​នៅ​រដ្ឋបាល​មូលដ្ឋាន​មានដូចជា​ ៣០% ជា​ចំណែក​ស្មើៗ​គ្នា​ដែល​បែងចែក​សម្រាប់​រដ្ឋ​បាល​ឃុំ​-​សង្កាត់​នីមួយៗ​។ ៣០% ត្រូវបាន​បែងចែក​តាម​សម​មាត្រ​នៃ​ចំនួន​ប្រជាជន​របស់​ឃុំ​-​សង្កាត់​នីមួយៗ ផ្អែក​តាម​ទិន្នន័យ​ក្រសួងផែនការ​។

៣០% បែងចែក​សមាមាត្រ​នៃ​ចំនួន​ភូមិ​នៃ​ឃុំ​-​សង្កាត់ នីមួយៗ​យោងតាម​ទិន្នន័យ​ក្រសួង​ផែន​ការ និង​នៅសល់ ១០% បែងចែក​សមាមាត្រ​នៃ​ចំនួន​ភូមិ នៃ​ឃុំ​-​សង្កាត់​នីមួយៗ យោងតាម​ទិន្នន័យ​ក្រសួង​​មហាផ្ទៃ​។

អនុក្រឹត្យ​នេះ បញ្ជាក់​បន្ថែមថា​៖ «​រដ្ឋបាល​ឃុំ សង្កាត់​នីមួយៗ​ត្រូវ​គ្រោង និង​ប្រើប្រាស់​ធនធាន​បន្ថែម​ពី​ថវិការដ្ឋ សម្រាប់​ចំណាយ​អភិវឌ្ឍ​មូល​ដ្ឋា​ន​នេះ​ក្នុង​ក្របខ័ណ្ឌ​ថវិកា​ប្រចាំឆ្នាំ ដូចគ្នា​ទៅនឹង​ការគ្រោង និង​ការប្រើ​ប្រាស់​ធនធាន​សមាសភាគ​អភិវឌ្ឍន៍​មូល​ដ្ឋា​ន​នៃ​មូលនិធិ​ឃុំ សង្កាត់​ស្របតាម​ច្បាប់ និង​បទ​ប្បញ្ញត្តិ​ដែលមាន​ការ​ពាក់ព័ន្ធ​ជា​ធរមាន​»​។​

​លោក​ ប៉ិច ពិសី នាយក​ប្រតិបត្តិ​អង្គ​​ការ​តម្លាភាព​កម្ពុជា ​(TIC) សាទរ​ចំពោះ​ការផ្តល់​ថវិកា​សម្រាប់​ចំណាយ​មូលដ្ឋានចំនួន​ ១% ​នៃ​ចំណូល​ចរន្ត​នៃ​ថវិកាជាតិ​ប្រចាំឆ្នាំ​ដែលជា​តួលេខ​មួយ​ល្អ​សម្រាប់​ការអភិវឌ្ឍ​ឃុំ​-​សង្កាត់ ហើយ​អាច​បង្ក​លទ្ធភាព​ដល់​តម្រូវកា​រ​មូលដ្ឋាន​មួយចំនួន​។ លោក​យល់ថា រដ្ឋាភិបាល​ជា​ពិសេស​អាជ្ញាធរ​មូលដ្ឋាន គួររៀបចំ​កំណត់​វិស័យ​អាទិភាព​សម្រាប់​ឃុំ​សង្កាត់ គួរ​មានការ​ចូលរួម​ពី​សំណាក់​ប្រជាពលរដ្ឋ​មូលដ្ឋាន ដើម្បី​ធានា​ដល់​ការឆ្លើយតប​របស់​រដ្ឋ ជាពិសេស​ថវិកា​ចំណាយ​របស់​រដ្ឋ​សមស្រប​តាម​តម្រូវ​ការជាក់ស្តែង​របស់​ប្រជាពលរដ្ឋ​។​

​ដើម្បីឱ្យ​ខ្ទង់ចំណាយ​នៅ​មូលដ្ឋាន​មាន​ប្រសិទ្ធភាព លោក ប៉ិច ពិសី បាន​សង្កត់ធ្ងន់ថា​៖ «​ត្រូវ​ធានា​តម្លាភាព គណនេយ្យភាព និង​ការប្រើប្រាស់​ថវិកា​ដោយ​មិន​មានការ​ក្លែងបន្លំ មិនមាន​អំ​​ពើ​ពុករលួយ​។ ការកើនឡើង​កញ្ចប់​ថ​វិកា​នេះ​ជា​រឿង​ល្អ ប៉ុន្តែ​ការប្រើប្រាស់​ថវិកា​ឱ្យ​ត្រឹមត្រូវ​គឺជា​រឿង​ចាំបាច់ ដើម្បី​ធានា​យើង​ប្រើ​ត្រូវចំ​គោលដៅ​»​។

​លោក​បន្ថែមថា ការបង្កើត​បរិយាកាស​អភិវឌ្ឍន៍​ឃុំ​-​សង្កាត់​ឱ្យមាន​ការចូលរួម​ពី​ប្រជាពលរដ្ឋ​ដែល​រស់នៅ​មូលដ្ឋាន​ផ្ទាល់ និង​ការ​​គ្រប់គ្រង ចាត់ចែង និង​តាមដាន​ការ​ចំ​ណាយ​ថវិកា​ឱ្យ​ត្រូវ​ខ្ទង់​ប្រកបដោយ​តម្លា​ភាពជា​កត្តា​សំខាន់​នាំឱ្យ​ការចំណាយ​មូលដ្ឋាន​មាន​ប្រសិទ្ធភាព​ខ្ពស់​៕