ភ្នំពេញៈ អង្គការ​យូ​នី​សេ​ហ្វ​សង្ឃឹមថា យុទ្ធនាការ​តាម​ប្រព័ន្ធ​ឌីជីថល ​ដើម្បី​ទប់ស្កាត់​ការ​កេង​ប្រវ័ញ្ច​ផ្លូវភេទ​លើ​កុមារ​អាច​ផ្សព្វផ្សាយ​ដល់​យុវជន​ជាង​ ២​ លាន​នាក់​តាម​ប្រព័ន្ធ​អន​ឡាញ ខណៈ​យុទ្ធនាការ​នេះ​បានផ្តល់​ដំបូន្មាន និង​រឿងរ៉ាវ​នានា​ជុំវិញ​របៀប​ប្រើប្រាស់​ប្រព័ន្ធ​ឌីជីថល​ដើម្បី​គេចចេញ​ពី​គ្រោះថ្នាក់​។​

​អង្គការ​យូ​នី​សេ​ហ្វ​កម្ពុជា និង​ក្រសួង​សង្គមកិច្ច អតីត​យុទ្ធ​ជន និង​យុវនីតិសម្បទា កំពុង​សហការគ្នា​ធ្វើ​យុទ្ធនាការ ​១ ​មាន​រយៈពេល ​៣ ​ខែ ដែលមាន​លក្ខណៈ​អន្តរ​កម្ម និង​ច្នៃប្រឌិត ដើម្បី​ឆ្លើយតប​ចំពោះ​ល្បិចកល ​“​លួងលោម​” ​កុមា​រលើ​អន​ឡាញ ​ដើម្បី​កាត់បន្ថយ​ចំនួន​កុមារ​ដែល​ទទួលរង​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​អន​ឡាញ​។​

​យូ​នី​សេ​ហ្វ បានឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​ចុះ​​ថ្ងៃទី ​១២ ខែកក្កដា​ថា យុទ្ធនា​ការ​តាម​ប្រព័ន្ធ​ឌីជីថល​ប្រកប​ដោយ​ភាព​ច្នៃប្រឌិត​ដែលមាន​ឈ្មោះថា ​“​តោះ​ជជែក​គ្នា ​(Let’s Chat)”​ បាន​ចាប់​អនុវត្ត​ពីថ្ងៃ​ទី​ ១ ខែមិថុនា រហូតដល់​ថ្ងៃទី ​៣០ ខែសីហា ឆ្នាំនេះ ហើយ​វា​ជា​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា ដើម្បី​កាត់បន្ថយ​ហានិភ័យ​ដែល​ក្មេង​ជំទង់​នៅ​កម្ពុជា​ជួបប្រទះ​ដែល​បង្កឡើង​ដោយ​ជន​ប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច​លើ​អន​ឡាញ​។​

​យូ​នី​សេ​ហ្វ​បាន​លើកឡើងថា ជន​ប្រព្រឹត្ត​អំពើ​កេងប្រវ័ញ្ច និង​រំលោភបំពាន​ផ្លូវភេទ​លើ​អន​ឡាញ​ក្នុង​ទម្រង់​មួយ​ដែល​គេ​ហៅថា “​ការ​លួងលោម​”​ជារឿយៗ​តែង​ប្រើប្រាស់​បណ្តាញ​​ទំនាក់ទំនង​សង្គម និង​កម្មវិធី​ផ្ញើ​សារ​ជជែក​កម្សាន្ត ឬ​អ៊ែ​ប​វីដេអូ​ដទៃទៀត​។​

​យូ​នី​សេ​ហ្វ បាន​រៀបរាប់ថា​៖​​ «​ពួកគេ​ចាប់​ផ្តើមកសាង​ទំនាក់​ទំនង​ជាមួយ​យុវជន​បន្តិច​ម្តងៗ​ដើម្បី​ស្វែងយល់​ពី​តម្រូវ​ការ និង​ភាពទន់ខ្សោយ​របស់​យុវជន ហើយ​ពេលខ្លះ​ពួកគេ​បន្លំ​ខ្លួន​ធ្វើជា​យុវជន​ផងដែរ​។ ក្រោយពេល​ពួកគេ​បានទទួល​ការជឿទុកចិត្ត ការរំលោភបំពាន​បាន​លេចចេញ​ជា​រូបរាង​សន្សឹមៗ ជារឿយៗ​ស្តែងចេញ​តាមរយៈ​ការបោក​បញ្ឆោត​បែប​លាក់​កំបាំង និង​ការទាមទារ​ផ្សេងៗ និង​អាច​វិ​វ​ឌ្ឍ​ទៅជា​ការបង្ក​គ្រោះ​ថ្នាក់លើ​រូបរាងកាយ​»​។​

​យុទ្ធនាការ​ “​តោះ​ជជែក​គ្នា​” មាន​គោលបំណង​ជួយ​ឱ្យ​ក្មេង​ជំទង់​យល់ដឹង​ពី​ល្បិច​របស់​ជន​ទាំងនេះ ក៏ដូចជា​ជួយ​ឱ្យ​ពួកគេ​ចេះ​កំណត់​ដឹង និង​យល់​ពីអ្វី​ដែល​ត្រូវធ្វើ ប្រសិនបើ​ពួកគេ​ឬ​មិត្តភក្តិ​ក្លាយជា​មុខសញ្ញា​របស់​ជន​ដែល​លួងលោម​ល្បួង​កុមា​រលើ​អន​ឡាញ និង​អាចធ្វើ​ការសម្រេចចិត្ត​ប្រកបដោយ​សុវត្ថិ​ភាព ដើម្បី​កាត់បន្ថយ​ហានិភ័យ​សម្រាប់​ខ្លួនឯង​ផង និង​សម្រាប់​ក្មេង​ជំទង់ និង​កុមារ​ដទៃ​ទៀតផង​។ នេះ​បើតាម​ការ​អះអាង​របស់​យូ​នី​សេ​ហ្វ​។​

​យូ​នី​សេ​ហ្វ បាន​បញ្ជាក់ថា​៖ «​យុវជន និង​សាធារណជន អាច​ចូលរួម​ក្នុង​យុទ្ធនាការ​នេះ តាមរយៈ​ទំព័រ​ហ្វេ​ស​ប៊ុ​ក និង​អ៊ី​ន​ស្តា​ក្រាម​របស់​យូ​នី​សេ​ហ្វ​កម្ពុជា​។ យូ​នី​សេ​ហ្វ​សង្ឃឹមថា​យុទ្ធនាការ​នេះ​នឹង​អាច​ផ្សព្វ​ផ្សាយ​ដល់​យុវជន​ជាង​ ២​ លាន​នាក់​តាម​ប្រព័ន្ធ​អន​ឡាញ​ក្នុង​រយៈពេល ៣ ​ខែ​ខាងមុខ​»​។​

​តាម​របាយការណ៍​ឆ្នាំ​ ២០២២ ស្តីពី​ការបញ្ឈប់​គ្រោះថ្នាក់​ក្នុងប្រទេស​កម្ពុជា​ដែល​រៀបចំ​ដោយ​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ និង​ដៃគូ​នានា​ដូចជា​យូ​នី​​សេ​ហ្វ​កម្ពុជា បាន​រកឃើញថា កុមារ​នៅ​កម្ពុជា​អាយុ​ចន្លោះ​ពី​ ១២ ទៅ ​១៧ ​ឆ្នាំ កំពុង​ប្រើប្រាស់​អ៊ី​ន​ធឺ​ណិ​ត​មាន​ ១១ ​ភាគរយ​ធ្លាប់​ទទួលរង​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​ផ្លូវភេទ​លើ​អន​ឡាញ​។ ១១​ ភាគរយ​នៃ​កុមារ​ទាំងនោះ គឺ​ធ្លាប់​ជួប​បញ្ហា​រួមមាន ការផ្ញើ​សារ​គំរាម​កុមារ​ឱ្យ​ចូលរួម​ក្នុង​សកម្មភាព​ផ្លូវភេទ និង​ការផ្ញើ​រូបភាព​អាស​អាភាស ដោយ​ពុំមាន​ការយល់​​ព្រម​ពី​ភាគី​ម្ខាង​ទៀត​។

​របាយការណ៍​ដដែល​នេះ​ក៏​បង្ហាញ​ផងដែរ​អំពី​ស្ថិតិ​ដែលមាន​ការព្រួយបារម្ភ​ដទៃទៀត​ដូចជា មាន​កុមារ​ ១៦ ​ភាគរយ បាន​ក្លាយជា​កម្មវត្ថុ​នៃ​ការសរសេរ​មតិយោបល់​ដែលមាន​ចរិត​ផ្លូវភេទ​អំពី​ពួកគេ​ដែល​ធ្វើឱ្យ​ពួកគេ​ពុំមាន​អារម្មណ៍​ងាយ​​ស្រួល​ដែល​ក្នុង​ចំនួន​នេះ​មាន​ ៣១ ​ភាគរយ​បាន​និយាយថា ការ​សរសេរ​បែបនេះ​កើតមាន​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

​លោក Will Parks តំណាង​យូ​នី​សេ​ហ្វ​ប្រចាំ​កម្ពុជា បាន​ថ្លែងថា ក្នុង​បរិបទ​ដែល​ការ​រាយការណ៍​ពី​ករណី​រំលោភ​​បំពាន ឬ​កេងប្រវ័ញ្ច​ផ្លូវភេទ​លើ​អន​ឡាញ អាចជា​រឿង​ដែល​គេ​គិតថា មិនគួរ​ធ្វើ​ឬ​ជា​រឿង​អា​ម៉ាស់​ខ្លាំងពេក វា​ជាការ​សំខាន់​ណាស់​ដែល​ត្រូវបង្កើត​វិធីសាស្ត្រ​ផ្តល់​ភាពងាយស្រួល និង​បង្ហាញ​ពីស​មានចិត្ត​សម្រាប់​ផ្តល់ព័ត៌មាន​អំពី​ប្រធានបទ​នេះ​ប្រសិនបើ​យើង​ចង់ឱ្យ​មានការ​ផ្លាស់ប្តូរ​ប្រកបដោយ​ប្រសិទ្ធ​ភាព និង​កាត់បន្ថយ​ហានិភ័យ​ដែល​ក្មេង​ជំទង់ និង​យុវជន​កំពុង​ជួបប្រទះ​។

​លោក​បាន​អះអាងថា យុទ្ធ​នា​ការ​តាម​បណ្តាញ​សង្គម​ប្រព្រឹត្តទៅ​នៅលើ​អន​ទ្បា​ញ​ដែលជា​កន្លែង​ជួប​ជាមួយ​យុវជន​ដែល​ពួកគេ​កំពុង​នៅ​ទីនោះ​ស្រាប់ ហើយ​ប្រើប្រាស់​វិធីសាស្ត្រ​និទានរឿង និង​បច្ចេកវិទ្យា​ដើម្បី​ផ្តល់​ភាព​អង់អាច និង​ការពារ​ពួកគេ​ពី​គ្រោះថ្នាក់​នានា​។​

​លោក​បាន​បញ្ជាក់ថា​៖ «​តាម​រយៈ​ការបន្ត​រៀបចំ​មាតិកា និង​ព័ត៌មាន​តាម​ប្រព័ន្ធ​ឌីជីថល​សម្រាប់​បែប​កុមារ និង​យុវជន​​មេត្រី និង​កិច្ចសហការ​ជាមួយ​ដៃគូ​នានា ដើម្បី​រួមគ្នា​រៀបចំ​យុទ្ធនា​ការបង្កើន​ការយល់ដឹង និង​ស្វែងរក​ការគាំទ្រ​ក្នុងសង្គម​ដើម្បី​ផ្លាស់ប្តូរ​ឥរិយាបថ ដូចជា យុទ្ធនាការ​“​តោះ​ជជែក​គ្នា​” ជាដើម​នេះ​។ កម្ពុជា​អាច​ផ្តល់​វេទិកា​ដែល​កាន់​តែមាន​សុវត្ថិ​ភាព​សម្រាប់​កុមារ និង​ក្មេង​ជំទង់ ដើម្បីឱ្យ​ពួកគេ​អាច​សម្រេច​ចិត្តបាន​ត្រឹមត្រូវ​ដើម្បី​កាត់បន្ថយ​ការ​ប្រឈម និង​ការកេងប្រវ័ញ្ច និង​ការរំលោភបំពាន​មកលើ​ពួកគេ​»​។​

​តាម​យុទ្ធនាការ​នេះ​នឹងមាន​ការបង្ហាញ​ពី​មិត្ត​ជិតស្និទ្ធ​មួយក្រុម​មាន​គ្នា​ ៤​ នាក់ ​ដែល​ប្រើ​ប្រាស់​បណ្តាញ​សង្គម​សម្រាប់ធ្វើ​សកម្មភាព​ផ្សេងៗ​នៅក្នុង​ជីវិត​ទាក់ទង​នឹង​មនុស្ស​ដែល​ខ្លួន​ស្រឡាញ់ និង​ទំនាក់ទំនង​តាម​លើ​អន​ឡាញ​ដទៃទៀត​។

​នេះ​បើតាម​សេចក្តីប្រកាស​របស់​អង្គការ​នេះ​។ ​យូ​នី​សេ​ហ្វ បាន​អះអាង​ទៀតថា​៖ «​រឿងរ៉ាវ​របស់​ពួកគេ​ត្រូវបាន​បង្ហាញ​ក្នុង​ទម្រង់​ជា​វីដេអូ​ភាគ​ខ្លីៗ​បែប​ជាការ “​សន្ទនា​” ដោយ​វីដេអូ​នីមួយៗ​ផ្តោតលើ​សេណារីយោ​មួយ​។ អម​ជា​​មួយ​នឹង​វីដេអូ​ទាំងនេះ​ក៏​មានការ​បង្ហោះ​ពី​ព័ត៌មាន​ផ្សព្វផ្សាយ និង​សកម្មភាព​ដែល​អាច​អនុ​វត្ត​ជា​ជំហានៗ ដូចជា​ព័ត៌មាន​សម្រាប់​ទាក់ទង​ទៅកាន់​បណ្តាញទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​ដែល​គេ​អាច​ហៅចូល​ដោយ​មិន​គិត​ថ្លៃ (+៨៥៥៩២៣១១៥១១)​ ជាដើម​»៕