​ព្រះសីហនុៈ លោក​ គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ បាន​អះអាងថា គិត​មកទល់ពេលនេះ​ដំណើរការ​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ (PS3)​ នៅ​ភូមិ​ ៤ សង្កាត់​លេខ​ ៤ ក្រុង​ព្រះសីហនុ​ដែលមាន​តម្លៃ ​២០ ​លាន​ដុល្លារ​អាមេរិក​សម្រេចបាន​ ៩៨​ ភាគរយ​ហើយ ដោយ​គម្រោង​នេះ​នឹង​បញ្ចប់​ការ​សាង​សង់​នៅ​ចុងខែ​កក្កដា​នេះ​។​

​លោក ​គួច ចំរើន បាន​លើក​ឡើង​ដូចនេះ នាឱកាស​ដែល​លោក​ចុះ​ពិនិត្យ​វឌ្ឍនភាព​គម្រោង​ផ្ទាល់​កាលពី​រសៀល​ថ្ងៃទី ​១១ ខែកក្កដា​។​

​តាមរយៈ​រដ្ឋបាលខេត្ត​ព្រះ​សីហនុ តំណាង​ក្រុមហ៊ុន X.WATER ដែលជា​ក្រុមហ៊ុន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ បានឱ្យដឹងថា ដំណើរការ​សាងសង់​អា​ង​ប្រ​ព្រឹត្តិ​កម្មនេះ​បាន​ប្រព្រឹត្ត​ដោយ​រលូន​តាម​ផែនការ​គ្រោងទុក​។​ បើ​គិត​មកទល់ពេលនេះ​ការសាងសង់​សម្រេចបាន ​៩៨ ភាគរយ និង​អាច​បញ្ចប់​នៅ​ចុង​​ខែកក្កដា ឆ្នាំ ​២០២៣ ខាងមុខ​ផងដែរ​។​

​តំណាង​ក្រុមហ៊ុន​បាន​បញ្ជាក់ថា​៖ «​បច្ចុប្បន្ន​ក្រុមការងារ​បច្ចេកទេស​ក្រុមហ៊ុន​នឹង​រៀបចំ​ធ្វើតេស្ត​សាកល្បង​នៅ​ចុងខែ​កក្កដា ២០២៣ មុននឹង​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការដែល​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​នេះដែរ គឺ​វា​មាន​សមត្ថភាព​ផលិត​ទឹក​កខ្វក់​ក្នុង​ ១ ​ថ្ងៃ ២០ ០០០ ​ម៉ែត្រគុប​»​។​

​ជាមួយគ្នានេះ លោក​ គួច ចំរើន បានឱ្យដឹង​ដែរ​ថា ការសាងសង់​អាង​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​៣ (PS3)​ នេះ គឺជា​អំណោយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​សហការ​ជាមួយ​រដ្ឋបាល​ខេត្ត​ព្រះសីហនុ​សម្រេច​សាង​សង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទី​១ ទី​២ ​និង​ទី​៣​។​

​លោក​បាន​បន្តថា ការ​សាង​សង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ជា​បន្ត​បន្ទាប់​នេះ គឺ​ដើម្បី​បន្សុទ្ធ​ទឹក​កខ្វក់​ឱ្យ​ក្លាយជា​ទឹក​ដែល​ស្អាត ស្របតាម​ស្តង់ដា​បរិស្ថាន មុននឹង​បញ្ចេញ​ចោល​ទៅក្នុង​សមុទ្រ ដោយ​ប្រើ​ប​ចេ្ច​ក​វិទ្យា​ចុងក្រោយ MABR និង​ត្រូវ​បានទទួល​ស្គាល់​ថា ជា​បច្ចេកវិទ្យា​ដែលមាន​ស្ថិរភាព ប្រសិទ្ធភាព​ខ្ពស់ សន្សំសំចៃ​ថាមពល​គ្មាន​សំឡេង​រំខាន និង​គ្មាន​ក្លិន​ប៉ះពាល់​ដល់​អ្នករស់នៅ​ជុំវិញ​។​

​លោក​ គួច ចំរើន បាន​បញ្ជាក់ថា​៖ «​ការសាងសង់​ស្ថានីយ​​ប្រព្រឹត្តិកម្ម ក៏​ដើម្បី​កាត់បន្ថយ​ការបញ្ចេញ​កាកសំណល់​ប្រើ​ប្រាស់​ដែលមាន​ចំនួន​ច្រើន និង​មាន​សារធាតុពុល ដែល​អាច​បង្ក​ផលប៉ះពាល់​ដល់​បរិស្ថាន​ជុំវិញ មានដូចជា​មនុស្ស​សត្វ រុក្ខជាតិ ជីវចម្រុះ និង​ឆ្នេរ​សមុទ្រ​ខេត្ត​ព្រះសីហនុ​»​។​

​យោងតាម​រដ្ឋបាលខេត្ត​ព្រះ​​សីហនុ បានឱ្យដឹងថា នៅ​ខេត្ត​នេះ​បាន​សាងសង់​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទី​១ ទី​២ និង​ទី​៣ ដោយ​ក្នុងនោះ ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី​ ១ មាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ​៥ ២០០​ ម៉ែត្រគុប​ក្នុង ​១ ​ថ្ងៃ​ដោយ​ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​ ៣ ដែលមាន​ផ្ទៃដី ៣៦៤ ​ហិកតា ស្ថិតក្នុង​សង្កាត់​លេខ​ ៣​។

​ដោយឡែក ស្ថានីយ​ប្រព្រឹត្តិ​កម្ម​ទឹក​កខ្វក់​ទី ​២​ វិញ​គឺមាន​សមត្ថភាព​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ក្នុង​បរិមាណ ​៧ ២០០​ ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ ដោយ​ទទួល​រងទឹក​កខ្វក់​ពី​តំបន់​ទី​៤ ដែលមាន​ផ្ទៃដី ៤៨៦ ​ហិកតា ស្ថិតនៅក្នុង​សង្កាត់​លេខ​ ៣​។​

​រដ្ឋបាលខេត្ត​ព្រះសីហនុ បានបញ្ជាក់​ទៀតថា បច្ចុប្បន្ន​ស្ថានីយ​ទឹក​កខ្វក់​ទី​១ និង​ទី​២ បាន​ដាក់ឱ្យ​ដំណើរការ​ជា​ផ្លូវ​ការ​ហើយ ចំណែកឯ​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទី ​៣ គឺ​កំពុង​សាងសង់​ដោយ​សម្រេច​បាន​ ៩៨ ​ភាគរយ​។​

​សូម​បញ្ជាក់ដែរថា ក្រៅពី​ស្ថានីយ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​ទាំង​ ៣ ​នេះ ខេត្ត​ព្រះសីហនុ នៅមាន​ស្ថានីយ​បូមទឹក​កខ្វក់​ចំនួន​ ៧ ​ទីតាំង​ផ្សេងទៀត ក្នុងនោះ ៤​ ទីតាំង​ស្ថាបនា​ដោយ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា និង​ ៣​ ទីតាំង​ទៀត ស្ថា​ប​នា​ដោយ​ក្រសួង​សាធារណ​ការ និង​ដឹកជញ្ជូន​ដើម្បី​បូមទឹក​​កខ្វក់​ទម្លាក់​ទៅ​ស្ថានីយ​ច្រោះ​សម្អាត​ទឹក​កាកសំណល់​ក្នុង​ក្រុង​ព្រះសីហនុ​ (១៦​ ហិកតា​)៕