ភ្នំពេញៈរដ្ឋ​មន្ត្រី​ការប​រទេស​អាស៊ាន និង​រុស្ស៊ី​បាន​ចេញ​សេចក្តី​ថ្លែងកា​រណ៍​រួម​នៅ​ថ្ងៃទី​១៣ ខែ​កក្កដា​ ដោយ​បាន​​បញ្ជាក់​ពី​សារៈ​សំខាន់​នៃ​ការ​ប្រកាន់​ខ្ជាប់​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ​និង​ធម្មនុញ្ញ​អង្គ​ការ​សហប្រ​ជាជា​តិ(​អ​.​ស​.​ប​) រួម​មាន​សិទ្ធិ​ស្វ័យ​សម្រេចអធិប​តេយ្យ​ បូរណ​ភាព​ទឹកដី​ និង​មិន​គាំទ្រ​ការ​គំរាម​កំហែង​នៃ​ការ​ប្រើប្រា​ស់​កម្លាំងឬ​ការ​ប្រើ​ប្រាស់​កម្លាំង​។​

​កា​រចេញ​សេច​ក្តីថ្លែ​ងការណ៍​នេះ​ធ្វើ​ឡើង​ក្នុង​កិច្ច​ប្រជុំ​រដ្ឋមន្ត្រី​ការប​រទេស​អាស៊ាន ​និង​រុស្ស៊ី ​ នៅ​ទី​ក្រុងហ្សា​ការ​តា​(Jakarta) ប្រទេស​ឥណ្ឌូនេ​ស៊ី​។ លោក​​Sergey Lavrov ​រដ្ឋ​មន្ត្រី​ការប​រទេស​រុស្ស៊ី និង​លោក ​ប្រាក់ សុខុន រដ្ឋ​មន្ត្រីកា​រ​បរទេស​កម្ពុជា ក៏បាន​ចូល​រួម​កិច្ច​ប្រជុំ​នេះ​ដែរ​។​

​ភាគី​ទាំង​២​បាន​រំ​ឭ​ក​ឡើង​វិញ​ពីសេចក្តីថ្លែ​ងការណ៍​រួម​របស់​ប្រមុខរ​ដ្ឋ និង​ប្រមុខ​រដ្ឋាភិ​បាល​នៃ​ប្រទេស​សមា​ជិក​អា​ស៊ាន​និង​ប្រមុខ​រដ្ឋ​រុស្ស៊ី​ស្តីពី​ភាព​ជា​ដៃគូ​រីក​ចម្រើន ​និង​គ្រប់​ជ្រុង​ជ្រោយ​ដែល​បាន​អនុ​ម័ត​ក្នុង​ឆ្នាំ២០០៥ សេចក្តី​ថ្លែង​ការណ៍​រួម​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី​លើក​ទី​៣​ស្តីពី​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​ដែល​បាន​អនុម័ត​ក្នុង​ឆ្នាំ ២០១៨ ​និង​សេចក្តី​ថ្លែងកា​រណ៍​រួម​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ាន​-​រុស្ស៊ី​លើក​ទី​៤​ស្តីពី​ការ​កសាង​តំបន់​សន្តិ​ភាព ស្ថិរ​ភាព និង​និរន្តរ​ភាព​ដែល​បាន​អនុម័ត​នៅ​ឆ្នាំ២០២១​ ដែល​បាន​ដាក់​ចេញ​​មូលដ្ឋាន​គ្រឹះ​សម្រាប់​ភាព​ជា​ដៃគូ​យុទ្ធ​សាស្ត្រ​អាស៊ាន​-​រុស្ស៊ី ដែល​រួម​ចំណែក​ដល់​សន្តិភា​ព ស្ថិរភា​ព និង​ការ​អភិវឌ្ឍ​ប្រកបដោ​យ​ចីរភាព​ក្នុង​តំបន់​។​

​រដ្ឋម​ន្ត្រីការបរទេស​អាស៊ាន ​និង​រុស្ស៊ី​ បាន​ឯក​ភាព​គ្នា​ជំរុញ​កិច្ច​សហប្រ​តិបត្តិការ​ក្នុង​ន័យ​ស្ថាប​នា​នៅឯ​អ​.​ស​.​ប. និង​ទីភ្នាក់​ងារ​ឯក​ទេស​នានា​របស់​អ​.​ស​.​ប. ក្នុង​គោល​បំណង​រក្សា​គោល​ការណ៍​ដែល​ទទួលស្គា​ល់​ជាស​កល​នៃ​ច្បាប់​អន្តរ​ជាតិ ​ ​ព្រម​ទាំង​គោល​ការណ៍​នៃ​ធម្ម​នុញ្ញ​អ​.​ស​.​ប.​។​

​សេចក្តី​ថ្លែង​កា​រណ៍​រួម​បញ្ជាក់​ថា​៖ «​យើង​សូម​ឯកភាព​ធានា​នូវ​សន្តិសុ​ខ និង​សុវត្ថិភា​ព​ដែន​សមុទ្រ ​សេរីភាព​នៃ​ការ​ធ្វើ​នាវា​ចរណ៍​ និង​ការ​ហោះហើ​រ និង​ពាណិជ្ជ​កម្ម​គ្មាន​ការ​រារាំ​ង និង​ជំរុញ​ភាព​អត់​ធ្មត់​ ការមិន​ប្រើប្រាស់​កម្លាំង ឬ​កា​រគំរា​មកំហែង​ប្រើ​ប្រាស់​កម្លាំង ​និង​ការ​ដោះស្រា​យ​វិវាទ​ដោយ​សន្តិវិ​ធី ស្របតាម​គោល​ការណ៍​ទទួល​ស្គាល់​ជាស​កល​នៃ​ច្បាប់​អន្តរ​ជាតិ​ ដូច​មាន​ចែង​ក្នុង​ធម្ម​នុញ្ញ​អ​.​ស​.​ប​.អនុស​ញ្ញា​អង្គកា​រសហប្រ​ជាជាតិ​ស្តីពី​ច្បាប់​សមុទ្រ (UN​CLOS) និង​បទ​ដ្ឋាន​ពាក់​ព័ន្ធនិង​ការ​អនុវត្ត​អនុ​សាសន៍​របស់​អង្គ​ការ​អាកា​សចរណ៍​ស៊ីវិល​អន្តរជាតិ (ICAO) និង​លិខិតូ​បករណ៍ និង​អនុ​សញ្ញា​ពាក់​ព័ន្ធ​របស់​អង្គការ​នាវាច​រណ៍​សមុទ្រ​អន្តរ​ជាតិ​(IMO)»​។​

​នៅក្នុ​ង​សេចក្តី​ថ្លែងការ​ណ៍​រួម​នេះ រ​ដ្ឋម​ន្ត្រី​ការបរទេស​អាស៊ាន ​និង​រុស្ស៊ី​បានប​ញ្ជាក់​ជាថ្មី​អំពី​សារៈសំ​ខាន់​នៃ​គោល​បំណង និង​គោលកា​រណ៍​ដែល​មានចែ​ង​ក្នុង​ធម្មនុញ្ញ​អ​.​ស​.​ប. ​ធម្មនុ​ញ្ញ​អាស៊ាន ​សន្ធិ​សញ្ញា​មិត្តភា​ព ​និង​កិច្ច​សហ​ប្រតិប​ត្តិកា​រ​នៅក្នុ​ង​តំបន់​អាស៊ី​អាគ្នេ​យ៍ (TAC)​ សេចក្តី​ប្រកាស​នៃ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ស្តីពី​គោល​ការណ៍​សម្រាប់​ទំនាក់​ទំនង​ផល​ប្រយោជន៍​ទៅ​វិញ​ទៅមក​ ក៏ដូចជា គោល​ការណ៍​ទទួ​លស្គាល់​ជា​ស​កល​នៃ​ច្បាប់​អន្តរ​ជាតិ ដើម្បី​លើក​កម្ពស់​សន្តិ​ភាព ស្ថិរ​ភាព វិបុល​ភាព និង​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​តំបន់​។​

​សេចក្តីថ្លែ​ងកា​រណ៍​រួម​បញ្ជាក់​ថា​៖ «​យើង​សូម​ទទួល​ស្គាល់​នូវ​សា​រៈសំខាន់​នៃ​ម​ជ្ឈ​ភាព និង​ឯកភាព​របស់​អាស៊ាន​នៅក្នុង​និម្មាប​នកម្ម​តំបន់​ដែល​កំពុង​វិវឌ្ឍនៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ ផ្អែកលើ​យន្តការ​ដឹកនាំ​ដោយ​អា​ស៊ាន ដែល​មាន​អាស៊ាន​ជា​កម្លាំង​ជំរុញ​ និង​ផ្អែកលើ​ច្បាប់​អន្តរ​ជាតិ​ និង​គោល​ការណ៍​បើក​ចំហ ​តម្លា​ភាព បរិ​យា​ប័ន្ន ការគោ​រព​គ្នា​ទៅ​វិញ​ទៅមក​ចំពោះ​អធិប​តេយ្យ​ បូរ​ណភាព​ទឹកដី ​សម​ភាព ទំនុក​ចិត្ត និង​ផល​ប្រយោជន៍​​ទៅវិ​ញទៅ​មក​»​។​

​ភាគី​ទាំង​២​បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​នៃ​ផ្នែក​នៃ​កិច្ច​សហប្រ​តិបត្តិការ​ក្រោម​ទស្សនវិ​ស័យ​អាស៊ាន​ស្តីពី​ឥណ្ឌូ​-​ប៉ាស៊ី​ហ្វិក (AOIP) ដែល​មាន​គោល​បំណង​ដើម្បី​ណែនាំ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​រ​បស់​អា​ស៊ាន​នៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ី​ហ្វិក និង​មហាស​មុទ្រ​ឥណ្ឌា ​បង្កើត​សម្ទុះ​សម្រាប់​កិច្ច​សហ​ប្រតិ​បត្តិការ​កា​រ​ឈ្នះ​-​ឈ្នះ និង​ពង្រឹង​យន្ត​ការ​ដែល​មាន​ស្រាប់​ដែល​ដឹកនាំ​ដោយ​អាស៊ាន​ ដោយ​មិន​បង្កើត​យន្តកា​រ​ថ្មី ឬ​ជំនួស​យន្ត​ការ​ដែល​មាន​ស្រាប់​។​

​សេចក្តី​ថ្លែងការណ៍​រួម​នេះ​បន្ត​ថា​៖ «​យើង​បាន​ពិនិត្យ​ឡើង​វិញ​ពីសមិទ្ធ​ផល​នៃ​ភាពជា​ដៃគូ​យុទ្ធ​សាស្ត្រ​អាស៊ាន​-​រុស្ស៊ី​ដែល​បាន​ធ្វើ​ឡើង​ក្នុង​រយៈ​ពេល​៥​ឆ្នាំ​កន្ល​ងមក ហើយ​បានក​ត់សម្គាល់​ពី​ការរួ​មចំណែក​យ៉ាង​សំខាន់​នៃ​ទំនាក់​ទំនង​អាស៊ាន​-​រុស្ស៊ី​ចំពោះ​សមា​ហរណក​ម្ម​អាស៊ាន​ និង​ដំណើរ​ការ​កសាង​សហ​គមន៍​អាស៊ាន​ដោយ​ឈរលើ​ស​សរស្តម្ភ​ទាំង​៣ ក្នុង​វិស័យ​នយោ​បាយ​-​សន្តិ​សុខ សេដ្ឋ​កិច្ច និង​សង្គម​-​វប្បធម៌​។​

​លោក ​យង់ ពៅ អគ្គ​លេ​ខាធិការ​នៃ​រាជ​បណ្ឌិត្យស​ភាក​ម្ពុជា​ បាន​លើក​ឡើង​ថា​ សេចក្តី​ថ្លែង​ការណ៍​រួម​ពាក់​ព័ន្ធ​ការ​ប្រកាន់​ខ្ជាប់​គោល​ការណ៍​ច្បាប់​អន្តរ​ជាតិ​រវាង​អាស៊ាន​និង​រុស្ស៊ី​នេះ​ហាក់​ដូច​ជា​បញ្ច្រាស​ពី​តថ​ភាព​ជាក់​ស្ដែង ពី​ព្រោះ​ករណី​ដែល​រុស្ស៊ី​វាយ​ប្រហារ​លុក​លុយ​នៅ​ប្រទេស​អ៊ុយ​ក្រែ​ន​គឺ​បាន​បំពាន​ច្បាប់​អន្ត​រជា​តិនិង​ធម្មនុញ្ញ​អ​.​ស​.​ប.​និង​បាន​រំលោភ​ដែន​អធិប​តេយ្យ​របស់​អ៊ុយ​ក្រែ​ន​។​

​លោក​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​១៣ ​ខែកក្កដា ​ថា​៖ «​អ៊ីចឹង​ខ្ញុំ​វាយ​តម្លៃថា ​សេចក្តីថ្លែ​ងការណ៍​រួម​នេះ​គឺ​ហាក់ដូ​ចជា​បញ្ច្រាស​ពី​ការ​ពិត​នៅ​ចំណុច​នេះ​។អ៊ី​ចឹង​ខ្ញុំ​អាច​និយាយបា​ន​ត្រឹមតែ​ប៉ុណ្ណឹង​ ហើយ​មិន​ដឹង​ថា​ តើ​ថ្នាក់​ដឹក​នាំ​អាស៊ាន​​មើលឃើ​ញ​យ៉ាងដូ​ច​ម្តេច​ទេ​នូវចំណុច​នេះ​ហើយចេញ​សេច​ក្តីថ្លែងកា​រណ៍​រួម​បែប​នេះ​»៕