​ភ្នំពេញៈ កម្ពុជា និង​អាស៊ាន ​ប្តេជ្ញា​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការអភិវឌ្ឍ​ទីក្រុង​ឆ្លាត​ប្រកប​​ដោយ​និរន្តរភាព​ដែល​ការប្តេជ្ញា​ចិត្ត​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី៦ ​នៃ​បណ្ដាញ​ទីក្រុង​​ឆ្លាត​អាស៊ាន ​(ASCN)​ នៅ​ខេត្ត​បាលី ប្រទេស​ឥណ្ឌូនេស៊ី​នៅ​ថ្ងៃទី​ ១២ ខែកក្កដា ​ដែល​ក្រសួង​មហាផ្ទៃ​ឥណ្ឌូនេស៊ី​ធ្វើ​ម្ចាស់ផ្ទះ​។​

​តំណាង​រដ្ឋាភិបាល​ថ្នាក់ជាតិ និង​ថ្នាក់មូលដ្ឋាន​ទូទាំង​តំបន់​បាន​ជួបជុំគ្នា​នៅក្នុង​កិច្ចប្រជុំ​នេះ​។ សម្រាប់​ភាគី​កម្ពុជា លោក ងី ច័ន្ទ​ផល រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​តំណាង​ថ្នាក់ជាតិ​នៃ​បណ្ដាញ​ទីក្រុង​ឆ្លាត​អាស៊ាន​របស់​កម្ពុជា បាន​ចូល​រួម​ក្នុង​កិច្ចប្រជុំ​នេះ​។​

​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​អាស៊ាន​នា​ថ្ងៃទី​ ១២ ខែកក្កដា បានឱ្យដឹងថា​៖ «​បណ្ដាញ​ទីក្រុង​​ឆ្លាត​អាស៊ាន ​(ASCN) [​នឹង​]​ បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​លើ​ការលើកកម្ពស់​ទីក្រុង​ឆ្លាត​ដែលមាន​និរន្តរភាព​»​។​

​លោក Muhammad Tito Karnavian រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ឥណ្ឌូនេស៊ី​បាន​ថ្លែង​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​នេះ​ថា រដ្ឋាភិបាល​ត្រូវ​បន្ត​ជំរុញ​ការអនុវត្ត​ទីក្រុង​ឆ្លាត​តាមរយៈ​ការកសាង​មូលដ្ឋានគ្រឹះ​ដ៏​រឹងមាំ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​នគរូបនីយកម្ម ការ​អភិវឌ្ឍ​ដែល​អាច​ជួប​បញ្ហា​ប្រឈម និង​ឧបសគ្គ​ផ្សេងៗ​ស្របតាម​សក្ដានុពល​នៃ​ការផ្លាស់ប្តូរ​ជាស​កល និង​ការកសាង​សមត្ថ​ភាព​ដែលមាន​អាច​សម្រប​ខ្លួន​ក្នុង​ភាព​ស្មុគស្មាញ និង​បដិវត្តន៍​ឧស្សាហកម្ម​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​នេះ​តាមរយៈ​វីដេអូ​ដែល​បាន​ថត​ទុក លោក កៅ គឹមហួន អគ្គលេខាធិការ​អាស៊ាន បាន​កោតសរសើរ​ចំពោះ​ការប្តេជ្ញាចិត្ត​ឥត​ងាករេ​របស់​ឥណ្ឌូនេស៊ី​ក្នុងការ​អភិវឌ្ឍ​ទីក្រុង​ឆ្លាត​ប្រកប​ដោយ​និរន្តរភាព​នៅក្នុង​តំបន់​។​

​សេចក្តីប្រកាស​ព័ត៌មាន​បញ្ជាក់ថា​៖ «​ឯកឧត្តម​បណ្ឌិត ​[​កៅ គឹមហួន​]​ បានលើកឡើង​ពី​ចំណុច​សំខាន់ៗ​ចំនួន​ ៣ ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង​បន្ថែមទៀត​របស់​អាស៊ាន ក្នុងការ​លើកកម្ពស់​ទីក្រុង​ឆ្លាត និង​មាន​និរន្តរភាព រួមមាន ការរៀនសូត្រ និង​ការ​ចែករំលែក​ចំណេះដឹង​រវាង​ទីក្រុង និង​រដ្ឋាភិបាល​ថ្នាក់ជាតិ ការពង្រឹង​កិច្ច​សហ​ប្រតិបត្តិការ​ក្នុងការ​រៀបចំ​ផែនការ និង​ការ​គ្រប់គ្រង​ទីក្រុង​ផ្អែកលើ​ភ័ស្តុតាង ​ដើម្បី​សម្រេចបាន​បរិយាកាស​ទីក្រុង​ដែល​អាច​រស់នៅ​បាន​ជាង​មុន​នៅក្នុង​តំបន់​អាស៊ាន និង​លើកកម្ពស់​ភាពជា​ដៃគូ​រវាង​រដ្ឋ ឯកជន​និង​ប្រជាជន​បន្ថែមទៀត ដើម្បី​ចាប់យក​ឱកាស​ទីក្រុង​ឆ្លាត​។​

​លោក ​Safrizal ZA អគ្គនាយក​រដ្ឋបាល​តំបន់​នៃ​ក្រសួងមហាផ្ទៃ​ឥណ្ឌូនេស៊ី​ដែល​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ បាន​ថ្លែងថា ការបន្ត​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ខាងក្រៅ​អាចរួមចំណែក​ដល់​ការធ្វើឱ្យ​ប្រសើរឡើង និង​ជោគជ័យ​នៃ​កម្មវិធី​ដ៏​មាន​សក្តានុពល​នានា​នាពេល​អនាគត​។​

​លោក​ថ្លែងថា​៖ «​កិច្ចសហការ​នៅក្នុង​បណ្តាញ​ ASCN អាច​ដោះស្រាយ​បញ្ហា​ប្រឈម​ធំៗ​ដែល​ទីក្រុង​របស់​យើង​ជួបប្រទះ និង​ស្វែងរក​ដំណោះស្រាយ​ប្រកបដោយ​ភាព​ច្នៃប្រឌិត​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ទីក្រុង​ប្រកបដោយ​និរន្តរភាព​»​។​

​អ្នកចូលរួម​ក្នុង​កិច្ចប្រជុំ​នេះ​បាន​ពិភាក្សា​អំពី​ការអនុវត្ត​គម្រោង​ទីក្រុង​ឆ្លាត​របស់​បណ្តាញ​ ASCN ការអភិវឌ្ឍ​កម្មវិធី​វិ​និ​យោគ​ទីក្រុង​ឆ្លាត​អាស៊ាន និង​ការពង្រីក​សមាជិក​រប​ស់​បណ្តាញ​ ASCN​។​

​តំណាង​មកពី​ក្រសួងការបរទេស និង​ពាណិជ្ជកម្ម​នៃ​ប្រទេស​អូស្ត្រាលី ក្រសួង​​រៀបចំ​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ ដឹកជញ្ជូន និង​ទេសចរណ៍​នៃ​ប្រទេស​ជប៉ុន ក្រសួង​រៀបចំ​ដែនដី ហេដ្ឋារចនាសម្ព័ន្ធ និង​ដឹក​ជញ្ជូន​នៃ​ប្រទេស​កូរ៉េខាងត្បូង និង​សាកល​​វិទ្យាល័យ​ជាតិ​សេ​អ៊ូ​ល បាន​ចូលរួម​កិច្ច​ប្រជុំ​នេះ​ដើម្បី​ផ្លាស់ប្តូរ​ទស្សនៈ​អំពី​វិធីសាស្ត្រ​ក្នុងការ​ពង្រឹង​កិច្ចសហប្រតិបត្តិការ និង​ជំរុញឱ្យមាន​ភាពជា​ដៃគូ​ថ្មី​។​

​កាលពី​ថ្ងៃទី​ ២៦ ខែមិថុនា លោក ងី ច័ន្ទ​ផល បាន​ដឹកនាំ​កិច្ចប្រជុំ​ត្រៀម​សម្រាប់​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​៦ ​នៃ ​ASCN​ នេះ​។​

​នៅក្នុង​កិច្ចប្រជុំ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​ទទួលបន្ទុក​ការងារ​ទីក្រុង​ឆ្លាត​របស់​កម្ពុជា ទាំង​ថ្នាក់ជាតិ និង​ថ្នាក់ក្រោម​ជាតិ ជាពិសេស​រដ្ឋបាល​រាជធានី​-ខេត្ត ជាស​មា​​ជិ​ក​នៃ​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន​របស់​កម្ពុជា រួមមាន រាជធានី​ភ្នំពេញ ខេត្ត​បាត់​ដំបង និង​ខេត្តសៀមរាប ព្រមទាំង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ធ្វើឡើង​តាមរយៈ​ប្រព័ន្ធ​វីដេអូ​ដើម្បី​ស្វែងរក​ធាតុ​ចូល​ត្រៀមលក្ខណៈ​សម្រាប់​ចូលរួម​កិច្ចប្រជុំ​ ASCN នេះ​។​

​កាលពី​ឆ្នាំ ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បានចេញ​សេចក្តីសម្រេច​បង្កើត​គណៈ​កម្ម​ការសម្របសម្រួល និង​ដឹកនាំ​ការងារ​ទីក្រុង​ឆ្លាត​ដែលមាន​សមាសភាព​មក​ពី​តំណាង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ចំនួន​ ៩ ហើយ​បានកំណត់​យក​រាជធានី ខេត្ត​គោល​​ដៅ​ចំនួន​ ៣ ​ដើម្បី​ចូលរួម​ក្នុង​គម្រោង​បណ្តាញ​ទីក្រុង​ឆ្លាត​អាស៊ាន ASCN រួម​​មាន រាជធានី​ភ្នំពេញ ក្រុង​សៀមរាប និង​ក្រុង​បាត់ដំបង​៕