ភ្នំពេញៈ ក្នុង​រយៈពេល ២ថ្ងៃ គឺ​នៅ​ថ្ងៃទី ១៣ និង​ថ្ងៃ​១៤ ខែ​កក្កដា គ្រោះថ្នាក់​ចរាចរណ៍​នៅ​ទូទាំង​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាង​ហោច​ណាស់ ៨នាក់ និង​រង​របួស​ធ្ងន់ ស្រាល​ចំនួន ១៨​នាក់។ នេះ​បើ​យោង​តាម​អគ្គស្នងការដ្ឋាន​នគរបាលជាតិ។

នៅ​ថ្ងៃ​ទី ១៤ ខែ​កក្កដា​នេះ គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៥នាក់ របួស​ធ្ងន់ ៨នាក់ និង​ស្រាល ២នាក់។

យោង​តាម​ទិន្ន​ន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្តាប់​ធ្នាប់​សាធារណៈ នៃអគ្គស្នងការដ្ឋាន​នគរបាលជាតិ នៅ​ថ្ងៃទី​១៤ ខែ​កក្កដា បាន​បញ្ជាក់​ថា គ្រោះថ្នាក់​ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ១៥នាក់នេះ គឺ​កើត​ឡើង​ដោយសារ​ការ​ប៉ះ​ទង្គិច​គ្នា​ចំនួន ៩លើក មាន​កត្តា​ល្បឿន ១​លើក មិន​គោរព​សិទ្ធិ ៣​លើក មិន​ប្រកាន់​ស្តាំ ៣​លើក និងប្រជែង​គ្រោះ​ក្នុង​ស្ថានភាព​គ្រោះថ្នាក់ ២លើក។

ចំណែក​កាល​ពី​ថ្ងៃទី ១៣ ខែ​កក្កដា គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំង​ប្រទេស​បាន​បណ្តាល​ឱ្យ​មនុស្ស​ស្លាប់ ៣​នាក់ របួស​ធ្ងន់ ៥​នាក់ និងស្រាល ៣នាក់។

គ្រោះថ្នាក់​ចរាចរណ៍ ដែល​បង្ក​ឱ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប​ចំនួន ១១​នាក់​នេះ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះ​ទង្គិច គ្នា​ចំនួន ៦​លើក មាន​កត្តា​ល្បឿន ៤​លើក មិន​គោរព​សិទ្ធ ១លើក និង​ភ្លើង​សញ្ញា ១លើក៕