ព្រៃវែងៈ ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នៅ​ថ្ងៃទី ១៤ កក្កដា ឆ្នាំ ២០២៣ បាន​ចាត់​ទុក​ការ​ស្ថាបនា​ផ្លូវជាតិ​លេខ​១១ ក្នុង​ខេត្ត​ព្រៃវែង ប្រវែង ៩៦,៤៨​គីឡូម៉ែត្រ ចាប់​ពី​អ្នកលឿង (ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ​១) ខេត្ត​ព្រៃវែង ទៅ​ដល់​ថ្នល់​ទទឹង (ចំណុច​ប្រសព្វ​ផ្លូវជាតិ​លេខ៧) ក្នុង​ខេត្ត​ត្បូងឃ្មុំ ថា​បាន​និង​កំពុង​ផ្តល់​អត្ថប្រយោជន៍​យ៉ាង​ធំធេង ដល់​សេដ្ឋកិច្ច​ជាតិ និង​សេដ្ឋកិច្ច​គ្រួសារ តាម​រយៈការ​សម្រួល​ដល់​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ និង ការ​ដឹក​ជញ្ជូន​គ្រប់​ប្រភេទ។

បើ​យោង​តាម​ក្រសួង​សាធារណការ ផ្លូវជាតិ​លេខ ១១ ជា​ខ្សែ​ផ្លូវ​តភ្ជាប់​រវាង​ផ្លូវ​របៀង​សេដ្ឋកិច្ច ២ ដ៏​មាន​សក្តានុពល​របស់​មហាអនុតំបន់ មេគង្គ​រួមមាន៖ ១-ផ្លូវ​អាស៊ាន​ហាយវ៉េ (AH1) តភ្ជាប់​ពី​ព្រំដែន កម្ពុជា-ថៃ (ប៉ោយប៉ែត) តាម​ផ្លូវ​ជាតិ​លេខ​៥ និង​ផ្លូវជាតិ​លេខ​១ ឆ្ពោះ​ទៅកាន់​ព្រំដែន កម្ពុជា-វៀតណាម នៅ​ច្រកបាវិត ដែល​ភ្ជាប់​ផ្លូវ​ជាតិ​លេខ ១១ ត្រង់​ចំណុច អ្នកលឿង និង ២-ផ្លូវ​អាស៊ាន​ហាយវ៉េ (AH11) ត​ភ្ជាប់​ពី​ព្រំដែន កម្ពុជា-ឡាវ កាត់​តាម​ផ្លូវជាតិ លេខ ៧ ភ្ជាប់​ទៅ​នឹង​ផ្លូវជាតិ​លេខ​៦ ត្រង់​ស្ពាន​ព្រែក​តាមាក់ ឆ្លង​កាត់​រាជធានី​ភ្នំពេញ និង​ចុះទៅ​កំពង់ផែ ស្វយ័ត​ក្រុង​ព្រះសីហនុ តាម​ផ្លូវ​ជាតិ​លេខ​​៤។

គួរបញ្ជាក់ថា ផ្លូវជាតិ​លេខ ១១ ដែល​មាន​ប្រវែង ៩៦,៤៨​គីឡូម៉ែត្រ​នេះ បាន​បើក​ការដ្ឋាន​សាងសង់ កាល​ពី​ថ្ងៃ​ទី ១៩​ខែ​ធ្នូ ឆ្នាំ ២០១៧ និង​បាន​បញ្ចប់​ការ​សាងសង់ កាល​ពី​ថ្ងៃទី​១៧ ខែ​មិថុនា ឆ្នាំ​២០២០ ដោយ​ចំណាយ​ទឹក​ប្រាក់​ប្រមាណ ៩៨,៣៨ លាន​ដុល្លារ​អាមេរិក៕