ភ្នំពេញៈក្រសួង​បរិស្ថាន​កំពុងរៀបចំ​បង្កើតទីតាំង​កែច្នៃ​ឫស្សី​នៅសហគមន៍​តំបន់​ការពារ​ធម្មជាតិ ២ បន្ថែមទៀត គឺនៅសហគមន៍​តំបន់​ការពារ​ធម្មជាតិ​អន្លង់ស្វាយ និងសហគមន៍​តំបន់ការពារ​ធម្មជាតិ​ភ្នំជើងលៀង នៃដែន​ជម្រក​សត្វព្រៃ​ភ្នំឱរ៉ាល់ ស្ថិតក្នុង​ខេត្ត​កំពង់ឆ្នាំង ដើម្បីបង្កើន​ជីវភាព​រស់នៅ​របស់​សហគមន៍។

កាលពីថ្ងៃ​ទី១០-១១ ខែកក្កដា ក្រុមការងារ​គម្រោង «និរន្តរភាព​តំបន់​ទេសភាព និងទេសចរណ៍​ធម្មជាតិ​កម្ពុជា» របស់​ក្រសួង​បរិស្ថាន បានរៀបចំ​កិច្ចប្រជុំ​ស្ដីពី​ការរៀបចំ​សំណើអនុគម្រោង​បង្កើន​ជីវភាព​រស់នៅ​របស់​សហគមន៍​តាមរយៈ​បង្កើតទីតាំង​កែច្នៃ​ឫស្សី​នេះ ដោយមាន​ការចូលរួម​ពីមន្ទីរ​បរិស្ថាន​ខេត្ត ឧទ្យានរក្ស គណៈកម្មការ សមាជិក សហគមន៍​តំបន់​ការពារ​ធម្មជាតិ អាជ្ញាធរ​ភូមិ ឃុំ ផងដែរ។ នេះបើ​យោងតាម​ហ្វេសប៊ុក​ក្រសួង​បរិស្ថាននាថ្ងៃ​ទី១៥ ខែកក្កដា។

ក្រុមមន្ត្រី​គម្រោង​បានបង្ហាញ​ព័ត៌មាន​សង្ខេប​ពី​គម្រោង ទស្សនៈវិស័យ​ផ្តោត​លើ​សកម្មភាពទាក់ទង​សហគមន៍ និងបានបង្ហាញ​គោលការណ៍​បច្ចេកទេស​ទាក់ទង​ការគ្រប់គ្រង និងការដក​ហូតឫស្សី​ដើម្បី​ឱ្យមាន​និរន្តរភាព។

ក្រុមមន្ត្រី​គម្រោង​ក៏បាន​ពិនិត្យ​ឡើងវិញ​ឯកសារ​យោង​របស់​សហគមន៍ និងប្រមូល​ទិន្នន័យសម្រាប់​ដាក់បញ្ចូល​ក្នុង​គម្រោង​សំណើ រួមមាន​លក្ខន្តិកៈ​សមាជិក រចនាសម្ព័ន្ធ ការទទួលស្គាល់ គណនីធនាគារ គណៈកម្មការ​លទ្ធកម្ម ហិរញ្ញវត្ថុ និងក្រុម​អនុវត្ត។

ហ្វេសប៊ុក​ក្រសួង​បញ្ជាក់​ថា​៖«ក្រុមការងារ​ក៏បានចុះ​ពិនិត្យ​ទីតាំង​កែច្នៃ​ឫស្សី និងបាន​សិក្សាសុវត្ថិភាព​បរិស្ថាន​និងសង្គម​ផងដែរ ដើម្បី​កត់ត្រា​ទិន្នន័យ ព័ត៌មាន​នានា ដើម្បី​រៀបចំ​ជាអនុគម្រោង​សំណើ និងពិភាក្សា​ចុងក្រោយ មុនដាក់​ជូន​ថ្នាក់​ដឹកនាំ ពិនិត្យ និងសម្រច»៕