លោក ឌិត ទីណា រដ្ឋមន្រ្តី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានថ្លែង​ថា ដើម្បីសម្រេចបាន​នូវ​ចក្ខុវិស័យ​របស់​គណបក្ស​ប្រជាជន​កម្ពុជា លើវិស័យ​កសិកម្ម ដែលចង់​ផ្តល់ផលប្រយោជន៍​ដល់​ប្រពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទាំងអ្នក​ផលិត និងអ្នក​ទទួលទាន គណបក្ស​ប្រជាជន​បានដាក់ចេញ​នូវគោលនយោបាយ​យ៉ាងច្រើន ក្នុងនោះ​មានគោលនយោបាយ​លើវិស័យ​កសិកម្ម ៤ ចំណុច​សំខាន់ៗ។

លោក ឌិត ទីណា ក្នុងនាម​ជារដ្ឋមន្រ្តី​ក្រសួងកសិកម្ម និងជាតំណាង​គណបក្ស​ប្រជាជន​កម្ពុជា​ផងនោះ បានថ្លែង​អះអាង​បែបនេះ នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់គណបក្ស​នយោបាយ (កម្មវិធី​តុមូល) សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ប្រធាន​បទទី១២ «គោលនយោបាយ​លើ​វិស័យ​កសិកម្ម» របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ដែលហៅកាត់​ថា គ.ជ.ប នាថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៣​នេះ។

លោកបានថ្លែង​ដូច្នេះ​ថា៖«តាមពិត​វិស័យ​ផ្សេង​ដោយសារតែ​មានការអភិវឌ្ឍ​ខ្ពស់ បានផ្តល់នូវ​ចំណូល​ដល់​សេដ្ឋកិច្ច​យ៉ាងច្រើន​ជាងវិស័យ​កសិកម្ម​ទៅទៀត។ ក៏ប៉ុន្តែ​វិស័យ​កសិកម្ម នៅតែ​ជាវិស័យ​អាទិភាព​សម្រាប់​គណបក្ស​ប្រជាជន​កម្ពុជា ពីព្រោះ​ថា គណបក្ស​ប្រជាជនកម្ពុជា ចង់ឃើញ​ប្រជាពលរដ្ឋ​យើងមាន​ស្បៀងអាហារ​គ្រប់គ្រាន់ ទោះនៅ​ក្នុង​កាលៈទេសៈណា​ក៏ដោយ។ ដូចយើង​បានឃើញ​ស្រាប់​នៅពេល​ដែលយើង​ឆ្លងកាត់​ដំណាក់​កាលដ៏លំបាក​នៃជំងឺ​កូវីដ១៩ ប្រទេស​យើង​មិនបាន​ជួបប្រទះ​នូវបញ្ហា​ស្បៀង ដូច​ប្រទេស​ផ្សេងៗដែលខ្វះ​ស្បៀង ហើយស្បៀង​ឡើងថ្លៃ​នោះទេ»។

លោកបានបន្ថែម​ថា ទស្សន​វិស័យ​គោលនយោបាយ របស់​គណបក្ស​ប្រជាជន​កម្ពុជា លើវិស័យ​កសិកម្ម គឺចង់ផ្តល់​ផលប្រយោជន៍​ដល់​ប្រពលរដ្ឋ​ខ្មែរ​គ្រប់រូប​ទាំងអ្នក​ទទួលទាន ដែលមានចំនួន​យ៉ាងច្រើន ក៏ដូចជា កសិករ​ផងដែរ។ម្យ៉ាងវិញទៀត​គណបក្ស​ប្រជាជន​កម្ពុជា ចង់ឃើញ​ប្រជាកសិករ​មានជីវភាព​ធូរធារ មានលទ្ធភាព​ផ្តល់​អនាគត​ឱ្យកូនចៅ​របស់​ខ្លួន ឱ្យមាន​ឱកាសដូច​ប្រជាពលរដ្ឋ​ប្រជាជន​ផ្សេងៗទៀត​ផងដែរ។

បើតាមលោក ឌិត ទីណា គោលនយោបាយ​លើវិស័យ​កសិកម្ម ៤ ចំណុច​សំខាន់ៗ ដែលគណបក្ស​ប្រជាជន​បានដាក់​ចេញ​នោះរួម​មាន ទី១ គោលនយោបាយ​កសិកម្ម​ផ្សារភ្ជាប់​នឹងទីផ្សារ ទាំងទីផ្សារ​ក្នុង​ប្រទេស និងទីផ្សារ​នាំចេញ។ ដើម្បី​ដល់​គោលដៅ ដែលបាន​កំណត់ លោកបាន​បន្ថែម​ថា រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្ស​ប្រជាជន​កម្ពុជា នឹង​រៀបចំឱ្យ​មានផែនការ​ទីផ្សារ​ពិតប្រាកដ ដោយរៀបចំ​ឱ្យមាន​ការដាំដុះ​ត្រូវនឹង​តម្រូវការ​ទីផ្សារ។ ហើយ​ដើម្បី​រក្សាស្ថិរភាព​ថ្លៃ​ក្នុង​ស្រុក រាជរដ្ឋាភិបាល​ដែលដឹកនាំ​ដោយគណបក្ស​ប្រជាជនកម្ពុជា នឹងទម្លាក់​ថវិកា ១០០ លានដុល្លារ ដើម្បី​រក្សា​ថ្លៃ​កសិផល​ក្នុងស្រុក។

ទី២ គោលនយោបាយ​កសាង​សហគមន៍​មួយ​រឹងមាំ ដើម្បី​ការពារ​ប្រជាកសិករ ដែលជាសមាជិក​សហគមន៍ ទល់នឹង​បញ្ហាប្រឈម​ផ្សេងៗ ដូចជា បញ្ហា​ខ្វះទីផ្សារ បញ្ហា​ខ្វះទុន​វិនិយោគ បញ្ហា​ហានិភ័យ​អាកាសធាតុ​ជាដើម។​ ការពង្រឹង​សហគមន៍​កសិកម្ម ដោយ​គណបក្ស​ប្រជាជន​កម្ពុជា នឹងផ្តល់​អាទិភាព​ក្នុងការរៀបចំ​សហគមន៍​កសិកម្ម​មួយ​ថ្មី ដែល​មានសមាហរណកម្ម​ខ្ពស់ មានន័យ​ថា សហគមន៍កសិកម្មថ្មី នឹងមានធនធានមនុស្សជាអ្នកដឹកនាំ មានសមត្ថភាព មានទុនវិនិយោគគ្រប់គ្រាន់ និងបច្ចេកទេសកសិកម្មខ្ពស់។ សហគមន៍ដែលត្រូវពង្រឹង រួមមានសហគមន៍ស្រូវ សហគមន៍​បន្លែ សហគមន៍​ស្វាយចន្ទី សហគមន៍ម្រេច សហគមន៍​ចិញ្ចឹមសត្វ និងសហគមន៍​នេសាទ​ជាដើម។

ទី៣ គោលនយោបាយ​ផ្តល់​បច្ចេកទេស​កសិកម្ម​ដល់​គ្រប់ឃុំ ដែលមាន​សកម្មភាព​កសិកម្ម ដោយត្រៀម​មន្រ្តី​កសិកម្ម​ប្រមាណ ១៦០០ នាក់។ គោលនយោបាយ​នេះ នឹងផ្តល់​លទ្ធភាពក្នុង​ការដោះស្រាយ​បញ្ហា​ប្រជាកសិករ​បានទាន់​ពេលវេលា ទាំងបញ្ហា​បច្ចេកទេស និងបញ្ហា​ទីផ្សារ។ និងទី៤ គោលនយោបាយ​និរន្តរភាព នៃ​បរិស្ថាន និងកសិកម្ម​ តាមរយៈ​ការរក្សាធនធាន​ព្រៃឈើ និងជលផល។ ក្រៅពី​ការអភិវឌ្ឍ​នោះ គឺការអភិរក្ស ក៏ជាចំណុច​គោលមួយ​យ៉ាងសំខាន់​ដែរ សម្រាប់​គោលនយោបាយ​របស់​គណបក្ស​ប្រជាជន​ផងដែរ។ ការថែរក្សា ការពារធនធាន​ធម្មជាតិ ព្រៃឈើ ជលផល ដោយផ្សារភ្ជាប់​ទៅនឹង​ការពង្រឹង​ច្បាប់ដើម្បី​ប្រសិទ្ធភាព ដោយ​ច្បាប់​ថ្មី មិនផ្តោត​សំខាន់​តែលើ​ការបង្រ្កាប​បទលើ្មស​ប៉ុណ្ណោះ​ទេ តែនឹងមាន​ស៊ើប​អង្កេត​ឱ្យ​ហ្មត់ចត់ ដោយមិន​អនុញ្ញាត​ឱ្យ​ជន​ល្មើស​រួចខ្លួន​ជាដាច់ខាត។

លោក ឌិត ទីណា បានបញ្ជាក់​ជាថ្មី​ថា៖«គោលនយោបាយ​កសិកម្ម​របស់​គណបក្ស​ប្រជាជន​កម្ពុជា សម្រាប់​អាណត្តិ​ខាងមុខ គឺជាគោលនយោបាយ​ដែលផ្តល់​ផលប្រយោជន៍​ដល់ប្រជាពលរដ្ឋ​ទាំងអស់គ្នា ទាំងអ្នក​ទទួលទាន និងកសិករ ហើយ​ជាពិសេស​ទៅទៀត​គឺគោលនយោបាយ​ដែលផ្តល់​លំនឹង​បរិស្ថាន ផ្តល់​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព»។

ដោយឡែក​សម្រាប់​គោលនយោបាយ​គណបក្ស​ទាំង ១៧ ផ្សេងទៀតវិញ ដែល​គណបក្សនីមួយៗ បានលើកឡើង​នៅក្នុង​កម្មវិធី​ផ្សព្វផ្សាយ​គោលនយោបាយ​របស់​គណបក្សនយោបាយ (កម្មវិធី​តុមូល) សម្រាប់​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ នីតិកាល​ទី៧ ឆ្នាំ២០២៣ ប្រធាន​បទទី១២ «គោលនយោបាយ​លើវិស័យ​កសិកម្ម»នេះ ក៏បាន​បង្ហាញ​ពីការជំរុញ និងលើក​កម្ពស់​ផលិតភាព និងការស្វែងរក​ទីផ្សារ​សម្រាប់​ប្រជាកសិករ​ផងដែរ៕