ភ្នំពេញៈ លោក ជា វ៉ាន់ដេត រដ្ឋមន្ត្រី​ក្រសួង​ប្រៃសណីយ៍ និង ទូរគមនាគមន៍ បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឯកជន​បច្ចេកវិទ្យា ដើម្បី​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ឌីជីថល នៅ​ប្រទេស​កម្ពុជា ឱ្យ​កាន់​តែ​មាន​ភាព​ប្រសើរ​ឡើង​បន្ថែមទៀត។

ការ​ពិភាក្សា​នេះ ធ្វើឡើង​ក្នុង​សិក្ខា​សាលា​ផ្សព្វផ្សាយ​ស្តីពី «សមិទ្ធផល និង​ការងារ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ ឌីជីថល នៅ​កម្ពុជា» កាល​ពី​ថ្ងៃទី​១៤ ខែ​កក្កដា នៅ​ទីស្តីការ​ក្រសួង​ដោយ​មាន​ការ​ចូលរួម​ពី​ថ្នាក់ដឹក​នាំ​ក្រសួង ក្រុមហ៊ុន​ឯកជន​ដែល​ជា​ប្រតិបតិ្តករ និង​ភាគី​ពាក់ព័ន្ធ​ក្នុង​វិស័យ​បច្ចេកវិទ្យា​គមនាគមន៍ និង​ព័ត៌មាន សរុប​ប្រមាណ​ជាង ៧០ នាក់។

ក្នុង​សិក្ខា​សាលានោះ​ ជា វ៉ាន់ដេត បាន​ប្រាប់​អ្នក​ចូលរួម​អំពី​សមិទ្ធផល​របស់​ក្រសួង ដែល​សម្រេច​បាន​កន្លង​មក ដូចជា ការ​អភិវឌ្ឍ​ធនធានមនុស្ស​ដើម្បី​លើក​កម្ពស់​ចំណេះដឹង​ឌីជីថល ការ​ជំរុញ​ការ​ចាប់​យក​ឌីជីថល និង​ការ​បង្កើត​កម្មវិធី​ប្រកួត​ប្រជែង។

លោក​ក៏​បាន​លើកឡើង​ពី​ការ​កសាង​ហេដ្ឋារចនា​សម្ព័ន្ធ​តភ្ជាប់​ឌីជីថល ការ​ពង្រឹង​គុណភាព​សេវា​ទូរស័ព្ទ​ចល័ត ការ​ធ្វើ​ឱ្យ​សេវា​ទូរគមនាគមន៍​កាន់តែ​ប្រសើរ​ឡើង ដើម្បី​ឆ្លើយតប​ទៅ​នឹង​កំណើន​នៃ​តម្រូវ​ការ​ប្រើប្រាស់។

ក្រសួង​ប្រៃសណីយ៍ បញ្ជាក់​ក្នុង​បណ្តាញ​សង្គម​នា​ថ្ងៃទី​១៥ ខែ​កក្កដា ថា៖ «ជាមួយ​គ្នា​នោះ​ដែរ ឯកឧត្តម​រដ្ឋមន្ត្រី បាន​ពិភាក្សា​ជាមួយ​ក្រុមហ៊ុន​ឯកជន​លើ​ការងារ​អភិវឌ្ឍន៍​ធនធាន​មនុស្ស​ក្នុង​វិស័យ​ឌីជីថល នៅ​កម្ពុជា​នា​ពេល​អនាគត​ឱ្យ​កាន់តែ​មាន​ភាព​ប្រសើរ​ឡើង​បន្ថែមទៀត»។

លោករដ្ឋមន្ត្រី​បាន​ប្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មាន​គំនិត​អាជីវកម្ម ឬ​គម្រោង​ល្អៗ​សម្រាប់​បម្រើ​ដល់​វិស័យ​សាធារណ: និង​វិស័យ​ឯកជន អាច​ដាក់​ពាក្យ​ទទួល​ជំនួយ​បច្ចេកទេស និង​ហិរញ្ញ​វត្ថុ​ពី​ក្រសួង​ផងដែរ៕