កំពង់ធំៈ កូនឈើ​ជាច្រើន​ប្រភេទ មាន​រាំង ផ្ទោល ច្រកែង ភ្នំភ្នែង និង​កូនឈើ​ប្រស់​ដែលជា​ប្រភេទ​ឈើ​ព្រៃ​លិច​ទឹក​ចំនួន ​៥ ៤០០ ដើម ត្រូវបាន​សង្កាត់រដ្ឋបាល​ជលផល​ខេត្ត និង​មន្ត្រី​​បរិស្ថាន​ខេត្តកំពង់ធំ សហការ​ជាមួយ​សហគមន៍​នេសាទ​ពៅ​វើ​យ​សែន​ជ័យ យកទៅ​ដាំ​នៅ​ចំណុច ព្រែក​ខ្វែង​ទោង ឃុំ​ពាម​បាង ស្រុក​ស្ទោង ខេត្តកំពង់ធំ​។​

​លោក ជិន ស៊ីថា នាយ​ខណ្ឌ​រដ្ឋបាល​ជលផល​នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្តកំពង់ធំ​ប្រាប់​នៅ​ថ្ងៃទី​ ១៦ ​កក្កដា​ថា កាលពី​ចុង​សប្តាហ៍​កន្លងទៅ រដ្ឋបាល​ជលផល នៃ​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ខេត្ត​​កំពង់ធំ​បានធ្វើ​ពិធី​ដាំ​ស្តារ​កូន​ឈើ​នៅ​តំបន់​ព្រៃ​លិច​ទឹក​ឡើងវិញ​។ ការដាំ​កូនឈើ​នេះ​ក៏មាន​ការចូលរួម​ពី​មន្ត្រី​បរិស្ថាន​ប្រចាំ​ការ​នៅ​តំបន់​នោះ និង​សហគមន៍​នេសាទ​វើ​យ​សែន​ជ័យ ក្រោម​ការឧបត្ថម្ភ​គាំទ្រ​ពី​អង្គការ​អភិរក្ស​អន្តរជាតិ​កម្ពុជា​ស៊ី​អាយ Conservation International Cambodia (CI)​។​

​ចំពោះ​កូនឈើ​ដែល​បាន​ដាំ​នៅ​តំបន់​ព្រៃ​លិច​ទឹក ខ្វែង​ទោង ក្នុង​ឃុំ​ពាម​បាង​នោះ​ជា​ប្រភេទ​កូនឈើ​រាំង​កូនឈើ​ភ្នំភ្នែង រួមទាំង​កូនឈើ​ផ្សេងទៀត​ចំនួន​ ៥ ៤០០​ ដើម​។ កូនឈើ​ដែល​ដាំ​នោះ​ក៏​ជា​ប្រភេទ​ដើមឈើ​ដែល​ដុះ​បាន​នៅក្នុង​ទឹក ពិសេស​ជា​ប្រភេទ​កូនឈើ​ដែលមាន​ដុះ​នៅក្នុង​តំបន់​ព្រៃ​លិច​ទឹក​នោះឯង​។ កូនឈើ​ទាំង​ ៥ ៤០០​ ដើម​នេះ បាន​ដាំ​នៅលើ​ផ្ទៃដី​ចំនួន ​១០ ​ហិកតា​។​

​បើតាម​លោក ស៊ីថា ចលនា​នៃ​ការដាំ​កូនឈើ​លិច​ទឹក សម្រាប់​ខេត្តកំពង់ធំ​នេះ គឺ​អនុវត្ត​តាំងពី​មាន​បទបញ្ជា​របស់​រាជ​រដ្ឋាភិបាល​មក​ម្ល៉េះ ហើយ​រហូតមក​ដល់ពេលនេះ ក្រុមការងារ​ដាំ​បាន​លើ​ផ្ទៃដី​ជាង​ ២០០ ​ហិកតា​មកហើយ​។ ព្រៃឈើ​ដែល​ហិនហោច​នេះ គឺ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​កន្លងទៅ​។ លោក​ថ្លែងថា​៖ «​ការ​ដាំ​នេះ​គឺ​ដើម្បី​ស្តារ​ជម្រក​ត្រី​ឡើងវិញ ព្រោះ​ព្រៃ​ដែលជា​ជម្រក​នេះ​មាន​ប្រយោជន៍​ខ្លាំងណាស់​សម្រាប់​មច្ឆជាតិ​យើង​។ វា​ត្រូវមាន​ជម្រក​របស់​វា​នឹង​ផ្តល់​ពង​កូន​»​។​

​ពាក់ព័ន្ធ​នឹង​ការដាំ​កូនឈើ​នេះដែរ ត្រូវបាន​លោក​ម៉ម សុវណ្ណ ប្រធាន​សហគមន៍​នេសាទ​ពៅ​​វើ​យ​សែន​ជ័យ​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ នៅ​ថ្ងៃទី ​១៦ ​កក្កដា​ថា កូនឈើ​ដែល​លោក​ប្រគល់ជូន​ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្តកំពង់ធំ​យកទៅ​ដាំ​នោះ ​គឺ​ក្រុមការងារ​របស់លោក បាន​ដើរ​ដក​ពន្លក​ចេញពី​ផ្លែ​នៅ​តំបន់​ព្រៃ​លិច​ទឹក រួច​យកមក​បន្សាំ​ដាក់​ក្នុង​ថង់​ខ្មៅ​។ ក្រោយ​ផ្សាំ​បាន​រយៈពេល​ ៤ ​ខែ​ទើប​យកទៅ​ដាំ​បាន ហើយ​ការចំណាយ​ទៅលើ​ការ​ផ្សាំកូនឈើ​នេះ​លោក​ទទួល​ការឧបត្ថម្ភ​ជា​ថវិកា​ពី​អង្គ​ការ​ (CI)​។ លោក​ឱ្យដឹងថា អង្គ​ការ ​(CI)​ តែង​ជួយឧបត្ថម្ភ​ដូច​ជា​ម៉ាស៊ីន​បាញ់ស្រោច​ទឹក​កូន​ឈើ ឧបករណ៍​ជា​ប៊ីដុង​សម្រាប់​ច្រក​ទឹក​ពន្លត់​ភ្លើងព្រៃ​។

​ចំពោះ​កន្លែង​ដែល​លោក​ដាំ​កូនឈើ​វិញ​គឺ​សហគមន៍​របស់លោក​តែង​ជ្រើសរើស​កន្លែង​ណា​ដែល​នៅ​ដី​វាល​មិនសូវមាន​កូនឈើ​ព្រៃ​ធម្មជាតិ​ដុះ​ច្រើន ឬក៏​ដី​វាល​ដែល​ត្រូវ​ភ្លើង​ឆេះ​កាលពី​ ៤-៥​ ឆ្នាំមុន​។ ការដាំ​កូនឈើ​ព្រៃ​លិច​ទឹក​នេះ​សហគមន៍​របស់លោក​ស​ហ​ការ​ជាមួយ​ខណ្ឌ​រដ្ឋបាល​​ជលផល​ខេត្តកំពង់ធំ​ចាប់ផ្តើម​ដាំ​តាំងពី​ឆ្នាំ​ ២០២១​ មក​ម្ល៉េះហើយ​បើ​គិត​មកដល់​បច្ចុប្បន្ននេះ​កូនឈើ​ដែល​ដាំ​បាន​មាន​ចំនួន​ ១២ ០០០ ​ដើម​ហើយ​។​

​លោក​បញ្ជាក់ថា​៖ «​មូលហេតុ​ខ្ញុំ​មើលឃើញថា ព្រៃ​លិច​ទឹក​ពី​ ១ ​ឆ្នាំទៅ ​១ ​ឆ្នាំ​កាន់តែ​រេច​រិល​បណ្តាលមកពី​ភ្លើង​ឆេះ​ព្រៃ​។ យើង​មានគំនិត​ថា​ដាំ​ទៅ​ដើម្បី​ទុក​បន្ត​ដល់​កូនចៅ​យើង​ជំនាន់​ក្រោយៗ​ទៀត​។ ណាមួយ​វា​ផ្តល់​ការការពារ​រារាំង​បាតុភូត​ខ្យល់​​កន្ត្រាក់ និង​បានជា​ជម្រក​ដល់​មច្ឆជាតិ​ចម្រុះ​បានរស់នៅ​ក្នុងព្រៃ​នោះ​ទៀតផង​»​។​

​លោក​ឱ្យដឹងថា ជាទូទៅ​ចាប់​ពី​ពាក់កណ្តាល​ខែកក្កដា​ទៅ​ គឺមាន​ទឹក​ឡើង​បន្តិច​ម្តងៗ​ហើយ​តែ​ពេលនេះ​នៅ​មិនទាន់​ឃើញ​ទេ​។ ចំពោះ​ការវិនាសហិនហោច​រប​ស់ព្រៃ​លិច​ទឹក​គឺ​ដោយសារ​ភ្លើង​ឆេះ​ព្រៃ​ច្រើនជាង​មនុស្ស​កាប់បំផ្លាញ​ទៅទៀត​។ បើ​នៅ​ខែ​ប្រាំង​គឺ​ក្រុមការងារ​របស់​លោកតា​ម​សង្កេតមើល​តែ​ក្នុង​ទូរស័ព្ទ​តាម​ផ្កាយរណប ព្រោះ​បើ​មាន​ភ្លើង​ឆេះ​កន្លែង​ណា គឺ​លោក​ទទួល​សញ្ញា​ពី​ផ្កាយរណប​ដឹង​ភ្លាម​។​ ក្រុមការងារ​នៅក្នុង​សហគមន៍​ គឺមាន​នាទី​មើលថែ​ការពារ​ព្រៃ​លិច​ទឹក​កុំឱ្យ​ភ្លើង​ឆេះ និង​បណ្តុះ​កូន​ឈើ ដែល​បច្ចុប្បន្ននេះ​មាន​ផ្ទៃដី​ចំនួន ៤ ០៧២​ ហិកតា​៕