​ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ លោក អ៊ិ​ត សំហេង បាន​លើកឡើងថា ក្រសួង បាននិងកំពុង​ខិតខំ​ប្រឹង​ប្រែង​លើកកម្ពស់ និង​អភិវឌ្ឍន៍​ធនធានមនុស្ស ជាពិសេស​លើក​ម្មករ​ជំនាញ ដើម្បី​បំពេញ​តម្រូវ​ការ​ទីផ្សារការងារ​ក្នុងសម័យ​បច្ចេកវិទ្យា ដោយ​ក្នុង ១ ​ឆ្នាំៗ​មាន​ពលកម្ម​ជំនាញ​បាន​ចេញទៅ​ទីផ្សារការងារ​ប្រមាណ ៥ ​ទៅ​ ៦​ ម៉ឺន​នាក់ ។​

​តាមរយៈ​កិច្ចសម្ភាសន៍​ស្តីពី​កា​​រីកចម្រើន​ ៥ ​ឆ្នាំ​ចុងក្រោយ នៃ​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​​ជីវៈ​ជាមួយ​សារព័ត៌មាន BTV នា​យប់​ថ្ងៃទី ​១៣ ខែកក្កដា​ លោក អ៊ិ​ត សំហេង ថ្លែងថា បញ្ហា​ធន​​ធាន​មនុស្ស ជា​ភារកិច្ច​សំខាន់​មួយទៀត​របស់​ក្រសួង​ការងារ គឺ​ការ​​អភិវឌ្ឍ​ទៅលើ​កម្លាំង​ពលកម្ម​ដែលមាន​ជំនាញ​សម្រាប់​បំពេញ​ឱ្យ​តម្រូវការ​នៃ​ទីផ្សារការងារ​។​

​ក្រសួង​ក៏បាន​ខិតខំ​អភិវឌ្ឍ​វិស័យនេះ​ឱ្យ​កាន់តែ​ល្អប្រសើរ និង​បានចាត់ទុក​វិស័យនេះ​ជា​អាទិភាព​មួយ​នៅក្នុង​ចំណោម​អាទិភាព​ ៥ ​របស់​ក្រសួង​ការងារ​។​

​លោក អ៊ិ​ត សំហេង បញ្ជាក់ថា​៖ «​ក្នុង​នីតិកាល​ទី ៦ ​នេះ គឺជា​កម្មវិធី​ទំនើបកម្ម នៃ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ ព្រោះ​នៅក្នុង​ដំណាក់កាល​ថ្មី​នេះ​វា​លេចឡើង​នូវ​បច្ចេកវិទ្យា​ថ្មី ក្នុងនោះ​បដិវត្តន៍​ឧ​ហ្សា​ហក​ម្ម ៤.០ ការអភិវឌ្ឍ​ថ្មីៗ​នៃ​ប្រព័ន្ធ​ឌីជីថល​ការផ្សារភ្ជាប់​ឌីជីថល​ជា​មួយ​មេកា​និក ទៅជា​បច្ចេកវិទ្យា​ថ្មីៗ​មួយចំនួន​ដែល​ពីមុនមក​ក្នុង​កម្មវិធីសិក្សា ក្នុងការ​អនុវត្ត​ជំនាញ​បច្ចេកទេស​តាម​សហគ្រាស​គ្រឹះ​ស្ថាន អត់​ទាន់​មាន​ទេ »​។​

​លោក​បន្ថែមថា​៖ «​ដូច្នេះ​ស្រប​​ពេលដែល​សម័យ​បច្ចេកវិទ្យា​ចូលមក​ដល់​ថ្មី ទាមទារ​ឱ្យ​យើង​ត្រូវ​ចាប់យក​វា និង​ធ្វើការ​បង្កើត​កម្មវិធី​ប​ណ្តុះ​បណ្តាល តាមរយៈ​ការធ្វើ​ទំនើបកម្ម ការធ្វើការងារ​ជា​ដៃគូ​ជាមួយ​ដៃគូ​អភិវឌ្ឍន៍ និង​ផ្នែក​ឯកជន​ដែលជា​តួអង្គ​សំខាន់ៗ​ទាក់ទង​ទៅនឹង​ការអភិវឌ្ឍ​ជំនាញ​»​។

បើតាម​លោក អ៊ិ​ត សំហេង ​ក្នុង ១​ ឆ្នាំៗ​ កម្លាំង​ពល​កម្ម​ដែល​ចេញទៅ​ទីផ្សារការងារ​មាន​ចន្លោះ​ពី ២០​ ទៅ ៣០ ម៉ឺន​ដោយ​ក្នុងនោះ​កម្មករ​ជំនាញ​មាន​ប្រមាណ ៥​ ទៅ ៦ ម៉ឺន​នាក់​។

​លោក​ថា​៖ «​ក្នុងនោះ​ការបណ្តុះ​បណ្តាល​ជំនាញ​មុន​ចូល​ទីផ្សារការងារ​ក្នុង ​១ ​ឆ្នាំៗ​មានការ​កើន​ឡើង ដោយ​ឆ្នាំ​ ២០១៨ បណ្តុះ​បណ្តាល​បាន​ជាង​ ៥២ ០០០ ​នាក់ ឆ្នាំ ២០១៩ បាន ៦២ ០០០​ នាក់​, ឆ្នាំ ២០២០ ជាង​ ៥១ ០០០​ នាក់​, ឆ្នាំ​ ២០២១ ជាង ៥​ ម៉ឺន និង​ឆ្នាំ ២០២២ ​បាន​ជាង ​៥​ ម៉ឺន​នាក់​»​។

​លោក​ សួ ឆ្លូញ មន្ត្រី​ទំនាក់ទំនង​នៃ​សហព័ន្ធ​សហជីព​កម្មករសំណង់ និង​ព្រៃឈើ​កម្ពុជា បាន​ប្រាប់​ឱ្យដឹងថា ការបណ្តុះបណ្តាល​កម្លាំង​ពលកម្ម​ជំនាញ​ជា​រឿង​ល្អ​មួយ ប៉ុន្តែ​លោក​ស្នើ​ដល់​ស្ថាប័ន​ក៏​ដូច​​ជា​ក្រសួង​ការងារ​បង្កើន​ការ​ផ្សព្វ​​ផ្សាយ​របស់ខ្លួន​ឱ្យដល់​កម្មករ​ដែល​ចង់​ចូលរួម​វគ្គ​បណ្តុះបណ្តាល​ទាំង​​នោះ​។

លោក​ថា​៖ «​កម្ពុជា​នៅ​មិនទាន់មាន​កម្មករ​ជំនាញ​សម្បូរបែប​នៅឡើយ​ទេ ជាពិសេស​កម្មករសំណង់ ទោះបី​គាត់​ជាជាង ប៉ុន្តែ​អត់​មាន​សញ្ញាបត្រ​ទទួលស្គាល់​ជំនាញ​វិជ្ជាជីវៈ​របស់គាត់​ទេ ប៉ុន្តែ​សួរ​គាត់​ថា ធ្វើ​បានទេ គឺ​ធ្វើបាន នេះ​ជា​បញ្ហា​មួយ​ដែល​គាត់​ពិបាក​ក្នុងការ​ទទួលបាន​ថ្លៃឈ្នួល​ខ្ពស់​»​។

​ក្នុងន័យនេះ​លោក​ចង់​ជំរុញ​បន្ថែម​ទៅ​ក្រសួង និង​ស្ថាប័ន​មួយចំនួន ដែល​ព្យាយាម​បណ្តុះ​​បណ្តាល​ជំនាញ​វិជ្ជាជីវៈ​ទៅដល់​កម្មករ ឬ​ប្រជាពលរដ្ឋ សូម​បង្កើន​ការផ្សព្វផ្សាយ ឬ​បង្កលក្ខណៈ​ងាយស្រួល​ដល់​ពួកគាត់​។​

​លោក​ថា​៖ «​ប៉ុន្តែ​ខ្ញុំ​សង្កេតឃើញថា កម្លាំង​ពលកម្ម​ជំនាញ​អត់​សូវ​ដើរ​ទៅមុខ​ខ្លាំង​ទេ អាចមកពី​ខ្វះ​ការផ្សព្វផ្សាយ​ ឬ​ខ្វះ​ការចូលរួម​ពី​កម្មករ និង​កង្វះ​ព័ត៌មាន​»​។​

​បើតាម​លោក អ៊ិ​ត សំហេង ជារួម​ការបណ្តុះបណ្តាល​កម្លាំង​​ពលកម្ម​ជំនាញ​នេះ ក្រៅពី​ក្រសួង​ឬ​សាលា ក៏មាន​ការចូលរួម​ពី​ដៃគូ​ដែលជា​វិស័យ​ឯកជន​ដែល​បាន​បណ្តុះបណ្តាល​រយៈពេល​ខ្លី​ទាំង​ក្នុងស្រុក និង​ក្រៅ​ស្រុក​ផងដែរ​។​

​លោក​ថា​៖ «​យើង​ក៏បាន​ធ្វើការ​ជា​ដៃគូ​ជាមួយ​វិស័យ​ឯកជន​បណ្តុះបណ្តាល​រយៈ​ពេល​ខ្លី ហើយ​អាច​ចេញ​ធ្វើការ​បាន ហើយ​វិស័យ​ឯកជន​នេះ មាន​កម្មវិធី​ហ្វឹកហ្វឺន​កូនជាង អ៊ីចឹង​! ក្នុង ​១ ​ឆ្នាំៗ​សហគ្រាស​នីមួយៗ​មាន​កម្មវិធី​ហ្វឹកហ្វឺន កម្មករ ដើម្បី​លើកកម្ពស់​ជំនាញ និង​សមត្ថភាព និង​កម្រិត​ជំនាញ​បច្ចេកទេស​»​។

​ក្នុងន័យនេះ​ក្រសួង​ការងារ​មិនមែន​ធ្វើ​តែ​លើ​កិច្ចការងារ​ទៅលើ​រោងចក្រ ពលករ ឬ​កម្មករ​នោះទេ ប៉ុន្តែ​ក៏​ផ្តោតទៅលើ​ការបណ្តុះបណ្តាល​ធនធាន​កម្លាំង​ពលកម្ម​ជំនាញ​ផ្សេងៗ ដើម្បី​ទៅ​បំពេញ​ទីផ្សារការងារ​។ លោក អ៊ិ​ត សំហេង បានឱ្យដឹង​ដែរ​ថា សម្រាប់​រដ្ឋា​ភិ​បាល​អាណត្តិ​ទី​៧ ក្រសួង​ការ​ងារ និង​សហការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ ដើម្បី​ធ្វើការ​ងារ​លើ​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជាជីវៈ ឱ្យបាន​ជោគជ័យ​។​

​លោក​ថ្លែងថា៖ «​វិស័យ​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស វិជ្ជា​ជីវៈ​ជា​រឿង​សំខាន់ ហើយ​កន្លងទៅ​រាជរដ្ឋាភិបាល បានប្រកាស​គោលនយោបាយ​សម្រាប់​ការ​-​បណ្តុះបណ្តាល​ជំនាញ ១​ លាន ៥​ សែន ដែល​នឹង​ដោះស្រាយ​បញ្ហា​បាន​ច្រើនណាស់​»​។

​មហិច្ឆតា​របស់​រាជរ​ដ្ឋា​ភិ​បាល អាណត្តិ​ទី​៧ បើសិន​គម្រោង​នោះបាន​ជោគជ័យ​នឹង​ដោះស្រាយបាន​កង្វល់​ទាក់ទង​បញ្ហា​ធន​ធាន​មនុស្ស ផ្នែក​បច្ចេកទេស និង​វិជ្ជាជីវៈ​សម្រាប់​បំពេញតម្រូវការ​នៃ​ការវិនិយោគ និង​ទីផ្សារការងារ និង​ដោះស្រាយបាន​បញ្ហា​របស់​យុវជន​-​យុវនារី នៅតាម​គ្រួសារ​ក្រីក្រ​មួយចំនួន​។ នេះ​បើតាម​លោក អ៊ិ​ត សំហេង៕