ភ្នំពេញៈ លោក​ ហ៊ុន ម៉ា​ណែ​ត បេក្ខភាព​អនាគត​នាយក​រដ្ឋ​មន្ត្រី​នៃ​គណបក្ស​ប្រជាជន​កម្ពុជា បាន​លើកឡើងថា មានតែ​ការជ្រើសរើស ឬ​ផ្លាស់ប្តូរ​មេដឹកនាំ​តាមរយៈ​យន្តការ​លទ្ធិ​ប្រជាធិបតេយ្យ​ដោយ​ការបោះ​ឆ្នោត​ប៉ុណ្ណោះ​ទើប​ជា​ជម្រើស​ល្អ ខណៈ​ការប្រើ​មធ្យោបាយ​ហិង្សា ការ​កៀរគរ​ប្រជាជន​ធ្វើ​បដិវត្តន៍​ពណ៌ ឬ​ប្រើ​កងកម្លាំង​មិនអាច​ធានាបាន​សុខ​សន្តិ​ភាព​ដល់​សង្គមជាតិ​ឡើយ​។​

​យោង​តាមរយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​របស់លោក ហ៊ុន ម៉ា​ណែ​ត នៅ​ថ្ងៃទី​ ១៧ ខែកក្កដា ឆ្នាំ​ ២០២៣ បាន​ថ្លែងឱ្យដឹងថា មានតែ​យន្តការ​ប្រជាធិបតេយ្យ​តាមរយៈ​ការបោះ​ឆ្នោត​ប៉ុណ្ណោះ ដែលជា​វិធី​សាស្ត្រ​ល្អ​បំផុត ក្នុងការ​ផ្លាស់​​ប្តូរ​រដ្ឋាភិបាល​ក្នុងចំណោម​វិធីសាស្ត្រ​ចំនួន​ ៣ ពោលគឺ ការ​បោះឆ្នោត​, ការធ្វើ​រដ្ឋប្រហារ​ដោយ​កម្លាំងប្រដាប់អាវុធ និង​ការ​បំផុសបំផុល​ប្រជាជន​ឱ្យធ្វើ​បដិវត្តន៍​ពណ៌​។​

​លោក​ថ្លែងថា​៖ «​ប្តូរ​តាមរយៈ​ការដឹកនាំ​ប្រជាពលរដ្ឋ​ធ្វើការ​បដិវត្តន៍ នៅ​ប្រទេស​ជាច្រើន​កើតមាន ហើយ​ប្តូរ​តាមរយៈ​ការធ្វើ​រដ្ឋប្រហារ នៅ​ស្រុក​យើង​ធ្លាប់​ហើយ​ឆ្នាំ​ ៧០​។ តាម​ការ​បោះឆ្នោត កុំ​ឱ្យមាន​បាតុភាព​កើតឡើង តាមរយៈ​ការធ្វើ​សង្គ្រាម ដើម្បី​ប្លន់​អំណាច ការ​ធ្វើ​រដ្ឋប្រហារ ឬមួយ​ការ​បំផុស​ប្រជាពលរដ្ឋ ឱ្យមក​ទម្លាក់​រាជ​រដ្ឋាភិបាល តាមរយៈ​បដិវត្តន៍​​ពណ៌ ឬ​បដិវត្តន៍​ប្រជាជន​»​។​

​លោក​បាន​បន្ថែមថា​៖ «​ការ​ប្រកួតប្រជែង​អំណាច ឬ​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​តា​មរយៈ​ជម្រើស​អំពើហិង្សា​ដោយ​កម្លាំង​ប្រដាប់អាវុធ និង​ជម្រើស​ធ្វើ​បដិវត្តន៍​ពណ៌​មិន​ធានាបាន​សន្តិភាព និង​សន្តិសុខ​សង្គម​ឡើយ តែ​នឹង​នាំ​ប្រទេស​អ​ស្ថិរ​ភាព បែកបាក់​ផ្ទៃក្នុង​ជាតិ ជាក់​ជាមិនខាន​»​។​

​លោក ស៊ឺន សម អ្នកជំនាញ​វិទ្យាសាស្ត្រ​នយោបាយ​នៃ​រាជ​បណ្ឌិត្យសភា​កម្ពុជា ថ្លែងថា ការឡើង​កាន់អំណាចរ​បស់​មេដឹកនាំ​ប្រទេសមួយ​តាមរយៈ​ការបោះឆ្នោត​ជា​រឿង​សំខាន់​ដើម្បី​ធានាបាន​សន្តិភាព​ដែលជា​អាទិភាព​ប្រទេស ខណៈ​ក្នុង​ប្រវត្តិសាស្ត្រ​កម្ពុជា​បង្ហាញ​ពី​ការធ្លាក់ចុះ​សង្គម​ឈានដល់​សង្គ្រាមរ៉ាំរ៉ៃ​រាប់​ទសវត្សរ៍​ដោយ​ការ​ប្រជែង​អំណាច​ដោយ​កម្លាំងប្រដាប់អាវុធ​ចាប់តាំងពី​ឆ្នាំ​ ១៩៧០ ​មក​។​

​លោក​បាន​ប្រាប់ថា​៖ «​មានតែ​ការឡើង​កាន់អំណាច​ដោយ​ការបោះឆ្នោត​ទេ​ដែល​នាំមក​នូវ​គុណសម្បត្តិ​នៃ​ការអភិវឌ្ឍ​ប្រទេសជាតិ​បាន​។ បើ​ការ​កាន់អំណាច​ដោយ​កម្លាំង​ប្រដាប់​អាវុធ ដោយ​សង្គ្រាម ជាដើម ប្រទេស​មានតែ​ហិនហោច​។ ការ​កាន់អំណាច​ដោយ​ល​ទ្ធិ​​ប្រជាធិបតេយ្យ​ជា​រឿង​សំខាន់​»​។​

​លោក ស៊ឺន សម ថ្លែងថា រដ្ឋាភិបាល​កម្ពុជា​បច្ចុប្បន្ន​បាន​ប្រកាន់យក​លទ្ធិ​ប្រជា​ធិ​ប​​តេ​យ្យ​ពេញលេញ​មួយបែប​ទៅហើយ​តាមរយៈ​រូបភាព​នៃ​ការ​បោះឆ្នោត​រៀងរាល់ ៥ ​ឆ្នាំ​ម្តង​តាំងពី​ឆ្នាំ​ ១៩៩៣ ដែលមាន​សមាសភាព​ចូលរួម​ពី​គណ​បក្សនយោបាយ​ជាច្រើន​។ ខណៈ​បោះឆ្នោត​ឃុំ​-​សង្កាត់​ឆ្នាំ ២០២២ មាន ២០ ​គណបក្ស ចំណែក​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​ឆ្នាំ​ ២០២៣ នេះ​មាន ១៨​ គណបក្ស​ចូលរួម​។​

​លោក​ យ៉ង គិ​ម​អេង ប្រធាន​មជ្ឈមណ្ឌល​ប្រជាពលរដ្ឋ​ដើម្បី​អភិវឌ្ឍន៍ និង​សន្តិភាព​បាន​ប្រាប់ឱ្យដឹង​ដែរ​ថា ការលើកឡើង​របស់លោក​ហ៊ុន ម៉ា​ណែ​ត ជាការ​ចង់បាន​របស់​ប្រជា​ពលរដ្ឋ​គ្រប់រូប ដែល​កំណត់​ជោគវាសនា​ប្រទេសជាតិ​តាម​​រយៈ​សន្លឹកឆ្នោត​ក្នុង​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ដើម្បី​ការប្រកួត​ប្រជែង​អំណាច​ក្នុង​រង្វង់​អ្នក​នយោបាយ​។​

​លោក​ យ៉ង គិ​ម​អេង បាន​ថ្លែងថា​៖ «​ប្រជាពលរដ្ឋ​មិនដែល​ចង់ឃើញ​ការផ្លាស់ប្តូរ​អំណាច​ដោយ​បដិវត្តន៍​ពណ៌ ឬ​ដោយ​ប្រើ​កម្លាំងប្រដាប់អាវុធ​នោះឡើយ ព្រោះ​ប្រជាជន​កម្ពុជា​ឆ្អែតឆ្អន់​នឹង​បទពិសោធន៍​អស់​ទាំងនេះ​រួចទៅហើយ​»​។

​លោក​បាន​បន្ថែមថា ប្រជា​ពលរដ្ឋ​ខ្មែរ​តែង​ស្រមៃ​ចង់ឃើញ​ទីលាន​ប្រកួតប្រជែង​អំណាច ឬ​លម្ហ​នយោបាយ​មាន​បរិយាកាស​អំណោយផល​តាម​គន្លង​លទ្ធិប្រជាធិបតេយ្យ ដោយមាន​តម្លាភាព សុចរិត​ភាព សម្រាប់​គ្រប់​គណបក្សនយោបាយ គ្រប់​និន្នាការ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ជាតិ​មាតុភូមិ​។​

​យោងតាម គណៈ​ក​ម្មា​ធិ​ការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប បានកំណត់​ថា​យក​កាលបរិច្ឆេទ នៃ​ការបោះឆ្នោត​ជ្រើសតាំង​តំណាង​​រាស្ត្រ​នីតិកាល​ទី​៧ សម្រាប់​ជ្រើសរើស​រដ្ឋាភិបាល​កម្ពុជា នា​អាណត្តិ​ឆ្នាំ​ ២០២៣ ដល់​ឆ្នាំ​ ២០២៨ នឹង​ប្រព្រឹត្ត​ទៅនា​ថ្ងៃទី ​២៣ ខែកក្កដា ឆ្នាំ ​២០២៣ ដោយមាន​សមាសភាព​គ​ណ​បក្សនយោបាយ​ចំនួន ១៨ ចូលរួម​ប្រកួតប្រជែង​៕